ឆ្នាំ​២០១៦
វិទ្យាសាស្ត្រ និង ការស្រាវជ្រាវ​របស់​យើង​រក​សេចក្តី​ពិត
July 2016


វិទ្យាសាស្ត្រ និង ការស្រាវជ្រាវ​របស់​យើង​រក សេចក្តី​ពិត

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ឡើយ ប្រសិនបើ​វា​ហាក់បី​ដូចជា​មាន​ជម្លោះ​រវាង​ការយល់​ដឹង​របស់​អ្នក​អំពី​ដំណឹងល្អ និង អ្វី​ដែល​អ្នក​រៀន​តាមរយៈ​វិទ្យាសាស្ត្រ​នោះ ។

microscope

តើ​អ្នក​អាច​ស្រមៃ​ពី​ការទៅ​ជួប​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ស្បែក ដោយសារ​អ្នក​មាន​ជំងឺ​កើត​មុន​ធ្ងន់ធ្ងរ ហើយ​គាត់​ប្រាប់​អ្នក​ថា​ការព្យាបាល​នឹង​ត្រូវ​បូម​ឈាម​មួយ​ចំនួន​ចេញ​ពី​ខ្លួន​អ្នក​នោះ ? ការណ៍​នេះ​អាច​ចម្លែក​ចំពោះ​អ្នក ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ដែល​ពិបាក​ជឿ​នោះទេ​កាល​ពី​ពីរ​សតវត្សរ៍​កន្លង​ទៅ ។ កាល​នោះ ការបូម​ឈាម​មួយ​ចំនួន​ចេញ​ពី​ខ្លួន គឺ​ត្រូវបាន​ចាត់ទុក​ថា​ជា​ការព្យាបាល​ដែល​មាន​បទដ្ឋាន ចំពោះ​ជំងឺ​ស្ទើរតែ​គ្រប់លក្ខខណ្ឌ រួម​មាន ការពិបាក​រំលាយ​អាហារ ជំងឺ​ឆ្កួត និង សូម្បី​តែ​ជំងឺ​កើត​មុន ។ គ្មាន​នរណា​មាន​មន្ទិល​សង្ស័យ​ពី​ការណ៍​នោះ​ឡើយ ។ ហេតុអ្វី​ពួកគេ​គួរតែ​មាន​មន្ទិល​ចំពោះ​រឿង​នោះ ? ក្រោយ​មក ការបូម​ឈាម​មួយ​ចំនួន​ចេញ​ពី​ខ្លួន​ត្រូវបាន​ប្រើប្រាស់​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​ទៅតាម​វប្បធម៌​ផ្សេងៗ​ជាច្រើន ។

គ្មាន​មន្ទិល​ឡើយ រហូត​ដល់​វេជ្ជបណ្ឌិត​បាន​ចាប់ផ្តើម​គិត​អំពី​ថ្នាំ​មក​ពី​ទស្សន​នៃ​វិទ្យាសាស្ត្រ ទើប​មាន​មនុស្ស​បាន​មាន​មន្ទិល​ពី​ការព្យាបាល​បែប​នោះ ។ ទីបំផុត នៅពេល​ការបូម​ឈាម​ត្រូវបាន​ពិនិត្យ​កាន់តែ​ច្រើន​ទៅៗ នោះ​វេជ្ជបណ្ឌិត​បាន​ឈប់​ប្រើ​វិធីសាស្ត្រ​នេះ​ចំពោះ​ជំងឺ​ទាំងអស់​ហើយ ប៉ុន្តែ​ប្រើ​វា​តែ​ចំពោះ​ជំងឺ​ជាក់លាក់​មួយ​ចំនួន​ប៉ុណ្ណោះ ។

តាមរយៈ​ឧទាហរណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ យើង​ឃើញ​ថា ដោយសារ​ការជឿ​ត្រូវបាន​ទទួល​យក​យ៉ាង​ទូលំទូលាយ ឬ ត្រូវបាន​អនុវត្ត​អស់​ពេល​ជាច្រើន​ឆ្នាំ វា​ពុំ​មែន​មាន​ន័យ​ថា​វា​ពិត​នោះ​ទេ ។ ហើយ​យើង​ឃើញ​ថា​វិទ្យាសាស្ត្រ​អាច​ជា​ឧបករណ៍​មួយ​ដ៏​អស្ចារ្យ​ក្នុងការ​បើក​បង្ហាញ​នូវ​សេចក្តីពិត ។

សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នោះ​គឺ​ជា​គោលការណ៍​សំខាន់​ណាស់ ។ ការស្គាល់​សេចក្តីពិត​ពុំ​មែន​គ្រាន់តែ​ផ្តល់​ដល់​យើង​នូវ​គ្រឹះ​ដ៏​ប្រសើរ​ក្នុង​ការធ្វើ​ការសម្រេចចិត្ត​នោះ​ទេ ( « អត់​ទេ ថ្ងៃ​នេះ ខ្ញុំ​នឹង​មិន​ឲ្យ​គេ​បូម​ឈាម​ខ្ញុំ​ទេ អរគុណ ! » ) ប៉ុន្តែ​វា​ថែម​ទាំង​បន្ថែម​នូវ​ការយល់​ដឹង​របស់​យើង​ចំពោះ​ដំណឹង​ល្អ​ថែម​ទៀត​ផង ។ ដូច​ប្រធាន ព្រិកហ្គាំ យ៉ង់ ( ឆ្នាំ ១៨០១–៧៧ ) បាន​បង្រៀន​ថា « គ្មាន​សេចក្តីពិត​ណា ដែល​មិនមែន​ជា​របស់​ដំណឹង​ល្អ​ឡើយ ។ … ប្រសិនបើ​អ្នក​អាច​ស្វែងរក​សេចក្តីពិត​នៅ​ឋានសួគ៌ [ ឬ ] ផែនដី … វា​គឺ​ជា​កម្មសិទ្ធិ​របស់​គោលលទ្ធិ​យើង​ហើយ » ។

មូលហេតុ និង របៀប

ពិតណាស់​នៅពេល​យើង​និយាយ​អំពី​របៀប​ដែល​វិទ្យាសាស្ត្រ​រួម​ចំណែក​នៅក្នុង​សេចក្តីពិត​ដែល​យើង​ដឹង នោះ​ត្រូវ​ប្រាកដ​ថា​យើង​យល់​ថា សេចក្តីពិត​បែប​ណា​ដែល​វិទ្យាសាស្ត្រ​អាច​បង្ហាញ​បាន — ហើយ​អ្វី​ដែល​វា​មិន​អាច​បង្ហាញ​បាន ។ របៀប​មួយ​ដើម្បី​មើល​ឃើញ​វា​នោះ គឺ​ត្រូវ​សួរ​សំណួរ​នានា​ដែល​វិទ្យាសាស្ត្រ​អាច​ឆ្លើយ​បាន និង មិន​អាច​ឆ្លើយ​បាន ។

ស៊ិស្ទើរ អែឡិន មែនហ្គ្រម ដែល​បាន​សិក្សា​ផ្នែក​វិស្វករ​គីមីវិទ្យា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស រែនសៀលើរ នៅក្នុង​ទីក្រុង នូវ យ៉ោក ស.រ.អា. ពន្យល់​វា​តាម​របៀប​នេះ ៖ « វិទ្យាសាស្ត្រ​ពន្យល់​ពី​របៀប​ធ្វើ ។ ប៉ុន្តែ​វា​មិន​អាច​ពន្យល់​ពី​មូលហេតុ​ឡើយ » ។ គាត់​បន្ថែម​ថា សាសនា​គឺ​ជា​អ្វី​ដែល​ពន្យល់​ពី​មូលហេតុ ដូចជា​មូលហេតុ​ដែល​ផែនដី​នេះ​ត្រូវបាន​បង្កើត​ឡើង និង មូលហេតុ​ដែល​យើង​ត្រូវបាន​ដាក់​នៅ​លើ​ផែនដី​នេះ ។

អ្នក​រូបវិទ្យា​ដ៏​ល្បីល្បាញ​ឈ្មោះ អាលប៊ើត អ៊ីនស្ទេន​ក៏​ជឿ​ផងដែរ​ថា​សាសនា និង វិទ្យាសាស្ត្រ​មាន​គោលបំណង​ខុសគ្នា តែ​ពឹងពាក់​គ្នា​ទៅវិញ​ទៅមក ។

