ដូចជាស្ត្រីមេម៉ាយនៅសារិបតា ៖ អព្ភូតហេតុនៃដង្វាយតមអាហារ
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
នៅពេលយើងគិតពីការថ្វាយដង្វាយតមអាហារឲ្យកាន់តែមានចិត្តទូលាយជាងមុន នោះយើងបានចាំថា មនុស្សម្នាក់ថ្វាយរបស់តូចមួយដល់ព្រះអម្ចាស់ នោះទ្រង់នឹងប្រទានពរជ័យដ៏ធំដល់អ្នកនោះវិញ ។
រូបគំនូរដោយ រ៉ូស ដាតុច ដាល
គ្រួសារជាច្រើននៅទូទាំងពិភពលោកនេះជួបនូវការលំបាកផ្នែកហិរញ្ញវត្ថុ ជាពិសេសអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ។១ ឥទ្ធិពលនៃវិបត្តិបែបនេះធ្លាប់កើតមានឡើងនៅក្នុងវួដក្នុងតំបន់របស់យើងកាលពីច្រើនឆ្នាំកន្លងទៅ នៅពេលយើងបានឃើញគ្រួសារជាច្រើនត្រូវការជំនួយ ។ នៅដើមឆ្នាំនោះ ប៊ីស្សពរបស់យើងបានចែកចាយដល់យើងអំពីការអញ្ជើញរបស់ប្រធានស្តេករបស់យើងឲ្យថ្វាយដង្វាយតមអាហារដោយចិត្តទូលាយ ដើម្បីជួយដល់អស់អ្នកដែលខ្វះខាត ។
ទោះបីជាថ្នាក់ដឹកនាំរបស់ពួកយើងបានសុំឲ្យយើងក្រឡេកមើលពីស្ថានភាពរៀងខ្លួនយើង ហើយពិចារណាប្រសិនបើយើងអាចមានចិត្តកាន់តែទូលាយជាងមុនជាមួយនឹងដង្វាយតមអាហាររបស់យើង ក៏ពួកលោកពុំបានបញ្ជាក់ជាក់លាក់ថាតើយើងគួរបង់ប៉ុន្មាននោះឡើយ ។ ប៉ុន្តែ ព្រះវិញ្ញាណបានរំឭកពួកយើងពីដំបូន្មានរបស់ប្រធាន ម៉ារ៉ុន ជី រ៉មនី ( ឆ្នាំ ១៨៩៧–១៩៨៨ ) ជាទីប្រឹក្សាទីមួយនៃគណៈប្រធានទីមួយ ដែលបានប្រាប់កាលពីច្រើនឆ្នាំមកហើយ ។ លោកបានមានប្រសាសន៍ ៖ « ខ្ញុំជឿជាក់យ៉ាងមុតមាំថា អ្នកពុំអាចផ្តល់ដល់សាសនាចក្រ និង ស្ថាបនានគរព្រះ ហើយប្រែជាកាន់តែខ្វះខាតខាងហិរញ្ញវត្ថុនោះទេ ។ … មនុស្សម្នាក់ថ្វាយរបស់តូចមួយដល់ព្រះអម្ចាស់ នោះទ្រង់នឹងប្រទានពរជ័យដ៏ធំដល់អ្នកនោះវិញ ។ នោះគឺជាបទពិសោធន៍របស់ខ្ញុំ ។ ប្រសិនបើសមាជិកសាសនាចក្រនឹងបរិច្ចាគដង្វាយតមអាហារគុណនឹងពីរ នោះជីវភាពខាងវិញ្ញាណនៅក្នុងសាសនាចក្រនឹងកើនឡើងគុណនឹងពីរដែរ ។ យើងត្រូវតែចាំរឿងនេះនៅក្នុងចិត្ត ហើយមានចិត្តទូលាយនៅក្នុងការបរិច្ចាគរបស់យើង » ។២
យើងដឹងថាវាគឺជាការលះបង់មួយចំពោះគ្រួសាររបស់យើង ដើម្បីបង្កើនថវិកាទៅក្នុងដង្វាយតមអាហាររបស់យើង ប៉ុន្តែយើងបានពិចារណាពីការបង្រៀន និង ការសន្យារបស់ប្រធាន រ៉មនី យ៉ាងយកចិត្តទុកដាក់ ។ យើងបានទទួលពរជ័យយ៉ាងក្រាស់ក្រៃ ហើយយើងទទួលអារម្មណ៍ដ៏ខ្លាំងក្លាដើម្បីបង្កើនថវិកាសម្រាប់ថ្វាយដង្វាយតមអាហាររបស់យើងជាមួយគ្រួសារ ។
