២០២០
ខួប​លើក​ទី ១៥០ នៃ​អង្គការ​យុវនារី
ខែ មិថុនា ឆ្នាំ ២០២០


ខួប​លើក​ទី ១៥០ នៃ​អង្គការ​យុវនារី

ព្រះវរបិតាសួគ៌​មាន​កិច្ចការ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្មួយៗ​ធ្វើ នៅក្នុង​ការរៀបចំ​សម្រាប់​ការយាងមក​ជាលើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

group of young women walking

កាលដែល​ខ្ញុំ​គិត​អំពី​ការណ៍​អស្ចារ្យ​ទាំងឡាយ​ដែល​ព្រះវរបិតាសួគ៌​បាន​ធ្វើ​សម្រាប់​បុត្រាបុត្រី​ទ្រង់ ដួងចិត្ត​ខ្ញុំ​បាន​ពោរពេញ​ទៅដោយ​ភាពអស្ចារ្យ និង​ការដឹងគុណ​ទាំងស្រុង​ចំពោះ​ក្ដីស្រឡាញ់​ដ៏​ច្រើន​លើសលុប​ដែល​ព្រះអម្ចាស់​មាន​ចំពោះ​បុត្រី​ទ្រង់ ។ ទ្រង់​ស្រឡាញ់​ក្មួយៗ !

ហើយ​ដោយសារ​តែ​ទ្រង់​ស្រឡាញ់​ក្មួយៗ ១៥០ ឆ្នាំ​កន្លងមក​នេះ ទ្រង់​បាន​បំផុស​គំនិត​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ឲ្យ​បង្កើត​អង្គការ​យុវនារី ដើម្បី​ជួយ​ក្មួយៗ​ក្លាយ​ជា​មនុស្ស​ដែល​ព្រះ​ចង់​ឲ្យ​ក្មួយ​ប្រែក្លាយ ។ ព្យាការី ព្រិកហាំ យ៉ង់ ( ១៨០១–៧៧ ) បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​ពង្រឹង​ទីបន្ទាល់​របស់​យើង​ដោយ​ការរស់នៅ​តាម​ដំណឹងល្អ ៖ « មាន​តម្រូវការ​មួយ​សម្រាប់​បុត្រី​វ័យ​ក្មេង​នៃ​វង្សអ៊ីស្រាអែល ដើម្បី​ទទួល​បាន​ទីបន្ទាល់​ដ៏​រស់​រវើក​មួយ​អំពី​សេចក្ដី​ពិត ។ … ខ្ញុំ​មាន​បំណង​ចង់​ឲ្យ​ក្មេងស្រី​របស់​យើង​ទទួល​បាន​នូវ​ចំណេះដឹង​មួយ​អំពី​ដំណឹងល្អ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ » ។ លោក​ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា « ទីបន្ទាល់​បន្ថែម​ទៀត​ត្រូវបាន​ទទួល​ដោយ​បាត​ជើង ជាជាង​ដោយ​ការលត់​ជង្គង់ » ។

អង្គការ​យុវនារី​បាន​ធ្វើ​ការសម្រប​សម្រួល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នេះ​ដើម្បី​បំពេញ​តាម​តម្រូវការ​នៃ​គ្រា​នោះ ។ ប៉ុន្តែ​ទោះបី​ជា​កម្មវិធី​របស់​វា​ត្រូវបាន​សម្រប​សម្រួល ក៏​ទិសដៅ​របស់​វា​សម្រាប់​យុវនារី​ពុំ​បាន​ផ្លាស់​ប្ដូរ​ឡើយ—គឺ​ដើម្បី​ជួយ​ក្មួយៗ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​ដ៏​រស់រវើក​មួយ ហើយ​ឈាន​ឆ្ពោះ​ទៅមុខ​នៅ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​សេចក្ដី​ជំនឿ ។ កាលដែល​ក្មួយៗ​រៀន​ស្គាល់​ថា​ខ្លួនឯង​ជា​នរណា ហើយ​ប្រព្រឹត្ត​នៅក្នុង​សេចក្ដី​ជំនឿ នោះ​ក្មួយៗ​នឹង​ទទួល​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​មាន​ក្នុង​ឃ្លាំង​សម្រាប់​ក្មួយៗ ។

ថ្នាក់​ទាំងឡាយ​នៃ​ក្រុម​​យុវនារី​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ

ពេល​ថ្នាក់យុវនារី​ទើប​តែ​ចាប់​ផ្ដើម វា​ត្រូវបាន​ហៅ​ថា « សមាគមន៍​កាត់​បន្ថយ » ដោយ​មាន​គោលដៅ​ដើម្បី « ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅក្នុង​គ្រប់​អ្វីៗ​ដែល​ល្អ និង​ស្រស់​ស្អាត » ។ មក​ទល់​នឹង​ដើម​ទសវត្សរ៍​ឆ្នាំ ១៩០០ វា​បាន​ក្លាយ​ជា​សមាគមន៍​កែលម្អ​ទៅវិញ​ទៅមក​សម្រាប់​ស្ត្រី​វ័យ​ក្មេង ហើយ​មិន​យូរ​ប៉ុន្មាន​ថ្នាក់​ទាំងឡាយ​បាន​បញ្ចូល​យុវនារី​ដែល​មាន​អាយុ ១២ ដល់ ២៤ ឆ្នាំ ។ ឈ្មោះ​នៃ​ថ្នាក់​ទាំងឡាយ​បាន​ផ្លាស់ប្ដូរ​ក្នុង​រយៈពេល​កន្លង​មក​នេះ រួមមាន នារី​បោះ​ជំរុំ​ភ្លើង ប៊ីហៃ ហ្កាដៀន និង​គ្លីនន័រ ។ កាលដែល​សាសនាចក្រ​បាន​លូតលាស់ ហើយ​យុវនារី​បាន​ជួបជុំ​នៅ​ប្រទេស និង​ភាសា​ផ្សេងៗ ពួកគេ​បាន​ធ្វើ​អស់ពី​សមត្ថភាព​ដើម្បី​សម្រប​សម្រួល ឧទាហរណ៍​ឈ្មោះ​ដូចជា ម៉ៃម៉េត ក្លាយ​ទៅជា « Rosenmädchen » ( នារី​​ផ្កា​កូលាប ) ជា​ភាសា​អាល្លឺម៉ង់ ។

សព្វថ្ងៃ​នេះ ដោយ​មាន​យុវនារី​នៅ​ស្ទើរតែ​គ្រប់​ប្រទេស នោះ​ថ្នាក់​ទាំងឡាយ​ត្រូវបាន​រៀបចំ​ឡើង​យោងទៅ​តាម​តម្រូវការ​របស់​វួដ ឬ​សាខា​នីមួយៗ ហើយ​ទាំងអស់​នោះ​ត្រូវបាន​ស្គាល់​ជា​ឈ្មោះ​រួម​មួយ​ថា យុវនារី ។

YW timeline

តម្រូវការ​សម្រាប់​កម្មវិធី​យុវនារី ក៏​បាន​ផ្លាស់ប្ដូរ​អស់​ជាច្រើន​ឆ្នាំ​មកនេះ​ផងដែរ ។ នេះ​ជា​ការផ្លាស់ប្ដូរ​មួយ​ចំនួន ។

ក្នុង​ឆ្នាំ ១៩១៥ ៖

  • រៀនបំពាក់​កែបសេះ និង​គ្រប់គ្រង​សេះ​មួយ​ក្រុម ។

  • ទន្ទេញ​វគ្គ​បទគម្ពីរ ។

ចាប់​ពី​ទសវត្សរ៍​ឆ្នាំ ១៩៤០ ដល់ ១៩៦០ ៖

  • បង្កើន​ទំនុក​ចិត្ត​របស់​អ្នក​ដោយ​ការមាន​ឥរិយាបទ​ល្អ ( ការអង្គុយ ការឈរ និង​ការដើរ ) ។

