ការបង្រៀនតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ
« មើលន៎កូនតូចៗរបស់អ្នករាល់គ្នា » ៖ ការរៀនបង្រៀនកុមារ
« [ ព្រះយេស៊ូវ ] បានយកកូនក្មេងរបស់ពួកគេ ម្តងម្នាក់ៗ ហើយបានប្រទានពរដល់ពួកវា ហើយបានអធិស្ឋានដល់ព្រះវរបិតាសម្រាប់ពួកគេ ។ … ហើយទ្រង់មានបន្ទូលទៅហ្វូងមនុស្សថា មើលន៏ ! កូនតូចៗរបស់អ្នករាល់គ្នា » ( នីហ្វៃទី ៣ ១៧:២១, ២៣ ) ។
ប្រសិនបើអ្នកជាឪពុកម្តាយ ឬ ត្រូវបានហៅឲ្យបង្រៀនកុមារ នោះអ្នកត្រូវបានប្រទានឲ្យនូវអំណោយទានដ៏មហិមាមួយ ។ អែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « [ អ្នក ] គឺជាមនុស្សម្នាក់ដែលព្រះតែងតាំងឲ្យឱបក្រសោបដល់កុមារតូចៗ នាសព្វថ្ងៃនេះដោយក្តីស្រឡាញ់ និងដោយភ្លើងនៃសេចក្តីជំនឿ និងការយល់ដឹងអំពីអត្តសញ្ញាណថា ពួកគេជានរណា » ។១
កុមារនឹងនាំមកនូវក្តីអំណរ ហើយបំផុសគំនិតអ្នកឲ្យធ្វើជាគំរូល្អ ។ នៅពេលដែលអ្នកទទួលស្គាល់ភាពស្មោះត្រង់ សេចក្ដីស្រឡាញ់ ការជឿទុកចិត្ត និងសេចក្ដីសង្ឃឹមរបស់កុមារ នោះអ្នកនឹងខិតកាន់តែជិតព្រះអម្ចាស់ និងយល់កាន់តែច្បាស់ពីព្រះបញ្ញត្តិរបស់ទ្រង់ ដើម្បី « ត្រឡប់ដូចជាកូនតូច » ( ម៉ាថាយ ១៨:៣ ) ។
នេះជាចំណុចទាំងប្រាំបីដែលត្រូវចងចាំអំពីកុមារ នៅពេលអ្នកព្យាយាមស្រឡាញ់ និង បង្រៀនពួកគេតាមរបៀបរបស់ព្រះសង្គ្រោះធ្វើ ។
១. កុមារមានតែជំនឿ ។ ពួកគេងាយទទួលយកសេចក្ដីពិត ។ សូមបង្រៀនពួកគេនូវគោលលទ្ធិត្រឹមត្រូវដែលសាមញ្ញ និងឲ្យច្បាស់ៗ ដោយប្រើភាសា និងឧទាហរណ៍ដែលពួកគេអាចយល់បាន ។
២. កុមារអាចទទួលស្គាល់ឥទ្ធិពលនៃព្រះវិញ្ញាណ ។ សូមបង្រៀនពួកគេថា អារម្មណ៍នៃសេចក្ដីសុខសាន្ត សេចក្ដីស្រឡាញ់ និង ក្តីអំណរដែលពួកគេមាននៅពេលដែលពួកគេនិយាយ ឬច្រៀងពីព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់ កើតមានមកពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមជួយពួកគេឲ្យយល់ថា អារម្មណ៍ទាំងនេះជាផ្នែកមួយនៃទីបន្ទាល់ ។
៣. កុមារយល់ពីការនិយាយត្រង់ៗ ។ ការប្រៀបធៀបស្មុគស្មាញអាចធ្វើឲ្យពួកគេភាន់ច្រឡំ ។ ពេលអ្នកបង្រៀន សូមនិយាយពីព្រឹត្តិការណ៍ និង សកម្មភាពនានាដែលពួកគេធ្លាប់ស្គាល់ដូចជា ៖ គេហដ្ឋាន ក្រុមគ្រួសារ និងពិភពលោកនៅជុំវិញខ្លួនពួកគេ ។
៤. កុមារមានចិត្តចង់រៀនជាខ្លាំង ។ ពួកគេចូលចិត្តការរៀនសូត្រតាមរយៈបទពិសោធន៍ផ្សេងៗ និង ការយល់ដឹងជាច្រើន ។ ពួកគេឆ្លើយតបបានយ៉ាងល្អ និង សកម្មក្នុងមេរៀននៅពេលប្រើរូបភាព ។ សូមអនុញ្ញាតឲ្យពួកគេបញ្ចេញចលនា រុករក និងសាកល្បងអ្វីថ្មីៗ ។
៥. កុមារមានចិត្តចង់ចែកចាយ និង ជួយជាខ្លាំង ។ ពួកគេមានអ្វីៗជាច្រើនដែលអាចបង្រៀនគ្នាទៅវិញទៅមក និង បង្រៀនអ្នកផងដែរ ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេកំពុងរៀន ។ សូមផ្តល់ឱកាសឲ្យពួកគេអានព្រះគម្ពីរ កាន់រូបភាព ឆ្លើយសំណួរ ឬ សរសេរអក្សរលើក្តារខៀន ។
៦. កុមារមានក្ដីស្រឡាញ់ ហើយចង់បានក្ដីស្រឡាញ់ ។ សូមរកមើលឱកាសដើម្បីជំរុញឲ្យមានអាកប្បកិរិយានៃក្តីសប្បុរស និងគួរឲ្យស្រឡាញ់ ដែលកើតឡើងពីធម្មជាតិចំពោះពួកគេ ។ សូមកសាងទំនុកចិត្តរបស់ពួកគេ ដោយការបង្ហាញក្តីស្រឡាញ់ និង អំណរគុណរបស់អ្នក ព្រមទាំងស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេនិយាយ ។
៧. កុមារធ្វើតាមគំរូរបស់អ្នក ។ អ្នកកំពុងតែបង្រៀនជានិច្ច ទោះជាពេលដែលអ្នកមិនដឹងខ្លួនក៏ដោយ ។ កុមារនឹងកត់សម្គាល់ពីរបៀបដែលអ្នករស់នៅតាមគោលការណ៍ទាំងឡាយដែលអ្នកបង្រៀន ។ គំរូដ៏សុចរិតរបស់អ្នកអាចជះឥទ្ធិពលយ៉ាងខ្លាំងលើការរីកចម្រើនឡើងនៃទីបន្ទាល់របស់ពួកគេ ។
៨. កុមារតូចៗមានពេលយកចិត្តទុកដាក់ខ្លី ។ អាកប្បកិរិយាដែលមិនយកចិត្តទុកដាក់អាចមានន័យថា ពួកគេនឿយហត់ ឬឃ្លាន ឬពួកគេមិនយល់ពីអ្វីដែលអ្នកបាននិយាយ ឬថាពួកគេត្រូវការរត់លេង ឬក៏ពួកគេមានការធុញទ្រាន់ ។ ពួកគេចូលចិត្តការរៀនសូត្រតាមរយៈ ការថាឡើងវិញច្រំដែលៗ វិធីសាស្ត្រខុសៗគ្នា រឿងនិទានងាយៗ បទចម្រៀង និងសកម្មភាពនានា ។ សូមលើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងមេរៀន ។