អែលឌើរ ឌេល ជី រេនឡាន់ ៖ អ្នកបម្រើដែលគោរពប្រតិបត្តិ
ជីវិតរបស់ឌេល និង រេនឡាន់មានភាពមមាញឹកណាស់ ។ កាលអាយុ ២០ ឆ្នាំជាង ពួកគេទាំងពីនាក់បានរស់នៅ ទីក្រុង បាល់ទីម័រ រដ្ឋ ម៉ារីលែន ស. រ. អា. ។ ឌេល បានរៀនចប់ពីសាលាវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យរដ្ឋ យូថាហ៍ ។ លោក និង រ៉ូសបានប្តូរទីលំនៅទៅផ្នែកម្ខាងទៀតនៃប្រទេស ប្រយោជន៍ឲ្យលោកអាចចាប់ផ្តើមចុះកម្មសិក្សាផ្នែកវេជ្ជសាស្ត្រដ៏លំបាក និង មានកិត្យានុភាពនៅក្នុងសាលាវេជ្ជសាស្ត្រ ចន ហបឃីន ។ ពួកគេមានកូនស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ អាស្លី ។ រ៉ូស ភរិយាដ៏អស្ចារ្យរបស់លោក កំពុងទទួលការព្យាបាលជំងឺមហារីក កាលឌេល បានទទួលការហៅបម្រើជាប៊ីស្សពដោយការគោរពប្រតិបត្តិ ។
នៅពេលលោកបានទៅសួរសុខទុក្ខសមាជិកវួដ មានពេលខ្លះ ឌេល បានយក អាស្លីទៅជាមួយលោក ។ ថ្ងៃមួយពួកគេបានទៅសួរសុខទុក្ខសមាជិកមិនសូវសកម្មម្នាក់ ។ អែលឌើរ រេនឡាន់ ចាំថា « ខ្ញុំបានដឹងថា គ្មាននរណាម្នាក់អាចបដិសេធការសួរសុខទុក្ខរបស់ខ្ញុំជាមួយកូនស្រីដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំ ដែលទៅជាមួយខ្ញុំឡើយ » ។ លោកបានគោះទ្វារផ្ទះបុរសម្នាក់ដែលធ្លាប់បណ្តេញទីប្រឹក្សារបស់ប៊ីស្សព រេនឡាន់ ទាំងកំហឹងកាលពីពេលមុនៗ ។
ពេលបុរសនោះបានបើកទ្វារ គាត់ជាមនុស្សមានមាឌធំ គាត់ឈរកម្ពស់នឹងក្លោងទ្វារផ្ទះគាត់ ។ គាត់បានសម្លឹងទៅប៊ីស្សព រេនឡាន់ ។ អាស្លីអាយុបួនឆ្នាំបានថ្លែងថា « តើពួកខ្ញុំអាចចូលបានឬអត់ ? »
ដោយក្តីភ្ញាក់ផ្អើលបុរសនោះវាចាថា « មិនអីទេ ។ ចូលមក » ។
នៅពេលពួកគេអង្គុយនៅក្នុងផ្ទះ នោះបុរសនោះបានប្រាប់ប៊ីស្សព រេនឡាន់ ថា គាត់ពុំជឿថាសាសនាចក្រនេះពិតទេ ហើយគាត់ក៏មិនជឿលើព្រះយេស៊ូវគ្រីស្ទដែរ ។ គាត់បានបន្តរ៉ាយរ៉ាប់ទាំងកំហឹង ខណៈដែលអាស្លីកំពុងលេងតុក្កតា ។ ទីបំផុតនាងបានចុះចេញពីកៅអី ហើយយកដៃខ្ទប់ត្រចៀកឪពុកនាង ហើយខ្សឹបឮៗថា « ប៉ា សូមប្រាប់គាត់ការពិតទៅ » ។
គាត់បានប្រាប់ដូច្នោះមែន ។ ប៊ីស្សព រិនឡាន់បានថ្លែងទីបន្ទាល់របស់លោកប្រាប់បុរសនោះ ។ លោករំឭកថា « អត្តចរិតរបស់បុរសនោះបានបន្ទន់ ហើយព្រះវិញ្ញាណបានយាងចូលមកគង់នៅផ្ទះរបស់គាត់ » ។
ឥឡូវនេះក្នុងនាមជាសមាជិកម្នាក់ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អែលឌើរ រេនឡាន់ មានឱកាសប្រាប់ពិភពលោកទាំងមូលនូវសេចក្តីពិតនោះ ( សូមមើល គ. និង ស. ១០៧:២៣ ) ។ អែលឌើរ រេនឡាន់ មានប្រសាសន៍ថា « អំណរដ៏ធំមហិមាដែលកើតឡើងគឺការជួយនាំយកដង្វាយធួនរបស់ព្រះគ្រីស្ទទៅក្នុងជីវិតរបស់មនុស្សនៅគ្រប់ទីកន្លែង ។ ខ្ញុំគិតថាការហៅបម្រើនេះផ្តល់ឱកាសដល់ខ្ញុំធ្វើការណ៍នេះក្នុងកម្រិតមួយកាន់តែច្រើនឡើង នៅក្នុងទីកន្លែងជាច្រើនទៀត ក្នុងនាមជាសាក្សីរបស់ព្រះគ្រីស្ទទៅកាន់ពិភពលោកទាំងមូល » ។
