ឆ្នាំ​២០១៦
ការធ្វើ​ដំណើរ​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​ត្រួសត្រាយ​ម្នាក់​មក​ពី​ប្រទេស​ឥណ្ឌា
July 2016


ការធ្វើ​ដំណើរ​របស់​ខ្ញុំ ក្នុង​នាម​ជា​អ្នក​ត្រួសត្រាយ​ម្នាក់​មក​ពី​ប្រទេស​ឥណ្ឌា

អ្នក​និពន្ធ​មក​ពី​តេលែនហ្គាណា ប្រទេស ឥណ្ឌា ។

ខ្ញុំ​បាន​ងាក​ក្រោយ​មើល​ពី​ដំណើរ​ជីវិត​របស់​ខ្ញុំ​កាលពី « ក្មេង​រស់នៅក្នុង​ព្រៃ​ស្បាត » នៅក្នុង​តំបន់​ដាច់​ស្រយាល​មួយ​នៅក្នុង​ប្រទេសឥណ្ឌា មក​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ជា​រូប​ខ្ញុំ​នា​បច្ចុប្បន្ន​នេះ នោះ​ខ្ញុំ​ដឹង​ថា​ជីវិត និង សេចក្តីជំនឿ​របស់​ខ្ញុំ​គឺ​ពិតជា​អព្ភូតហេតុ ។

india-and-mangal-dan-dipty

រូបថត​ក្មេង​ប្រុស​ដែល​បាន​រចនា ដោយ វីនឌី ហ្គីប ខីលើរ រូបថត​នៃ តាយ ម៉ាហាល ដែល​មាន​រចនា​ជា​ចម្លាក់​នៅ​ផ្ទៃ​ខាងក្រោយ តែម​សំបុត្រ © iStock/Thinkstock ហេមើរ៉ា/Thinkstock

ខ្ញុំ​បាន​កើត​នៅ​ក្នុង​ភូមិ​តូច​មួយ​ក្នុង​ព្រៃ​ស្បាត​ប្រទេស​ឥណ្ឌា​ដែល​មាន​ជួរ​ភ្នំ ហាត់ អេស្ទើន​នៅព័ទ្ធជុំ​វិញ ។ កាល​ខ្ញុំ​អាយុ ១៨ ខែ យើង​បាន​ប្តូរ​ទីលំនៅ​ទៅ​ភូមិ ឌែងហ្គ្រាប៉ាលី​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​កូលាប ។ ឪពុក​ម្ដាយ​ខ្ញុំ​ដាក់​ខ្ញុំ​ក្នុង​កន្ត្រក អំឡុង​ពេល​ពួកគាត់​ធ្វើ​ដំណើរ ។ ក្នុង​ភូមិ​នោះ​មាន ២០ ទៅ ២៥​គ្រួសារ ដែល​រស់នៅក្នុង​​ខ្ទម​តូចៗ​ដោយ​គ្មាន​ភ្លើង​អគ្គីសនី​ឡើយ ។ យើង​គ្មាន​សាលា​រៀន មន្ទីរពេទ្យ ឬ ស្ថានីយ៍​រថយន្ត​ក្រុង​ឡើយ ។ យើង​ជីក​ដី​នៅ​បាត​ទន្លេ​ដើម្បី​បាន​ទឹក​មក​ប្រើប្រាស់ ។ កាល​នៅ​កុមារភាព​ខ្ញុំ​លេង​នៅក្នុង​ព្រៃ​ស្បាត និង ទីវាល​ទាំង​នោះ ដោយ​ដើរ​លើ​កំណល់​ឈើ​ដែល​ដាក់​នៅក្នុង​វាលភក់ និង ហែល​ទឹក​ទន្លេ ។

