ការគោរពព្រះ តាមរយៈការគោរពសេចក្ដីសញ្ញារបស់យើង
ពរជ័យដ៏អស្ចារ្យនៃសេចក្ដីជំនឿលើព្រះ កើតមានដោយការគោរពប្រតិបត្តិទ្រង់តាមរយៈការគោរពតាមសេចក្ដីសញ្ញាទាំងឡាយរបស់យើង ។
ក្នុងឆ្នាំ ១៩៨៥ ស៊ីស្ទើរ ស៊ីតាទី និង ខ្ញុំ បានជួបបុរសម្នាក់ឈ្មោះ រ៉ចជើរ ហូវដ នៅទីក្រុង ណៃរ៉ូប៊ី ប្រទេស កេនយ៉ា ។ គាត់ និង ភរិយាគាត់ឈ្មោះ អ៊ីលីន កំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនាវ័យចំណាស់ ។ ពួកគាត់បានអញ្ជើញយើងឲ្យចូលរួមក្នុងក្រុមជំនុំតូចមួយ ដែលធ្វើឡើងក្នុងផ្ទះរបស់ពួកគាត់ ។ វាជាគ្រាដំបូង ដែលយើងបានចូលរួមការប្រជុំរបស់សមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ យើងមានអារម្មណ៍ពីព្រះវិញ្ញាណនៅក្នុងការប្រជុំដំបូងនោះ ហើយចាប់តាំងពីពេលនោះមក យើងបានចូលរួមសាសនាចក្រជារៀងរាល់ថ្ងៃអាទិត្យ ។
ប៉ុន្មានខែក្រោយមក រ៉ចជើរ បានធ្វើបុណ្យជ្រមុជទឹកឲ្យយើង រួមទាំងកូនប្រុសអាយុប្រាំបួនរបស់យើងដែរ ។ មិនយូរប៉ុន្មាន រ៉ចជើរ និង អេលែន បានត្រឡប់ទៅផ្ទះវិញ នៅពេលបញ្ចប់បេសកកម្មរបស់ពួកគាត់ ។ ពីរបីឆ្នាំម្ដង យើងបានឮដំណឹងពីពួកគាត់ ។
ទីបំផុត នៅដើមឆ្នាំ ២០១០ ស៊ីស្ទើរ ស៊ីតាទី និង ខ្ញុំបានជួប រ៉ចជើរ ម្ដងទៀត ។ ឥឡូវនេះគាត់មានអាយុ ៩០ ឆ្នាំហើយ ។ ដោយមានអាយុចាស់ ហើយសុខភាពកាន់តែខ្សោយ គាត់មានការពិបាកក្នុងការដើរយ៉ាងខ្លាំង ។ នៅពេលយើងឈរទល់មុខគ្នាជាលើកដំបូង បន្ទាប់ពីបានបែកគ្នាអស់រយៈពេលច្រើនឆ្នាំមកហើយនោះ យើងមានសេចក្ដីអំណរចំពោះគ្នាទៅវិញទៅមក ដែលពុំអាចថ្លែងបានឡើយ ។ ទឹកភ្នែកបានហូរស្រក់មកកាលយើងឱបគ្នាដោយភាពទន់ភ្លន់ ។ យើងមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក និង ចំពោះអំណោយទានដ៏អស្ចារ្យនៃដំណឹងល្អ ។ យើងបានរួបរួមគ្នាក្នុងសេចក្ដីជំនឿ ក្នុងនាមជារាស្ត្រនៃនគរព្រះ ។
កាលខ្ញុំត្រេកអរនៅខណៈពេលនោះ បទគម្ពីរមួយបានលេចឡើងក្នុងគំនិតខ្ញុំថា ៖ « ចូរចាំចុះ តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ …
« ហើយបើសិនជាអ្នកត្រូវធ្វើការអស់មួយជីវិតអ្នក ដោយស្រែកប្រាប់ពីការប្រែចិត្តដល់ប្រជាជននេះ ហើយគ្រាន់តែនាំព្រលឹងមួយគត់មករកយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាជាមួយអ្នកនោះនៅក្នុងនគរនៃព្រះវរបិតារបស់យើង ! » ( គ. និង ស. ១៨:១០, ១៥ ) ។
ពរជ័យដ៏ធំៗមួយចំនួនរបស់ព្រះ ត្រូវបានសន្យាទៅដល់អស់អ្នកណាដែលនាំព្រលឹងចូលក្នុងនគរព្រះ ។ ព្រះអង្គសង្គ្រោះបានប្រាប់ថា « មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ ទំាងតំាងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយថាឲ្យផលរបស់អ្នករាល់គ្នាបាននៅជាប់ផង ដើម្បីឲ្យព្រះវរបិតាបានប្រោសប្រទានឲ្យអ្នករាល់គ្នាបានអ្វីៗ ដែលនឹងសូមពីទ្រង់ដោយនូវឈ្មោះខ្ញុំ » ( យ៉ូហាន ១៥:១៦ ) ។
