ឆ្នាំ​២០១៦
សម្ពាធ​ពី​មិត្តភក្តិ និង ពី​ភីស្តូ
July 2016


សម្ពាធ​ពី​មិត្តភក្តិ & ពី​ភីស្តូ

អ្នកនិពន្ធ​រស់នៅ​ទីក្រុង សាលទីឡូ ប្រទេស​ម៉ិកស៊ិក ។

ទីបំផុត​ខ្ញុំ​បាន​ទៅ​ពិធី​ជប់លៀង​មួយ​ជាមួយ​មិត្តភក្តិ​ទាំងអស់​របស់​ខ្ញុំ ប៉ុន្តែ​ពួកគេ​ទាំងអស់​គ្នា​ផឹក​គ្រឿង​ស្រវឹង ។

girl at party

កាល​ខ្ញុំ​អាយុ ១២ ឆ្នាំ មាន​ស្រីៗ​នៅ​ក្នុង​សាលា​ថ្មី​របស់​ខ្ញុំ​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ពិធី​ជប់លៀង​ខួប​កំណើត ។ វា​គឺ​ជា​ពិធី​ជប់លៀង​ដំបូង​ជាមួយ​មិត្តភក្តិ​នៅ​សាលា​ដែល​ពួកគេ​បាន​អញ្ជើញ​ខ្ញុំ ។ ពេល​ខ្ញុំ​បាន​សុំ​ឪពុកម្តាយ​ខ្ញុំ ប្រសិនបើ​ខ្ញុំ​អាច​ទៅ​ពិធី​ជប់លៀង​នោះ ពួកលោក​បាន​ឆ្លើយ​ថា មិន​ឲ្យ​ខ្ញុំ​ទៅ​ឡើយ ដោយសារ​ពិធីជប់លៀង​នោះ​ចាប់ផ្តើម​យប់​ពេក ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការអញ្ជើញ​មួយ​ផ្សេង​ទៀត ។ ខ្ញុំ​បាន​សុំ​ឪពុក​ម្តាយ​ខ្ញុំ​ម្តង​ទៀត ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​ម្តង​ទៀត ហើយ​ខ្ញុំ​ខឹង​នឹង​ពួកគាត់ ។ តើ​ខ្ញុំ​ពុំ​អាច​មាន​ភាពសប្បាយ​ខ្លះ​ទេ​ឬ ?

បន្ទាប់មក​មាន​មិត្តភក្តិ​ស្និទ្ធស្នាល​ខ្ញុំ​ម្នាក់​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ ។ ខ្ញុំ​គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​នាង​បាន​អញ្ជើញ ។ ពិធី​ជប់លៀង​នោះ​ចាប់ផ្តើម​មុន​ម៉ោង​ជាង​ពិធីជប់លៀង​ផ្សេង​ទៀត ។ វា​ជា​ពិធី​ជប់លៀង​ឯកជន​មួយ ហើយ​ធ្វើ​ឡើង​នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​សុំ​ការអនុញ្ញាត​ពី​ឪពុក​ម្តាយ​ខ្ញុំ​ទៅ​ចូលរួម ហើយ​ពួកលោក​បាន​យល់​ព្រម ។ ខ្ញុំ​រំភើប​ខ្លាំង​ណាស់ !

ថ្ងៃ​នោះ​បាន​មក​ដល់ ។ នៅពេល​ឪពុកម្តាយ​របស់​ខ្ញុំ​បាន​ដឹក​ខ្ញុំ​ទៅ​ទីនោះ ពួកគាត់​បាន​និយាយ​ថា ពួកគាត់​នឹង​មក​ទទួល​ខ្ញុំ​នៅ​ម៉ោង ១០ យប់ នៅពេល​ខ្ញុំ​ទៅ​ពិធី​ជប់លៀង​នោះ ខ្ញុំ​បាន​ឃើញ​មិត្ត​ស្រីៗ​របស់​ខ្ញុំ ។ ម្ភៃ​នាទី​ក្រោយ​មក ខ្ញុំ​នៅតែ​មិន​ទាន់​ឃើញ​យុវនារី​ដែលជា​ម្ចាស់​ខួប​កំណើត​នោះ​សោះ ។