ជាងនេះទៅទៀត យើងចង់ឲ្យគ្រួសាររបស់យើងយកឈ្នះលើទំនោរចិត្តនៃភាពអាត្មានិយម ។ ដោយសារយើងរស់នៅក្នុងសង្គមដែលផ្តោតចិត្តលើអ្វីៗដែលយើងទទួលបាន និង ការបំពេញតែចំណង់ចង់បានរបស់ខ្លួនយើងផ្ទាល់ នោះយើងបានបារម្ភថាកូនៗរបស់យើងនឹងមានភាពអាត្មានិយមច្រើនឡើង ។ ប៉ុន្តែយើងមានសង្ឃឹមលើប្រសាសន៍របស់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ៖ « តាមរយៈការអនុវត្តតាមក្រឹត្យវិន័យនៃការតមអាហារ នោះមនុស្សម្នាក់នឹងឃើញប្រភពនៃអំណាចផ្ទាល់ខ្លួនមួយដើម្បីយកឈ្នះលើការធ្វើតាមចិត្តខ្លួនឯង និង ភាពអាត្មានិយម » ។៣
នៅអំឡុងពេលបីខែដំបូងនៃការថ្វាយដង្វាយតមអាហារដោយចិត្តទូលាយ យើងចាប់ផ្តើមឃើញមានពរជ័យជាច្រើន ។ យើងអាចចំណាយតិចលើគ្រឿងទេស ហើយសាំងឡានរបស់យើងហាក់បីដូចជានៅពេញជិះបានយូរជាងមុន ។ កូនៗរបស់យើងបានសុំរបស់របរផ្សេងៗតិចជាងមុន ហើយភាពអាត្មានិយមនៅក្នុងគេហដ្ឋានរបស់យើងស្ទើរតែរលត់បាត់អស់ ។
ឧទាហរណ៍ នៅពេលយើងបានបរិច្ចាគឲ្យទៅក្រុមបរិច្ចាគអាហារនៅក្នុងមូលដ្ឋាន នោះកូនៗរបស់យើងបានចាប់ផ្តើមលើកទឹកចិត្តយើងឲ្យបរិច្ចាគកាន់តែច្រើនទៀត ។ នៅពេលយើងធ្វើការរាប់សន្និធិនៃការផ្គត់ផ្គង់អាហារប្រចាំឆ្នាំរបស់យើង នោះយើងបានឃើញថាយើងពិតជាមានអាហារស្មើនឹងតម្លៃអាហារសម្រាប់រយៈពេលពីរឆ្នាំ ។ លើសពីនោះទៀត កាលពីមុនយើងចំណាយអង្ករ ២២.៧ គីឡូក្រាមក្នុងមួយខែ ។ ឥឡូវនេះអង្ករទម្ងន់ដដែលនោះយើងអាចប្រើបានដល់ទៅពីរខែ ។ វាហាក់ដូចជាឃ្លាំងស្តុកទុកអាហាររបស់យើងកំពុងតែកើនឡើង ។
យើងនឹកចាំពីរឿងនៃស្ត្រីមេម៉ាយនៅសារិបតា ។ អំឡុងគ្រាមានភាពទុរភិក្ស ព្យាការី អេលីយ៉ា បានអំពាវនាវដល់ស្ត្រីមេម៉ាយម្នាក់ ដែលគ្មានអ្វីនឹងផ្តល់ជាអាហារដល់លោក បានសុំឲ្យស្ត្រីនោះផ្តល់ទឹក និង នំបុ័ងដល់លោក ។ នាងឆ្លើយថា « ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មានមួយដុំឡើយ មានតែម្សៅមួយក្តាប់នៅក្នុងខាប់ និងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ ខ្ញុំកំពុងតែរើសរំកាច់ឈើពីរនេះ ដើម្បីចូលទៅចម្អិនសម្រាប់ខ្ញុំ និងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ » ( ពង្សាវតារក្សត្រទី ១ ១៧:១២ ) ។
ព្យាការីបានសន្យានឹងនាងថា « ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែលរលោះឡើយ ។ …
ដូច្នេះ នាងក៏ទៅធ្វើតាមបង្គាប់របស់អេលីយ៉ា រួចទាំងនាង និងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគតមកជាយូរថ្ងៃ » ( ពង្សាវតារក្សត្រទី ១ ១៧:១៤–១៥ ) ។ ម្សៅរបស់នាង ដែលមានគ្រប់គ្រាន់សម្រាប់តែអាហារមួយពេលសម្រាប់គ្រួសាររបស់ខ្លួននោះបានកើនឡើង ដែលធ្វើឲ្យគ្រួសាររបស់នាង និង មនុស្សដទៃទៀតបរិភោគបានតមកជាយូរថ្ងៃ ។ អព្ភូតហេតុដូចគ្នាបែបនេះ — ដោយផ្អែកលើដង្វាយផ្ទាល់ខ្លួនរបស់យើង — កំពុងតែកើតមានឡើងនៅក្នុងគ្រួសាររបស់យើង ។
