ឆ្នាំ​២០១៦
ក្រពើ​ខាង​វិញ្ញាណ
July 2016


លុះ​ត្រា​ជួប​ទៀត

ក្រពើ​ខាង​វិញ្ញាណ

ខ្ញុំ​បាន​និយាយ​ថា « មិន​សម​ហេតុផល​ទេ ។ គ្មាន​ឃើញ​សត្វ​ក្រពើ​នៅ​ទីនោះ​ទេ » ។

crocodile-eye

រូប​ថត © iStock/Thinkstock

ខ្ញុំ​តែងតែ​ចង់​ទៅ​លេង​អាហ្វ្រិក និង​មើល​សត្វ ហើយ​ទីបំផុត​ឱកាស​នោះ​បាន​មក​ដល់ ។ …

យើង​បាន​ឈប់​នៅ​អណ្តូង​ទឹក​មួយ​ដើម្បី​មើល​សត្វ​មក​ផឹក​ទឹក ។ អណ្តូង​នោះ​ស្ងួត​ហួតហែង​ខ្លាំង​ណាស់​នា​រដូវ​នោះ ហើយ​គ្មាន​ទឹក​ច្រើន​នោះ​ទេ ការពិត​ទៅ​គឺ​មាន​តែ​ថ្លុកភក់​ប៉ុណ្ណោះ ។ ពេល​សត្វ​ដំរី​ឈាន​ជើង​លើ​ដី​ភក់​សើម​នោះ ទឹក​ក៏​ជ្រៀប​ចេញ​ម ក​ចូល​ក្នុង​ស្នាម​ជើង​របស់​វា ហើយ​សត្វ​ផ្សេងៗ​មក​ផឹក​ទឹក​នោះ ។

ជា​ពិសេស សត្វ​ល្មាំង មាន​អារម្មណ៍​ភ័យខ្លាច ។ ពួកវា​បាន​ចូល​ទៅ​ជិត​ថ្លុកភក់ ដោយ​គ្រាន់តែ​ក្រឡេក​មើល ហើយ​ក៏​រត់​ចេញ​យ៉ាង​ឆាប់​រហ័ស​ទាំង​ភ័យខ្លាច ។ ខ្ញុំ​អាច​មើល​ឃើញ​ថា គ្មាន​សត្វ​តោ​ណា​នៅ​ក្បែរ​នោះ​ឡើយ ហើយ​ខ្ញុំ​ក៏​សួរ​អ្នក​នាំ​ផ្លូវ​ថា តើ​ហេតុអ្វី​ពួក​សត្វ​ទាំងនោះ​មិន​ផឹក​ទឹក ។ ចម្លើយ​របស់​គាត់​គឺ « សត្វ​ក្រពើ » ហើយ​នេះ​គឺ​ជា​មេរៀន ។

ខ្ញុំ​បាន​ដឹង​ថា គាត់​ច្បាស់​ជា​និយាយ​លេង ហើយ​ខ្ញុំ​បាន​សួរ​គាត់​ដោយ​ប្រាដក​ប្រជា​ថា « តើ​មាន​បញ្ហា​អ្វី ? » ចម្លើយ​ម្តង​ទៀត​នោះ​គឺ​ថា ៖ « សត្វ​ក្រពើ » ។

ខ្ញុំ​បាន​និយាយ​ថា « មិន​សម​ហេតុផល​ទេ ។ គ្មាន​ឃើញ​សត្វ​ក្រពើ​នៅ​ទីនោះ​ទេ » ។ …

ខ្ញុំ​គិត​ថា គាត់​ដឹង​ថា ខ្ញុំ​មិន​ជឿ​គាត់​ទេ ហើយ​គាត់​បាន​សម្រេចចិត្ត​បង្រៀន​មេរៀន​មួយ​ដល់​ខ្ញុំ ។ យើង​បាន​បើកឡាន​ទៅ​កាន់​ទីតាំង​មួយ​ទៀត ដែល​ឡាន​នេះ​ឋិត​នៅលើ​ខឿន​ការពារ​ពី​លើ​ថ្លុកភក់ ដែល​យើង​មើល​ចុះ​ទៅ​ក្រោម​បាន ។ គាត់​បាន​និយាយ​ថា « នោះ​ន៎ ។ សូម​មើល​ដោយ​ខ្លួន​លោក​ផ្ទាល់​ទៅ » ។

ខ្ញុំ​មើល​មិន​ឃើញ​អ្វី​សោះ​ក្រៅ​តែ​ពី ភក់ ទឹក​តិចតួច និង សត្វ​ដែល​ភ័យ​ខ្លាច​នៅ​ពី​ចម្ងាយ​នោះ​ឡើយ ។ ហើយ​នៅ​ពេល​មួយ​នោះ​ខ្ញុំ​បាន​ឃើញ​វា ! — ជា​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ដែល​នៅ​ក្រោម​ភក់ កំពុង​រង់ចាំ​មើល​សត្វ​មួយ​ចំនួន​ដែល​ស្រេក​ទឹក ដោយ​ពុំ​បាន​គិត ហើយ​មក​ផឹកទឹក​នៅ​ទីនេះ ។ …

