ខ្ញុំមានអារម្មណ៍ថាខ្វះសមត្ថភាព
ឈ្មោះត្រូវបានដកចេញ ស្តុកខូម ស៊ុយអែត
កាលខ្ញុំត្រូវបានហៅឲ្យបម្រើជាប្រធានសមាគមសង្គ្រោះទូទៅ ខ្ញុំជាម្ដាយវ័យក្មេងដ៏រវល់ម្នាក់ ។ ខ្ញុំបានចម្រើនវ័យធំឡើង ហើយរស់នៅស្រមតាមការបង្រៀនរបស់សាសនាចក្រ ប៉ុន្តែ ខ្ញុំបានដឹងថា ខ្ញុំគ្មានភាពល្អឥតខ្ចោះ ហើយមានអារម្មណ៍ព្រួយបារម្ភអំពីសមត្ថភាពរបស់ខ្ញុំ ក្នុងការជួយដល់បងប្អូនស្ត្រីនៅក្នុងវួដរបស់ខ្ញុំដែលជួបប្រទះការលំបាក ។
នាថ្ងៃអាទិត្យមួយនៅព្រះវិហារ ខ្ញុំមានអារម្មណ៍ថាបាក់ទឹកចិត្តជាខ្លាំង ។ បងប្អូនស្ត្រីដែលត្រូវការជំនួយពីខ្ញុំបានមកជួបខ្ញុំពេញមួយថ្ងៃ ។ ស្ត្រីខ្លះត្រូវការជំនួយខាងសុខុមាលភាព ហើយខ្លះទៀតគ្រាន់តែត្រូវការឲ្យខ្ញុំស្តាប់ពួកគេប៉ុណ្ណោះ ។ បន្ទាប់មក ព្រះវិញ្ញាណបានបំផុសគំនិតខ្ញុំមិនឲ្យទៅការប្រជុំពិធីសាក្រម៉ង់ឡើយនៅពេលចាប់ផ្តើមនោះ ហើយខ្ញុំមានការភ្ញាក់ផ្អើល ដោយបានជួបស្ត្រីមិនសូវសកម្មម្នាក់ នៅតាមផ្លូវក្នុងអគារដែលត្រូវការការលួងលោម និង ជំនួយ ហើយពុំអាចចាំបានរហូតដល់ចប់ម៉ោងប្រជុំ ។
នៅពេលចប់ម៉ោងនៅព្រះវិហារ ខ្ញុំអស់កម្លាំងណាស់ ! ខ្ញុំបានយំនៅលើឡានតាមផ្លូវរហូតដល់ផ្ទះ ។ ខ្ញុំឮក្នុងខួរក្បាលរបស់ខ្ញុំនូវពាក្យបែបនេះ ៖ « និយាយជាមួយប៊ីស្សព ! » ខ្ញុំមានអារម្មណ៍ថា ប៊ីស្សពមានយោបល់ដ៏ឈ្លាសវៃប្រាប់ខ្ញុំអំពីរបៀបដែលខ្ញុំអាចមានអារម្មណ៍ធូរស្បើយពីបន្ទុកនៃការហៅបម្រើរបស់ខ្ញុំ ប៉ុន្តែខ្ញុំពុំចង់រំខានគាត់បន្ទាប់ពីម៉ោងនៃការប្រជុំដ៏យូរនៅព្រះវិហារទៀតឡើយ ។ ខ្ញុំបានសម្រេចចិត្តពន្យាពេលទូរសព្ទទៅគាត់ តែក្រោយមកទូរសព្ទបានរោទិ៍ឡើង ។ ប៊ីស្សពបានទូរសព្ទមករកខ្ញុំ ។ គាត់បានទទួលអារម្មណ៍បំផុសគំនិតឲ្យទូរសព្ទមកខ្ញុំ ។
ខ្ញុំបានប្រាប់ប៊ីស្សពថាតើវាមានការនឿយហត់ខ្លាំងប៉ុណ្ណាចំពោះខ្ញុំ នៅពេលមានកិច្ចការជាច្រើនដែលចាំបាច់ត្រូវដោះស្រាយក្នុងពេលតែមួយ ហើយថាតើខ្ញុំកើតទុក្ខខ្លាំងប៉ុណ្ណាដែលខ្ញុំពុំអាចជួយបងប្អូនស្ត្រីជាច្រើនទៀត ។ គាត់បានស្តាប់ដោយអំណត់ ។ យើងក៏ធ្លាប់បានពិភាក្សានូវសំណួរសុខុមាលភាពមួយចំនួន ដែលខ្ញុំបានលើកឡើងមកនិយាយនាថ្ងៃនោះ ហើយខ្ញុំបានមានអារម្មណ៍ល្អប្រសើរឡើង ។
