សារលិខិតបង្រៀនសួរសុខទុក្ខ
សក្តានុពលរបស់យើងសម្រាប់ភាពជាឪពុកម្តាយ
សូមសិក្សាអត្ថបទនេះប្រកបដោយការអធិស្ឋាន ហើយព្យាយាមស្វែងរកអ្វីដែលត្រូវចែកចាយ ។ តើការយល់ដឹងពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » បង្កើនសេចក្តីជំនឿរបស់អ្នកទៅលើព្រះ ហើយប្រទានពរដល់អ្នកទាំងឡាយដែលអ្នកមើលថែទាំតាមរយៈការបង្រៀនសួរសុខទុក្ខយ៉ាងដូចម្តេច ? សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ reliefsociety.lds.org ។
អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « វាគឺជាការណ៍ចាំបាច់ថា កូនចៅវិញ្ញាណរបស់ព្រះមានកំណើតនៃជីវិតរមែងស្លាប់ និង មានឱកាសដើម្បីរីកចម្រើនឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច ។ នៅក្នុងពន្លឺនៃគោលបំណងដ៏អស្ចារ្យបំផុតនៃផែនការសុភមង្គលដ៏មហិមា នោះខ្ញុំជឿថា សម្បត្តិធំបំផុតលើផែនដី និងស្ថានសួគ៌គឺជាកូនចៅយើង និងពូជពង្សយើង » ។១
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
« យើងជឿលើក្រុមគ្រួសារទាំងឡាយ ហើយយើងជឿជាក់លើកូនចៅទាំងអស់ ។ …
‹ … ព្រះបានមានបន្ទូលទៅ [ អ័ដាម និង អេវ៉ា ] ថា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ › [ លោកុប្បត្តិ ១:២៨ ] ។ …
បទបញ្ញត្តិនេះពុំត្រូវបានបំភ្លេច ឬ ព្រងើយកន្តើយ នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ឡើយ ។២
បើទោះបីជាមនុស្សយើងទាំងអស់គ្នាពុំអាចក្លាយជាឪពុកម្តាយនៅក្នុងជីវិតនេះក្តី ក៏យើងអាចចិញ្ចឹមបីបាច់កូនៗគ្រប់វ័យទាំងអស់ ។ យើងរីករាយនឹងពរជ័យនៃការធ្វើជាផ្នែកមួយនៃគ្រួសាររបស់ព្រះវរបិតាសួគ៌ ហើយយើងទទួលបទពិសោធន៍នៃសេចក្តីអំណរ ព្រមទាំងឧបសគ្គនានានៃការក្លាយជាផ្នែកមួយនៃគ្រួសារនៅលើផែនដីនេះ ។ ហើយសម្រាប់មនុស្សជាច្រើនទៀត ភាពជាឪពុកម្តាយកំពុងរង់ចាំពួកគេនៅក្នុងភាពអស់កល្បនាពេលខាងមុខ ។
បទគម្ពីរបន្ថែម
ទំនុកដំកើង ១២៧:៣; ម៉ាថាយ ១៨:៣–៥; នីហ្វៃទី ១ ៧:១; ម៉ូសេ ៥:២–៣
រឿងពិតដែលបានកើតឡើង
អែលឌើរ អាន់ឌើរសិន មានប្រសាសន៍ថា « សំឡេងជាច្រើននៅក្នុងពិភពលោកសព្វថ្ងៃនេះ ពង្វាងនូវសារៈសំខាន់ក្នុងការមានកូន ឬ ក៏ប្រាប់ថា វាជាការត្រឹមត្រូវក្នុងការពន្យាពេល ឬកំណត់ចំនួនកូននៅក្នុងក្រុមគ្រួសារ ។ ថ្មីៗនេះ កូនស្រីរបស់ខ្ញុំបានណែនាំខ្ញុំឲ្យស្គាល់គេហទំព័រមួយ ដែលសរសេរដោយម្ដាយជាគ្រីស្ទានម្នាក់ ( មិនមែននៅក្នុងព្រះវិហារយើង ) ដែលមានកូនប្រាំនាក់ ។ នាងបានអធិប្បាយ ៖ ‹ [ ការធំឡើង ] នៅក្នុងវប្បធម៌នេះ វាពិបាកណាស់ក្នុងការទទួលបាននូវទស្សនៈដែលផ្អែកលើព្រះគម្ពីរប៊ីប អំពីភាពជាម្ដាយ ។ … កូនៗប្រែទៅជាមិនសំខាន់ដូចទៅរៀនមហាវិទ្យាល័យទេ ។ ប្រាកដណាស់ គឺមិនសំខាន់ដូចទៅដើរលេងជុំវិញពិភពលោកទេ ។ មិនសំខាន់ដូចជាចេញទៅក្រៅពេលយប់សម្រាប់ការសប្បាយនោះទេ ។ មិនសំខាន់ដូចជាការហាត់ប្រាណរបស់អ្នកនោះទេ ។ មិនសំខាន់ដូចជាការងារដែលអ្នកអាចនឹងទទួល ឬសង្ឃឹមថានឹងទទួលនោះទេ › ។ បន្ទាប់មក នាងបន្ថែមទៀតថា ៖ ‹ ភាពជាម្ដាយពុំមែនជាការកម្សាន្តមួយនោះទេ វាជាការហៅបម្រើ ។ អ្នកពុំសន្សំទុកកូនចៅ ដោយសារអ្នកឃើញថា ពួកគេស្រស់ស្អាតជាងតែមសំបុត្រឡើយ ។ វាមិនមែនជាអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកអាចឆ្លៀតពេលធ្វើបាននោះទេ ។ វាជាអ្វីដែលព្រះផ្តល់ពេលវេលាដល់អ្នកដើម្បីធ្វើវា › » ។៣