ក្រោយមកនៅឆ្នាំដដែលនោះ រ៉ចជើរ បានទទួលមរណភាព ។ ខ្ញុំដឹងយ៉ាងច្បាស់ថា គាត់គឺជាបុរសម្នាក់ដែលរកឃើញភាពសុខសាន្តនៅជាមួយព្រះ ។ គាត់បានមានឥទ្ធិពលលើជីវិតរបស់យើងតាមរយៈការចែកចាយដំណឹងល្អ ។ គំរូនៃការបម្រើដ៏ស្មោះត្រង់របស់គាត់ចំពោះមនុស្សដែលគាត់ស្គាល់ អមជាមួយនឹងអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង និង អ្នកផ្សព្វផ្សាយសាសនាជាប្តីប្រពន្ធជាច្រើននាក់ ដែលកំពុងបម្រើក្នុងសាសនាចក្រ ឆ្លុះបញ្ចាំងពីរបៀបមួយដែលយើងគោរពប្រតិបត្តិព្រះ ។
ទំនាក់ទំនងខាងសេចក្ដីសញ្ញារបស់យើងជាមួយព្រះ
ដោយសារយើងគឺជាសមាជិករបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នោះយើងម្នាក់ៗមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះវរបិតាសួគ៌តាមរយៈសេចក្ដីសញ្ញាទាំងឡាយ ។ សេចក្ដីសញ្ញានីមួយៗត្រូវបានបញ្ជាក់ដោយពិធីបរិសុទ្ធមួយ ដែលយើងទទួលយកដោយស្ម័គ្រចិត្ត ហើយតាំងចិត្តរក្សាសេចក្ដីសញ្ញានោះ ។ តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ អាចធ្វើឲ្យយើងបំពេញនូវកាតព្វកិច្ចទាំងឡាយរបស់យើងក្នុងសេចក្ដីសញ្ញានីមួយៗ នៅពេលយើងអនុវត្តសេចក្ដីជំនឿទៅលើទ្រង់ ។
យើងគោរពប្រតិបត្តិព្រះវរបិតាសួគ៌នៅពេលយើងធ្វើឲ្យទំនាក់ទំនងយើងជាមួយទ្រង់កាន់តែស៊ីជម្រៅ ដោយការធ្វើ ហើយរក្សាសេចក្ដីសញ្ញា និង ពិធីបរិសុទ្ធនៃការសង្គ្រោះ ។ ទ្រង់ប្រទានពរដល់អស់អ្នកទាំងឡាយណា ដែលរក្សាសេចក្ដីសញ្ញារបស់ខ្លួន ដោយមានព្រះវិញ្ញាណបរិសុទ្ធដឹកនាំ និង ពង្រឹងពួកគេ ។ ខាងក្រោមនេះគឺជាទំនាក់ទំនងនៃសេចក្ដីសញ្ញាដ៏សំខាន់បំផុត ដែលយើងអាចបង្កើតជាមួយព្រះវរបិតាសួគ៌ ។
សេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក
ពិធីបុណជ្រមុជទឹកនាំយើងឲ្យចូលក្នុងទំនាក់ទំនងសេចក្ដីសញ្ញាដំបូងជាមួយព្រះ ។ យើងសក្ដិសមចំពោះពិធីបរិសុទ្ធនោះនៅពេលយើង « បន្ទាបខ្លួន [ យើង ] ចំពោះព្រះ … មកដោយចិត្តសង្រេង និង វិញ្ញាណទន់ទាប ហើយធ្វើបន្ទាល់នៅចំពោះសាសនាចក្រថា [ យើង ] ប្រាកដជាបានប្រែចិត្តចំពោះអំពើបាបរបស់ [ យើង ] ទាំងអស់ … ហើយប្រាកដជាសម្ដែងដោយកិច្ចការទាំងឡាយរបស់ [ យើង ] ថា [ យើង ] បានទទួលពីព្រះវិញ្ញាណនៃព្រះគ្រីស្ទចំពោះការផ្ដាច់បាបទាំងអស់របស់ [ យើង ] » ( គ. និង ស. ២០:៣៧ ) ។
ពេលយើងសម្ដែងចេញតាមរយៈទង្វើថា យើងពិតជា « លើកដាក់មកលើខ្លួន [ យើង ] នូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដោយប្ដេជ្ញាថានឹងបម្រើទ្រង់ដល់ចុងបំផុត » ( គ. និង ស. ២០:៣៧ ) « ទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល … ទួញយំជាមួយនឹងអ្នកណាដែលទួញយំ … ហើយកម្សាន្តទុក្ខដល់អស់អ្នកណាដែលត្រូវការការកម្សាន្តទុក្ខ ហើយឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និង គ្រប់សេចក្ដី និង គ្រប់ទីកន្លែងដែល [ យើង ] រាល់គ្នាបានទៅ រហូតដល់ពេលស្លាប់ » ( ម៉ូសាយ ១៨:៨–៩ ) នោះគឺយើងរក្សាសេចក្ដីសញ្ញាហើយ ។
ជាការតបស្នង ព្រះបង់ថ្លៃដល់យើងដោយនូវអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ដែលតាមរយៈអំណោយទាននោះ យើងទទួលបានភាពជាដៃគូនឹងព្រះវិញ្ញាណបរិសុទ្ធ ដែលប្រទានដល់យើងនូវការណែនាំ និង ការបង្ហាញផ្លូវក្នុងគ្រប់កិច្ចការទាំងអម្បាលម៉ានរបស់យើង ដោយដឹកនាំយើងទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល ម៉ូសាយ ១៨:៩–១០ ) ។
ខ្ញុំស្គាល់ពីសេចក្ដីអំណរដ៏មហិមា និង ពីការពោរពេញទៅដោយព្រះវិញ្ញាណ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក ដែលខ្ញុំបានបន្តដកពិសោធ ជាពិសេសដរាបណាដែលខ្ញុំនៅជិតព្រះ ។
សម្បថ និង សេចក្តីសញ្ញានៃបព្វជិតភាព
បុរសដែលរក្សាសេចក្ដីសញ្ញាបុណ្យជ្រមុជទឹក មានគុណសម្បត្តិដើម្បីចូលក្នុងសម្បថ និង សេចក្ដីសញ្ញានៃបព្វជិតភាព ។ យើងទទួលបានវា តាមរយៈពិធីបរិសុទ្ធនៃការដាក់ដៃលើក្បាល ។ សេចក្តីសញ្ញានៃបព្វជិតភាពគឺជាសេចក្តីសញ្ញាមួយនៃការបម្រើសម្រាប់សេចក្ដីសង្គ្រោះនៃកូនចៅរបស់ព្រះ ។ យើងគោរពប្រតិបត្តិព្រះនៅពេលយើងតម្កើងការហៅរបស់យើង ( សូមមើល គ. និង ស. ៨៤:៣៣ ) ហើយ « បម្រើទ្រង់ឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង [ របស់យើង ] » ( គ. និង ស. ៤:២ ) ហើយដោយ « សេចក្ដីជំនឿ សេចក្ដីសង្ឃឹម សេចក្ដីសប្បុរស និង សេចក្ដីស្រឡាញ់ ដោយភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អនៃព្រះ » ( គ. និង ស. ៤:៥ ) ។
ពរជ័យរបស់ព្រះអម្ចាស់ដែលកើតមានចំពោះពួកអ្នកកាន់បព្វជិតភាពដ៏ស្មោះត្រង់រួមមានការញែកជាបរិសុទ្ធ « ដោយសារព្រះវិញ្ញាណ ចំពោះការសាងរូបកាយរបស់ពួកគេជាថ្មី » ( គ. និង ស. ៨៤:៣៣ ) ។ ពួកគេត្រឡប់ជាអ្នកទទួលបានមរតកជាពរជ័យនៃលោកម៉ូសេ និង លោកអ័ប្រាហាំ ( សូមមើល គ. និង ស. ៨៤:៣៤ ) ។ ពួកព្យាការី និង សាវកថ្ងៃចុងក្រោយ គឺជាគំរូដ៏ប្រពៃនៃអ្នកដែលតម្កើងបព្វជិតភាពខ្លួន ។ ជីវិតរបស់ពួកលោកគឺជាទីបន្ទាល់ ដែលព្រះអម្ចាស់បង់ថ្លៃសម្រាប់ពួកលោក ។
ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ
បុរសដែលកាន់បព្វជិតភាពជាន់ខ្ពស់ដោយសក្ដិសម និង ស្ត្រីដែលមានភាពសក្ដិសម អាចទទួលពិធីបរិសុទ្ធនានា ហើយធ្វើសេចក្ដីសញ្ញាពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ ។ តាមរយៈពិធីបរិសុទ្ធ និង សេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ យើងសិក្សាស្វែងយល់ពីគោលបំណងនៃជីវិតនេះ និង ដើម្បីត្រៀមជាស្រេចសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ។ យើងទទួលពិធីបរិសុទ្ធ ហើយចូលក្នុងសេចក្ដីសញ្ញានៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច និង ការផ្សារភ្ជាប់ជាមួយក្រុមគ្រួសារយើង ។ យើងតាំងចិត្តថ្វាយជីវិតរបស់យើងទៅដល់ព្រះ និង ចំពោះកិច្ចការនៃសេចក្ដីសង្គ្រោះសម្រាប់កូនចៅព្រះទាំងអស់ ។ ការរក្សាសេចក្ដីសញ្ញាទាំងនេះដោយស្មោះត្រង់ នាំឲ្យយើងទទួលបានការដឹកនាំខាងវិញ្ញាណ និង អំណាចដើម្បីយកឈ្នះលើការសាកល្បងទាំងឡាយនៃជីវិតរមែងស្លាប់ និង ដើម្បីទទួលបានភាពតម្កើងឡើង ដែលជាពរជ័យដ៏មហិមាដែលព្រះប្រទានដល់កូនចៅទ្រង់ ( សូមមើល គ. និង ស. ១៤:៧ ) ។ ភាពតម្កើងឡើង ឬ ជីវិតដ៏នៅអស់កល្បជានិច្ច មានន័យថា អរសប្បាយជាក្រុមគ្រួសារដែលជាកម្រិតរស់នៅដែលមានសភាពដូចជាព្រះវរបិតាសួគ៌ដែរ ។
ពិធីសាក្រាម៉ង់
សម្រាប់សមាជិកសាសនាចក្រ ការទទួលទានសាក្រាម៉ង់ដោយមានភាពសក្ដិសមជារៀងរាល់ថ្ងៃអាទិត្យគឺជាការចាំបាច់ ។ តាមរយៈពិធីបរិសុទ្ធនេះ យើងបញ្ជាក់ពីការបន្តឆន្ទៈដើម្បីលើកដាក់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយបន្តការតាំងចិត្តរបស់យើង ដើម្បីរក្សាសេចក្ដីសញ្ញាទាំងអស់ដែលយើងបានធ្វើ ។ យើងប្រើប្រាស់ព្រះចេស្ដានៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយយើងកាន់ខ្ជាប់ដរាបដល់ចុងបំផុតក្នុងសេចក្ដីសុចរិត ។ នៅពេលយើងធ្វើដូច្នេះ យើងមានគុណសម្បត្តិសម្រាប់ពរជ័យទាំងអស់នៃសេចក្ដីសញ្ញានានាដែលយើងបានធ្វើ ។
បំណងប្រាថ្នាដ៏សុចរិត
ការល្មើសសេចក្ដីសញ្ញាធ្វើឲ្យព្រះអន់ព្រះទ័យ ហើយពរជ័យដែលបានសន្យាពុំកើតមានឡើងឡើយ ( សូមមើល គ. និង ស. ៨២:១០ ) ។
នៅក្នុង សាំយូអែលទី ១ ២:១២–១៧, ២២–៣៤ យើងរៀនពីសេចក្ដីអាក្រក់ដែលបានប្រព្រឹត្តដោយពួកកូនប្រុសរបស់អេលី ដែលជាសង្ឃ ។ ដោយសំអាងទៅលើតំណែងរបស់ឪពុកខ្លួន ពួកគេបានរំលងនឹងសេចក្ដីសញ្ញានៃបព្វជិតភាព ។ ពួកគេព្យាយាមបំពេញតាមចំណង់តណ្ហាខ្លួន កាលគេប្រព្រឹត្តទទឹងច្បាប់ក្រមសីលធម៌ជាមួយស្រីៗអ្នកមកថ្វាយបង្គំ ហើយកាលគេយកសាច់ដង្វាយរបស់រាស្ត្រអ៊ីស្រាអែល ទុកសម្រាប់ខ្លួនគេផ្ទាល់យ៉ាងថោកទាបបំផុត ។ ព្រះអម្ចាស់បានចេញដីការកាត់ទោសកូនប្រុសទាំងឡាយរបស់អេលី និង អេលីខ្លួនគាត់ផ្ទាល់សម្រាប់ការដែលលោកពុំបានហាមឃាត់ពួកគេ ។
