ឆ្នាំ​២០១៦
ការចងចាំ​ព្រះអង្គ​សង្គ្រោះ
July 2016


ការចងចាំ ព្រះអង្គ​សង្គ្រោះ

ពរជ័យ​ដ៏​មហិមា​កើត​មាន​ឡើង​នៅពេល​យើង​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ពិធីសាក្រាម៉ង់ ។

sacrament cup

រូប​គំនូរ​ដោយ ខាវិន ឃិល

រៀងរាល់​សប្តាហ៍ យើង​មាន​ពរ​ឲ្យ​មាន​ឱកាស​ទទួលទាន​សាក្រាម៉ង់​នៅពេល​ចូលរួម​ព្រះវិហារ ។ ពិតណាស់ វា​គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ពួកយើង​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ ។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ពិធី​សាក្រម៉ង់​មាន​សារៈសំខាន់​ប៉ុណ្ណា​នោះ ? មាន​កិច្ចការ​មួយ​ដែល​យើង​សន្យា​នឹង​ធ្វើ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ពិធី​បរិសុទ្ធ​ដ៏​សំខាន់ និង ពិសិដ្ឋ​បំផុត​នៅក្នុង​សាសនាចក្រ ៖ ចងចាំ​ព្រះយេស៊ូវគ្រីស្ទ ។

ចូរ​គិត​ពី​រឿង​នេះ ៖ ចងចាំ​ព្រះអង្គសង្គ្រោះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការអធិស្ឋាន​សាក្រាម៉ង់ ។ នៅក្នុង​ការអធិស្ឋាន​នោះ​យើង​សន្យា​ថា​យើង​នឹង « ចងចាំ​ទ្រង់​ជានិច្ច » ( គ. និង ស. ២០:៧៧, ៧៩ ) ពុំ​មែន​គ្រាន់តែ​ថ្ងៃ​អាទិត្យ​ឡើយ ប៉ុន្តែ ជានិច្ច ។ នៅពេល​យើង​ចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច នោះ​ជីវិត​របស់​យើង​នឹង​គិត​ពី​បទដ្ឋាន និង ការបង្រៀន​របស់​ទ្រង់ ហើយ​យើង​នឹង​ឃើញ​ផងដែរ​ពី​ព្រះចេស្តា និង ឥទ្ធិពល​គាំទ្រ​នៅក្នុង​ជីវិត​របស់​យើង​ផងដែរ ។

របៀប​ដែល​ការចងចាំ​បាន​ជួយ​យុវជន​មួយ​រូប

Alma the Younger and an angel

ឧទាហរណ៍ នៅពេល​ទេវតា​នៃ​ព្រះ​បាន​ហៅ អាលម៉ា​ជាកូន​ឲ្យ​ប្រែចិត្ត នោះ​អាលម៉ា​បាន​ដួល​ទៅ​លើ​ដី ហើយ​ពុំ​អាច​និយាយ ឬ កម្រើក​អស់​ជាច្រើន​ថ្ងៃ ។ អំឡុង​គ្រា​នោះ លោក​ត្រូវញាំញី​ដោយ​សេចក្តីទុក្ខវេទនា​ដោយ​ការនឹក​ឃើញ​ដល់​អំពើ​បាប​របស់​ខ្លួន ប៉ុន្តែ​ក្រោយ​មក​លោក​បាន « នឹកឃើញ … ពី​ការព្យាករ​របស់​ឪពុក [ លោក ] … អំពី​ការយាងមក​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដើម្បី​មក​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក » ។ ក្រោយ​មក​លោក​មាន​ប្រសាសន៍ ៖ « ឥឡូវ​នេះ នៅ​ពេល​ដែល​ឪពុក​នឹកគិត​ទៅ​លើ​រឿង​នេះ នោះ​ឪពុក​បាន​យំ​នៅ​ក្នុង​ចិត្ត ៖ ឱ​ព្រះ​យេស៊ូវ​អើយ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ សូម​ព្រះ​អង្គ​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​ទូលបង្គំ​ផង ដែល​ជា​អ្នក​នៅ​ក្នុង​ប្រមាត់​ល្វីង​ជូរចត់ ហើយ​កំពុងតែ​ឡោមព័ទ្ធ​ទៅ​ដោយ​ច្រវាក់​ដ៏​អស់​កល្ប​ជានិច្ច​នៃ​សេចក្ដី​ស្លាប់ ។ ហើយ​ឥឡូវ​នេះ មើល​ចុះ នៅ​ពេល​ដែល​ឪពុក​កំពុងតែ​គិត​យ៉ាង​នេះ នោះ​ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត មែន​ហើយ ឪពុក​ក៏​អស់​កើតទុក្ខ​ដោយ​ការ​នឹក​ឃើញ​អំពើ​បាប​របស់​ខ្លួន​ទៀត​ទៅ » ( អាលម៉ា ៣៦:១៧–១៩ ) ។

