សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ ពួកយុវមជ្ឈិមវ័យ
១០ សំណួរដែលអ្នកត្រូវសួរអនាគតស្វាមី/ភរិយារបស់អ្នក
តើអ្នកកំពុងគិតទៅដល់ការរៀបការមែនទេ ? ល្អណាស់ ។ សូមអបអរសាទរ ! ពីមុនអ្នកគិត រឿងនេះមានរឿងមួយចំនួនដែលអ្នកគួរតែស្វែងយល់ឲ្យដឹងច្បាស់អំពីបុគ្គល ដែលអ្នកចង់រៀបការជាមួយ ( និងអំពីខ្លួនអ្នក ក៏ដូចជាអ្វីដែលអ្នកចង់បាន ) ។
អែលឌើរ រ៉ូបឺត ឌី ហែល ( ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖ « ការដើរលេងជាគូគឺជាឱកាសសម្រាប់ការសន្ទនារយៈពេលយូរ ។ នៅពេលអ្នកដើរលេងជាគូ ចូររៀនអ្វីៗឲ្យច្រើនតាមដែលអ្នកអាចធ្វើបានពីគ្នាទៅវិញទៅមក ។ ចូររៀនយល់ដឹងអំពីគ្រួសាររបស់គ្នាទៅវិញទៅមកឲ្យបានច្រើនបើអាចធ្វើទៅបាន ។ តើគោលដៅរបស់អ្នកត្រូវគ្នាឬទេ ? តើអ្នកមានអារម្មណ៍ដូចគ្នាអំពីបទបញ្ញត្តិព្រះអង្គសង្គ្រោះ បព្វជិតភាព ព្រះវិហារបរិសុទ្ធ ភាពជាឪពុកម្ដាយ ការហៅបម្រើក្នុងសាសនាចក្រ និងការបម្រើដល់អ្នកដទៃដែរឬទេ ? តើអ្នកមានបានសង្កេតមើលគ្នាទៅវិញទៅមកនៅក្នុងភាពតានតឹង ការឆ្លើយតបចំពោះភាពជោគជ័យ និងបរាជ័យ ការទប់កំហឹង និងការដោះស្រាយឧបសគ្គឬទេ ? តើមនុស្សដែលអ្នកដើរលេងជាមួយជាគូនេះជាមនុស្សដែលធ្វើឲ្យអ្នកដទៃធ្លាក់ចុះ ឬលើកតម្កើងអ្នកដទៃឡើង ? តើអាកប្បកិរិយា និងភាសា ព្រមទាំងទង្វើរទាំងឡាយរបស់គាត់ ឬនាងជាអ្វីដែលអ្នកចង់រស់នៅជាមួយគាត់ប្រចាំថ្ងៃឬទេ ? »១
និយាយរួមទៅ អ្នកត្រូវស្គាល់បុគ្គលដែលអ្នកនឹងត្រូវរៀបការជាមួយឲ្យបានច្បាស់ ។ ដោយគិតដល់ចំណុចនោះក្នុងចិត្ត យើងបានចងក្រងជាបញ្ជីសំណួរទាំងឡាយ ដើម្បីសួរទៅដល់អនាគតស្វាមី/ភរិយារបស់អ្នក ។ ទោះជាយ៉ាងណាវាពុំមែនជាបញ្ជីពេញលេញ ប៉ុន្ដែយ៉ាងហោចណាស់ វាអាចជួយឲ្យអ្នកចាប់ផ្ដើម ហើយពិនិត្យមើលកង្វល់ញ្ហាទាក់ទងនឹងដំណឹងល្អជាក់លាក់មួយចំនួន ។ ប្រសិនបើប្រធានបទទាំងនេះមួយចំនួនពិបាកនឹងជជែកវែកញែក នោះវានឹងជាការអនុវត្តដ៏ល្អសម្រាប់ការរៀបការពិតប្រាកដ នៅពេលអ្នកនឹងត្រូវមានការសន្ទនាដ៏ពិបាកជាច្រើនអំពីប្រធានបទដ៏ពិបាកទាំងនេះ និងផ្សេងៗទៀត ។