  • អនុវត្ត​ភាពរាបសា​ដែល​ជា​សញ្ញា​សម្គាល់​របស់​ស្ត្រី ។

នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ៖

  • អាន​កូន​សៀវភៅ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​ក្បាល ហើយ​បង្រៀន​មិត្តភក្តិ ឬ​សាច់ញាតិ​ម្នាក់​ទៀត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ។

  • អនុវត្ត​លំហាត់​ប្រាណ​យ៉ាងហោច​ណាស់ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ ប្រាំ​ថ្ងៃ​មួយ​សប្ដាហ៍ រយៈពេល​បី​សប្ដាហ៍ ។

ក្នុង​ឆ្នាំ ២០០៩ ៖

  • សិក្សា​អំពី​សារៈសំខាន់​នៃ​​ព្រហ្មចារីភាព និង​គុណធម៌ ។

  • អាន​ព្រះគម្ពីរ​មរមន​ទាំងមូល ។ កត់ត្រា​គំនិត​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក ។

2020

  • ណែនាំ​ពី​កម្មវិធី​ថ្មី

កម្មវិធី​កុមារ និង​យុវវ័យ

កាលដែល​ក្មួយៗ​មើល​ទៅលើ​តម្រូវការ​ទាំងនេះ​តាមរយៈ​ភ្នែក​ខាង​វិញ្ញាណ នោះ​ក្មួយៗ​នឹង​កត់សម្គាល់​ឃើញ​ថា វា​មាន​នូវ​គំនិត​ទូទៅ​មួយ ។ អតីតកាល និង​បច្ចុប្បន្ន​មក​ជាមួយ​គ្នា រួមគ្នា​ជួយ​ដល់​យុវនារី​ឲ្យ​ខិត​មក​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ហើយ​អភិវឌ្ឍ​ខាង​វិញ្ញាណ ខាងបញ្ញា ខាង​សង្គម និង​ខាង​រាងកាយ ។

នៅក្នុង​ឆ្នាំ ២០១៩ កម្មវិធី​អភិវឌ្ឍ​ផ្ទាល់ខ្លួន​ថ្មី​មួយ​ត្រូវបាន​ណែនាំ​ដើម្បី​អញ្ជើញ​ក្មួយៗ​ឲ្យ​មាន​ទាំង​ភាព​ខ្លួន​ទីពឹង​ខ្លួន និង​ទីពឹង​ព្រះអង្គ​សង្គ្រោះ ។ ក្មួយៗ​ត្រូវបាន​អញ្ជើញ​ឲ្យ​ស្វែងរក​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ដាក់​គោលដៅ​ខ្លួនឯង​ផ្ទាល់ កាលដែល​ក្មួយៗ​ពុះពារ​ដើម្បី​ប្រែ​ក្លាយ​កាន់​តែ​ដូច​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ចូលចិត្ត​ការទុកចិត្ត​ដែល​កម្មវិធី​នេះ​បង្ហាញ​នៅក្នុង​ខ្លួន​ក្មួយៗ ជា​​យុវនារី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ជាមួយ​នឹង​ការគាំទ្រ​ពី​គណៈ​ប៊ីស្សព និង​គណៈប្រធាន​យុវនារី​របស់​ក្មួយៗ ក្មួយៗ​ក៏​ត្រូវបាន​ដឹកនាំ​ដោយគណៈ​ប្រធាន​ថ្នាក់​ផងដែរ—មិត្តភក្ដិ​របស់​ក្មួយៗ​ដែល​ត្រូវបាន​ហៅ និង​ញែកចេញ​ដើម្បី​ដាក់​ផែនការ និង​អនុវត្ត​កម្មវិធី​យុវនារី ។ មាន​យុវនារី​ចំនួន​ច្រើន​ជាង​កន្លះ​លាន​នាក់​នៅ​ជុំ​វិញ​ពិភពលោក​សព្វ​ថ្ងៃ​នេះ ដែល​កំពុង​ត្រូវបាន​ដឹកនាំ​ដោយ​មិត្តភក្ដិ​របស់​ពួកគេ !