ត្រូវបានចិញ្ចឹមឲ្យធំឡើងនៅក្នុងវប្បធម៌ពួកអឺរ៉ុបប៉ែកពាយព្យ
ឌេល ហ្គាន់នើរ រេនឡាន់ បានកើតនៅក្នុងទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ ស. រ. អា. នៅថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ១៩៥២ ។ លោក និង បងប្អូនបង្កើតរបស់លោកបានចម្រើនវ័យធំឡើងដោយនិយាយភាសាស៊ុយអែត ។ ម្តាយរបស់ពួកលោក ម៉ារៀណា អែនឌើរសុន មកពីប្រទេស ស៊ុយអែត ហើយឪពុករបស់ពួកលោក ម៉ាត់ អាគេ រិនឡាន់ មកពីទីក្រុងដែលនិយាយភាសាស៊ុយអែតនៅក្នុងប្រទេស ហ្វាំងឡង់ ភាគខាងលិច ។ ពួកគេបានធ្វើអន្តោប្រវេស្តន៍មកពីប្រទេស ស៊ុយអែត ទៅទីក្រុង យូថាហ៍ នៅក្នុងឆ្នាំ ១៩៥០ ។
ឪពុកម្តាយរបស់ ឌេលបានជួបគ្នានៅព្រះវិហារនៅក្នុងទីក្រុង ស្តុកខុម ។ បន្ទាប់ពីសម្រេចចិត្តរៀបការ ពួកគេបានប្ដេជ្ញាចិត្តរៀបការនៅព្រះវិហារបរិសុទ្ធតែប៉ុណ្ណោះ ។ ដោយសារគ្មានព្រះវិហារនៅក្នុងប្រទេសនៅអឺរុបនាគ្រានោះ ( ព្រះវិហារបរិសុទ្ធ ប៊ើន ស្វីសត្រូវបានឧទ្ទិសឆ្លងនៅក្នុងឆ្នាំ ១៩៥៥ ) សា្វមីភរិយាគូនេះបានមកទីក្រុង យូថាហ៍ ប្រយោជន៍ឲ្យពួកគេអាចត្រូវបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក ។
ប្អូនស្រីរបស់អែលឌើរ រេនឡាន់ ឈ្មោះលីដា ស៊ី ម៉ៅរើរ ដែលមានអាយុតិចជាងគាត់ប្រាំពីរឆ្នាំថ្លែងថា នៅពេលកូនទាំងបួននាក់ចម្រើនវ័យធំឡើង « ពួកគេដឹងពីភាពអស្ចារ្យ និង ភាពស្មោះត្រង់ដ៏ខ្លាំងក្លារបស់ឪពុកម្តាយខ្លួន ដែលបានប្តូរទីលំនៅទៅទីកន្លែងថ្មីដោយពុំចេះនិយាយអង់គ្លេសសោះ ហើយមានការជួយគាំទ្រតិចតួច ប្រយោជន៍ឲ្យពួកគេទទួលបានពរជ័យនៃដំណឹងល្អ និង អាពាហ៌ពិពាហ៌ក្នុងព្រះវិហារបរិសុទ្ធ » ។
កាល ឌេល អាយុ ១១ ឆ្នាំ ឪពុករបស់លោក ដែលមានជំនាញជាជាងឈើ និង អ្នកសំណង់ត្រូវបានហៅបម្រើជាអ្នកផ្សព្វផ្សាយសាសនាខាងអគារនៅក្នុងប្រទេស ស៊ុយអែតអស់រយៈពេលបីឆ្នាំ ។ គ្រួសារនេះបានចំណាយពេលរស់នៅក្នុងទីក្រុង ហេលស៊ីនគី ប្រទេស ហ្វាំងឡង់ និង ហ្គោឌិនប៊ើក ប្រទេស ស៊ុយអែត ។ ពួកលោកបានចូលរួមនៅក្នុងសាខាតូចមួយរបស់សាសនាចក្រ ហើយកូនៗបានចូលរៀននៅសាលារៀនរបស់រដ្ឋនៃប្រទេសស៊ុយអែត ។ អានីតា អិម រិនឡាន់ ប្អូនស្រីរបស់ឌេល ដែលមានអាយុតិចជាងលោកមួយឆ្នាំ បានរំឭកពីរឿងដ៏លំបាកមួយនៅក្នុងដំណើរផ្លាស់ប្ដូរទីលំនៅនេះ ៖« ពីដំបូង ការប្តូរទីលំនៅនេះជារឿងតក់ស្លុតមួយចំពោះពួកយើង ដោយសារទោះបីបើពួកខ្ញុំនិយាយភាសាស៊ុយអែតនៅផ្ទះក្តីយើងពុំចេះវេយ្យករណ៍ ឬ ការប្រកបពាក្យនៃភាសានេះឡើយ » ។