បុព្វការីជន​របស់​ខ្ញុំ​គឺ​ជា​សង្ឃ​នៅ​ព្រះវិហារ ហិនឌូ ក្រោម​ការគ្រប់គ្រង​របស់​មហារាជ ( ស្តេច ) នៃ​វាំង បាស្តារ នៃ​ទីក្រុង ចាហ្គដាលពរ ។ ប៉ុន្តែ​នៅពេល​ស្ថានភាព​នយោបាយ​ដែល​គ្មាន​ស្ថេរភាព​បាន​ប្រែកាន់តែ​គ្រោះថ្នាក់ នោះ​ជីតា​របស់​ខ្ញុំ និង គ្រួសារ​លោក​បាន​គេច​ខ្លួន​ទៅ​ទីក្រុង ខុតផាត ។ ពួកគេ​បាន​ទទួល​ទីជម្រក​សម្រាប់​ជន​ភៀសខ្លួន​នៅ​បេសកកម្ម អាល្លឺម៉ង់ លូធើរែន នៅ​ទីនោះ​គាត់​បាន​ធ្វើ​ជា​គ្រូពេទ្យ និង បម្រើការ​នៅក្នុង អាយូវេដា ( ជា​ផ្នែក​មើម​ថ្នាំ​បុរាណ ) ។ នៅទីនោះ​ហើយ​ដែល​ជីតា​របស់​ខ្ញុំ​បាន​ជ្រើសរើស​ប្រែចិត្ត​ជឿ​លើ​សាសនាគ្រិស្ត ។

ឪពុក​របស់​ខ្ញុំ​បាន​បន្ត​ជំនឿ​លើ​សាសនា​គ្រិស្ត ដោយ​ជ្រើសរើស​ធ្វើ​ជា​អ្នកផ្សាយ​ដំណឹង​ល្អ និង ជា​មេដឹកនាំសាសនា ( គ្រូបង្រៀន ) ។ ពេល​ខ្ញុំ​កើត ខ្ញុំ​ត្រូវបាន​ដាក់​ឈ្មោះ​ឲ្យ​ថា មែនហ្គាល ដែន ឌីពធី ( មាន​ន័យ​ថា « ល្អ » « អំណោយ » និង « ពន្លឺ » )​ ដោយ​ទទួល​មរតក​នូវ​ទំនៀមទម្លាប់​នៃ​ជំនឿ​សាសនាគ្រិស្ត ។

កាល​ខ្ញុំ​នៅ​ក្មេង​ ខ្ញុំ​បាន​ចូលរួម​ព្រះវិហារ អាល្លឺម៉ង់ លូធើរែន​ជាទៀងទាត់ ។ យើង​បាន​ទៅលើ​ភ្នំ​ដើម្បី​អធិស្ឋាន​ជាមួយ​គ្នា​ជា​ញឹកញាប់ ។ នៅ​ថ្ងៃ​មួយ​ដែល​មាន​ភ្លៀង​ធ្លាក់ គ្រប់គ្នា​ដែល​នៅក្នុង​ក្រុម​អធិស្ឋាន​នោះ​បាន​ទទឹក​ខ្លួន​ជោក ហើយ​មាន​ម្នាក់​ដែល​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​បាន​ផ្តល់​ការអធិស្ឋាន​ដ៏​ស្មោះ​អស់​ពី​ចិត្ត ទូលសុំ​ព្រះអម្ចាស់​បញ្ឈប់​ភ្លៀង ។ វា​គួរ​ឲ្យ​អស្ចារ្យ​ណាស់ ភ្លៀង​បាន​ឈប់​មែន ។ នោះ​គឺ​ជា​ការចាប់ផ្តើម​នូវ​សេចក្តីជំនឿ​របស់​ខ្ញុំ​លើ​ព្រះ និង ការអធិស្ឋាន ។

តើ​ពួកមរមន​គឺ​ជា​ពួកគ្រិស្តសាសនិក​ឬទេ ?

