បណ្ណាល័យ
ការបង្កបង្កើត


« ការបង្កបង្កើត » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

ថ្ងៃលិច​ជាមួយនឹង​ផ្កាយ​ទាំងឡាយ​នៅ​ពីលើ​តំបន់​ព្រៃ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការបង្កបង្កើត

គោល​បំណង​របស់​ព្រះ​នៅក្នុង​ការបង្កបង្កើត​អ្វីៗ​ទាំង​អស់​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់

តើ​ពេល​ចុង​ក្រោយ​ដែល​បងប្អូន​បាន​មើល​ផ្កាយ​នៅ​លើ​មេឃនា​ពេល​យប់ ស្តាប់​សំឡេង​ទឹករលក​នៅ​លើ​ឆ្នេរ ឬ​ក៏​ឡើង​ភ្នំ​នៅ​ខាង​ក្រៅ​នៅ​ពេលណា ? យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដ៏​ស្រស់​ស្អាត ។ ខណៈ​ដែល​យើង​មិន​ដឹង​ព័ត៌មាន​លម្អិត​ជា​ច្រើន​អំពី​របៀប​ដែល​ផែនដី​ត្រូវ​បាន​បង្កើត តែ​យើង​ដឹង​ថា​វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​ជា​ព្រះវរបិតា ។ ហើយ​យើង​ដឹង​អំពី​មូលហេតុ​ដែល​ផែនដី​ត្រូវ​បាន​បង្កើត​ឡើង ។ ព្យាការី​ម៉ូសេ​ធ្លាប់​បាន​រៀន​នៅ​ក្នុង​ទស្សនៈ​សួគ៌​ថា ព្រះ​បាន​បង្កើត​ពិភព​លោក​ដ៏ច្រើន​អនេក ( សូមមើល ម៉ូសេ ១:៧–៨, ២៧–២៩ ) ។ ព្រះ​បាន​ពន្យល់​ដល់​ម៉ូសេ​ថា ទ្រង់​បាន​បង្កើត​ផែនដី​នេះ​ដើម្បី « នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ នៅ​ពេល​យើង​យល់​ដឹងថា​ការ​បង្កបង្កើត​ត្រូវ​បាន​អនុវត្ត​នៅក្រោម​ការ​ដឹកនាំ និង​អំណាច​របស់​ព្រះ​ផ្ទាល់ នោះ​យើង​ចាប់​ផ្ដើម​មើល​ឃើញ​ថា​វា​ចាំបាច់​ប៉ុណ្ណា​នៅ​ក្នុង​ផែនការ​របស់​ទ្រង់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ។

តើ​អ្វី​ទៅ​ជា​ការបង្កបង្កើត ?

នៅក្រោម​ការ​ដឹកនាំ​របស់​ព្រះ​ជា​ព្រះវរបិតា ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ស្ថានសួគ៌ និង​ផែនដី និង​អ្វីៗ​គ្រប់​យ៉ាង​នៅ​លើ​ផែនដី ។ ព្រះវរបិតាសួគ៌​បាន​បង្កើត​លោក​អ័ដាម និង​នាង​អេវ៉ាតាម​រូប​រាង​របស់​ទ្រង់​ផ្ទាល់ ដែល​ធ្វើ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​អាច​កើត​មកលើ​ផែនដី​នេះ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការបង្កបង្កើត

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ, ជីវិត​មុន​ជីវិត​លើ​ផែនដី, ព្រះយេស៊ូវ​គ្រីស្ទ, ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា, ជីវិត​រមែង​ស្លាប់

ផ្នែក​ទី ១

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ពិភពលោក​នៅក្រោម​ការដឹកនាំ​របស់​ព្រះវរបិតាសួគ៌