យុវនារី​ទាំងអស់​ត្រូវបាន​បង្រួប​បង្រួម​គ្នា​ដោយ​បារវចនា​មួយ ដែល​មាន​នូវ​គោលការណ៍​គ្រឹះ​ទាំងនេះ ៖ ក្មួយ​គឺជា​បុត្រី​សំណព្វ​របស់​ព្រះបិតាមាតា​សួគ៌ ក្មួយ​ជា​សិស្ស​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្មួយ​ស្វែង​រក ហើយ​ធ្វើតាម​វិវរណៈ​ផ្ទាល់​ខ្លួន​ដែល​បាន​មក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ក្មួយ​គឺ​ជា​សាក្សី​ដ៏​ចែងចាំង​នៃ​ព្រះ នៅពេល​ក្មួយ​ព្យាយាម​ក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ដទៃ​ទៀត​នៅក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

young woman

ក្មួ​យ​មាន​គេ​ស្រឡាញ់ និង​ត្រូវការ !

ក្នុង​នាម​ជា​បុត្រី​ជា​ទី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ដែល​មាន​ព្រះជន្ម​រស់នៅ និង​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ ក្មួយៗ​ត្រូវបាន​រៀបចំ​ជា​ពិសេស​ដើម្បី​ក្លាយ​ជា « អ្នក​សង្គ្រោះ​នៅលើ​ភ្នំ​ស៊ីយ៉ូន » ។ ដូច​ដែល​​ព្យាការី រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ព្យាការី​គ្រប់​រូប​បាន​និយាយ​អំពី​ជំនាន់របស់​យើង នៅពេល​ដែល​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ ហើយ​ពិភព​លោក​នឹង​រៀបចំ​ខ្លួន​សម្រាប់​ការ​យាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គសង្គ្រោះ ។ ចូរ​គិត​ពី​ចំណុច​នេះ ! ក្នុង​ចំណោម​មនុស្ស​ទាំងអស់​ដែល​ធ្លាប់​រស់នៅ​លើ​ផែនដីនេះ ពួក​យើងគឺ​ជា​មនុស្ស​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តការណ៍​នៃ​ការ​ប្រមូល​ផ្ដុំ​ដ៏​អស្ចារ្យ​ចុង​ក្រោយនេះ » ។

នេះ​​គឺជា​ការអញ្ជើញ​ដ៏​ពិសិដ្ឋ​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ បម្រើ​នៅក្នុង​មុខ​តំណែង​ថ្នាក់​ដឹកនាំ ផ្ដល់​ការងារ​បម្រើ​ដល់​បងប្អូន​ស្រី​របស់​ក្មួយៗ និង​ចែកចាយ​ទីបន្ទាល់​របស់​ក្មួយៗ​ជាមួយ​នឹង​គ្រួសារ និង​មិត្ត​របស់​ក្មួយៗ ។ ក្មួ​យ​មាន​គេ​ស្រឡាញ់ និង​ក្មួយៗ​មាន​គេ​ត្រូវការ !

មិត្ត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ព្រះវរបិតាសួគ៌​មាន​កិច្ចការ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្មួយៗ​ធ្វើ នៅក្នុង​ការរៀបចំ​សម្រាប់​ការយាងមក​ជាលើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ! ក្មួយៗ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ចការ​នោះ ។ ទ្រង់​ស្រឡាញ់​ក្មួយៗ ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ក្មួយៗ​រួម​ចំណែក​ក្នុង​កិច្ចការ​របស់​ទ្រង់ ទ្រង់​ទុក​ព្រះទ័យ​លើ​ក្មួយៗ !