តាមរយៈ​ការគិត​ពី​ព្រះគ្រីស្ទ បាន​នាំ​អាលម៉ា​ឲ្យ​អធិស្ឋាន​ទូលសុំ​ក្តី​មេត្តាករុណា ដក​យក​អារម្មណ៍​ខុស​ឆ្គង បន្ធូរ​ការឈឺចាប់​របស់លោក ហើយ​ជួយលោក​ឲ្យ​ប្រែចិត្ត ។ ដូច​ជា​អាលម៉ា​ដែល យើង​អាច​បង្វែរ​ជីវិត​របស់​យើង​ទៅ​កាន់​ព្រះគ្រីស្ទ ហើយ​មាន​បទពិសោធន៍​នៃ​ក្តី​អំណរ​ដែល​កើត​ឡើង​ពី​ការរស់នៅ​តាម​ដំណឹងល្អ ។ ដំណើរ​ការ​នេះ​ចាប់ផ្តើម​ដោយ​ជម្រើស​របស់​យើង ដើម្បី​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ និង អំណាច​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

នេះ​គឺ​ជា​ពរជ័យ​ប្រាំ​បន្ថែម​ទៀត ដែល​កើត​មាន​ពី​ការគោរព​ការសន្យា​របស់​យើង​ឲ្យ​ចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច ។

  1. ព្រះវិញ្ញាណ​ទ្រង់​នឹង​គង់​នៅ​ជាមួយ​យើង

    នៅពេល​អ្នក​ទទួលទាន​សាក្រាម៉ង់​នៅថ្ងៃ​អាទិត្យ នោះ​អ្នក​រំឭក​ការសន្យា​ដែល​ថា ប្រសិនបើ​អ្នក​ចងចាំ​ព្រះគ្រីស្ទ គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ហើយ​លើក​ដាក់​លើ​ខ្លួន​អ្នក​នូវ​ព្រះនាម​ទ្រង់ នោះ​អ្នក​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​ជាមួយ​យើង​ជា​ដរាប ។ នៅក្នុង​ពិភព​លោក​ដែល​ពោរពេញ​ដោយ​ឧបសគ្គ​នេះ វា​ងាយ​ស្រួល​នឹង​វង្វេង ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​អ្នក​នោះ « ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ( មរ៉ូណៃ ១០:៥ ) ។ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​អ្នក ហើយ​ប្រទាន​ពរ​ដល់​អ្នក​នូវ​ការប្រាប់ផ្លូវ ការណែនាំ និង ការការពារ ។

