យើងនិយាយអំពីព្រះគ្រីស្ទ
ស្រឡាញ់អ្នកដទៃដែលមានគុណតម្លៃផ្សេងពីយើង
ខ្ញុំបានព្យាយាមចិញ្ចឹមកូនៗរបស់ខ្ញុំឲ្យមានតម្លៃសីលធម៌ខ្ពស់ ។ ប៉ុន្តែនៅពេលមនុស្សគំរូម្នាក់របស់ពួកគេបានជ្រើសរើសធ្វើខុស នោះខ្ញុំឆ្ងល់ថា តើអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានព្យាយាមបង្រៀននោះនឹងទៅជាយ៉ាងណា ។
ប្អូនស្រីថ្លៃរបស់ខ្ញុំ ជេនី ( បានប្តូរឈ្មោះ ) បានចិញ្ចឹមឲ្យធំឡើងនៅក្នុងដំណឹងល្អ ហើយគឺជាសមាជិកដែលមានការប្តេជ្ញាចិត្តមួយរូបរបស់សាសនាចក្រ ។ បន្ទាប់ពីអាពាហ៍ពិពាហ៍ព្រះវិហារបរិសុទ្ធដ៏រីករាយរបស់នាងត្រូវបានបញ្ចប់ មនុស្សមួយចំនួននៅក្នុងសហគមន៍ដ៏តូចរបស់នាង បានចាប់ផ្តើមនិយាយពាក្យចចាមអារាម ហើយវិនិច្ឆ័យលើរូបនាង ។ នាងបានដកខ្លួននាងចេញពីមិត្តភក្តិជាច្រើនរបស់នាង ហើយទីបំផុតនាងបានចេញពីព្រះវិហារ ។
នាងបានចាប់ផ្តើមណាត់ជួបដើរលេងជាមួយយុវជនម្នាក់ ឈ្មោះអែនឌី ហើយមិនយូរប៉ុន្មានយុវជននោះបានប្តូរមករស់នៅជាមួយនាង ។ ខ្ញុំបារម្ភពីអ្វីដែលត្រូវប្រាប់ដល់កូនៗរបស់ខ្ញុំ ។ កូនស្រីទាំងបីនាក់របស់ខ្ញុំស្រឡាញ់មីង ជេនីរបស់ពួកគេណាស់ ។ គ្រួសារយើងមិនគ្រាន់តែជិតស្និទ្ធនឹងនាងឡើយ ប៉ុន្តែនាងគឺជាគ្រូបង្ហាត់រាំកូនៗរបស់ខ្ញុំផងដែរ ដូច្នោះពួកគេឃើញនាងបួនប្រាំដងក្នុងមួយសប្តាហ៍ ។
អស់រយៈពេលជាច្រើនខែ ពួកគេបានគិតថា អែនឌី បានមកលេងច្រើនដងណាស់ ប៉ុន្តែនៅទីបំផុតខ្ញុំបានប្រាប់ពួកគេថា ជេនី និង អែនឌីកំពុងតែរស់នៅជាមួយគ្នា ។ ខ្ញុំបានពន្យល់ថា ជម្រើសដែលពួកគេជ្រើសយកនោះគឺជាអំពើបាបដ៏ធ្ងន់ធ្ងរ ។ កូនស្រីរបស់ខ្ញុំហាក់ដូចជាយល់ ហើយយើងបានមានការពិភាក្សាដ៏ល្អមួយអំពីសារៈសំខាន់នៃការរស់នៅតាមគោលការណ៍នៃដំណឹងល្អ ។
ក្រោយមកមានហេតុការណ៍មួយកើតឡើង ។ ជេនីបានប្រកាសយ៉ាងរីករាយដល់គ្រួសារថា នាង និង អែនឌី កំពុងមានកូនជាមួយគ្នា ។ ជាថ្មីម្ដងទៀត ខ្ញុំបារម្ភថាតើព័ត៌មាននេះប៉ះពាល់យ៉ាងណាខ្លះដល់កូនៗរបស់ខ្ញុំ ។ តើពួកគេដឹងថានេះមិនមែនជារបៀបដែលព្រះវរបិតាសួគ៌មានព្រះទ័យចង់នាំកូនចៅរបស់ទ្រង់មកកាន់ផែនដីនេះដែរឬទេ ? ប្រសិនបើពួកគេនៅក្រវល់នឹងស្ថានភាពនេះ តើពួកគេគិតថាជារឿងដែលអាចទទួលយកបាន និង ជារឿងសាមញ្ញឬទេ ?
ខ្ញុំមានក្តីបារម្ភអស់ជាច្រើនសប្តាហ៍ ដោយពុំចង់ប្រាប់កូនៗរបស់ខ្ញុំអំពីការអភិវឌ្ឍន៍ថ្មីបំផុតនេះ ។ មួយខែក្រោយមក ជេនី និង អែនឌីបានសម្រេចចិត្តរៀបការ ។ ហេតុអ្វីពួកគេមិនរៀបការសិន មុននឹងពួកគេប្រកាសថាពួកគេមានកូន ?
អារម្មណ៍ច្របូកច្របល់នោះបានកើតឡើងក្នុងចិត្តខ្ញុំ ។ តើខ្ញុំអាចស្រឡាញ់ជេនី ហើយមិនស្រឡាញ់ទង្វើដែលនាងធ្វើយ៉ាងដូចម្តេច ? តើខ្ញុំអាចបង្រៀនកូនៗរបស់ខ្ញុំឲ្យបន្តស្រឡាញ់មីងរបស់ពួកគេ ប៉ុន្តែកុំឲ្យស្រឡាញ់ទង្វើដែលនាងបានជ្រើសធ្វើយ៉ាងដូចម្តេច ?