កាលនៅតូច ឌេលមានបទពិសោធន៍នូវទីបន្ទាល់រឹងមាំ បន្ទាប់ពីអានព្រះគម្ពីរមរមន ។ ប្រធានបេសកកម្មនៅក្នុងប្រទេស ស៊ុយអែត បានអញ្ជើញយុវជនបព្វជិតភាពអើរ៉ុនឲ្យអានព្រះគម្ពីរមរមន ដូច្នោះបងប្រុសរបស់ឌេល ហ្គារី ដែលកាលនោះមានអាយុ ១២ ឆ្នាំ បានទទួលយកការអញ្ជើញនោះ ។ ឌេលដែលមានអាយុ ១១ ឆ្នាំក៏ធ្វើតាមការអញ្ជើញនោះផងដែរ ។ បន្ទាប់ពីអានព្រះគម្ពីរមរមន លោកបានអធិស្ឋាន ហើយទូលសួរប្រសិនបើគម្ពីរនោះពិតឬទេ ។ អែលឌើរ រេនឡាន់ រំឭកថា « ខ្ញុំមានចំណាប់អារម្មណ៍ច្បាស់មួយថា ៖ ‹ ខ្ញុំបានប្រាប់អ្នកយូរយារមកហើយថាគម្ពីរនេះគឺជាគម្ពីរពិត › ។ ហើយនោះគឺជាបទពិសោធន៍មួយដ៏អស្ចារ្យ » ។
ឌេល និង បងប្អូនបង្កើតរបស់លោក — ហ្គារី អានីតា និង លីនដា — ចាំថានៅពេលក្រុមគ្រួសារខ្លួនបានប្តូរទីលំនៅត្រឡប់ទៅសហរដ្ឋវិញ ពួកគេបានបន្តនិយាយ និង អធិស្ឋានជាភាសាស៊ុយអែត ។ ពួកគេក៏បានរំឭកពីការគូសបញ្ជាក់ដ៏អស្ចារ្យរបស់ឪពុកម្តាយខ្លួនអំពីចំណេះដឹងនៃព្រះគម្ពីរផងដែរ ។ ពួកគេបាននិយាយថា « វិធីដ៏ល្អបំផុតដើម្បីពន្យល់ឪពុកម្តាយរបស់យើងអំពីអ្វីដែលពួកយើងគិតនោះ គឺយើងប្រើព្រះគម្ពីរ » ។ អានីតានិយាយលេងថា « ការចេះខគម្ពីរនៅក្នុងគ្រួសាររបស់យើងគឺជាជំនាញដ៏សំខាន់មួយ ហើយវាពុំមែនជាជម្រើសឡើយ » ។
គួរឲ្យអស្ចារ្យណាស់ ទាំង ហ្គារី និង ឌេល ត្រូវបានហៅបម្រើនៅក្នុងបេសកកម្មស្វីសនៅពេលតំណាលគ្នា ។ ពួកគេពុំធ្លាប់ធ្វើជាដៃគូនឹងគ្នាឡើយ ប៉ុន្តែពួកគេទាំងពីរអាចនិយាយភាសាស៊ុយអែតដើម្បីបម្រើព្រះអម្ចាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាអស់រយៈពេលពីរឆ្នាំ ។ អែលឌើរ រេនឡាន់ ពិពណ៌នាពីបេសកកម្មរបស់លោកថា ជាកិច្ចការដ៏ច្រើន ប៉ុន្តែវាជាបទពិសោធដ៏អស្ចារ្យ ៖ « វាគឺជាការផ្លាស់ប្តូរជីវិតប្រកបដោយការប្តេជ្ញាចិត្ត និង ការសម្រេចចិត្តដើម្បីធ្វើកិច្ចការឲ្យអស់ពីសមត្ថភាព នោះបុគ្គលម្នាក់អាចក្លាយជាសិស្សរបស់ព្រះគ្រីស្ទ » ។
ពរជ័យដ៏អស្ចារ្យបំផុត
បន្ទាប់ពីត្រឡប់មកពីបេសកកម្មរបស់លោកវិញនៅក្នុងឆ្នាំ ១៩៧៤ ឌេលបានចូលរៀនសាកលវិទ្យាល័យ យូថាហ៍ ។ លោកគឺជាសិស្សដ៏ឆ្នើមមួយរូប ហើយបានទទួលបរិញ្ញាបត្រផ្នែកគីមីវិទ្យា ។ បងប្អូនបង្កើត និង មិត្តភក្តិជិតស្និទ្ធរបស់លោកទាំងអស់បានចាំពីសមត្ថភាព ការផ្ចង់គំនិត ការឧស្សាហ៍ព្យាយាម និង ការប្តេជ្ញាចិត្តរបស់លោកនៅក្នុងគ្រប់កិច្ចការដែលលោកបានធ្វើ — ជាបុគ្គលិកលក្ខណៈដែលលោកបន្តបង្ហាញ ។ ហ្គារី ថ្លែងថា « លោកគឺជាមនុស្សម្នាក់ដែលឧស្សាហ៍ព្យាយាមបំផុតដែលខ្ញុំធ្លាប់ជួប » ។