បន្ទាប់​ពី​ចប់​ថ្នាក់​ទី​ប្រាំបី ខ្ញុំ​ពុំ​បាន​បន្ត​ការសិក្សា​នៅ​សាលា​ទៀត​ឡើយ ដោយ​ត្រូវ​ចូលរៀន​ថ្នាក់សិក្ខាសាលា​ខាង​សាសនាវិទ្យា​រយៈពេល​បី​ឆ្នាំ​នៅ ខុតផាត ហើយ​ត្រូវបាន​តែងតាំង​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ ដូច​ដែល​ឪពុក​របស់​ខ្ញុំ​ធ្លាប់​បាន​ធ្វើ ។ បន្ទាប់ពី​ដឹកនាំ​ការប្រជុំ​នៅក្នុង និង ជុំ​វិញ​ទីក្រុង ខុតផាត​អស់​រយៈពេល​ពីរបី​ឆ្នាំ​មក ខ្ញុំ​បាន​ប្តូរ​ទៅ​រស់នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា នៅ​ទីនោះ​ខ្ញុំ​បាន​ចាប់ផ្តើម​លក់​សៀវភៅ​នានា​មក​ពី​អ្នកនិពន្ធ​អំពី​សង្គម​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត ។ ខ្ញុំ​បាន​ឃើញ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា តើ​ពួកមរមន​គឺ​ជា​ពួកគ្រិស្ត​សាសនិក​ឬទេ ? មាន​អ្វី​មួយ​នៅក្នុង​សៀវភៅ​នេះ​បាន​ទាក់ទាញ​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​បាន​សម្រេចចិត្ត​អាន​សៀវភៅ​នោះ ។

សៀវភៅ​នោះ​មាន​ពាក្យ​រិះគន់​ជា​ច្រើន​ទៅលើ​ពួក​មរមន និង ជំនឿ​របស់​ពួកគេ ។ ទោះជាយ៉ាង​ណា​ក៏ដោយ ផ្នែក​ជាច្រើន​ទៀត​នៅក្នុង​សៀវភៅ​នោះ​បាន​ទាក់​អារម្មណ៍​ខ្ញុំ​ជាខ្លាំង ជាពិសេស​សិក្ខាបទ​របស់​ពួកគេ​អំពី​ក្រុមព្រះ សមាសភាគ​នៃ​ការថ្វាយ​បង្គំ​របស់​ពួកគេ ព្រមទាំង​ប្រវត្តិ​អំពី​ពហុពន្ធភាព ។ ប៉ុន្តែ អ្វី​មួយ​ដែល​ខ្ញុំ​ចាប់ចិត្ត​ខ្លាំង​បំផុត​នោះ​គឺ​ថា​សាសនាចក្រ​របស់​ពួកគេ​បាន​ដាក់​ឈ្មោះ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​អន្ទះសា​ចង់​ដឹង​បន្ថែម​ទៀត​ជាខ្លាំង ។

ថ្ងៃ​មួយ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន ខ្ញុំ​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ទៅ​ស៊ើបអង្កេត​ពី​ព្រះវិហារ​ពួកមរមន ។ ខ្ញុំ​បាន​ដឹង​ថា​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍​គឺ​ជា​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ ។ ខ្ញុំ​បាន​សម្រេចចិត្ត​សរសេរ​សំបុត្រ​មួយ ហើយ​ចារលើ​ខ្នង​សំបុត្រ​នោះ​ផ្ញើជូន​ទៅកាន់ « អ្នក​ដែល​គ្រប់គ្រង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ស.រ.អា. » ។

ការរៀនសូត្រ​ពី​សាវក

នៅក្នុង​ឆ្នាំ ១៩៥៩ បងប្រុស ឡាម៉ា វិល្លាម មក​ពី​នាយកដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ​បាន​ផ្ញើ​ទីបន្ទាល់​របស់​យ៉ូសែប ស្ម៊ីធ មាត្រា​នៃ​សេចក្តីជំនឿ និង ព្រះគម្ពីរ​មរមន​មក​ឲ្យ​ខ្ញុំ ដែល​ជា​ការឆ្លើយ​តប​ចំពោះ​សំបុត្រ​របស់​ខ្ញុំ​នោះ ។ ខ្ញុំ​បាន​សិក្សា​សម្ភារ​ទាំង​អស់​នោះ ហើយ​ខ្ញុំ​បាន​ប្រែចិត្ត​ជឿ​ដោយ​សារ​តែ​សេចក្តីពិត​ពេញលេញ​ដែល​មាន​នៅក្នុង​សម្ភារ​ទាំងនោះ ។ ប៉ុន្តែ គ្មាន​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ សមាជិក​បង្រៀន​ខ្ញុំ​នៅក្នុង​ប្រទេស​ឥណ្ឌា​ឡើយ ។