ថ្ងៃមួយ ប្អូនស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំពីយុវនារីម្នាក់នៅក្នុងវួដរបស់នាងបានមានផ្ទៃពោះ ។ យុវនារីម្នាក់នេះបន្តទៅព្រះវិហារ ហើយហាក់បីដូចជារីករាយ ហើយរំភើបចំពោះព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅក្នុងជីវិតរបស់នាង ។ យុវនារីផ្សេងទៀត ហាក់បីដូចជាមានអារម្មណ៍ច្របូកច្របល់ ដោយសារអ្វីដែលពួកគេបានឃើញថានោះជាអាកប្បកិរិយាដែលហាក់ដូចជាមិនសមគួរចំពោះស្ថានភាពបែបនោះ ។
ប៉ុន្តែប្អូនស្រីរបស់ខ្ញុំ ដែលជាគ្រូបង្រៀនសួរសុខទុក្ខរបស់ម្តាយនៃយុវនារីនោះ បានដឹងពីការយំយែកមិនបានដេកពួនជាច្រើនយប់របស់យុវនារីនោះ ដោយកើតទុក្ខចំពោះជម្រើសដែលនាងបានជ្រើសធ្វើរហូតឈានដល់ស្ថានភាពដ៏លំបាកនេះ ។ បន្ទាប់ពីអស់រយៈជាច្រើនសប្តាហ៍នៃការឈឺចាប់មក យុវនារីនេះបានសម្រេចចិត្តថា នាងអាចបន្តកើតទុក្ខដោយសារទង្វើរបស់នាង ឬ នាងអាចបន្តឆ្ពោះទៅមុខ ហើយមានភាពរីករាយ ។ ដោយសារពលិកម្មដ៏ធួនរបស់ព្រះគ្រីស្ទ នាងអាចទទួលយកលទ្ធផលនៃការសម្រេចចិត្តរបស់នាង ហើយជាថ្មីម្តងទៀតបានជាស្អាតស្អំតាមរយៈការប្រែចិត្ត ។
ខ្ញុំឆ្ងល់ថា តើ ជេនីបានឆ្លងកាត់ស្ថានភាពស្រដៀងនេះដែរឬទេ ។ ដោយសារតែពុំអាចប្តូរលទ្ធផលបាន តើនាងសោកស្តាយចំពោះជម្រើសរបស់នាង ហើយបានទទួលយក និង សម្រេចចិត្តបន្តឆ្ពោះទៅមុខដែរឬទេ ?
ខ្ញុំមានអារម្មណ៍ថា អៀនខ្មាសចំពោះការវិនិច្ឆ័យដ៏ឃោរឃៅរបស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំអសមត្ថភាពដើម្បីស្រឡាញ់តាមរបៀបដែលព្រះយេស៊ូវគ្រីស្ទរំពឹងចង់ឲ្យពួកយើងស្រឡាញ់ ។ នៅពេលខ្ញុំគិតអំពីជីវិតរបស់ព្រះអង្គសង្គ្រោះ នោះខ្ញុំបានចាំថា ទ្រង់តែងតែព្យាយាមស្វែងរកមនុស្សមានបាប បង្រៀនពួកគេតាមរយៈព្រះបន្ទូល និង គំរូរបស់ទ្រង់ ហើយស្រឡាញ់ពួកគេ ។ គឺសេចក្តីស្រឡាញ់នេះហើយដែលបន្ទន់ចិត្ត និង ផ្លាស់ប្តូរមនុស្ស ។
ខ្ញុំបានដឹងថា ជារឿយៗ ខ្ញុំស្រឡាញ់មនុស្ស ដរាបណាពួកគេធ្វើទង្វើតាមអ្វីដែលខ្ញុំគិតថាពួកគេគប្បីធ្វើ ប៉ុន្តែដរាបណាពួកគេប្រព្រឹត្តិកំហុស នោះខ្ញុំវិនិច្ឆ័យពួកគេក្នុងចិត្តរបស់ខ្ញុំ ។ ខ្ញុំជាមនុស្សលាក់ពុតម៉្លេះហ្ន៎ ! ខ្ញុំបានដឹងថាខ្ញុំត្រូវតែប្រែចិត្ត ។ ខ្ញុំត្រូវតែរៀនស្រឡាញ់មនុស្សមានបាប ដោយពុំគាំទ្រដល់អំពើបាបឡើយ ។ ទីបំផុតខ្ញុំបានឈប់ខឹងនឹងជេនី ហើយពិតជាស្រឡាញ់នាងវិញយ៉ាងខ្លាំង ។
ខ្ញុំមានការពិភាក្សាមួយផ្សេងទៀតដ៏ល្អជាមួយកូនៗរបស់ខ្ញុំ ។ ខ្ញុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបអាពាហ៍ពិពាហ៍ពីមុនមានកូន ។ យើងបានទន្ទឹងចាំមើលកំណើតរបស់ទារកថ្មីម្នាក់ទៀតនៅក្នុងគ្រួសារ ។ យើងទាំងអស់គ្នាចង់គាំទ្រដល់ជេនី ហើយចែកចាយវានៅក្នុងគ្រាដ៏ពិសេសនេះនៅក្នុងជីវិតរបស់នាង ។ កូនៗរបស់យើងបានដឹងថា មីង ជេនីបានធ្វើខុស ប៉ុន្តែពួកគេនៅតែស្រឡាញ់នាង និង ពូ អែនឌី ហើយសង្ឃឹមថាថ្ងៃណាមួយគ្រួសារដ៏ល្អរបស់ពួកគេនឹងសម្រេចចិត្តត្រឡប់មកកាន់ព្រះហស្តរបស់ព្រះអង្គសង្គ្រោះរបស់យើងវិញ គឺព្រះយេស៊ូវគ្រីស្ទ ។