នៅក្នុងវួដរបស់ខ្លួន ឌេលបានជួបយុវនារីម្នាក់ឈ្មោះ រ៉ូស ។ នាងគឺជាកូនស្រីរបស់គណៈប្រធានស្តេកម្នាក់ មើរលីន អ័រ លីប៊ើត ដែលក្រោយមកបានបម្រើនៅក្នុងក្រុមចិតសិប ។ ឌេលចងចាំថា លោកបានតាំងចិត្តក្លាហានល្មមដើម្បីសុំ រ៉ូសដើរលេងជាគូ ប៉ុន្តែនាងបានបដិសេធ ។ ពីរបីខែក្រោយមក ពេលលោកបានព្យាយាមសុំនាងម្តងទៀត នាងបានយល់ព្រម ។ ប៉ុន្តែរ៉ូសបានប្រាប់ខុសគ្នាបន្តិចអំពីរឿងនេះ ។ នាងចាំថា នៅពេលលោកបាននិយាយនៅក្នុងការប្រជុំសាក្រាម៉ង់អំពីបេសកកម្មរបស់លោក នាងមានការចាប់អារម្មណ៍ ។ ពួកគេបានស្គាល់គ្នាច្បាស់ជាងមុន ហើយនាងមានការភ្ញាក់ផ្អើល នៅពេលលោកបានសុំនាងដើរលេងជាគូ ប៉ុន្តែនាងជាប់រវល់ធ្វើពិធីជប់លៀងមួយដែលតម្រូវឲ្យនាងបដិសេធលោក ។ នាងមានក្តីរីករាយដើម្បីទទួលយកការដើរលេងជាគូនោះនៅពេលគាត់បានសុំនាងម្តងទៀត ។
ឌេល និង រ៉ូស បានរៀបការនៅក្នុងឆ្នាំ ១៩៧៧ នៅក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក ខណៈពេលលោកកំពុងរៀននៅសាលាវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ យូថាហ៍ ហើយនាងកំពុងបង្រៀននៅវិទ្យាល័យ សៅហ៍ ដែលស្ថិតនៅក្នុងទីក្រុង សលត៍ លេកផងដែរ ។ អែលឌើរ រេនឡាន់ ថ្លែងប្រាប់យ៉ាងច្បាស់ថា « ក្រៅពីការសម្រេចចិត្តសកម្មនៅក្នុងសាសនាចក្រហើយនោះ ការរៀបការជាមួយរ៉ូសគឺជារឿងមួយដ៏អស្ចារ្យបំផុតនៅក្នុងជីវិតខ្ញុំ » ។ កូនស្រីរបស់ពួកលោក អាស្លី បានកើតមកមួយសប្តាហ៍បន្ទាប់ពីអែលឌែល រិនឡាន់បញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រក្នុងឆ្នាំ ១៩៨០ ។
ក្រោយមក អែលឌើរ រេនឡាន់ ត្រូវបានគេទទួលដោយរីករាយឲ្យចូលធ្វើការនៅមន្ទីរពេទ្យ ចន ហបឃីន ដែលជាជម្រើសទីមួយរបស់លោកដើម្បីបបន្តការអប់រំផ្នែកវេជ្ជសាស្ត្ររបស់លោក ។ គ្រួសារនេះបានប្តូរទីលំនៅទៅ ទីក្រុង បាល់ទីម័រ ម៉ារីលែន នៅទីនោះលោកបានក្លាយជាបុគ្គលិកមន្ទីរពេទ្យ ។
រីកចម្រើនឡើងដោយឆ្លងកាត់ការសាកល្បង
នៅក្នុងខែ តុលា ឆ្នាំ ១៩៨១ ស៊ិស្ទើរ រេនឡាន់ ត្រូវបានធ្វើរោគវិនិច្ឆ័យដឹងថាកើតជំងឺមហារីកអូវ៉ែរ ។ នាងបានទទួលការវះកាត់ពីរដង ហើយព្យាបាលដោយប្រើថ្នាំគីមីអស់រយៈពេលប្រាំបួនខែ ។ ដោយមានការលំបាកក្នុងការថែទាំ រ៉ូស និង កូនស្រីលោក អែលឌើរ រេនឡាន់ រំឭកថា « ខ្ញុំមានការឈឺចាប់ ហើយវាហាក់បីដូចជាការអធិស្ឋានរបស់ខ្ញុំពុំបានឮដល់ឋានសួគ៌សោះ » ។
ពេលលោកបានយក រ៉ូសពីមន្ទីរពេទ្យទៅផ្ទះវិញ នាងមានភាពទន់ខ្សោយ ប៉ុន្តែពួកគេចង់អធិស្ឋានជាមួយគ្នា ។ លោកបានសុំឲ្យស៊ីស្ទើរ រេនឡាន់ អធិស្ឋាន ។ « ពាក្យអធិស្ឋានដំបូងរបស់នាងនោះគឺ ‹ ឱព្រះវរបិតាដែលគង់នៅឋានសួគ៌ ពួកទូលបង្គំមានអំណរគុណចំពោះអំណាចបព្វជិតភាព ដែលយើងមានទោះបីជាមានរឿងអ្វីកើតឡើងក្តី យើងអាចនៅជាមួយគ្នាជារៀងរហូត › » ។