លោក​បាន​សរសេរ​ថា « វិទ្យាសាស្ត្រ​គ្រាន់តែ​អាច​បង្ហាញ​ថា​វា​ជា​អ្វី​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​បង្ហាញ​ថា​វា​គួរតែ​ជា​អ្វី​ឡើយ ។ ក្រៅ​ពី​តំបន់​ត្រួតត្រា​របស់ [ វិទ្យាសាស្ត្រ ] តម្លៃ​នៃ​ការវិនិច្ឆ័យ​លើ​រឿង​ទាំងអស់​គឺ​នៅតែ​ចាំបាច់​បំផុត » ។

watering a plant

តើ​ការណ៍​នោះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ? ទីមួយ យើង​ដឹង​ថា​ការយល់​ដឹង​ផ្នែក​វិទ្យាសាស្ត្រ​នឹង​បន្ត​មាន​ការផ្លាស់ប្តូរ ។ ក្រៅពី​នោះ​ទៀត វិទ្យាសាស្ត្រ​គឺ​ជា​អ្វីៗ​ទាំងអស់​ដែល​ព្យាយាម​ស្វែងរក​របៀប​កាន់តែ​ប្រសើរ ដើម្បី​យល់​ពី « របៀប » នានា​នៃ​ពិភពលោក​នៅ​ជុំ​វិញ​ខ្លួន​នេះ ។ ដោយ​ការដឹង​ពី​រឿង​នេះ នោះ​យើង​ពុំ​ត្រូវការ​ពិនិត្យ​មើល​ពី​ការសិក្សា​ថ្មីៗ​បំផុត ចំពោះ​ការយល់ដឹង​ពី « មូលហេតុ » ឬ « ភាព​គួរតែ » នៃ​ជីវិត​ឡើយ ។ យើង​អាច​ពឹងផ្អែក​លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​គ្មាន​ការផ្លាស់ប្តូរ ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​រវាង​ការណ៍​ត្រឹមត្រូវ និង ខុសឆ្គង ។

វា​ត្រូវរ៉ូវ​គ្នា

ប្រធាន រ័សុល អិម ណិលសុន ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង ជា​គ្រូពេទ្យ​វះកាត់​បេះដូង​ដ៏​ល្បីល្បាញ​មួយ​រូប បាន​និយាយ​អំពី​របៀប​ដែល​សាសនា និង វិទ្យាសាស្ត្រ​ត្រូវរ៉ូវ​គ្នា ។

លោក​បាន​មាន​ប្រសាសន៍​ថា « គ្មាន​ជម្លោះ​រវាង​វិទ្យាសាស្ត្រ និង សាសនា​ឡើយ ។ ជម្លោះ​នឹង​កើត​ឡើង​មក​ពី​ការយល់ដឹង​មិន​ពេញលេញ​នៃ​វិទ្យាសាស្ត្រ ឬ សាសនា ឬ​ក៏​ទាំង​ពីរ ។ … មិន​ថា​សេចក្តីពិត​បាន​មក​ពី​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ ឬ ដោយ​វិវរណៈ​មក​ពី​ព្រះ​នោះ​ទេ វា​ត្រូវរ៉ូវ​គ្នា » ។

atom

ដូច្នេះ​ប្រសិនបើ​អ្នក​មាន​សំណួរ ថាតើ​អាយុ​របស់​ផែនដី ឬ សត្វ​ដៃណូសើរ ឬ ការវិវឌ្ឍន៍​នានា ឬ អ្វី​ផ្សេង​ទៀត ដែល​អ្នក​មាន​នៅក្នុង​ថ្នាក់​វិទ្យាសាស្ត្រ​ត្រូវគ្នា​នឹង​ដំណឹង​ល្អ នោះ​វា​ជា​រឿង​អស្ចារ្យ​ណាស់ ! វា​ពិត​ជា​ត្រូវរ៉ូវ​គ្នា ប៉ុន្តែ​វា​នៅតែ​មាន​សំណួរ​ជាច្រើន ដោយសារ​វា​នៅតែ​មាន​អ្វីៗ​ជាច្រើន​ដែល​យើង​កំពុង​រៀន ។ បងប្រុស ប្រាយអិន ដោន អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ឱសថ​នៅទីក្រុង ឃ្វីប៊ិច ប្រទេស កាណាដា បាន​និយាយ​ថា គាត់​ទន្ទឹងរង់ចាំ​ដល់​ពេល​ដែល​អ្វីៗ​គ្រប់​យ៉ាង​នឹង​ត្រូវបាន​បើក​សម្តែង​ដល់​ពួកយើង ( សូមមើល គ. និង ស. ១០១:៣២–៣៤ ) ។

