ក្លារែនប្រកួតនឹងកីឡាករជើងឯក
ក្លារែនបានក្រឡេកមើលទៅក្រៅកញ្ចក់ឡាន នៅពេលមើលឃើញកំពង់ផែ ។ ទូកអណ្តែតលើទឹកនៅពីមុខផ្ទះ និង ហាងជាច្រើនដែលមានពណ៌ចម្រុះគ្នា ។ ខូភិនហាហ្គិន ដាណាម៉ាក ជាទីក្រុងមួយដ៏ស្រស់ស្អាតដែលមាន វាំង អគារស្កឹមស្កៃ និង សួនឧស្យានស្អាតៗ ។ វាមិនដូចជាទីក្រុងរបស់ក្លារែននៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា.ឡើយ ។ ក្លារែនអាចស្រមៃគិតពីផ្លូវដីហុយ ដែលជាផ្លូវគាត់រត់ប្រណាំងគ្នាកាលពីក្មេង ។ ឥឡូវនេះគាត់គឺជាសមាជិកម្នាក់នៅក្នុងក្រុមកីឡាកររត់ប្រណាំងសហរដ្ឋ ហើយថ្ងៃស្អែកគាត់នឹងជួបប្រកួតជាមួយនឹងអ្នករត់ប្រណាំងជនជាតិដាណឺម៉ាកដ៏ល្បីមួយរូបនៅក្នុងការប្រកួតដ៏សំខាន់មួយ ។
ឡានបានឈប់នៅសាលប្រជុំតូចមួយ ជាទីដែលការប្រជុំសាសនាចក្របានចាប់ផ្តើម ។
កាលក្លារែនបានចូលទៅសរសៀៗពីខាងក្រោយការប្រជុំ អ្នកផ្សព្វផ្សាយសាសនាម្នាក់អង្គុយនៅលើវេទិកាបានស្គាល់គាត់ ពីការអានអត្ថបទសារព័ត៌មានអំពីការប្រកួតពីម្សិលមិញ ។ ប្រធានសាខាបានស្នើសុំឲ្យក្លារែនឡើងទៅលើវេទិកា ហើយនិយាយ ។
បន្ទាប់មកក្លារែនប្រាប់អំពីមូលហេតុដែលគាត់មកព្រះវិហារ នោះមានក្មេងប្រុសម្នាក់បានក្រោកឡើង ហើយលើកដៃគាត់ ។ គាត់បានសួរ « តើអ្នកគិតថាអ្នកអាចយកឈ្នះលើជើងឯកដាណឺម៉ាកម្នាក់នោះដែរឬទេ ? »
ក្លារែនទំនងដូចជាមិនដឹងថាត្រូវនិយាយអ្វីនោះទេ ។ កីឡាកររត់ប្រណាំង ដាណឺម៉ាក បាន រត់ក្នុងរយៈពេលតិច ក្នុងចម្ងាយជាច្រើនគីឡូម៉ែត្រនៅរដូវកាលប្រកួតនោះ ។
អ្នកផ្សព្វផ្សាយសាសនាម្នាក់នោះបានឆ្លើយពីមុនក្លារែនបានឆ្លើយ « ពិតមែនហើយគាត់អាចធ្វើបាន ។ ដោយសារគាត់រស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ » ។ គាត់បានបើកគម្ពីររបស់គាត់ទៅ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩ ។ គាត់បានអានការសន្យាថា អស់អ្នកដែលគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ « នឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ » (ខទី ២០) ។
តើក្លារែនអាចនិយាយថាដូចម្ដេច ? គាត់ បានដឹងថាពាក្យសម្តីនៃប្រាជ្ញាវាងវៃគឺជាការពិត ។ ហើយកាលគាត់នៅពីក្មេងគាត់បានសន្យាថាគាត់នឹងគោរពតាមច្បាប់នេះជានិច្ច ។ ប៉ុន្តែការគោរពច្បាប់នេះតែមួយមុខគត់នោះ ពុំមែនមានន័យថាគាត់អាចឈ្នះលើការប្រកួតនេះឡើយ ។ ភាពជោគជ័យក៏តម្រូវឲ្យមានការអនុវត្ត និង មានជំនាញ ។ នៅពេលក្លារែនបានចាកចេញពីការប្រជុំ គាត់បានគិតថា « មែនហើយគ្មាននរណាម្នាក់មកពីសាសនាចក្រ នឹងទៅមើលការប្រកួតនៅថ្ងៃស្អែកឡើយ » ។
នៅល្ងាចបន្ទាប់មក ពេលក្លារែនកំពុងហាត់សមការប្រកួតរបស់ខ្លួន នោះគាត់បានមើល ហើយបានឃើញអ្នកផ្សព្វផ្សាយសាសនាពីរនាក់នៅក្នុងក្រុមយុវជនមួយដែលមានគ្នាប្រមាណ ១៧ នាក់ ។ ពួកគេ បាន មក !