president-kimball-delhi-india-1961

ក្រោយ​មក​នៅក្នុង​ខែ មករា ឆ្នាំ ១៩៦១ អែលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ធ្វើ​ទស្សនកិច្ច​មក​ទីក្រុង ដេលី ។ ខ្ញុំ​បាន​ចំណាយ​ពេល​បី​ថ្ងៃ​ធ្វើ​ដំណើរ​ជាមួយ​លោក​ទៅ​វិហារ តាយ ម៉ាហាល នៅ អាក្រា និង ទៅ ដាម៉ាស្សាឡា ។ លោក​បាន​បង្រៀន​មេរៀន​ដំណឹង​ល្អ​ជាច្រើន ហើយ​ខ្ញុំ​ស្តាប់​គាត់​ឆាប់​យល់​ដូច​ជា​អេប៉ុង​ជក់​ទឹក​អញ្ចឹង ។ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទស្សនកិច្ច​របស់​លោក ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជ្រមុជទឹក ។ នៅថ្ងៃ​ទី ៧ ខែ មករា ឆ្នាំ ១៩៦១ អែលឌើរ ឃឹមបឹល បាន​ជ្រមុជទឹក​ឲ្យ​ខ្ញុំ​នៅ​ទន្លេ យ៉ាមូណា ស៊ីស្ទើរ ឃឹមបឹល គឺ​ជា​សាក្សី​ផ្លូវការ​ម្នាក់ ទោះបី​ជា​មាន​អ្នក​មើល​ដ៏​សំខាន់ៗ​ជាច្រើន​នាក់​ទៀត​ក៏ដោយ ។ ខ្ញុំ​បាន​ទទួល​ការបញ្ជាក់​នា​ពេល​ល្ងាច​នោះ ។

ពេល​សាវក​របស់​ព្រះអម្ចាស់​បាន​បង្រៀន​ខ្ញុំ​រយៈពេល​បីថ្ងៃដោយ​គ្មាន​អ្វី​មក​រំខាន នោះ​គឺ​ជា​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ អ្វី​មួយ​ដែល​សោកស្តាយ​នោះ​គឺ​ថា​លោក​បាន​ក្លាយ​ជា​មិត្តភក្តិ​មរមន​ដ៏​ពិសេស​របស់​ខ្ញុំ ។