គាត់​និយាយ​ថា នៅពេល​នេះ « សមត្ថភាព​របស់​យើង​នៅ​មាន​ដែន​កំណត់ ដើម្បី​យល់ដឹង​ពី​អាថ៌កំបាំង​ទាំងអស់​នៃ​ពិភពលោក​ជុំ​វិញ​ពួក​យើង​នេះ តាមរយៈ​ការខ្នះខ្នែង​រក​ខាង​វិទ្យាសាស្ត្រ ។ ដូចគ្នា​នេះ​ផងដែរ យើង​ក៏​មាន​ដែន​កំណត់​ក្នុង​ការយល់ដឹង​របស់​យើង​អំពី​អាថ៌កំបាំង​របស់​ព្រះ និង ការតាក់តែង​ដ៏​មហិមា​របស់​ទ្រង់​ចំពោះ​កូនចៅ​របស់​ទ្រង់​ផងដែរ » ។

បន្ទាប់​ពី​នោះ​គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ឡើយ ប្រសិនបើ​វា​ហាក់បី​ដូចជា​មាន​ជម្លោះ​រវាង​ការយល់​ដឹង​របស់​អ្នក​អំពី​ដំណឹងល្អ និង អ្វី​ដែល​អ្នក​រៀន​តាមរយៈ​វិទ្យាសាស្ត្រ ។ ភាពពិត​នោះ​គឺ​ថា គ្មាន​អ្វី​ដែល​វិទ្យាសាស្ត្រ​បើក​បង្ហាញ​អាច​បង្ហាញ​ថា​ជំនឿ​របស់​អ្នក​ខុស​ឡើយ ។

ដូច្នេះ​ប្រសិន​បើ​អ្នក​ចូលចិត្ត​វិទ្យាសាស្ត្រ សូម​រៀន​នូវ​វិស័យ​នានា​ទាំងអស់​ដែល​អ្នក​ចាប់​អារម្មណ៍ ! សេចក្តីជំនឿ​របស់​អ្នក​អាច​ផ្តល់​ប្រយោជន៍​ដល់​អ្នក ។ បងប្រុស រីឆាដ ហ្គាដនើរ សាស្ត្រាចារ្យ​បរិញ្ញាបត្រ​រង​នៃ​មុខវិជ្ជា​ជីវវិទ្យា​នៅ​សាកលវិទ្យាល័យ វើរជីញ៉ា ភាគ​ខាង​ត្បូង និយាយ​ថា សេចក្តី​ជំនឿ​របស់​គាត់​លើ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ជំនួយ​មួយ​ដ៏​ធំ​ចំពោះ​គាត់ ។

គាត់​និយាយ​ថា « ជួនកាល​នៅពេល​ការស្រាវជ្រាវ​មាន​ការ​លំបាក ហើយ​ការងារ​ហាក់បី​ដូច​ជា​មិន​ដំណើរ​ការ — ការស្រាវជ្រាវ​គឺ​មាន​លក្ខណៈ​បែប​នេះ​ច្រើន​ណាស់ — នោះ​ការមាន​ទស្សនវិស័យ​លើ​ពរជ័យ​នៃ​ដំណឹង​ល្អ​បាន​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​បាន » ។

បងប្រុស ដោន ក៏​មាន​អារម្មណ៍​ថា​សេចក្តីជំនឿ​របស់​គាត់​បាន​ជួយ​គាត់​ក្នុង​កិច្ចការ​វិទ្យាសាស្ត្រ​របស់​គាត់​ផងដែរ ។

