សារលិខិតគណៈប្រធានទីមួយ
ស្មោះនឹងជំនឿ នៃពួកបុព្វការីជនរបស់យើង
ចន លីនហ្វត មានអាយុ ៤៣ ឆ្នាំ កាលគាត់ និង ភរិយាគាត់ ម៉ារៀ ព្រមទាំងកូនប្រុសបីនាក់របស់ពួកគាត់បានសម្រេចចិត្តចាកចេញពីផ្ទះរបស់ខ្លួននៅ ហ្គ្រាវែលី ប្រទេស អង់គ្លេស ដោយធ្វើដំណើរចម្ងាយរាប់ពាន់គីឡូម៉ែត្រទៅចូលរួមនឹងពួកបរិសុទ្ធនៅជ្រលងភ្នំនៃទីក្រុង សលត៍ លេក ដ៏ធំល្វឹងល្វើយ ។ ពួកគាត់បានចាកចោលកូនប្រុសទីបួនរបស់ខ្លួន ដែលកំពុងបម្រើបេសកកម្ម ហើយបានលក់ទ្រព្យសម្បត្តិខ្លួន រួចបានឡើងកប៉ាល់នៅទីក្រុង លីវើរភូលដោយជិះកប៉ាល់ឈ្មោះ ថនតុន ។
ការធ្វើដំណើរតាមសមុទ្រទៅកាន់ទីក្រុង នូវ យ៉ោក ហើយក្រោយមកធ្វើដំណើរតាមដីគោកទៅកាន់រដ្ឋ អៃអូវ៉ា ដែលបានបង្ហាញថាជាការធ្វើដំណើរដ៏សែនធុញថប់ណាស់ ។ ប៉ុន្តែ មិនយូរប៉ុន្មានឡើយ ក្តីអំពល់បានកើតឡើងបន្ទាប់ពីគ្រួសារលីនហ្វត និង ពួកបរិសុទ្ធថ្ងៃចុងក្រោយដទៃទៀត ដែលបានធ្វើដំណើរតាមកប៉ាល់ ថនតុន ដោយចាកចេញពីទីក្រុង អៃអូវ៉ា នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ១៨៥៦ ដែលពួកគេគឺស្ថិតនៅក្នុងក្រុមរទេះអូស ជេមស៍ ជី វីលី ដ៏អកុសលនោះ ។
អាកាសធាតុដ៏ត្រជាក់ និង ការធ្វើដំណើរដ៏សែនលំបាកនោះបានបណ្តាលឲ្យមនុស្សជាច្រើននៅក្នុងក្រុមនោះមានជំងឺ និង ស្លាប់ ក្នុងនោះមានលោក ចនផងដែរ ។ គាត់បានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយខ្សោយជាខ្លាំងរហូតដល់គេដាក់គាត់នៅលើរទេះធ្វើដំណើរនោះ ។ នៅពេលក្រុមនោះបានទៅដល់ រដ្ឋ វ៉ាយអូមីង ជំងឺរបស់គាត់កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ។ ក្រុមសង្គ្រោះមកពីទីក្រុង សលត៍ លេកបានមកដល់នៅថ្ងៃទី ២១ ខែ តុលា គឺគ្រាន់តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី ចន បានផុតដង្ហើមលាចាកលោកនេះទៅ ។ គាត់បានចែកឋានទៅនៅព្រឹកព្រលឹមនោះ នៅក្បែរច្រាំងទន្លេ ស្វីតវ៉តធើរ ។
តើ ចន សោកស្តាយឬ ដែលគាត់បានប្តូរភាពស្រណុកសុខស្រួលរបស់ខ្លួន ជាមួយនឹងការលំបាក ការឈឺចាប់ និង ក្តីវេទនាដោយនាំគ្រួសាររបស់គាត់ទៅទីក្រុងស៊ីយ៉ូននោះ ?