ចំណង់​ចង់​ក្លាយ​ជា​ពួកបរិសុទ្ធ

បន្ទាប់​ពី​អែលឌើរ ឃឹមបឹល បាន​ចាកចេញ​ទៅ ខ្ញុំ​បាន​ចែកចាយ​បទពិសោធន៍​នៃ​ការប្រែចិត្ត​ជឿ​របស់​ខ្ញុំ​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ ហើយ​ពួកគេ​បាន​សើច​ចំអក​ឲ្យ​ខ្ញុំ ។ ប៉ុន្តែ ខ្ញុំ​បាន​ដឹង​ថា​ដំណឹង​ល្អ​គឺ​ជា​ការពិត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​បាន​ឡើយ ដូច្នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ស្វែងរក​វគ្គបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​មួយ​ទៀត ។ ខ្ញុំ​បាន​ចាប់ផ្តើម​អាជីវកម្ម​ដេរ​ខោអាវ​ដូច​ឪពុក​របស់​ខ្ញុំ​បាន​ធ្វើ ។ ដោយ​សន្សឹមៗ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ពុំ​អាច​រីកចម្រើន​ឡើយ លុះត្រា​ខ្ញុំ​មាន​ការអប់រំ​បន្ថែម​ទៀត ។ ខ្ញុំ​មាន​អាយុ​ជាង ២០​ ឆ្នាំ ហើយ​គំនិត​ដែល​ថា​ត្រូវ​ត្រឡប់​ទៅ​រៀន​វិញ​នោះ​គឺ​ជា​គំនិត​រុញរា​មួយ ប៉ុន្តែ​ខ្ញុំ​បាន​ចំណាយ​ពេល​ប្រាំបួន​ឆ្នាំ​ក្រោយ​មក ដើម្បី​ទទួល​យក​ការអប់រំ ។ ខ្ញុំ​បាន​ធ្វើ​អាជីវកម្ម​របស់​ខ្ញុំ​ពេល​ព្រឹក ហើយ​ទៅ​រៀន​នៅពេល​ល្ងាច ។ ខ្ញុំ​បាន​ចំណាយ​ប្រាក់​ដែល​ខ្ញុំ​រក​បាន​ទាំងអស់​ទៅលើ​ការសិក្សា ។ ខ្ញុំ​បាន​ប្តេជ្ញាចិត្ត ហើយ​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះ ។ ខ្ញុំ​បាន​បន្ត​រៀន​រហូត​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក ចិត្តវិទ្យា សង្គមវិទ្យា និង សិល្បៈ​មក​ពី​សាកលវិទ្យាល័យ អាក្រា ។ ទីបំផុត ខ្ញុំ​បាន​ចូលរៀន​នៅ​សាកលវិទ្យា មីរ៉ុត ដើម្បី​សិក្សា​យក​សញ្ញាបត្រ​ផ្នែក​ច្បាប់ ។

អំឡុង​ពេល​ដំបូងៗ​នៃ​ប្រាំបួន​ឆ្នាំ​នោះ មាន​គ្រួសារ​មួយ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ទីក្រុង ដេលី គឺ​គ្រួសារ ស្សតលែហ្វ ដែល​បាន​ធ្វើ​ការនៅក្នុង​ស្ថានទូត សហរដ្ឋ ។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង ដេលី ដើម្បី​ចូលរួម​ពិធី​សាក្រាម៉ង់​នៅក្នុង​ផ្ទះ​របស់​ពួកគេ ។ នៅក្នុង​ឆ្នាំ ១៩៦២ អែលឌើរ រីឆាដ អិល អ៊ីវ៉ាន ( ឆ្នាំ ១៩០៦–៧១ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ជួប​ជាមួយ​ពួកយើង ហើយ​នៅក្នុង​ឆ្នាំ ១៩៦៤ អែលឌើរ ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មក​ផងដែរ ។ ខ្ញុំ​ចាំ​ពី​ការបំពាក់​កម្រង​ផ្កា​ឲ្យ​អែលឌើរ ហ៊ិងគ្លី និង បាន​ប្រគល់​ឆ្នាំង​មួយ​ដែល​មាន​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដែល​ខ្ញុំ​បាន​សន្សំ​ទុក គឺ​បាន​សន្សំ​ទុក​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ។

ជាអកុសល គ្រា​នៃ​ការរាប់អាន​បែប​នេះ — ដែល​មាន​ន័យ​បំផុត — កម្រ​កើត​ឡើង​ណាស់ ហើយ​ផ្ទុយ​ទៅវិញ​នៅក្នុង​ប្រទេស​ឥណ្ឌា ខ្ញុំ​គ្មាន​ការរាក់ទាក់​ជាប់​ជានិច្ច​ពី​ពួកបរិសុទ្ធ​ដទៃ​ទៀត​ឡើយ ។ ការណ៍​នេះ​បាន​រុកគួន​ដួងចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង ។ នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​មក ភាព​ឯកោ​តែ​ឯង​បាន​ចាប់ផ្តើម​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​រូប​ខ្ញុំ ហើយ​ខ្ញុំ​ឃើញ​ថា​គ្មាន​អនាគត​ចំពោះ​ខ្ញុំ​ឡើយ​នៅក្នុង​ប្រទេស​ឥណ្ឌា ។ ខ្ញុំ​ចង់បាន​បព្វជិតភាព ហើយ​រស់នៅក្នុង​ចំណោម​ពួកបរិសុទ្ធ​ខ្លាំងណាស់ ។