នៅពេលពួកគេមកកាន់តែជិត មានអ្នកផ្សព្វផ្សាយបានខ្សឹបក្លារែនថា « ប្រសិនបើអ្នកធ្លាប់រត់នៅក្នុងជីវិតរបស់អ្នក នោះអ្នកនឹងរត់បានកាន់តែល្អនាយប់នេះ » ។ ក្មេងប្រុសជាច្រើនពុំមែនជាសមាជិកសាសនាចក្រទេ ប៉ុន្តែបានមកជាមួយមិត្តភក្តិរបស់ខ្លួន ដើម្បីមើលឃើញថា តើច្បាប់ពាក្យសម្តីនៃប្រាជ្ញាវាងវៃនោះពិតឬទេ ។
ក្លារែនព្រួយបារម្ភណាស់ ។ នៅក្នុងការប្រកួតនេះ សមត្ថភាពរបស់គាត់ប្រហែលជាមិនល្អគ្រប់គ្រាន់ឡើយ ។ ប៉ុន្តែគាត់កំពុងធ្វើតាមគោលការណ៍មួយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ គាត់ ត្រូវតែ ឈ្នះ ។ គាត់ពុំធ្លាប់អធិស្ឋានសុំឲ្យឈ្នះពីមុនឡើយ ប៉ុន្តែគាត់បានរកបន្ទប់ទំនេរមួយដើម្បីអធិស្ឋាន ។
គាត់បានអធិស្ឋានថា « ឱព្រះវរបិតា ដែលគង់នៅឋានសួគ៌ ខ្ញុំដឹងថាពាក្យសម្ដីនៃប្រាជ្ញាវាងវៃគឺពិត ហើយខ្ញុំមិនដែលរំលោភបំពានលើវាឡើយ ។ សូមប្រទានពរដល់ខ្ញុំនូវជោគជ័យនៅក្នុងការប្រកួតនេះ » ។ នៅពេលគាត់ដើរចេញទៅទីចាប់ផ្តើម គាត់បានដឹងថាព្រះវរបិតាសួគ៌បានស្តាប់ឮការអធិស្ឋានរបស់គាត់ ។ គាត់បានទុកចិត្តលើព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ។
នាល្ងាចនោះមានភ្លៀងធ្លាក់ ហើយមានភក់ ។ នៅពេលក្លារែនចាប់ផ្តើមការប្រកួត វាហាក់បីដូចជាគាត់បានរត់អស់ជាច្រើនគីឡូម៉ែត្រមកហើយ ។ ល្បឿនរត់នោះលឿនណាស់ ហើយជើងឯង ដាណឺម៉ាកនោះបានរត់ទៅមុនគាត់ ។ ប៉ុន្តែ នៅពេលក្លារែនបានរត់បញ្ចប់ជុំទីបី ភ្លាមនោះគាត់មិននឿយហត់ទៀតឡើយ ។ គាត់បានចាប់ផ្តើមរត់លឿនជាងមុន ហើយវាអត់ឈឺអ្វីឡើយ ។ រត់ទៅកាន់តែលឿនជាងមុន ហើយវាអត់ឈឺអ្វីឡើយ ។ គាត់បានរត់ហួសជើងឯក ដាណឺម៉ាក ហើយ នៅតែ រត់ទៅមុនយ៉ាងលឿន ។
នៅពេលក្លារែនបានរត់មកដល់ជុំត្រឡប់វិញ គ្រូបង្វឹករបស់គាត់បានស្រែកថា « បន្ថយល្បឿន ! ប្អូននឹងមិនអាចរត់ដល់ទីផ្តាច់ព្រ័តឡើយ ! » ។ ប៉ុន្តែក្លារែនបានដឹងថា គាត់អាចបន្តរត់ទៀតបាន ។ ហើយនៅពេលគាត់បញ្ចប់ការប្រកួតរបស់ខ្លួន គាត់បានរត់លឿនជាងកីឡាករ ដាណឺម៉ាកនោះច្រើនជាង ៤៦ ម៉ែត្រ ! គាត់បានដឹងថាគាត់ឈ្នះ ដោយសារព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់គាត់ ហើយដោយសារពាក្យសម្តីនៃប្រាជ្ញាវាងវៃគឺជាការពិត ។