នៅគ្រានោះ លោកមានអារម្មណ៍នៃភាពជិតស្និទ្ធជាពិសេសជាមួយភរិយាលោក និង ព្រះ ។ អែលឌើរ រេនឡាន់មានប្រសាសន៍ថា « កាលពីមុនខ្ញុំយល់ពីគ្រួសារអស់កល្បជានិច្ចនៅក្នុងគំនិតរបស់ខ្ញុំ តែឥឡូវនេះខ្ញុំយល់នៅក្នុងដួងចិត្តរបស់ខ្ញុំវិញ » ។ « ជំងឺរបស់រ៉ូសបានផ្លាស់ប្ដូរដំណើរជីវិតរបស់យើង » ។
ដើម្បីចៀសវាងពីការគិតពីជំងឺរបស់ខ្លួន ស៊ិស្ទើរ រេនឡាន់ បានសម្រេចចិត្តចូលរៀនសាលាច្បាប់ ។ ស៊ិស្ទើរ រេនឡាន់ និយាយថា « ខ្ញុំគ្រាន់តែគិតថា ‹ នេះគឺជាបទពិសោធន៍ដ៏ឈឺចាប់មួយ បើសិនយើងមិនធ្វើអ្វីមួយពីបទពិសោធន៍នេះទេនោះ › » ។ « វាពុំមែនជាផែនការរបស់យើង ដើម្បីឲ្យខ្ញុំមានជំងឺមហារីកទាំងវ័យក្មេង ហើយមានកូនតែម្នាក់នោះទេ ។ ហើយខ្ញុំគិតថាខ្ញុំនឹងមិនទាំងរស់ផង ។ ប៉ុន្តែពួកខ្ញុំគិតថា ការចូលរៀនសាលាច្បាប់គឺជារឿងត្រឹមត្រូវមួយ » ។
នាងបានបន្តការសិក្សា ទោះបីជានៅពេលនាងកំពុងបន្តព្យាបាលជំងឺរបស់នាង ហើយស្វាមីរបស់នាងកំពុងបន្តកម្មសិក្សារបស់លោកក្តី ។
ប៊ីស្សពនៃទីក្រុង បាល់ទីម័រដែលមានមនុស្សកុះករ
នៅពេលអែលឌើរ រេនឡាន់ កំពុងស្ថិតក្នុងការផ្លាស់ប្តូរពីបុគ្គលិកវេជ្ជសាស្ត្ររយៈពេលបីឆ្នាំទៅជានិស្សិតពេទ្យរៀនខាងបេះដូង នោះលោកត្រូវបានសម្ភាសធ្វើជាប៊ីស្សពនៅវួដ បាល់ទីម័រ ។ ប្រែន ពេធី ដែលជាទីប្រឹក្សាទីមួយនៅក្នុងស្តេក បាល់ទីម័រ ម៉ារីលែន កាលគ្រានោះ ចាំពីការសម្ភាសន៍នោះ ។ ទាំងគាត់ និង ប្រធានស្តេក ស្ទេផាន ភី ស្ស៊ីពភ្លី ទទួលអារម្មណ៍ « យ៉ាងខ្លាំងពីព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ » នៅពេលពួកគេសម្ភាសលោក ។
បងប្រុស ពេធីរំឭកថា « លោកបានបង្ហាញខ្លួនលោកថាជាប៊ីស្សពដ៏អស្ចារ្យម្នាក់ » ទោះបីជាមួយនឹងវិជ្ជាជីវៈ និង ឧបសគ្គគ្រួសារដែលលោកបានកំពុងជួបប្រទះក្ដី ។ ពេលអែលឌើរ រិនឡាន់បានទទួលការហៅរបស់លោកមកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់កាលពីឆ្នាំមុន បងប្រុស ពេធីសម្គាល់ឃើញថា សមាជិកនៃវួដ បាល់ទីម័រ ព្រមទាំងសហការីខាងវេជ្ជសាស្ត្ររបស់អែលឌើរ រិនឡាន់ដែលពួកគេភាគច្រើនពុំមែនជាពួកបរិសុទ្ធថ្ងៃចុងក្រោយនោះ មានក្តីរីករាយជាខ្លាំង ។ ពួកគេបានបង្ហាញសេចក្តីស្រឡាញ់ដល់លោក និង ការកោតសរសើរចំពោះការបម្រើ និង អត្តចរិតដ៏មានសីលធម៌បំផុតរបស់លោក ។
វិជ្ជាជីវៈដ៏មានកិត្តិយស
ក្នុងឆ្នាំ ១៩៨៦ បន្ទាប់ពីស៊ីស្ទើរ រិនឡាន់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យច្បាប់ ម៉ារីលែន ហើយអែលឌើរ រិនឡាន់បានបញ្ចប់កម្មសិក្សាផ្នែកវេជ្ជសាស្ត្ររបស់លោករយៈពេលបីឆ្នាំ និង បីឆ្នាំពីការសិក្សាផ្នែកបេះដូង នោះពួកគេបានត្រឡប់ទៅរស់នៅយូថាហ៍វិញ ។ ស៊ិស្ទើរ រិនឡាន់បានចាប់ផ្តើមធ្វើការផ្នែកច្បាប់នៅការិយាល័យមេធាវីនៃអគ្គនាយករដ្ឋ យូថាហ៍ ហើយអែលឌើរ រិនឡាន់បានក្លាយជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យយូថាហ៍ ។ អស់រយៈពេល ១៨ ឆ្នាំលោកគឺជានាយកផ្នែកវេជ្ជសាស្ត្រនៃកម្មវិធីការប្តូរសរីរាង្គបេះដូងនៃមន្ទីរពេទ្យប្តូរសរីរាង្គរដ្ឋ យូថាហ៍ ។
ក្នុងឆ្នាំ ២០០០ លោកក៏បានធ្វើជានាយកនៃកម្មវិធី ការបង្កា និង ការព្យាបាលជំងឺខ្សោយបេះដូងនៅមជ្ឈមណ្ឌលសុខភាព អ៊ីនធើរម៉ោនធេននៅក្នុងទីក្រុង សលត៍ លេក ។ កម្មវិធីនោះរួមមានការវះកាត់ដេរភ្ជាប់នូវឧបករណ៍ច្របាច់ឈាមទៅនឹងបេះដូង ព្រមទាំងការប្តូរដាក់បេះដូងសប្បនិមិត្ត ។ លោកវេជ្ជបណ្ឌិត ដូណាល់ ប៊ី ដូទី ជាវេជ្ជបណ្ឌិតវះកាត់បេះដូងដ៏ល្បីល្បាញនៅលើឆាកអន្តរជាតិ គឺជាសហការី និង មិត្តភក្តិរបស់វេជ្ជបណ្ឌិត រិនឡាន់នៅមន្ទីរពេទ្យ អិល. ឌី. អេស ។ វេជ្ជបណ្ឌិត ដូទីបាននិយាយថា « ការបំពាក់បំប៉នរបស់លោកគឺអស្ចារ្យណាស់ មានការយកចិត្តទុកដាក់ ការចាត់ចែងកម្មវិធីដ៏មានប្រសិទ្ធភាព និង មានមេត្តាធម៌ជាខ្លាំង » ។
វេជ្ជ. អេ ជី ហ្វូរី ជាអ្នកជំនឿខាងកាតូលិកដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយវេជ្ជ. រិនឡាន់អស់រយៈពេលជាច្រើនឆ្នាំថ្លែងថា វេជ្ជ. រិនឡាន់ គឺជាប្រធាននៃអ្នកឯកទេសវះកាត់ប្តូរបេះដូងនៅក្នុងតំបន់ « ដែលគ្មានគូប្រៀប មានសេចក្តីថ្លៃថ្នូរ បន្ទាបខ្លួន និង មានចិត្តមេត្តា » ។ គាត់និយាយថា វេជ្ជ.រិនឡាន់ « ជួយមនុស្សផ្សេងទៀតឲ្យក្លាយជាមនុស្សកាន់តែប្រសើរបំផុត ។ លោកបានធ្វើវាដោយមិនចេញមុខមាត់ឡើយ ។ លោកពូកែស្តាប់ និង មានការយកចិត្តទុកដាក់ ហើយលោកចាប់អារម្មណ៍យ៉ាងខ្លាំងលើជោគជ័យនៃអស់អ្នកដែលធ្វើការជាមួយលោក » ។ វេជ្ជ. រិនឡាន់បានដឹកនាំគេដោយស្ងៀមស្ងាត់តាមរយៈគំរូ ហើយមានការគិតគូរពីគ្រួសារនៃសហការីរបស់លោក ។
ជាពិសេសវេជ្ជ. ហ្វូរី បានកត់សម្គាល់ឃើញជាពិសេសពីក្តីអាណិតអាសូររបស់វេជ្ជ. រិនឡាន់ ចំពោះអ្នកជំងឺ ។ ឧទាហរណ៍ ប្រសិនបើអ្នកជំងឺគ្មានមធ្យោបាយធ្វើដំណើរនោះវេជ្ជ. រិនឡាន់ នឹងទៅដឹកអ្នកជំងឺពីផ្ទះរបស់ពួកគេដែលនៅឆ្ងាយ សែងអ្នកជំងឺដាក់ឡានលោក ហើយបន្ទាប់មកដឹកអ្នកជំងឺទៅមន្ទីរពេទ្យវិញ ។ វេជ្ជ. ហ្វូរីបាននិយាយថា នេះគឺរឿងអស្ចារ្យណាស់ ។
ការបម្រើនៅក្នុងពួកចិតសិបនាក់
បន្ទាប់ពីបម្រើជាប្រធានស្តេកអស់រយៈពេលប្រាំឆ្នាំនៅក្នុងស្តេកទីមួយនៃសាកលវិទ្យាល័យ សលត៍ លេក អែលឌើរ រិនឡាន់ ត្រូវបានហៅនៅក្នុងឆ្នាំ ២០០០ ឲ្យបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់នៅក្នុងតំបន់យូថាហ៍ ។ ក្រោយមកនៅក្នុងខែ មេសា ឆ្នាំ ២០០៩ លោកត្រូវបានហៅបម្រើជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ។ ការចាត់តាំងដំបូងរបស់លោក គឺបម្រើនៅក្នុងគណៈប្រធានតំបន់អាហ្វ្រិកភាគអាគ្នេយ៍ ជាតំបន់មួយដែលមានអង្គភាពជាច្រើននៅក្នុងប្រទេស ២៥ ផ្សេងគ្នា ។