មួយ​សន្ទះ​ក្រោយ​មក យុវជន​ម្នាក់​បាន​ដើរ​មក​រក​ពួកយើង ហើយ​សួរ​ថា « តើ​អ្នក​នាង​បាន​យក​ប្រាក់​មក​ទិញ ភីស្តូទេ ? » គាត់​ធ្វើ​សញ្ញា​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា « ភីស្តូ » នោះ​គឺ​ជា​ស្រាបៀរ ។ មិត្តស្រីៗ​របស់​ខ្ញុំ​នោះ​បាន​បង់ប្រាក់​ឲ្យ​គាត់ ។ ខ្ញុំ​គ្មាន​ប្រាក់​ឡើយ ដូច្នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើរ​ទៅ​ជាមួយ​យុវនារី​ផ្សេង​ទៀត ខណៈ​ដែល​ពួកគេ​ទាំង​នេះ​កំពុង​ទិញ​ស្រាបៀរ​ផឹក ។

ទីបំផុត យុវនារី​ដែល​ជា​ម្ចាស់​ខួបកំណើត​នោះ​បាន​មក​ដល់—គឺ​មួយ​ម៉ោង​ក្រោយ​មក ។ ខ្ញុំ​បាន​ជូនពរ​ដល់​នាង ហើយ​ខណៈ​ដែល​យើង​កំពុង​ជជែក​គ្នា​នោះ មាន​ឡាន​ធំ​មួយ​បាន​បើក​មក​ដល់ ។ បុរស​ប្រាំ​នាក់​បាន​ចុះ​ពី​ឡាន ហើយ​ដាក់​ស្រាបៀរ​ពីរ​ធុង​ចុះ​ពី​ឡាន ។ មនុស្ស​គ្រប់​គ្នា​បាន​ទៅ​រោម​ជុំ​ទីនោះ ហើយ​ចាប់ផ្តើម​ចែក​ស្រាបៀរ​គ្នា​ផឹក ។ មិត្ត​ស្រីៗ​របស់​ខ្ញុំ​បាន​ចេញ​ទៅ​យក​ស្រាបៀរ​នោះ ហើយ​ខ្ញុំ​នៅតែ​ឯង មើល​ពួក​យុវវ័យ​ទាំង​នោះ​ប្រជ្រៀត​គ្នា​ទៅ​យក​ស្រាបៀរ​ផឹក ។

មិត្ត​ស្រីៗ​របស់​ខ្ញុំ​បាន​ដើរ​មក​រក​ខ្ញុំ ហើយ​ឲ្យ​ស្រាបៀរ​ខ្ញុំ​ផឹក ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា « អត់​ទេ អរគុណ​ហើយ » ។ ពួកគេ​បាន​ទទូច​ឲ្យ​ខ្ញុំ​ផឹក​ម្តង​ទៀត ។ ខ្ញុំ​និយាយ​ថា អត់​ទេ ជា​ថ្មី​ម្តង​ទៀត ។ បេះដូង​ខ្ញុំ​បាន​ចាប់ផ្តើម​លោត​ខុស​ចង្វាក់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ចម្លែក គឺ​ដូច​ជា​នៅក្នុង​ខ្សែ​ភាពយន្ត​ដ៏​ថប់​បារម្ភ​មួយ ដែល​មាន​ខ្ញុំ​គឺ​ជា​តួ​ឯក ហើយ​ខ្ញុំ​ត្រូវបាន​ជាប់​អន្ទាក់​នៅ​កន្លែង​ដ៏​ចម្លែក ។ បន្ទាប់​មក​ខ្ញុំ​បាន​ស្ដាប់​ឮ​សម្លេង​ឡាន​ស៊ីផ្លេរ—គឺ​ជា​ឪពុក​ម្តាយ​របស់​ខ្ញុំ ! ខ្ញុំ​បាន​ចេញ​ទៅ​ដោយ​លើក​ដៃ​លា​ពួកគេ ហើយ​បាន​រត់​ទៅកាន់​ឡាន ។

ខ្ញុំ​បាន​ចូល​ក្នុង​ឡាន ហើយ​ដក​ដង្ហើម​ទាំង​ថប់​បារម្ភ ។ ខ្ញុំ​បាន​ចាប់ផ្តើម​គិត​ពី​បរិយាកាស​ដ៏​តឹងតែង​មួយ​ដែល​ខ្ញុំ​បាន​មាន​នៅ​ទីនោះ ។ ម្តាយ​ខ្ញុំ​បាន​សួរ ថា​តើ​ខ្ញុំ​មាន​កើត​អ្វី​ទេ ។ ខ្ញុំ​បាន​តប​ថា « ចាស៎ ម៉ាក់ ប៉ុន្តែ​មាន​អ្វី​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល » ។