ក្លាយ​ជា​អ្នកត្រួសត្រាយ

នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា វា​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ខិត​ឲ្យ​កាន់តែ​ជិត​នឹង​ពួក​បរិសុទ្ធ នោះ​ខ្ញុំ​បាន​ឈប់​រៀន​នៅ​សាលា​ច្បាប់ ហើយ​ធ្វើ​អន្តោប្រវេសន៍​ទៅ​ប្រទេស​កាណាដា ។ នៅពេល​យន្តហោះ​បាន​ចុះ​ចត​នៅ​អែតម៉ុនថុន អាល់ប៊ើរតា ខ្ញុំ​បាន​ទៅ​វួដ​មួយ​ដែល​នៅ​ក្បែរ​នោះ​បំផុត ។ ខ្ញុំ​បាន​ជួប​ជាមួយ​ប៊ីស្សព ហារី ស្ម៊ីធ ហើយ​ភ្លាម​នោះ​ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​ជា​កម្មសិទ្ធ និង មាន​ការរាប់អាន​នៅក្នុង​វួដ​នោះ ។ ខ្ញុំ​បាន​ទៅ​ទស្សនា​ព្រះវិហារ​បរិសុទ្ធ ខាតស្តុន អាល់ប៊ើរតា ទោះបី​ជា​ខ្ញុំ​ពុំ​ទាន់​អាច​ទទួល​អំណោយទានពិសិដ្ឋ​របស់​ខ្ញុំ​ក្តី ។

ខ្ញុំ​ចង់​ទៅ​ទស្សនា​ទីក្រុង សលត៍ លេក ហើយ​ធ្វើ​ឲ្យ​មិត្តភក្តិ​របស់​ខ្ញុំ អែលឌើរ ឃឹមបឹល និង បងប្រុស ឡាម៉ា វិល្លាម​មាន​ការភ្ញាក់ផ្អើល ។ ទីបំផុត​នៅក្នុង​រដូវ​ផ្ការីក ឆ្នាំ ១៩៦៩ ប្រាំបី​ឆ្នាំ​បន្ទាប់​ពី​ខ្ញុំ​បាន​ជ្រមុជទឹក ខ្ញុំ​បាន​ទៅ​ទស្សនា​ទីក្រុង សលត៍ លេក ហើយ​បាន​ជួប​អែលឌើរ ឃឹមបឹល ។ លោក​មាន​ក្តី​រីករាយ​ណាស់ ហើយ​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ជាមួយ​ខ្ញុំ ។

កាល​នៅ​ទីក្រុង សលត៍ លេក ខ្ញុំ​បាន​ទៅ​ហាង​មួយ​ដើម្បី​កាត់សក់ ។ ខ្ញុំ​បាន​ចែក​ចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ជាមួយ​នឹង​ជាង​កាត់សក់​នោះ ដែល​គាត់​ក៏​ជា​អ្នក​ប្រែចិត្ត​ជឿ​ដោយ​ខ្លួន​ឯង​ដែរ ។ មាន​សុភាព​បុរស​ម្នាក់​កំពុង​រង់ចាំ​កាត់សក់ ដែល​ស្តាប់​ឮ​ខ្ញុំ​ដោយ​ចៃដន្យ ហើយ​បាន​ប្រាប់​ខ្ញុំ​ពី​ការធ្វើ​ដំណើរ​របស់​គាត់​ទៅ​ប្រទេស​ឥណ្ឌា ។ គាត់​បាន​ចេញ​ថ្លៃ​កាត់សក់​ឲ្យ​ខ្ញុំ អញ្ជើញ​ខ្ញុំ​ទៅ​បរិភោគ​អាហារ​ពេល​ល្ងាច ហើយ​បាន​បើក​ឡាន​នាំ​ខ្ញុំ​ទៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ដោយ​ឃើញ​បរិវេណ​សាកលវិទ្យាល័យ​នោះ ។ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​ចង់​បន្ត​ការសិក្សា​របស់​ខ្ញុំ​នៅ​ទីនេះ ប៉ុន្តែ​ខ្ញុំ​គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​រៀន​ទេ ។ បុរស​ម្នាក់​នោះ​បាន​សុំ​បង់​ប្រាក់ ១០០០ ដុល្លារ​សម្រាប់​ថ្លៃ​សិក្សា​របស់​ខ្ញុំ ។ ខ្ញុំ​មាន​ចិត្ត​រំភើប និង មាន​អំណរគុណ​យ៉ាង​ខ្លាំង ។