គាត់​និយាយ​ថា « ខ្ញុំ​ធ្វើការ​ដោយ​សេចក្តីជំនឿ​ជានិច្ច​ថា មាន​ភាពសមហេតុផល និង របៀប​រៀបរយ​នៅក្នុង​អ្វីៗ​គ្រប់​យ៉ាង ហើយ​ថា​ប្រសិន​បើ​ខ្ញុំ​ស្រាវជ្រាវ​នូវ​សំណួរ​ដែល​វែងអន្លាយ ហើយ​លំបាក នោះ​ព្រះវរបិតាសួគ៌​នឹង​បើក​ដួងចិត្ត​ខ្ញុំ​ទទួល​យក​ចម្លើយ​នោះ » ។

រីករាយ​ក្នុង​ការរកឃើញ​របស់​វិទ្យាសាស្ត្រ

សេចក្តីជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់​អាច​ជួយ​យើង​ឲ្យ​បន្ទាបខ្លួន ហើយ​ទទួល​សេចក្តីពិត​ដែល​យើង​កំពុង​ស្វែងរក បើ​ទោះ​វា​ជា​ខាង​វិទ្យាសាស្ត្រ ឬ ខាង​វិញ្ញាណ​ក្តី ។

សាស្ត្រាចារ្យ ហ្គាដនើរ មាន​ប្រសាសន៍​ថា « មាន​អ្វីៗ​ជាច្រើន​ដែល​យើង​មិន​ដឹង​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ ហើយ​មាន​អ្វី​ជាច្រើន​អំពី​ព្រះ​ដែល​ទ្រង់​ពុំ​ទាន់​បាន​បើក​សម្តែង​នៅឡើយ ។ ដូច្នេះ​វា​ចាំបាច់​ថា​ត្រូវ​បន្ត​បើក​ដួងចិត្ត​ទទួល​ព័ត៌មាន​ឲ្យ​កាន់តែ​ច្រើន​ដល់​យើង ហើយ​នឹង​មិន​ព្រួយ​បារម្ភ​នៅក្នុង​ពេលនេះ​ឡើយ » ។

ឧទាហរណ៍ មនុស្ស​មួយ​ចំនួន​ជឿ​លើ​ព្រះ គ្រាន់តែ​ដោយសារ​ពួកគេ​ពុំ​បាន​ឃើញ​ពី​ការពន្យល់​ផ្សេង​ទៀត​ចំពោះ​ការអង្កេត​របស់​ខ្លួន​នៃ​ពិភពលោក​នេះ​ឡើយ ។ នេះ​គឺ​ត្រូវបាន​ហៅ​ថា​ជា​ការជឿលើ « ព្រះ​នៃ​ចម្លើយ​ចំពោះ​ចន្លោះ​ខ្វះខាត » ហើយ​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ភ័យខ្លាច​អំពី​ការរកឃើញ​របស់​វិទ្យាសាស្ត្រ ។ សាស្ត្រាចារ្យ ហ្គាដនើរ​ផ្តល់​ឧទាហរណ៍​មួយ ៖

« មនុស្ស​មួយ​ចំនួន​បាន​ជឿ​លើ​ព្រះ ដោយសារ​តែ​គ្មាន​ភស្តុតាង​ពេញលេញ​នៅក្នុង​កំណត់ត្រា​ហ្វូស៊ីល​ដើម្បី​បញ្ជាក់ ( ចំពោះ​ពួក​គេ មាន​ន័យ​ថា ដំណើរ​ការប្រែប្រួល​ជា​លំដាប់​នោះ​មិន​អាច​ពន្យល់​ឲ្យ​គ្រប់គ្រាន់​នូវ​របៀប​ដែល​យើង​មក​កាន់​ផែនដី​នេះ ) ។ ប៉ុន្តែ​តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​សេចក្តីជំនឿ​របស់​យើង នៅពេល​ភស្តុតាង​មិន​ពេញលេញ​នេះ​ត្រូវបាន​បំពេញ​ដោយ​ការរកឃើញ​នៃ​ហ្វូស៊ីល​ថ្មី​នោះ ? ផ្ទុយ​ទៅវិញ យើង​ត្រូវការ​ទទួល​បាន​នូវ​ភស្តុតាង​ពិត​អំពី​ព្រះ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​តមក​យើង​អាច​រីករាយ​នៅក្នុង​ការ​រុករក​ឃើញ​របស់​វិទ្យាសាស្ត្រ ច្រើន​ជាង​បារម្ភ​ពី​វា » ។