គាត់បានប្រាប់ភរិយារបស់គាត់ពីមុនគាត់ហៀបនឹងស្លាប់ថា « ទេ បងមិនសោកស្តាយទេ ម៉ារៀ ។ បងសប្បាយចិត្តណាស់ដែលពួកយើងបានធ្វើដំណើរមកទីនេះ ។ បងនឹងមិនអាចរស់នៅរហូតដល់យើងទៅដល់ទីក្រុង សលត៍ លេកទេ ប៉ុន្តែអូន និង កូនៗនឹងទៅដល់ទីនោះ ហើយបងគ្មានការសោកស្តាយចំពោះអ្វីៗដែលយើងបានហែលឆ្លងមកជាមួយគ្នាឡើយ ប្រសិនបើកូនៗរបស់យើងអាចធំឡើង ហើយចិញ្ចឹមគ្រួសាររបស់ពួកគេនៅក្នុងទីក្រុង ស៊ីយ៉ូននោះ » ។១
ម៉ារៀ និង កូនៗរបស់នាងបានទៅដល់គោលដៅនៃដំណើររបស់ខ្លួន ។ ជិត ៣០ឆ្នាំក្រោយមកនៅពេល ម៉ារៀបានចែកឋានទៅ នាង និង ចនបានបន្សល់ទុកនូវកេរមរតកនៃសេចក្តីជំនឿ ការបម្រើ ការឧទ្ធិស និង ការបូជា ។
ដើម្បីធ្វើជាពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺត្រូវធ្វើជាអ្នកត្រួសត្រាយ ចំពោះនិយមន័យនៃពាក្យថាអ្នកត្រួសត្រាយគឺជា « មនុស្សដែលដើរទៅមុន ដើម្បីរៀបចំ ឬ បើកផ្លូវសម្រាប់មនុស្សដទៃទៀតឲ្យដើរតាម » ។២ ហើយដើម្បីធ្វើជាអ្នកត្រួសត្រាយ គឺត្រូវតែស្គាល់ពីការបូជា ។ ទោះបីជាសមាជិកសាសនាចក្រពុំតម្រូវឲ្យចាកចេញពីផ្ទះរបស់ខ្លួន ហើយធ្វើដំណើរទៅទីក្រុង ស៊ីយ៉ូនទៀតក្តី ក៏ជារឿយៗពួកគេត្រូវតែទម្លាក់ចោលនូវទម្លាប់ចាស់ៗ សណ្តាប់ពីបុរាណ និង មិត្តភក្ដិជាទីស្រឡាញ់បំផុត ។ មនុស្សមួយចំនួនបានសម្រេចចិត្តទាំងឈឺចាប់ ដើម្បីចាកចោលសមាជិកគ្រួសារខ្លួន ដែលប្រឆាំងនឹងភាពជាសមាជិកក្នុងសាសនាចក្ររបស់ពួកគេ ។ ប៉ុន្តែ ពួកបរិសុទ្ធថ្ងៃចុងក្រោយបានបន្តឆ្ពោះទៅមុខ ដោយអធិស្ឋានថាមនុស្សជាទីស្រឡាញ់ទាំងនោះនឹងយល់ ហើយទទួលយកនៅថ្ងៃណាមួយ ។
ផ្លូវរបស់អ្នកត្រួសត្រាយគ្មានភាពងាយស្រួលឡើយ ប៉ុន្តែយើងដើរតាមដាននៃអ្នកត្រួសត្រាយដ៏អស្ចារ្យបំផុត — គឺព្រះអង្គសង្គ្រោះ — ដែលទ្រង់បានយាងមុនគេ ដោយបង្ហាញដល់យើងនូវមាគ៌ាដើម្បីដើរតាម ។
ទ្រង់បានអញ្ជើញថា « ចូរមកតាមខ្ញុំ » ។៣
ទ្រង់បានប្រកាសថា « ខ្ញុំជាផ្លូវជាសេចក្តីពិត និង ជាជីវិត » ។៤
ទ្រង់បានអំពាវនាវថា « ចូរមកតាមខ្ញុំ » ។៥