រូបភាព​សិរសា និង​ស្មា​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​នៅ​ឯ​សា្ថនសួគ៌​មុន​ជីវិត​នេះ ព្រះជា​ព្រះវរបិតា​បាន​ប្រកាស​អំពី​ផែនការ​របស់​ទ្រង់​ដើម្បី​រៀបចំ​ផែន​ដី​មួយ​ដែល​បុត្រាបុត្រី​របស់​ទ្រង់​អាច​មាន​បទពិសោធន៍​នៃ​ជីវិត​រមែងស្លាប់ ( សូម​មើល អ័ប្រាហាំ ៣:២៤–២៥ ) ។ ព្រះ​គម្ពីរ​បង្ហាញ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ការបង្ក​បង្កើត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះជា​ព្រះវរបិតា ( សូមមើល ម៉ូសេ ២:១ ) ។ ការបង្ក​បង្កើត​ផែនដី​បាន​កើត​ឡើង​ក្នុង ៦ ដំណាក់​កាល ដែល​ព្រះ​គម្ពីរ​ហៅ​ថា « ថ្ងៃ » ( សូមមើល ម៉ូសេ ២:១–៣១; លោកុប្បត្តិ ១:៣–៣១; អ័ប្រាហាំ ៤:១–៣១ ) ។ ព្រះអម្ចាស់​មិន​បាន​បង្ហាញ​ថា « ថ្ងៃ » នីមួយៗ​មាន​រយៈ​ពេល​យូរ​ប៉ុណ្ណា​នោះទេ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:៣២–៣៤ ) ។ ព្រះគម្ពីរ​ផ្ដោត​លើ​គោលបំណង​នៃ​ការបង្ក​បង្កើត​ជាជាង​នៅលើ​ដំណើរការ​ដែល​ព្រះ​បាន​ប្រើ​ដើម្បី​បង្កើត​វា​មក ។ គ្រប់​យ៉ាង​អំពី​ការបង្ក​បង្កើត​ធ្វើទីបន្ទាល់​អំពី​អង្គបង្ក​បង្កើត គឺ​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ូសេ ៦:៦៣ ) ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • សូម​អាន​កំណត់ត្រា​សំខាន់ៗ​ទាំង​បី​នៃ​ការបង្ក​បង្កើត​ផែនដី ៖ លោកុប្បត្ដិ ១:១–២៥; ម៉ូសេ ២:១–២៥; និង អ័ប្រាហាំ ៤:១–២៥ ។ តើ​បងប្អូន​អាច​រៀន​អ្វី​ខ្លះ​តាមរយៈ​ការ​ប្រៀបធៀប​តំណត់ត្រា​ទាំង​នេះ ?

  • សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:៣២–៣៤ ។ ដោយ​ដឹង​ថា​មាន​រឿង​ជាច្រើន​ដែល​នៅ​មិន​ទាន់​បានបើកសម្តែង​នៅ​ឡើយ តើ​បងប្អូន​បានប្រើ​អ្វី​ដែល​បានបើកសម្តែងហើយ ​អំពី​ការបង្ក​បង្កើតដើម្បី​ពង្រឹង​សចក្តី​ជំនឿ​របស់​បងប្អូន​នៅ​ថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​ចែក​ក្រដាស​មួយ​សន្លឹក​ដល់​បុគ្គល​ម្នាក់ៗ ។ សូម​ឲ្យ​ពួក​គេ​បត់​ក្រដាស​នោះ​ពាក់​កណ្តាល​ឲ្យបាន​បី​ដង ហើយ​បន្ទាប់​មក​លាត​ត្រដាង​ក្រដាស​នោះ​ដែល​មាន​ការ​បែង​ចែក​ទៅជា​ប្រាំ​បី​ផ្នែក ។ សូម​ឲ្យ​ពួក​គេ​សរសេរ ឬ​គូរ​នៅលើ​ក្រដាស​របស់​ពួក​គេ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃថ្ងៃ​នីមួយៗ​នៃ​ការបង្ក​បង្កើត មួយ​ថ្ងៃ​ក្នុង​មួយ​ផ្នែក​ ដោយ​រាប់​ថ្ងៃ​បង្កបង្កើត​តាម​លំដាប់​លំដោយ ។ នៅ​ក្នុង​ចន្លោះ​ជ្រុង​ទាំង​ប្រាំបី សូម​ឲ្យ​ពួក​គេ​សរសេរ ឬ​គូរ​អ្វី​មួយ​អំពី​ការបង្ក​បង្កើត​ដែល​ពួក​គេ​មាន​អំណរគុណ​ជា​ពិសេស ( ឧទាហរណ៍ គ្រួសារ​របស់​ពួក​គេ សមុទ្រ សត្វពាហនៈ និង ព្រិល ជាដើម ) ។