អំឡុងពេលដែលមានការលំបាកនៅក្នុងផ្នែកហិរញ្ញវត្ថុ ការថ្វាយដង្វាយតមអាហារដោយចិត្តទូលាយ និង ជួយខ្វល់ខ្វាយដល់អ្នកដែលខ្វះខាតអាចជាការពិបាក ជាពិសេសនៅពេលយើងស្ថិតក្នុងស្ថានភាព — ដូចជាស្ត្រីមេម៉ាយនៅសារិបតា — ក្នុងចំណោមអ្នកខ្វះខាត ។ ការថ្វាយដង្វាយតមអាហារដោយចិត្តទូលាយ ដោយមិនគិតពីបរិមាណទឹកប្រាក់ តម្រូវឲ្យមានជំនឿលើព្រះអម្ចាស់ និង ការសន្យារបស់ទ្រង់ដើម្បីថែទាំយើង ។ ប៉ុន្តែ ព្រះអម្ចាស់បំពេញការសន្យារបស់ទ្រង់ ហើយបទពិសោធន៍របស់គ្រួសារយើងបានបង្រៀនយើងថា ដរាបណាយើងមានឆន្ទៈចែករំលែក ដរាបនោះយើងនឹងកាន់តែទទួលពរជ័យ ។
ដូចប្រធាន រ៉មនី បានមានប្រសាសន៍ ៖ « សូមកុំផ្ដល់ ដើម្បីគ្រាន់តែជាប្រយោជន៍ដល់អ្នកក្រីក្រឡើយ ប៉ុន្ដែផ្ដល់ដើម្បីសុខុមាលភាពផ្ទាល់ខ្លួនអ្នកផងដែរ ។ ចូរថ្វាយឲ្យគ្រប់គ្រាន់ ប្រយោជន៍ឲ្យអ្នកអាចឲ្យខ្លួនអ្នកចូលទៅក្នុងនគរព្រះ តាមរយៈការញែកមធ្យោបាយ និង ពេលវេលារបស់អ្នក » ។៤ ការថ្វាយដង្វាយតមអាហារដោយចិត្តកាន់តែទូលាយ ជួយគ្រួសាររបស់យើងឃើញក្តីអំណរនៅក្នុងការមើលថែដល់ជនក្រីក្រ ហើយពង្រឹងសុខុមាលភាពខាងវិញ្ញាណរបស់យើងផ្ទាល់ ។
នំបុ័ង និង ត្រី ដោយ រ៉ូស ដាតុច ដាល
ឆន្ទៈរបស់យើងដើម្បីថ្វាយរបស់តូចមួយបានប្រទានពរជ័យជាច្រើនដល់យើងវិញ ។ ឆន្ទៈរបស់យើងដើម្បីថ្វាយដង្វាយតមអាហារដោយចិត្តទូលាយ បានប្រទានអាហារនៅក្នុងឃ្លាំងរបស់យើងឡើងទ្វេដង ។ ពិតណាស់ ព្រះចេស្តានៃព្រះអម្ចាស់ដើម្បីបង្កើននំបុ័ងប្រាំដុំ និង ត្រីពីរ សម្រាប់បុរស ៥០០០ នាក់ ឥតរាប់ពួកស្រីៗ និង ក្មេងៗទេ បានបរិភោគឆ្អែតហើយប្រមូលចំណិតដែលនៅសល់ដាក់បាន ១២ កន្ត្រក ( សូមមើល ម៉ាថាយ ១៤:១៦–២១ ) គឺជាព្រះចេស្តាដូចគ្នាទៅនឹងការបំពេញម្សៅដល់ស្ត្រីមេម៉ាយនៅសារិបតា និង បានបង្កើនអាហារនៅក្នុងឃ្លាំងនៃគ្រួសារយើង ។ មិនត្រឹមតែប៉ុណ្ណោះឡើយ ពរជ័យដ៏មហិមាបំផុតរបស់យើងពុំបានកើតឡើងដូចជាការបង្កើនអាហារនោះទេ ប៉ុន្តែវាបានកាត់បន្ថយភាពអាត្មានិយម ហើយបង្កើនជីវភាពខាងវិញ្ញាណនៅក្នុងគេហដ្ឋានរបស់យើង ។
វាជាទីបន្ទាល់របស់យើងថា នៅពេលយើងបរិច្ចាគដោយចិត្តទូលាយទៅក្នុងមូលនិធិដង្វាយតមអាហាររបស់សាសនាចក្រ ទោះបីជាមធ្យោបាយរបស់យើងមានកំណត់ក្តី នោះព្រះអម្ចាស់នឹងបង្កើនការខិតខំរបស់យើង ហើយប្រទានពរដល់យើងហួសពីអ្វីដែលយើងអាចយល់បាន ។