នៅពេលនិយាយគ្នាចប់ ខ្ញុំបាននិយាយថា « ខ្ញុំបានគិតថា ប៊ីស្សពនឹងមានយោបល់ឈ្លាសវៃដើម្បីប្រាប់ខ្ញុំ ថាតើត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យមានអារម្មណ៍ថាមានបន្ទុកធ្ងន់ធ្ងរនោះ » ។ គាត់បានឆ្លើយថា គាត់ចង់មានយោបល់ល្អបែបនោះនិយាយប្រាប់ដែរ ប៉ុន្តែគួរឲ្យសោកស្តាយណាស់គាត់គ្មានយោបល់អ្វីឡើយ ។
ទោះបីជាខ្ញុំពុំទទួលបានចម្លើយក្តី ខ្ញុំមានអារម្មណ៍រីករាយបន្ទាប់ពីខ្ញុំដាក់ទូរសព្ទចុះវិញ ។ ខ្ញុំមានអារម្មណ៍ថា ព្រះអម្ចាស់បានឆ្លើយតបចំពោះសេចក្តីត្រូវការរបស់ខ្ញុំដើម្បីទទួលបានការណែនាំ និង គាំទ្រ ។
អំឡុងពេលប៉ុន្មានសប្តាហ៍ក្រោយមក អារម្មណ៍នៃការខ្វះសុវត្ថិភាពនោះបានកើតមានក្នុងចិត្តខ្ញុំទៀត ហើយខ្ញុំបានអធិស្ឋានដើម្បីយល់ពីអ្វីដែលត្រូវធ្វើ ដើម្បីធ្វើជាប្រធានសមាគមសង្គ្រោះម្នាក់ដែលកាន់តែប្រសើរឡើង ។ ថ្ងៃមួយ នៅពេលខ្ញុំបានស្តាប់សន្និសីទទូទៅ ខ្ញុំបានចាប់អារម្មណ៍ពាក្យមួយចំនួន ហើយព្រះវិញ្ញាណបានមានបន្ទូលមកកាន់ដួងចិត្តខ្ញុំយ៉ាងខ្លាំង ។ ខ្ញុំបានយល់ថា ហេតុផលដែលខ្ញុំមានអារម្មណ៍ថា ខ្វះសមត្ថភាពនោះគឺដោយសារខ្ញុំ ខ្វះសមត្ថភាពរបស់ខ្ញុំផ្ទាល់ ។
តាមរយៈបទពិសោធន៍របស់ខ្លួន ប៊ីស្សពរបស់ខ្ញុំបានបង្ហាញខ្ញុំ ថាតើវាសំខាន់ប៉ុណ្ណាដើម្បីស្ដាប់តាមព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណមានសារៈសំខាន់ចំពោះការហៅបម្រើរបស់យើងនៅក្នុងសាសនាចក្រ ពុំមែនទេពកោសល្យ ឬ ជំនាញផ្ទាល់ខ្លួនយើងឡើយ ។ លើកដំបូងបង្អស់ក្នុងរយៈពេលមួយដ៏យូរហើយ ដែលខ្ញុំមានអារម្មណ៍សុខសាន្ត និង ការធានាអះអាង ។
ខ្ញុំនៅតែខ្វះបទពិសោធន៍ ហើយខ្ញុំនៅតែមានភាពមមាញឹកជាមួយគ្រួសាររបស់ខ្ញុំដូចពីមុន ប៉ុន្តែខ្ញុំពុំជឿតទៅទៀតឡើយថា ខ្ញុំត្រូវតែធ្វើឲ្យការហៅរបស់ខ្ញុំសម្រេចបានលទ្ធផលល្អឥតខ្ចោះនោះ ។ ព្រះវរបិតាសួគ៌អាចប្រទានដល់ខ្ញុំនូវកិច្ចការនានាដែលខ្ញុំចាំបាច់ត្រូវសម្រេចឲ្យបាននូវព្រះឆន្ទៈរបស់ទ្រង់ ហើយអាចតម្កើងកិច្ចខិតខំរបស់យើង ដរាបណាយើងគោរពបទបញ្ញត្តិទ្រង់ ។