ពេលពិភាក្សាអំពីប្រធានបទពិបាកៗទាំងនេះ អ្នកអាចឃើញថាខ្លួនអ្នកហាក់ដូចជាភ័យនៅពេលដែលគិតទៅដល់អាពាហ៍ពិពាហ៍ ឬប្រហែលជាខ្លាចនឹងរៀបការផង ។ ប៉ុន្ដែសូមចាំថា មានភាពខុសគ្នាមួយរវាងការភ័យខ្លាច និងព្រួយបារម្ភ ។ ការមានអារម្មណ៍ភ័យញញើតគឺពិត—ជាគំនិតមួយថា ការរៀបការអាចគួរឲ្យខ្លាចរអារ ! ប៉ុន្ដែព្រះអម្ចាស់មានបន្ទូលប្រាប់យើងថាកុំឲ្យភ័យខ្លាចឡើយ ២ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ល្អអំពីបុគ្គលម្នាក់ អ្នកអាចបន្ដទៅមុខ ទោះជាអ្នកមានការភ័យខ្លាចយ៉ាងណាក្ដី ។ យ៉ាងណាមិញ ប្រសិនបើអ្នកមាន ព្រួយបារម្ភ ជាក់លាក់មួយអំពីបុគ្គល ដែលអ្នកគិតចង់រៀបការជាមួយ ដែលចេញអំពីបញ្ជីសំណួរនេះ ឬសំណួរផ្សេងទៀតដែលអ្នកមាន ការណ៍នោះអាចជាសញ្ញាមួយឲ្យអ្នកត្រូវប្រុងប្រយត័្នក្នុងការបន្ដទៅមុខ ។
សូមគ្រាន់តែចាំថា នេះមិនមែនជាការសាកល្បងទេ វាគឺជាឱកាសមួយដើម្បីរៀនប្រាស្រ័យទាក់ទងគ្នាអំពីរឿងល្អ ពិបាក និងចម្លែកខ្លះៗ ដែលនឹងអាចកើតមានឡើងនៅក្នុងចំណងអាពាហ៍ពិពាហ៍ ។
-
តើពួកគាត់មានអារម្មណ៍យ៉ាងណាអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អ ? អំពីព្រះវិហារបរិសុទ្ធ ? តើពួកគាត់ចំណាយពេលនៅថ្ងៃឈប់សម្រាកយ៉ាងដូចម្ដេច ?
-
តើមានឥរិយាបថ និងអំណោយទានអ្វីខ្លះ ដែលពួកគាត់មានអារម្មណ៍ថាចាំបាច់ឲ្យមានសម្រាប់អាពាហ៍ពិពាហ៍ និងគ្រួសារដ៏រីករាយមួយ ? តើឥរិយាបថ ឬអំណោយទានទាំងឡាយណាខ្លះដែលពួកគាត់មានអារម្មណ៍ថាជាចំណុចខ្លាំងសម្រាប់ពួកគាត់ ហើយតើអ្នកនឹងជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍដោយរបៀបណា ?
-
តើពួកគេចង់បានកូនឬទេ ? ចង់បានប៉ុន្មាន ? លឿនប៉ុណ្ណា ? តើវិធីសាស្ដ្រអប់រំកូនរបស់ពួកគេមើលទៅដូចម្ដេចដែរ ?
-
តើជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងមើលទៅជាយ៉ាងណាដែរ ? តើអ្នកទាំងពីរចង់ធ្វើការអធិស្ឋាន សិក្សាព្រះគម្ពីរ ជាដើមតាមរបៀបណា ? តើអ្នកនឹងគ្រោងធ្វើអ្វីខ្លះ ដើម្បីរក្សាទំនាក់ទំនងរបស់អ្នកឲ្យនៅរឹងមាំនោះ ?