ស៊ិស្ទើរ រិនឡាន់ បានចែកចាយចម្លើយរបស់ពួកគេចំពោះការហៅបម្រើនោះ ៖ « ពិតណាស់ វាជារឿងភ្ញាក់ផ្អើលមួយ ។ ហើយមនុស្សជាច្រើនបាននិយាយថា ‹ អ្នកចាកចេញពីវិជ្ជាជីវៈអ្នក ខណៈដែលអ្នកកំពុងនៅលើចំណុចកំពូលនៃភាពជោគជ័យរបស់អ្នក › ។ ហើយនោះប្រហែលជាការពិត ។ ប៉ុន្តែប្រសិនបើព្រះអម្ចាស់ត្រូវការចំណុចកំពូលនៃភាពជោគជ័យលើវិជ្ជាជីវៈរបស់យើង ហើយនោះគឺជាពេលដែលយើងអាចបម្រើ អញ្ចឹងវាគឺដល់ពេលត្រូវទៅបម្រើហើយ » ។
ដោយមានប្រសាសន៍ពីភរិយាលោកថាជាវីរៈនារីរបស់លោក នោះអែលឌើរ រិនឡាន់មានប្រសាសន៍ថា « នាងបានលះបង់យ៉ាងធំធេង » ។ ស៊ិស្ទើរ រិនឡាន់បានចាកចោលការងាររបស់គាត់ជាប្រធាននៃក្រុមហ៊ុនច្បាប់ និង ចាកចោលមុខតំណែងជាច្រើននៃក្រុមប្រឹក្សាដ៏មានមុខមាត់ ដើម្បីទៅបម្រើជាមួយលោក ។ អែលឌើរ រិនឡាន់មានប្រសាសន៍ថា « យើងត្រូវបានបញ្ជូនទៅប្រទេសអាហ្វ្រិក ហើយបានរៀនពីពួកបរិសុទ្ធនៅទីនោះអំពីអ្វីដែលសំខាន់បំផុត » ។
នាថ្ងៃអាទិត្យមួយនៅក្នុងទីក្រុង កុងហ្គោ លោកបានសួរសមាជិកថា តើពួកគេកំពុងជួបនូវឧបសគ្គអ្វីខ្លះ ប៉ុន្តែពួកគេពុំអាចគិតឃើញថាមានឧបសគ្គអ្វីសោះ ។ លោកបានសួរម្ដងទៀត ។ ទីបំផុត មានបុរសចំណាស់ម្នាក់នៅខាងក្រោយបន្ទប់ បានក្រោកឡើង ហើយនិយាយថា « អែលឌើរ រិនឡាន់ តើយើងអាចមានឧបសគ្គយ៉ាងដូចម្តេច ? យើងមានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ។ ដោយគិតពីបទពិសោធន៍នោះ អែលឌើរ រិនឡាន់ ពន្យល់ ៖ « ខ្ញុំចង់ក្លាយដូចជាពួកបរិសុទ្ធ កុងហ្គោទាំងនេះ ដែលអធិស្ឋានទូលសុំអាហាររាល់ថ្ងៃ មានអំណរគុណរាល់ថ្ងៃចំពោះអាហារ មានអំណរគុណចំពោះគ្រួសាររបស់ពួកគេ ។ ពួកគេគ្មានអ្វីឡើយ ប៉ុន្តែពួកគេដូចជាមានអ្វីៗគ្រប់យ៉ាងអញ្ចឹង » ។
ការបម្រើនៅក្នុងគណៈប្រធានតំបន់អស់រយៈពេលប្រាំឆ្នាំ អែលឌើរ រិនឡាន់ បានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ឆ្លងកាត់តំបន់អាហ្វ្រិកភាគអាគ្នេយ៍ដ៏ធំល្វឹងល្វើយ សួរសុខទុក្ខសមាជិក និង អ្នកផ្សព្វផ្សាយសាសនា ។ លោកបានសិក្សាភាសាបារាំង ដោយសារប្រជាជននៃប្រទេសទាំងនោះនិយាយភាសានេះ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ដែលជាសមាជិកនៃពួកដប់ពីរនាក់បានចាត់តាំងឲ្យធ្វើការជាមួយគណៈឞ្រធានតំបន់អាហ្វ្រិកភាគអាគ្នេយ៍នៅគ្រានោះ បានមានប្រសាសន៍អំពីអែលឌើរ រិនឡាន់ ៖ « គ្មាននរណាម្នាក់លះបង់ខ្លួនឯងនៅក្នុងតំបន់នេះ និង ចំពោះប្រជាជននេះព្រមទាំងសេចក្តីត្រូវការរបស់ពួកគេច្រើនជាងអែលឌើរ រិនឡាន់បានធ្វើឡើយ ។ លោកបានធ្វើការដោយមិនឈប់ឈរ ដើម្បីស្គាល់ប្រជាជននេះ ស្រឡាញ់វប្បធម៌របស់ពួកគេ ហើយជួយជំរុញពួកបរិសុទ្ធឲ្យឆ្ពោះទៅរកពន្លឺនៃការប្រោសលោះ » ។