អ្នក​នាំ​ផ្លូវ​នោះ​មាន​ចិត្ត​ល្អ​ចំពោះ​ខ្ញុំ​ជាង​ខ្ញុំ​គិត​ទុក​ទៅ​ទៀត ។ « ភាព​អំនួត » របស់​ខ្ញុំ​នាំ​ឲ្យ​គាត់​ថ្លែង​ឃ្លា​ដំបូង​របស់​គាត់​ថា « សត្វ​ក្រពើ » ដែល​នាំ​ឲ្យ​មាន​ការអញ្ជើញ​មួយ​ថា « សូមលោកទៅមើលដោយខ្លួនលោកទៅ ! »

ខ្ញុំ​មើល​ឃើញ​ដោយ​ខ្លួន​ឯង​ថា គ្មាន​សត្វ​ក្រពើ​ឡើយ ។ ខ្ញុំ​គិត​ថា​ខ្លួន​ខ្ញុំ​គិត​ត្រូវ ហើយ​ដើរ​ចេញ​ទៅ​ដើម្បី​មើល​ថា​មាន​អ្វី​នៅ​ទីនោះ ។ ភាពក្រអឺតក្រទម​បែប​នោះ​អាច​នាំ​មក​នូវ​សេចក្តី​ស្លាប់ ! ប៉ុន្តែ​គាត់​មាន​ចិត្ត​អត់ធ្មត់​ល្មម​ដើម្បី​បង្រៀន​ខ្ញុំ ។

យុវវ័យ​របស់​ខ្ញុំ​អើយ ខ្ញុំ​សង្ឃឹម​ថា​ប្អូនៗ​នឹង​មាន​ភាពឆ្លាតវៃ​ជាង​ខ្ញុំ​នៅក្នុង​ការនិយាយ​ជាមួយ​អ្នក​នាំ​ផ្លូវ​របស់​ប្អូនៗ​នៅក្នុង​ឱកាស​បែប​នោះ ។ គំនិត​ក្រអឺត​ក្រទម និង ការមិន​គោរព​ដែល​ខ្ញុំ​ដឹង​ថា​ពិតជា​ពុំ​សក្តិសម​នឹង​ខ្ញុំ ហើយ​ក៏​វា​មិន​សក្តិសម​នឹង​ប្អូនៗ​ដែរ ។ ខ្ញុំ​គ្មាន​មោទនភាព​ចំពោះ​វា​នោះ​ទេ ហើយ​ខ្ញុំ​បាន​គិត​ថា​វា​ជា​ក្តី​អាម៉ាស់​មួយ​ដែល​ខ្ញុំ​ប្រាប់​ប្អូនៗ​អំពី​រឿង​នេះ លើកលែង​តែ​ការ​ប្រាប់​ដល់​ប្អូនៗ​នេះ​អាច​ជួយ​ដល់​ប្អូនៗ ។

អស់​អ្នក​ទាំងឡាយ​ដែល​ចាស់​ជាង​ប្អូនៗ ហើយ​ដែល​បាន​ហែល​ឆ្លងកាត់​បទពិសោធន៍​ទាំង​នេះ បាន​ព្រមាន​អ្នក​ពី​គ្រោះថ្នាក់​ដែល​មាន​នៅ​ខាង​មុខ​ប្អូនៗ ។ មិន​គ្រាន់តែ​ជា​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ដែល​ត្របាក់​ស៊ី​អ្នក ​ជា​ចំរៀកៗ​នោះ​ទេ ប៉ុន្តែ សត្វ​ក្រពើ​ខាង​វិញ្ញាណ គឺ​កាន់​តែ​គ្រោះថ្នាក់ ហើយ​កាន់តែ​បោក​បញ្ឆោត និង ពិបាក​មើល​ឃើញ​ជាង​ពពួក​សត្វ​លូន ដែល​ពូកែ​លាក់​ខ្លួន​នៅ​ប្រទេស អាហ្វ្រិក​ទៅ​ទៀត ។

សត្វ​ក្រពើ​ខាង​វិញ្ញាណ​ទាំងនេះ​អាច​សម្លាប់ ឬ ធ្វើ​ឲ្យ​ខូច​ព្រលឹង​របស់​ប្អូនៗ​បាន ។ ពួកវា​អាច​បំផ្លាញ​ភាពសុខសាន្ត​ខាង​ផ្លូវចិត្ត​របស់​ប្អូនៗ និង ភាពសុខសាន្ត​ផ្លូវ​ចិត្ត​របស់​អ្នក​ទាំងឡាយ ដែល​ស្រឡាញ់ប្អូនៗ ។ អ្វីៗ​ទាំងអស់​នោះ​ហើយ ដែល​ត្រូវ​បាន​ព្រមាន​នោះ ហើយ​វា​ស្ទើរតែ​គ្មាន​កន្លែង​ណា​មួយ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​មិន​ត្រូវ​បាន​បៀតបៀន​ជាមួយ​នឹង​គ្រោះថ្នាក់​ទាំងអស់​នោះ​ឡើយ ។ …

ជា​សំណាង​ល្អ​មាន​អ្នកដឹកនាំ​ផ្លូវ​គ្រប់គ្រាន់​នៅក្នុង​ជីវិត ដើម្បី​ការពារ​រឿង​បែប​នេះ​កុំ​ឲ្យ​កើត​ឡើង ប្រសិន​បើ​យើង​មាន​ឆន្ទៈ​ទទួល​យក​ការទូន្មាន​ក្នុង​ពេល​នេះ និង ក្រោយៗ​ទៀត ។