ស្វែងយល់​បន្ថែម​ទៀត

ផ្នែក​ទី ២

ការបង្ក​បង្កើត​ដ៏​អស្ចារ្យ​បំផុត​នៃ​អ្វីៗ​ទាំង​អស់​គឺ​មនុស្ស​ជាតិ

គ្រួសារ​ដែល​មាន​កូនប្រុស​បីនាក់​ក្នុង​ធម្មជាតិ

លោក​អ័ដាម និង​នាង​អេវ៉ា​គឺជា​បុរស​ និង​ស្រ្តីទីមួយ​នៅ​លើ​ផែនដី ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ ហើយ​បាន​ប្រទាន​រូបកាយ​ដែល​ដូចទៅ​នឹង​ព្រះមាតាបិតា​សួគ៌​របស់​យើង ( សូមមើល លោកុប្បត្តិ ១:២៧ ) ។ លោក​អ័ដាម និង​នាង​អេវ៉ា​បាន​រៀបការ​ជាមួយ​គ្នា​ក្នុង​អាពាហ៍ពិពាហ៍​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ប្រទាន​ពរ​ដោយ​ព្រះ​អម្ចាស់ ( សូមមើល ម៉ូសេ ២:២៧–២៨ ) ។ គោលលទ្ធិ និង​សេចក្តី​សញ្ញា​បង្ហាញ​ថា​គោល​បំណង​ដ៏​ទេវភាព​មួយ​នៃ​ផែនដី​នេះ​គឺ​ជាប់​ទាក់​ទង​នឹង​ផែនការ​របស់​ព្រះ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ដើម្បី​ចូលរួម​ក្នុង​អាពាហ៍ពិពាហ៍ និង​គ្រួសារ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៩:១៥–១៧ ) ។ ដោយ​សារ​ការបង្ក​បង្កើត​នោះ វិញ្ញាណ​របស់​បុត្រាបុត្រី​របស់​ព្រះ​អាច​ទទួល​បាន​រូបកាយ និង​មាន​បទពិសោធន៍​នៃជីវិត​រមែងស្លាប់ ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • សូម​អាន លោកុប្បត្ដិ ១:២៧; រ៉ូម ៨:១៦–១៧; ហេព្រើរ ១២:៩; គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:១៧–១៨; ម៉ូសេ ២:២៦–២៧; ៦:៨–៩ ។ តើ​វា​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​អ្វីខ្លះ​ពេល​ដឹង​ថា​យើង​ជា​កូន​របស់​ព្រះ ? បងប្អូន​ក៏​អាច​អាន​ផងដែរ​នូវ អេធើរ ៣:៦–១៦; គោលលទ្ធិ និង​សេចក្តីសញ្ញា ១១០:១–៤; ១៣០:២២ ។

  • សូម​អាន​កថាខណ្ឌ​នេះ​មកពី « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ៖ « ព្រះបញ្ញត្តិ​ទីមួយ​ដែល​ព្រះ​បាន​ប្រទាន​ដល់​លោក​អ័ដាម និង​នាង​អេវ៉ា ទាក់ទង​ទៅនឹង​សមត្ថភាព​របស់​ពួកគេ​សម្រាប់​ភាពជា​ឪពុកម្ដាយ ក្នុង​នាម​ជា​ស្វាមី និង​ភរិយា ។ យើង​សូម​ប្រកាស​ថា ព្រះ​បញ្ញត្តិ​របស់​ព្រះ​សម្រាប់​ឲ្យ​កូន​ចៅ​របស់​ទ្រង់​បង្កើត​កូន​ឲ្យ​ចម្រើន​ជាច្រើន​ឡើង ឲ្យ​មាន​ពាសពេញ​លើ​ផែន​ដី​នេះ​នៅ​តែ​ឲ្យ​ប្រតិបត្តិ​នៅ​ឡើយ ។ យើង​សូម​ប្រកាស​ថែម​ទៀត​ថា ព្រះ​បាន​បញ្ជា​ថា អំណាច​ពិសិដ្ឋ​នៃ​ការបង្កើត​កូន គឺ​ត្រូវបាន​ប្រើ​រវាង​តែ​បុរស និង ស្ត្រី ដែល​បាន​រៀប​អាពិហ៍ពិពាហ៍​ស្រប​ច្បាប់​ ជា​ប្តី និង ប្រពន្ធ​ប៉ុណ្ណោះ » ។ តើ​តាម​ការដឹង​អំពី​គោលបំណង​ដ៏ទេវភាព​នៃ​ការបង្ក​បង្កើត​អាច​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ព្រះ​មាន​ច្បាប់​គ្រប់គ្រង​អំណាច​នៃ​ការ​បង្កើត​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូមមើល​វីដេអូ « God’s Greatest Creation » ( ២:៥១ ) ។ សូម​ពិភាក្សា​អំពី​ភស្ដុ​តាង​មួយ​ចំនួន​ដែល​យើង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រូបភាព​របស់​ព្រះ ។

ស្វែងយល់​បន្ថែម​ទៀត

  • រ័សុល អិម ណិលសុន « Decisions for Eternity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១០៦–១០៩

  • គណៈប្រធាន ទី១ ( ឆ្នាំ ១៩០៩ ) « The Origin of Man » Ensign ខែ កុម្ភៈ ឆ្នាំ ២០០២ ទំព័រ ២៦–៣០

  • Church History Topics « Organic Evolution » នៅលើ​បណ្ណាល័យ​ដំណឹងល្អ

ផ្នែកទី ៣

ផែនដី​ជា​អំណោយ​ទានមួយ ហើយ​យើង​ជា​អ្នក​កាន់​កាប់​ត្រួតត្រា​វា

គ្រួសារ​និយាយគ្នា​នៅ​ពេល​ពួកគេ​ដើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ

ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​លោក​អ័ដាម​នូវ « ​អំណាច​ត្រួតត្រា » លើ​ជីវិត​ផង​ទាំង​ឡាយ​ដែល​កម្រើក​នៅ​លើផែនដី ( ម៉ូសេ ២:២៨; ៥:១ ) ។ នៅ​ក្នុង​វិវរណៈ​សម័យ​ទំនើប ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « គ្រប់​ទាំង​អស់​ដែល​បាន​មក​ពី​ផែនដី » គឺ « ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ផល​ប្រយោជន៍ និង​ការ​ប្រើប្រាស់​របស់​មនុស្ស » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:១៨ ) ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ធនធាន​នៃ​ផែនដី​ត្រូវ​តែ​ប្រើ « ​ដោយ​ការ​វិនិច្ឆ័យ គឺ​មិន​ឲ្យ​ហួស​ហេតុ ឬ​ដោយ​ការ​គំរាមកំហែង​ឡើយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:២០ ) ។

ប៊ីស្សព ហ្គែរ៉ល កូសសេ បាន​បង្រៀនថា « អំណោយ​ដ៏​ទេវភាព​នៃ​ការបង្កបង្កើត ពុំមែន​បានមក​ដោយ​គ្មាន​កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​នោះទេ ។ កាតព្វកិច្ច​ទាំងនេះ​ត្រូវ​បាន​ពិពណ៌នា​យ៉ាងល្អ​បំផុត​តាម​គោលគំនិត​នៃ ការកាន់កាប់​ត្រួតត្រា ។ នៅក្នុង​វាក្យសព្ទ​នៃ​ដំណឹងល្អ ពាក្យ ការ​កាន់កាប់​ត្រួតត្រា បាន​កំណត់​នូវ​ការទទួល​ខុសត្រូវ​ខាងវិញ្ញាណ ឬ​ខាងសាច់ឈាម​ដ៏ពិសិដ្ឋ ដើម្បី​ថែរក្សា​អ្វីមួយ​ដែលជា​កម្មសិទ្ធិ​របស់​ព្រះ ដែល​យើង​មាន​ទំនួលខុសត្រូវ » ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:១៦–២០ ហើយ​ធ្វើ​បញ្ជី​នៃ​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​នូវ​ផែនដី និង​អ្វីៗ​គ្រប់​យ៉ាង​នៅ​លើ​ផែនដី​នោះ ។ សូម​ពិចារណា​អំពី​ទិដ្ឋភាព​នៃ​ការ​បង្កើត​របស់​ព្រះអម្ចាស់​បាន​នាំ​ឲ្យ​បងប្អូន​មាន​អំណរ ។

  • ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រាប់ យ៉ូសែប ស្ម៊ីធ ថា​មនុស្ស​គ្រប់​គ្នា​គឺ « ទទួល​ការ​ខុសត្រូវ ជា​នាយតម្រួត​ការ​លើ​ព្រះ​ពរ​ទាំង​ឡាយ​ខាង​ផែនដី ដែល​យើង​បាន​បង្កើត ហើយ​បាន​រៀបចំ​ឡើង សម្រាប់​សត្វ​លោក​ទាំង​ឡាយ​របស់​យើង » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៤:១៣ ) ។ តើ​បងប្អូន​អាច​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ដ៏​ល្អ ឬ​ជា​អ្នក​ថែ​រក្សា​ការ​បង្កើត​របស់​ព្រះ​បាន​យ៉ាង​ដូច​ម្ដេច ? តើ​បងប្អូន​គិត​ថា​ព្រះអម្ចាស់​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​រឿង​ទាំង​នេះ « ​ដោយ​ការ​វិនិច្ឆ័យ គឺ​មិន​ឲ្យ​ហួស​ហេតុ ឬ​ដោយ​ការ​គំរាមកំហែង​ឡើយ » ? ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:២០ ) ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ដើរ​លេង​នៅក្បែរ​ផ្ទះ​របស់​បងប្អូន ។ រក​មើល​អ្វីៗ​ក្នុង​ធម្មជាតិ​ដែល​ស្រស់ស្អាត ឬ​នាំ​ឲ្យ​បងប្អូន​មាន​សេចក្តី​សប្បាយរីករាយ ។ ហេតុអ្វី​បងប្អូន​គិត​ថា​ព្រះ​បាន​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ស្រស់​ស្អាត ?

ស្វែងយល់​បន្ថែម​ទៀត

ធនធាន​ផ្សេងៗ​ទៀត​អំពី​ការបង្ក​បង្កើត