mangal-dan-dipty-and-paul-trithuvadass

ខាង​លើ ៖ បងប្រុស ឌីពធី កាល​ជា​និស្សិត​នៅ​ប្រទេស​ឥណ្ឌា ។ ខាងក្រោម ៖ បងប្រុស ឌីពធី ( ខាង​ឆ្វេង ) ជាមួយ ប៉ុល ទ្រីស្សូវ៉ាដាស ជា​អ្នក​ត្រួសត្រាយ​ម្នាក់​ផ្សេង​ទៀត​ដែល​ជា​សមាជិក​សាសនាចក្រ​មក​ពី​ប្រទេស​ឥណ្ឌា នៅ​វិសាលដ្ឋាន​នៃ​ព្រះវិហារបរិសុទ្ធ​ក្នុង​ទីក្រុង​សលត៍ លេក ។ ខាង​ឆ្វេង ៖ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​ដំណើរ​ត្រួសត្រាយ​របស់​បងប្រុស​ឌីពធី ។

ខ្ញុំ​បាន​ចូលរួម​កម្មវិធី​កិច្ចការ​សង្គម​នៅ​សាកលវិទ្យាល័យ ប៊ី. វ៉ាយ. យូ ។ នៅក្នុង​ឆ្នាំ ១៩៧២ បន្ទាប់​ពី​បញ្ចប់​ការសិក្សាស​ពី​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ ខ្ញុំ​បាន​ប្តូរ​ទៅ​រស់នៅ​ទីក្រុង សលត៍ លេក ដើម្បី​បន្ត​រៀន​យក​សញ្ញាបត្រ​អនុបណ្ឌិត​មក​ពី​សាកលវិទ្យា​យូថាហ៍ ។ ក្រោយមក​ខ្ញុំ​បាន​ប្តូរ​ទៅ​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. នៅ​ទីនោះ​ខ្ញុំ​បាន​រៀន​ថ្នាក់​បណ្ឌិត​ផ្នែក​ពិនិត្យ និង ព្យាបាល​ខាង​ចិត្តវិទ្យា បាន​បង្រៀន​វគ្គ​សិក្សា​ស្តី​ពី​របៀប​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល ។ ឥឡូវ​នេះ​ខ្ញុំ​បាន​ចូល​និវត្តន៍ ហើយ​រស់នៅ​ជាមួយ​ភរិយា​របស់​ខ្ញុំ វីនឌី​នៅ​រដ្ឋ ណាវ៉ាដា ស.រ.អា. ។

មាន​គ្រា​មួយ​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់​នូវ​ការលំបាក ឧបសគ្គ និង សេចក្តីទុក្ខលំបាក​ផ្ទាល់​ខ្លួន​ជាច្រើន ។ ការផ្តោត​ចិត្ត​ទុកដាក់​របស់​ខ្ញុំ​លើ​ដំណឹង​ល្អ និង ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​ជាច្រើន​នៃ​ជីវិត​នេះ ។