ចំណង់ខាងកាមគុណដូចនោះ អាចយកឈ្នះបានតាមរយៈការតាំងចិត្តរក្សាសេចក្ដីសញ្ញាជាមួយព្រះ ដូចបានបង្ហាញដោយយ៉ូសែបនៅអេស៊ីព្ទ កាលលោកត្រូវប្រឈមមុខនឹងអ្នកមិនមានជំនឿ អសីលធម៌ម្នាក់ ( សូមមើល លោកុប្បត្តិ ៣៩:៩, ១២ ) ។ ព្រះបានតម្កើងដល់យ៉ូសែប ហើយបានជួយលោកយកឈ្នះលើគ្រប់ទម្រង់នៃសេចក្ដីអាក្រក់ទាស់នឹងលោក ។ លោកបានធំឡើងក្លាយទៅជាបុរសដែលមានអំណាចធំជាងគេទីពីរនៅប្រទេសអេស៊ីព្ទ ហើយជាឧបករណ៍មួយក្នុងព្រះហស្តព្រះ ដើម្បីការពារវង្សអ៊ីស្រាអែល ( សូមមើល លោកុប្បត្តិ ៤៥:៧–៨ ) ។
ប្រសិនបើការល្បួងបានឈ្នះលើយើងហើយ នោះបំណងប្រាថ្នាដើម្បីស្តារទំនាក់ទំនងយើងជាមួយព្រះវរបិតាសួគ៌នឹងនាំយើងទៅរកការប្រែចិត្តដ៏ស្មោះ ។ បន្ទាប់មក ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ជួយយើងឲ្យប្រែក្លាយជាមានភាពសក្ដិសមសារជាថ្មី ។
ការធ្វើតាមពួកព្យាការី
នៅពេលព្រះគ្រីស្ទបានស្ថាបនាសាសនាចក្រទ្រង់ ទ្រង់បានរើសពួកសាវក ព្យាការី អ្នកផ្សាយដំណឹងល្អ គ្រូគង្វាល និង គ្រូបង្រៀន « សម្រាប់ការស្អាងរូបកាយព្រះគ្រីស្ទឡើង ៖
« ទាល់តែយើងរាល់គ្នាបានរួបរួមខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះដូចគ្នាទាំងអស់ គឺបានដល់ពេញជាមនុស្ស ហើយដល់ខ្នាតកម្ពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ » ( អេភេសូរ ៤:១២–១៣ ) ។
ព្យាការី និង សាវកដែលកំពុងរស់នៅរបស់យើងបង្រៀនថា « សុភមង្គលនៅក្នុងជីវិតគ្រួសារអាចកើតមានឡើងបាននៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ អាពាហ៍ពិពាហ៍ និង គ្រួសារ ដែលមានជោគជ័យ គឺស្ថាបនា និង រក្សាលើគោលការណ៍នៃសេចក្តីជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរពគ្នា សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា ការងារ និង កម្មវិធីកម្សាន្តល្អៗទាំងឡាយ » ( « ក្រុមគ្រួសារ ៖ សេចក្តីប្រកាសដល់ពិភពលោក » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។
គេហដ្ឋាន និង ក្រុមគ្រួសារយើង ផ្ដល់នូវគ្រឹះសម្រាប់បង្កើតទំនាក់ទំនងរឹងមាំជាមួយព្រះដោយផ្អែកទៅលើសេចក្ដីសញ្ញាទាំងឡាយ ។ ការធ្វើតាមការបង្រៀនដ៏បំផុសគំនិតនៃពួកព្យាការីដែលកំពុងរស់នៅ នឹងជួយយើងឲ្យមានក្រុមគ្រួសារដ៏រឹងមាំ ផ្ដល់ឲ្យយើងនូវអំណាចដើម្បីរក្សាសេចក្ដីសញ្ញានានារបស់យើង ព្រមទាំងធានានូវពរជ័យដ៏អស្ចារ្យបំផុតនៃសេចក្ដីជំនឿរបស់យើង ។