ឪពុក​ខ្ញុំ​បាន​សួរ​ថា « តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​ភ្ញាក់​ផ្អើល​នោះ ? » ។

មិត្តភក្ដិ​របស់​ខ្ញុំ​ទាំងអស់​កំពុង​ផឹក​គ្រឿង​ស្រវឹង ហើយ​ខ្ញុំ​នៅទី​នោះ​ដោយ​ក្តី​បារម្ភ ដោយ​រង់ចាំ​ថា​មាន​អ្វី​មួយ​ដែល​ល្អ​នឹង​កើត​ឡើង ។ ខ្ញុំ​បាន​បួងសួង​យ៉ាង​ខ្លាំង​ឲ្យ​ម៉ាក់ និង ប៉ា​មក​ទីនេះ​ឲ្យ​បាន​លឿន ហើយ​ឥឡូវ​នេះ​ខ្ញុំ​នៅ​ទីនេះ » ។ ខ្ញុំ​បាន​មើល​នាឡិកា​ឡាន​វា​មិនទាន់​ម៉ោង ១០ យប់​នៅ​ឡើយ​ទេ ។

ម្តាយ​ខ្ញុំ​មាន​ប្រសាសន៍​ថា « នោះ​ហើយ​ជា​របៀប​ជប់លៀង​នៅក្នុង​លោកិយ​នេះ ។ នោះ​ជា​មូលហេតុ​ដែល​ប៉ា និង ម៉ាក់​មិន​អនុញ្ញាត​ឲ្យ​កូន​ទៅ​ពិធី​ជប់លៀង​មុនៗ » ។

នា​យប់​នោះ​ពេល​ខ្ញុំ​បាន​អធិស្ឋាន ខ្ញុំ​បាន​ទូល​ថ្លែងអំណរ​គុណ​ដល់​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ដែល​បាន​ឲ្យ​ឪពុក​ម្តាយ​ខ្ញុំ​ទៅ​ដល់​ទីនោះ​មុន​ម៉ោង ។

យើង​ជា​សមាជិក​សាសនាចក្រ​យើង​រស់នៅ​ក្នុង​លោកិយ ប៉ុន្តែ​មិនមែន​ដូច​ជា​លោកិយ​ឡើយ ។ ខ្ញុំ​បាន​រៀន​ថា ប្រសិនបើ​ខ្ញុំ​បន្ត​ចូលរួម​ពិធី​ជប់លៀង​បែប​នោះ​ទៀត ខ្ញុំ​អាច​ធ្លាក់​ទៅក្នុង​ការរំលោភ​លើ​ច្បាប់​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ និង ច្បាប់ព្រហ្មចារីភាព​ផងដែរ ។ មនុស្ស​ដែល​ខ្ញុំ​ស្គាល់​ជា​ច្រើន​នាក់​បាន​ធ្លាក់​ចូល​ក្នុង​អន្លង់​នេះ ភាគច្រើន​ពួកគេ​មិនមែន​ជា​សមាជិក​សាសនាចក្រ​ទេ ប៉ុន្តែ​សមាជិក​សាសនាចក្រ​ក៏​អាច​ឈាន​ដល់​ចំណុច​នៃ​ការធ្លាក់​នេះ ប្រសិនបើ​ពួកគេ​មិន​បន្ត​រឹងមាំ​នោះ ។

ខ្ញុំ​មាន​ភាពរីករាយ​ចំពោះ​ការសម្រេច​ចិត្ត​ដែល​ខ្ញុំ​មិន​បាន​ផឹក​គ្រឿង​ស្រវឹង ។ ខ្ញុំ​គិត​ថា គេ​នឹង​សើច​ចំអក​ដាក់​ខ្ញុំ​បន្ទាប់​ពី​នោះ ប៉ុន្តែ​មិត្តភក្តិ​របស់​ខ្ញុំ​បាន​មាន​ការគោរព​កាន់តែ​ច្រើន​ឡើង​ចំពោះ​ខ្ញុំ ដោយសារ​ពួកគេ​ដឹង​ពី​បទដ្ឋាន​របស់​ខ្ញុំ ។ បន្ទាប់​ពី​នោះ​មក​ខ្ញុំ​គ្មាន​ក្តី​បារម្ភ ដើម្បី​និយាយ​ថា​ទេ​ចំពោះ​អ្វី​ដែល​ខ្ញុំ​ដឹង​ថា នឹង​មាន​បញ្ហា​ដល់​ខ្ញុំ​ឡើយ ។