ផែនការ​របស់​ទ្រង់​គឺ​អស្ចារ្យ​ណាស់

ជារឿយៗ ខ្ញុំ​បាន​ងាក​ក្រោយ​មើល​ពី​ដំណើរ​ជីវិត​របស់​ខ្ញុំ​កាល​ពី « ក្មេង​រស់នៅក្នុង​ព្រៃ​ស្បាត » នៅក្នុង​តំបន់​ដាច់​ស្រយាល​មួយ​នៅក្នុង​ប្រទេសឥណ្ឌា មក​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ជា​រូប​ខ្ញុំ​នា​បច្ចុប្បន្ន​នេះ នោះ​ខ្ញុំ​ដឹង​ថា​ជីវិត និង សេចក្តីជំនឿ​របស់​ខ្ញុំ​គឺ​ពិតជា​អព្ភូតហេតុ ។ ការរៀបចំ​របស់​ព្រះអម្ចាស់​សម្រាប់​ជីវិត​របស់​ខ្ញុំ​គឺ​វា​អស្ចារ្យ​ជាង​អ្វី​ដែល​ខ្ញុំ​រពឹង​គិត​ទៅ​ទៀត ។ វា​ជា​ការអស្ចារ្យ​អ្វី​ម៉្លេះ ដែល​មាន​ព្យាការី ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ជា​អ្នក​ដែល​ព្រះអម្ចាស់​តាំង​ឡើង បង្រៀន​ខ្ញុំ ហើយ​ដើរ​ជាមួយ​ខ្ញុំ​នៅក្នុង​គ្រា​សំខាន់ៗ​នៅក្នុង​ដំណើរ​ជីវិត​របស់​ខ្ញុំ ។

ជារឿយៗ ខ្ញុំ​គិត​ងាក​ទៅ​គ្រា​ដែល​ខ្ញុំ​មាន​ជាមួយ​ប្រធាន ឃឹមបឹល ។ លោក​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ដំណើរ​កម្សាន្ត​បោះជំរុំ ពិចនិច និង បុណ្យ​ថ្លែង​អំណរគុណ ព្រមទាំង បុណ្យគ្រីស្ទម៉ាស់​ជាមួយ​គ្រួសារ​លោក ។ រហូត​មក​ដល់​ឥឡូវ​នេះ ខ្ញុំ​បាន​ដឹង​ថា លោក​គឺ​ពិត​ជា​សាវក និង ជា​ព្យាការី​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​មែន ។

ខ្ញុំ​បាន​ជួប​ប្រធាន ឃឹមបឹល លើក​ចុងក្រោយ​អំឡុង​ពេល​លោក​ឈឺ​ជា​ទម្ងន់ ប៉ុន្តែ​លោក​នៅតែ​ញញឹម ហើយ​ឱប​ខ្ញុំ ។ លោក​គឺ​ជា​ពួក​អិល. ឌី. អេស. ដំបូង​គេ​ដែល​ខ្ញុំ​ទាក់ទង ហើយ​ខ្ញុំ​បាន​ដឹង​ថា​លោក​នឹង​មិន​ដែល​បំភ្លេច​ខ្ញុំ​នោះ​ឡើយ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះ​សម្រាប់​ព្យាការី​របស់​យើង និង ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ សាសនាចក្រ​របស់​យើង​គឺ​ជា​សាសនាចក្រ​គំរូ​របស់​ព្រះ​ដែល​ពិភពលោក​ត្រូវការ​នា​សម័យ​នេះ ។ ដោយសារ​សាសនាចក្រ ខ្ញុំ​អាច​ទទួល​បាន​ការអប់រំ ហើយ​រីកចម្រើន​ជា​ពលរដ្ឋ​ម្នាក់ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ថ្ងៃ​នោះ នៅពេល​ខ្ញុំ​បានដឹង​ថា​ការអធិស្ឋាន​គឺ​ជា​ការពិត ហើយ​ថា​ខ្ញុំ​មាន​ឆន្ទៈ​ស្តាប់​នូវ​សំឡេង​តូច​រហៀង ហើយ​ព្យាយាម​ស្វែងរក​សាសនាចក្រ ។ ខ្ញុំ​មាន​អំណរ​គុណ​ដែល​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​រៀបចំ​ខ្សែ​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ប្រសិនបើ​យើង​ស្វែងរក​នគរ​របស់​ទ្រង់ នោះ​អ្វីៗ​គ្រប់យ៉ាង​ទៀត​នឹង​ប្រទាន​មក​យើង​ថែម​ទៀត​ផង ( សូមមើល ម៉ាថាយ ៦:៣៣) ។