-
តើពួកគេជាអ្នកសន្សំសំចៃ ឬជាអ្នកចំណាយ ពេលគិតដល់រឿងប្រាក់កាស ? តើពួកគេមានអារម្មណ៍យ៉ាងណាអំពីបំណុល—ហើយតើពួកគេមានជំពាក់បំណុលដែរឬទេ ? តើជំនឿរបស់ពួកគេអំពីដង្វាយមួយភាគដប់យ៉ាងណាដែរ ?
-
តើពួកគេចុះសម្រុងនឹងគ្រួសាររបស់ពួកគេយ៉ាងដូចម្ដេច ? តើពួកគេគ្រោងចំណាយពេលវេលានៅជាមួយគ្រួសាររបស់ពួកគេ ក្រោយពេលរៀបការជាមួយអ្នកច្រើនប៉ុណ្ណាដែរ ? តើពួកគេគ្រោងចំណាយពេលវេលានៅជាមួយគ្រួសាររបស់អ្នកច្រើនប៉ុណ្ណា ?
-
តើអ្វីជាទស្សនវិស័យ ការរំពឹងទុក ឬបទពិសោធន៍របស់ពួកគេអំពីការស្និតស្នាលខាងរូបកាយ ?
-
តើពួកគេធ្លាប់មានបញ្ហានឹងការញៀនប្រភេទណាមួយ ឬទម្លាប់ប្រើអ្វីដូចជាថ្នាំ ឬគ្រឿងញៀនផ្សេងៗទៀត រូបអាសអាភាស គ្រឿងស្រវឹង ឬក៏ហ្គេមវីដេអូ ឬហ្គេមកុំព្យូទ័រដែរឬទេ ? ប្រសិនបើធ្លាប់ តើពួកគេបានធ្វើអ្វីខ្លះដើម្បីយកឈ្នះលើវា ?
-
តើអ្នកទាំងពីរនឹងដោះស្រាយការមិនយល់ស្របគ្នាយ៉ាងម៉េច នៅពេលដែលវាកើតឡើង ?
-
តើមានអ្វីខ្លះនៅក្នុងអតីតកាលរបស់ពួកគេ ដែលអ្នកគួរតែដឹង ? ប្រសិនបើមាន នេះគឺជាពេលវេលាដ៏ល្អមួយដើម្បីរៀនឲ្យដឹងថា តើអ្នកជឿលើការប្រែចិត្តខ្លាំងប៉ុណ្ណា ។ នេះក៏ជាពេលវេលាដ៏ល្អមួយសម្រាប់ភាពស្មោះត្រង់ផងដែរ ។ អ្នកមិនចង់ដឹងរឿងទាំងនោះនៅពេលក្រោយ ហើយដែលបន្សល់ចន្លោះឲ្យអ្នកទាំងពីរគិតថា បើសិនជាអ្នកបានដឹងអំពីព័ត៌មាននេះជាមុន អ្នកនឹងងឿងឆ្ងល់ថាគួររៀបការជាមួយគេឬអត់នោះទេ ។
អែលឌើរ ហែល ក៏បានរំឭកដល់យើងផងដែរថា « គ្មានពួកយើងណាម្នាក់នឹងរៀបការជាមួយភាពឥតខ្ចោះនោះទេ យើងរៀបការជាមួយមនុស្ស មានសក្ដានុពល » ។៣ សូមចងចាំការណ៍នេះទុកក្នុងចិត្តនៅរាល់ការសន្ទនាទាំងឡាយរបស់អ្នកក្នុងការដើរលេងជាគូរបស់អ្នក ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ ហើយអាពាហ៍ពិពាហ៍គឺជាការរៀនសូត្រ និងការរីកចម្រើន និងការខិតឲ្យកាន់តែជិតព្រះអង្គសង្គ្រោះជាមួយគ្នា ។