  2. ទ្រង់​អាច​ប្រទាន​កម្លាំង​ដល់​យើង​ដើម្បី​ទប់ទល់​នឹង​ការ​ល្បួង​នានា

    ការការពារ​ទប់ទល់​នឹង​ការល្បួង​ដែល​ល្អ និង សំខាន់​បំផុត​នោះ​គឺ​ជា​សេចក្តីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល អាលម៉ា ៣៧:៣៣ ) ។ នៅពេល​យើង​ផ្តោត​ចិត្ត​របស់​យើង​លើ​ព្រះគ្រីស្ទ នោះ​យើង​អាច​ស្គាល់​ការកុហក​របស់​សាតាំង ហើយ​ចាប់​យក​ការប៉ុនប៉ង​របស់​វា​ដើម្បី​បោក​ប្រាស់​យើង ។ ដោយសារ​ព្រះយេស៊ូវ​បាន​ជួប​នឹង​ការល្បួង ប៉ុន្តែ​ពុំ​ដែល​ចុះ​ចាញ់​ការល្បួង​ឡើយ យើង​អាច​ពឹងផ្អែក​លើ​ទ្រង់ នៅពេល​យើង​ជួប​នឹង​ការល្បួង ។ នីហ្វៃ​បាន​បង្រៀន​ថា អស់​អ្នក​ណា​ដែល « តោង​ជាប់​តាម [ ព្រះបន្ទូល​នៃ​ព្រះ ] នោះ​នឹង​មិន​ត្រូវ​វិនាស​ឡើយ សូម្បី​តែ​កា​រល្បួង​ទាំងឡាយ និង​ព្រួញ​ភ្លើង​ទាំងឡាយ​របស់​មារសត្រូវ​ក៏​មិន​អាច​ឈ្នះ​លើ​ពួកគេ​ដែរ » ( នីហ្វៃទី ១ ១៥:២៤ ) ។ នៅពេល​យើង​ចងចាំ​ព្រះអង្គ​សង្គ្រោះ និង ការបង្រៀន​របស់​ទ្រង់ នោះ​ទ្រង់​អាច​លើក​យើង​ឡើង ហើយ​ពង្រឹង​យើង​ទប់ទល់​នឹង​ការល្បួង ។

  3. គំរូ​របស់​ទ្រង់​នឹង​ដឹកនាំ​យើង

    ព្រះយេស៊ូវ​ពុំ​គ្រាន់តែ​ប្រាប់​យើង​ពី​កន្លែង​ដែល​ត្រូវ​ទៅ​ដើម្បី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ឡើយ ទ្រង់​បាន​ដឹកនាំ​ផ្លូវ​ទៀត​ផង ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « ទ្រង់​គឺជា​ផ្លូវ សេចក្ដីពិត និង ជីវិត » ( យ៉ូហាន ១៤:៦ ) ។ ព្រះគ្រីស្ទ​គឺ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​របស់​យើង ។ អំឡុង​ពេល​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ នោះ​ព្រះយេស៊ូវ​បាន​បង្រៀន និង ធ្វើ​ជា​គំរូ​អំពី​សេចក្តី​ស្រឡាញ់ ភាព​ទន់ទាប ការបន្ទាបខ្លួន និង សេចក្តី​អាណិតអាសូរ ។ ទ្រង់​បាន​ចំណាយ​ពេលវេលា​របស់​ទ្រង់​ចំពោះ​ការបង្រៀន ការ​បម្រើ និង ការ​ស្រឡាញ់​អ្នក​ដទៃ ។

    គ្រប់​កិច្ចការ​ទាំងអស់​ដែល​ទ្រង់​បាន​ធ្វើ គឺ​ទ្រង់​គោរព​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​ទ្រង់ ( សូមមើល យ៉ូហាន ៥:៣០ ) ។ ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ជា​គំរូ​នៅក្នុង​គ្រប់​កិច្ចការ​ទាំងអស់ ដូចជា​របៀប​ដែល​យើង​គប្បី​រស់នៅ ហើយ​ទ្រង់​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​ធ្វើ​តាម​គំរូ​ទ្រង់ ។

    ប្រសិនបើ​អ្នក​ធ្លាប់​រកឃើញ​ថា​អ្នក​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ទីណា ឬ ត្រូវ​ធ្វើ​អ្វី ចូរ​ចងចាំ​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​មាន​បន្ទូល​ថា « ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ( យ៉ូហាន ៨:១២ ) ។

  4. ទ្រង់​អាច​ជួយ​យើង​បម្រើ​មនុស្ស​ដទៃ

    Jesus Christ

    ព្រះយេស៊ូវ​បាន​ដាក់​សេចក្តីត្រូវការ​របស់​មនុស្ស​ដទៃ​លើ​សេចក្តី​ត្រូវការ​ផ្ទាល់​ខ្លួន​របស់​ទ្រង់​ជានិច្ច ។ ទ្រង់ « បាន​យាង​ចុះ​ឡើង​ធ្វើ​កិច្ចការ​ល្អ » ( កិច្ចការ ១០:៣៨ ) ។ ទ្រង់​បាន​ព្យាបាល​អ្នក​ឈឺ ហើយ​បាន​ជួយ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ទ្រង់ ។ នៅពេល​យើង​ចងចាំ​ព្រះយេស៊ូវ នោះ​យើង​ចងចាំ​ទង្វើ​នៃ​ការ​បម្រើ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង​ដែល​បង្ហាញ​ពី​ព្រះជន្ម​របស់​ទ្រង់ ។ យើង​ក៏​ចងចាំ​ដែរថា ទ្រង់​បាន​សុំ​យើង​ឲ្យ​បម្រើ​ទ្រង់ តាមរយៈ​ការបម្រើ​មនុស្ស​ដទៃ ។ « កាលណា​អ្នក​រាល់គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។

