យុវវ័យ
ស្មោះនឹងជំនឿ
ប្រធាន ម៉នសុន បាននិទានរឿងមួយអំពីគ្រួសារអ្នកត្រួសត្រាយម្នាក់ ហើយបានដកស្រង់ប្រសាសន៍របស់ប្រធាន ចច អ័លប៊ើត ស៊្មីធ ៖ « តើបងប្អូនទាំងអស់គ្នា នឹងរស់នៅដោយស្មោះនឹងជំនឿនៃពួកបុព្វការីជនរបស់អ្នកដែរឬទេ ? … ចូរព្យាយាមឲ្យមានភាពសក្តិសមចំពោះការបូជាទាំងអស់ដែល [ ពួកគេ ] បានធ្វើចំពោះបងប្អូន » ។ មិនថាអ្នកមានបុព្វការីជនដែលជាអ្នកត្រួសត្រាយ ឬ អ្នកគឺជាសមាជិកសាសនាចក្រជំនាន់ទីមួយនោះទេ តើអ្នកសម្លឹងទៅគំរូនៃសេចក្តីជំនឿ ដើម្បីទទួលបានការណែនាំ និង កម្លាំងដែរឬទេ ? នេះជារបៀបល្អមួយដែលអ្នកចាប់ផ្តើម ៖
១. ធ្វើបញ្ជីឈ្មោះមនុស្សដែលអ្នកគោរពកោតសរសើរ ។ ពួកគេអាចជាសមាជិកគ្រួសារផ្ទាល់របស់អ្នក ( ពីអតីតកាល ឬ បច្ចុប្បន្នកាល ) មិត្តភក្ដិ ថ្នាក់ដឹកនាំសាសនាចក្រ ឬ មនុស្សនៅក្នុងព្រះគម្ពីរ ។
២. សរសេរគុណសម្បត្តិនានាដែលអ្នកចូលចិត្តពីពួកគេ ។ តើម្តាយរបស់អ្នកពិតជាមានការអត់ធ្មត់ឬទេ ? ប្រហែលជាមិត្តភក្តិរបស់អ្នកមានចិត្តសប្បុរសចំពោះមនុស្សដទៃ ។ ប្រហែលជាអ្នកចូលចិត្តភាពអង់អាចក្លាហានរបស់មេទ័ព មរ៉ូណៃ ។
៣. រើសគុណសម្បត្តិមួយមកពីបញ្ជីរបស់អ្នក ហើយសួរខ្លួនឯងថា « តើខ្ញុំអាចទទួលបានគុណសម្បត្តិនេះតាមរបៀបណា ? តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីអភិវឌ្ឍគុណសម្បត្តិនេះនៅក្នុងជីវិតរបស់ខ្ញុំនោះ ? »
៤. សរសេរផែនការរបស់អ្នកដើម្បីអភិវឌ្ឍគុណសម្បត្តិនេះ ហើយទុកវានៅកន្លែងណាមួយដែលអ្នកនឹងឃើញវាជារឿយៗ ដើម្បីរំឭកអ្នកពីគោលដៅរបស់អ្នក ។ អធិស្ឋានទូលសុំជំនួយពីព្រះវរបិតា ហើយពិនិត្យមើលការរីកចម្រើនរបស់អ្នកជាទៀងទាត់ ។ នៅពេលណាអ្នកមានអារម្មណ៍ថា អ្នកបានអភិវឌ្ឍគុណសម្បត្តិនោះបានគ្រប់គ្រាន់ហើយ នោះអ្នកអាចរើសយកគុណសម្បត្តិថ្មីមួយទៀតមកអភិវឌ្ឍម្តង ។
សូមចាំថា នៅពេលយើងអភិវឌ្ឍគុណសម្បត្តិដ៏អស្ចារ្យនានានៅក្នុងខ្លួនរបស់យើង នោះយើងពុំគ្រាន់តែគោរពសេចក្តីជំនឿ និង ការបូជារបស់បុព្វការីជនរបស់យើង ដែលពួកគាត់បានធ្វើប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចក្លាយជាមនុស្សដែលជះឥទ្ធិពលល្អដល់អស់អ្នកដែលនៅជុំវិញយើងផងដែរ ។