នៅពេល​យើង​ធ្វើ​តាម​វិធីសាស្ត្រ​នេះ នោះ​យើង​ចងចាំ​ថា​ទាំង​វិទ្យាសាស្ត្រ និង សាសនា​អាច​ជួយ​យើង​នៅក្នុង​ការស្រាវជ្រាវ​រក​សេចក្តីពិត​របស់​យើង ហើយ​ដែល​ការពិត​ទាំងនោះ​គឺ​កើត​ឡើង​មក​ពី​ប្រភព​តែ​មួយ ៖ គឺ​ព្រះ ។

lightbulb

សាស្ត្រាចារ្យ ហ្គាដនើរ មាន​ប្រសាសន៍​ថា « ព្រះ​អាច​បើក​សម្តែង​អ្វីៗ​គ្រប់​យ៉ាង​ដែល​ទ្រង់​មាន​ព្រះទ័យ រួម​ទាំង​សេចក្តពិត​ខាង​វិទ្យាសាស្ត្រ​ផងដែរ ។ ហើយ​ពិតណាស់ ទ្រង់​បាន​បំផុស​គំនិត​ដល់​អ្នក​វិទ្យាសាស្ត្រ អ្នក​ស្រាវជ្រាវ និង វិស្វករ — ប៉ុន្តែ​ទ្រង់​ពុំ​ផ្តល់​ចម្លើយ​ទាំងអស់​ដល់​ពួកគេ​ឡើយ ។ ទ្រង់​ចង់​ឲ្យ​ពួកគេ និង យើង​ប្រើប្រាស់​ខួរក្បាល​របស់​យើង ដូច្នោះ​ទ្រង់​ឲ្យ​យើង​ស្វែងយល់​ពី​វិទ្យាសាស្ត្រ និង វិវរណៈ​របស់​ទ្រង់​ចំពោះ​សាសនាចក្រ ច្រើន​ជាង​អំពី​របៀប​រៀបចំ​សាសនាចក្រ ហើយ​ជា​ពិសេស​របៀប​ដែល​យើង​អាច​មក​កាន់​ព្រះគ្រីស្ទ ហើយ​បាន​សង្គ្រោះ ។

« វិវរណៈ​ផ្ទាល់​របស់​ព្រះអង្គ​ចំពោះ​ពួកយើង​អាច​ជា​ប្រធានបទ​ណា​មួយ ប៉ុន្តែ​ជាពិសេស​ធ្វើ​ឲ្យ​យើង​ដឹង​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​យើង ថា​ព្រះគ្រីស្ទ​បាន​ធ្វើ​ឲ្យ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​កើត​មាន​ឡើង ថា​យើង​មាន​ព្យាការី​ដែល​រស់នៅ​សព្វថ្ងៃ ថា​យើង​អាច​ធ្វើ​តាម​ផែនការ​ព្រះ ហើយ​ថា​វា​គឺ​សក្តិសម​ណាស់​ដើម្បី​ធ្វើ​បែប​នោះ » ។

កំណត់​ចំណាំ

  1. សូម​មើល ឧទាហរណ៍ ខេ ខូឌែល និង បាបារ៉ា អ័រ ខាធើរ Childbed Fever: A Scientific Biography of Ignaz Semmelweis ( ឆ្នាំ ១៩៩៤ ) ។

  2. Teachings of Presidents of the Church: Brigham Young ( ឆ្នាំ ១៩៩៧ ) ទំព័រ ១៦ ។

  3. អាលប៊ើត អ៊ីស្ទិន នៅក្នុង « Science and Religion » នៅក្នុង Ken Wilber Quantum Questions: Mystical Writings of the World’s Greatest Physicists ( ឆ្នាំ ១៩៨៤ ) ។

  4. រ័សុល អិម ណិលសុន នៅក្នុង Marianne Holman Prescott « Church Leaders Gather at BYU’s Life Sciences Building for Dedication » Church News, ថ្ងៃ​ទី ១៧ ខែ មេសា ឆ្នាំ ២០១៥ គេហទំព័រ LDS.org ។