ខ្ញុំ​សូម​បន្ថែម​ជំនឿ និង​ការទុកចិត្ត​របស់​ខ្ញុំ​លើ​ក្មួយៗ ទៅលើ​អ្វី​ដែល​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង គឺ​ប្រធាន​ណិលសុន ដែល​បាន​ប្រកាស​ថា « ចៅៗ​គឺ​ស្ថិត​នៅក្នុង​ចំណោម​មនុស្ស​ល្អបំផុត​ដែល​ព្រះអម្ចាស់​ធ្លាប់​បាន​បញ្ជូន​មក​កាន់​លោកិយ​នេះ ។ ចៅៗ​មាន​សមត្ថភាព​ដើម្បី​កាន់តែ​ឆ្លាត និង​កាន់តែ​ឈ្លាសវៃ ហើយ​មាន​ឥទ្ធិពល​ទៅលើ​ពិភពលោក​ជាង​ជំនាន់មុនៗ ! »

ខ្ញុំ​សូម​អធិស្ឋាន​ថា ក្មួយៗ​នឹង​អនុញ្ញាត​ឲ្យ​ពាក្យពេចន៍​នៃ​បារវចនា​ក្រុម​យុវនារី​ជ្រាប​ចូល​ក្នុង​ដួងចិត្ត​របស់​ក្មួយៗ ហើយ​ចូលរួម ហើយ​តាំងចិត្ត​ធ្វើ​កម្មវិធី​ថ្មី​នេះ ដោយ​ឱប​ក្រសោប​យក​គ្រប់​ឱកាស​ដើម្បី​ខិត​កាន់តែ​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ ហើយ​រៀន​បន្ថែម​ទៀត​ពី​ទ្រង់ ។ ចូរ​ក្លាយ​ជា​មនុស្ស​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ក្មួយៗ​ប្រែក្លាយ ។ ខ្ញុំ​ដឹង​ថា​ពេល​ដែល​ក្មួយៗ​ធ្វើ​ដូច្នោះ ជីវិត​របស់​ក្មួយៗ​នឹង​ត្រូវបាន​បំពេញ​ដោយ​ឱកាស​ទាំងឡាយ​ដើម្បី​ចែកចាយ​ពន្លឺ​របស់​ទ្រង់ និង​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ជាមួយ​គ្រួសារ​ក្មួយ មិត្តភក្ដិ និង​គ្រប់​គ្នា​នៅជុំ​វិញ​ក្មួយ ។ កាលដែល​ក្មួយៗ​ពុះពារ​ធ្វើ​តាម​ទ្រង់ នោះ​ទីបន្ទាល់​របស់​ក្មួយៗ​នឹង​ក្លាយ​កាន់តែ​រឹងមាំ ហើយ​មិន​រង្គោះ​រង្គើ​ឡើយ ។

កំណត់​ចំណាំ

  1. ព្រិកហាំ យ៉ង់ នៅក្នុង A Century of Sisterhood: Chronological Collage, 1869–1969 ( ឆ្នាំ ១៩៦៩ ) ទំព័រ ៨ ។

  2. ព្រិកហាំ យ៉ង់ នៅក្នុង ស៊ូសា យ៉ង់ ហ្គេតស៍ History of the Young Ladies’ Mutual Improvement Association of the Church of Jesus Christ of Latter-day Saints from November 1869 to June 1910 ( ឆ្នាំ ១៩១១ ) ទំព័រ ៩ ។

  3. ឃ្វីនថិន អិល ឃុក សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៤ ( Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៨ ) ។

  4. រ័សុល អិម ណិលសុន « សង្ឃឹម​​អ៉ីស្រាអែល » ( ការប្រជុំ​​ធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) ទំព័រ ៨ HopeofIsrael.ChurchofJesusChrist.org ។

  5. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ទំព័រ ១៦–១៧ ។

រូបថត​ដោយ ឡេសលី និលសុន

រចនា​រូបភាព​ដោយ ខូរី អេចបឺត

រូបថត​ដោយ ម៉ាត់ រីអ័រ