ត្រូវបានហៅបម្រើឲ្យធ្វើជាសាក្សីពិសេស
នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៥ លោកបានទទួលទូរសព្ទដោយពុំបានរំពឹងទុកជាមុនមកពីការិយាល័យគណៈឞ្រធានទីមួយ ។ នៅឯអគាររដ្ឋបាលសាសនាចក្រ « ប្រធាន ថូម៉ាស អេស ម៉នសុន និងទីប្រឹក្សាទាំងពីររូបរបស់លោកបានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ ។ បន្ទាប់ពីយើងបានអង្គុយមក ប្រធាន ម៉នសុន បានមើលមុខខ្ញុំ ហើយមានប្រសាសន៍ថា ‹ ប្អូនប្រុស រិនឡាន់ យើងហៅប្អូនប្រុសឲ្យបម្រើជាសមាជិកម្នាក់ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ › » ។
អែលឌើរ រិនឡាន់មានភាពស្រឡាំងកាំង ។ លោកបានបន្ទាបខ្លួនទទួលយកការហៅបម្រើនោះ ហើយរំឭកថា « ខ្ញុំគិតថាប្រធាន ម៉នសុន បានដឹងថា ខ្ញុំមានចិត្តរសាប់រសល់ ដូច្នោះលោកបានមើលមុខខ្ញុំ ហើយលោកបានមានប្រសាសន៍ថា ‹ ព្រះបានហៅប្អូនប្រុស ហើយព្រះអម្ចាស់បានឲ្យខ្ញុំដឹងពីរឿងនេះ › » ។
អែលឌើរ រិនឡាន់ បានត្រឡប់ទៅការិយាល័យរបស់លោកវិញ បិទទ្វារ ហើយលុតជង្គង់ចុះអធិស្ឋាន ។ បន្ទាប់ពីសម្រួលអារម្មណ៍របស់លោកហើយនោះ លោកបានហៅភរិយារបស់លោកមក ។ លោកមានប្រសាសន៍ថា « ប្រតិកម្មរបស់នាងចំពោះរឿងនេះគឺភ្ញាក់ផ្អើលណាស់ ប៉ុន្តែវាជាការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ចំពោះព្រះអម្ចាស់ សាសនាចក្រទ្រង់ និង ចំពោះខ្ញុំ » ។
កូនស្រីរបស់ពួកគេ អាស្លី ទទួលស្គាល់ថា « ប៉ារបស់ខ្ញុំមានភាពស្ទាត់ជំនាញ ដោយសារពរជ័យពីឋានសួគ៌ ហើយត្រូវបានរៀបចំពេញមួយជីវិតនៃការបម្រើសម្រាប់ការបម្រើនេះ ។ លោកមានដួងចិត្តនៃសេចក្តីស្រឡាញ់ធំធេង និង ពេញលេញ » ។
ដូចគ្នានេះផងដែរ បងប្រុសរបស់អែលឌើរ រិនឡាន់ ឈ្មោះ ហ្គារី បាននិយាយថា អែលឌើរ រិនឡាន់ « ត្រូវបានរៀបចំតាំងពីយូរយារណាស់មកហើយ ទាំងឧបសគ្គ និង ការបម្រើចំពោះការបម្រើនេះដែលលោកបានទទួល ។ នេះគឺជាផ្នែកមួយនៃផែនការដ៏ធំដែលបានកើតឡើង ហើយវាមានភាពងាយស្រួលដល់ខ្ញុំដើម្បីគាំទ្រលោក » ។
ដោយគិតពីការបម្រើដ៏អស្ចារ្យនេះ អែលឌើរ រិនឡាន់មានប្រសាសន៍ថា « ខ្ញុំគ្មានអារម្មណ៍ថាខ្ញុំមានសមត្ថភាពឡើយ លើកលែងតែខ្ញុំដឹងថាព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះនៃពិភពលោកប៉ុណ្ណោះ ។ ខ្ញុំអាចធ្វើជាសាក្សីនៃការមានព្រះជន្មរស់ពិតរបស់ទ្រង់ ថាទ្រង់គឺជាអង្គសង្គ្រោះរបស់ខ្ញុំ និង របស់បងប្អូន ។ ខ្ញុំដឹងថា រឿងនោះគឺជាការពិត » ។