    ព្រះអម្ចាស់​នឹង​បើក​ភ្នែក​របស់​អ្នក​ឲ្យ​មើល​ឃើញ​អស់​អ្នក​ដែល​នៅជុំ​វិញ​អ្នក ដែល​អ្នក​អាច​ជួយ​ពួកគេ ។ អ្នក​នឹង​ត្រូវបាន​ដឹកនាំ​ក្នុង​របៀប​ដែល​អ្នក​អាច​បម្រើ​ពួកគេ​ដោយ​អស់​ពី​សមត្ថភាព ។ ជីវិត​របស់​អ្នក​នឹង​កាន់តែ​សប្បាយ ហើយ​កាន់តែ​ពេញលេញ នៅពេល​អ្នក​ធ្វើ​ការបម្រើ​តូចតាច និង​សាមញ្ញ ។ ការបម្រើ​មនុស្ស​ដទៃ​នឹង​នាំ​ឲ្យ​មាន​អារម្មណ៍​នៃ​ភាពសុខសាន្ត និង សេចក្តីអំណរ​ទៅក្នុង​ជីវិត​របស់​អ្នក ។

  5. យើង​អាច​ប្រែចិត្ត​បាន

    យើង​ទាំងអស់​គ្នា​បរាជ័យ​ក្នុង​ការកាន់​តាម​បទបញ្ញត្តិ​ពេញលេញ​តាម​អ្វី​ដែល​រំពឹង​ទុក ទោះបី​យើង​ព្យាយាម​ដោយ​ស្មោះសរ​ក្តី ប៉ុន្តែ​ដោយសារ​ព្រះជន្ម និង បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​មាន​ផ្លូវ​ដើម្បី​ត្រឡប់​មក​វិញ ។

    ការចងចាំ​ព្រះយេស៊ូវគ្រីស្ទ​រំឭក​យើង​ពី​អំណោយ​ទាន​នៃ​ការប្រែចិត្ត ដែល​បាន​ប្រទាន​មក​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។ ព្រះយេស៊ូវ​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​ប្រែចិត្ត ហើយ​យើង​មាន​បទពិសោធន៍​នៃ​ក្តី​អំណរ​នៅពេល​យើង​បែរ​ចេញ​ឆ្ងាយ​ពី​អំពើ​បាប ហើយ​ងាក​ទៅ​រក​ទ្រង់ ។ នៅពេល​យើង​មាន​បំណង​ស្មោះសរ​ដើម្បី​ផ្លាស់ប្តូរ ហើយ​រក្សា​បទបញ្ញត្តិ នោះ​ព្រះអម្ចាស់​សន្យា​ថា « អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះថា​បាន​អត់ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់ មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ » ( គ. និង ស. ៥៨:៤២ ) ។

    ពេល​អ្នក​ទទួលទាន​សាក្រាម៉ង់ អ្នក​ធ្វើ​ការតាំងចិត្ត​ដើម្បី​ចងចាំ​ព្រះអង្គ​សង្គ្រោះ​ជានិច្ច ។ ដរាប​ណា​អ្នក​ទុក​ព្រះគ្រីស្ទ​នៅក្នុង​គំនិត​អ្នក ដរាប​នោះ​ទ្រង់​នឹង​ក្លាយ​ជា​អង្គ​ដ៏​សំខាន់​នៃ​ជីវិត​របស់​អ្នក ហើយ​ដរាប​នោះ​ទ្រង់​នឹង​ដឹកនាំ ព្រមទាំង​ណែនាំ​អ្នក​ឲ្យ​ទៅ​ដល់​សក្តានុពល​ដ៏​ពោរពេញ​របស់​អ្នក ។ ការចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច នឹង​ប្រទាន​ពរជ័យ​ដល់​អ្នក​ជា​ដរាប ។