ការស្វែងរកជីដូន
រូប៊ីន វ៉ាដស្វើ រដ្ឋ យូថាហ៍ ស.រ.អា.
រូបគំនូរដោយ អេលែន ហ្គានស៍
ខ្ញុំមានការសោកស្តាយមួយ ដែលខ្ញុំពុំធ្លាប់អង្គុយជាមួយជីដូនខាងឪពុកខ្ញុំ ដើម្បីនិយាយគ្នាពីជីវប្រវត្តិរបស់គាត់ ហើយកត់ត្រាពីអនុស្សាវរីយ៍របស់គាត់សម្រាប់ពូជពង្សខ្ញុំ ។ បន្ទាប់ពីជីដូនខ្ញុំបានចែកឋានទៅ ឪពុក និង ឪពុកមារបស់ខ្ញុំបានប្រាប់ខ្ញុំពីរបៀបដែលជីដូនខ្ញុំគ្មានការភ្ញាក់ផ្អើលចំពោះអ្វីដែលខ្លួនគាត់មានឡើយ ហើយមានពេលមួយនោះ គាត់ថែមទាំងបានសួរថា « ហេតុអ្វីគេចង់ដឹងពីរូបខ្ញុំ ? »
បញ្ហាខាងហិរញ្ញវត្ថុបានជំរុញឲ្យគ្រួសារខ្ញុំប្តូរទៅរស់នៅផ្ទះចាស់របស់ជីដូនខ្ញុំ មានអនុស្សាវរីយ៍ដ៏រីករាយ និង គួរឲ្យស្តាយជាច្រើនបានកើតឡើងក្នុងចិត្តខ្ញុំ ។ នាយប់មួយនោះ ប៉ុន្មានថ្ងៃបន្ទាប់ពីប្តូរទៅនៅទីនោះ ខ្ញុំបានមើលសៀវភៅរូបថតចាស់ៗ និង ប្រអប់អនុស្សាវរីយ៍របស់ជីដូនខ្ញុំជាច្រើន ដែលមានទាំងសំបុត្រចាស់ៗដែលឪពុកមាបានសរសេរ បណ្ណ័ចូលព្រះវិហារបរិសុទ្ធចាស់ៗ ព្រមទាំងកម្មវិធីក្រដាសកម្មវិធីបុណ្យសពរបស់ជីតាខ្ញុំផងដែរ ។ បន្ទាប់ពី មើលវត្ថុអនុស្សាវរីយ៍នេះ ខ្ញុំឆ្ងល់ថាតើវាមានអ្វីថែមទៀតទេ ។
ខ្ញុំមានអារម្មណ៍បំផុសគំនិតឲ្យរកមើលនៅលើធ្នើ ហើយភ្លាមនោះខ្ញុំបានឃើញថង់មួយ ដែលមានប្រអប់ដាក់ឯកសារពណ៌ខៀវដែលមើលទៅដូចជាត្រូវបោះចោល ។ នៅក្នុងប្រអប់ឯកសារនោះ ខ្ញុំបានឃើញដំណើរជីវប្រវត្តិតាំងពីដើមដំបូងរបស់ជីដូនរបស់ខ្ញុំដែលបានសរសេរកាលពី ៣០ ឆ្នាំមុននោះ ។ ក្រោយមកដោយក្តីអស្ចារ្យខ្ញុំបានដឹងថា គ្មាននរណាម្នាក់នៅក្នុងគ្រួសាររបស់ខ្ញុំបានដឹងថាមានសៀវភៅនេះឡើយ ។ ឪពុក និង ឪពុកមារបស់ខ្ញុំមានប្រសាសន៍ត្រឹមត្រូវណាស់ — គឺថាជីដូនខ្ញុំគ្មានការភ្ញាក់ផ្អើលជាមួយនឹងខ្លួនគាត់ឡើយ ដែលគាត់ពុំបានប្រាប់នរណាម្នាក់ថាគាត់បានចាប់ផ្តើមសរសេរពីជីវប្រវត្តិរបស់គាត់ឡើយ !
នៅយប់នោះ ខ្ញុំបានអានគ្រប់ពាក្យទាំងអស់ដែលមាននៅលើប្រាំបីទំព័រនោះ ហើយនៅពេលខ្ញុំបានអានវា ខ្ញុំបានរៀនជាច្រើនពីជីដូនរបស់ខ្ញុំ — ពីជីវិតរបស់គាត់កាលនៅវិទ្យាល័យ ថាតើគាត់បានជួបជីតាខ្ញុំតាមរបៀបណា ហើយថាតើវាលំបាកខ្លាំងប៉ុណ្ណាសម្រាប់គាត់ ដើម្បីបិទរោងភាពយន្តដែលគាត់ និង ជីតារបស់ខ្ញុំបានបើកជាមួយគ្នា ។
ខ្ញុំមានអារម្មណ៍ថាគាត់មានវត្តមាននៅទីនោះ នៅពេលខ្ញុំអានសៀវភៅនេះ គឺហាក់ដូចជាគាត់កំពុងប្រាប់ខ្ញុំថាកុំបារម្ភតទៅទៀតអំពីការមិនបំពេញបញ្ចប់នូវប្រវត្តិផ្ទាល់មាត់ដែលខ្ញុំមានបំណងដើម្បីធ្វើវានោះ ។ ការអានពីជីវប្រវត្តិរបស់ជីដូនខ្ញុំដែលសរសេរដោយដៃគាត់ផ្ទាល់គឺមានតម្លៃពុំអាចកាត់ថ្លៃបាន ហើយខ្ញុំបានកាត់បន្ថយនូវអារម្មណ៍នៃការសោកស្តាយដែលខ្ញុំបានមានជាយូរមកហើយ ។ វាគឺជាការធានាអះអាងពីសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់របស់ព្រះអម្ចាស់ និង ជាសក្ខីភាពថាពង្សប្រវត្តិគឺពុំមែនគ្រាន់តែជាការស្វែងរកបុព្វការីជនដែលយើងពុំស្គាល់នៅក្នុងជីវិតនេះតែប៉ុណ្ណោះទេ ។ វាថែមទាំងជាការស្វែងរកបន្ថែមទៀតនូវអស់អ្នកដែលយើងស្រឡាញ់ជាខ្លាំង និង ជាមួយអស់អ្នកដែលយើងបានចំណាយពេលដ៏មានតម្លៃបំផុតនៅលើផែនដីនេះ ។
នៅពេលខ្ញុំអង្គុយចុះជាមួយសមាជិកផ្សេងទៀតនៃគ្រួសារ ដើម្បីសរសរប្រវត្តិរបស់ពួកគេ ហើយពួកគេសួរខ្ញុំពីមូលហេតុដែលថាហេតុអ្វីមានគេចង់ដឹងពីខ្លួនពួកគេ នោះខ្ញុំបានបញ្ជាក់ប្រាប់ពួកគេថា ប្រវត្តិរបស់ពួកគេគឺមានតម្លៃដើម្បីប្រាប់ដល់មនុស្សដទៃ ហើយថាពូជពង្សរបស់ពួកគេនឹងមានអំណរគុណចំពោះពួកគេ គឺដូចជារូបខ្ញុំមានអំណរគុណចំពោះជីដូនរបស់ខ្ញុំ ដែលបានបន្សល់ទុកនូវដំណើររឿងដ៏មានតម្លៃបំផុតរបស់គាត់ ។