ជាផ្លូវដែលយើងអាចសាកល្បងបាន ។ មានមនុស្សមួយចំនួនពិបាកទ្រាំទ្រនឹងសេចក្ដីចំអក និង ពាក្យសម្ដីដ៏អាក្រក់នៃជនឆោតល្ងង់ដែលចំអកដល់ព្រហ្មចារីភាព សេចក្ដីស្មោះត្រង់ និង ការគោរពប្រតិបត្តិដល់ព្រះបញ្ញត្តិនៃព្រះ ។ ពិភពលោកនេះ តែងតែបន្ទាបបន្ថោកដល់ការឱបក្រសោបយកគោលការណ៍ទាំងនេះ ។ នៅពេល ណូអេ ត្រូវបានបង្គាប់ឲ្យសង់ទូកធំមួយ នោះមានពួកមនុស្សល្ងីល្ងើបានសម្លឹងមើលទៅលើផ្ទៃមេឃដ៏ស្រឡះ រួចហើយបានសើចចំអកឡកឡឺយ — រហូតដល់ភ្លៀងបានធ្លាក់ចុះមក ។
កាលពីច្រើនសតវត្សរ៍យូរលង់ណាស់មកហើយ នៅទ្វីបអាមេរិកមានមនុស្សដែលសង្ស័យ ឈ្លោះប្រកែកគ្នា ព្រមទាំងពុំគោរពតាម រហូតដល់ភ្លើងបានឆេះលេបត្របាក់ទីក្រុង សារ៉ាហិមឡា ទីក្រុង មរ៉ូណៃហាត្រូវបានលេចចុះ ហើយទឹកស្រូបពន្លិចទីក្រុង មរ៉ូណៃ ។ ការសើចឡកឡឺយ ការចំអក សម្តីអាសគ្រាម និង អំពើបាបគ្មានទៀតឡើយ ។ វាត្រូវបានជំនួសដោយភាពស្ងាត់ឈឹង និង ភាពងងឹតយ៉ាងក្រាស់ ។ ការអត់ធ្មត់របស់ព្រះបានផុតកំណត់ ហើយកាលវិភាគរបស់ទ្រង់ត្រូវបានបំពេញ ។
ម៉ារៀ លីនហ្វតពុំបោះបង់សេចក្តីជំនឿរបស់នាងឡើយ បើទោះបីជាមានការបៀតបៀននៅក្នុងប្រទេស អង់គ្លេសក្តី ការលំបាកនៅក្នុងការធ្វើដំណើររបស់នាងទៅកាន់ « កន្លែងដែលព្រះ … រៀបទុក »៦ និង ការសាកល្បងបន្តបន្ទាប់ទៀតដែលនាងបានស៊ូទ្រាំចំពោះគ្រួសារនាង និង សាសនាចក្រ ។
នៅឆ្នាំ ១៩៣៧ ក្នុងពិធីឧទ្ធិសផ្នូរដើម្បីរំឭកចាំដល់ម៉ារៀ នោះអែលឌើរ ចច អ័លប៊ើត ស៊្មីធ ( ឆ្នាំ ១៨៧០–១៩៥១ ) បានសួរដល់កូនចៅរបស់នាង ៖ « តើបងប្អូនទាំងអស់គ្នា នឹងរស់នៅដោយស្មោះនឹងជំនឿនៃពួកបុព្វការីជនរបស់អ្នកដែរឬទេ ? … ចូរព្យាយាមឲ្យមានភាពសក្តិសមចំពោះការបូជាទាំងអស់ដែល [ ពួកគេ ] បានធ្វើចំពោះបងប្អូន » ។៧
នៅពេលយើងព្យាយាមស្ថាបនាទីក្រុងស៊ីយ៉ូននៅក្នុងដួងចិត្ត គេហដ្ឋាន សហគមន៍របស់យើង និង ក្នុងប្រទេសរបស់យើង នោះយើងអាចចងចាំពីភាពក្លាហានដ៏មុតមាំ និង ការកាន់ខ្ជាប់នូវសេចក្តីជំនឿនៃអស់អ្នកដែលផ្តល់នូវអ្វីៗគ្រប់បែបយ៉ាង ដែលធ្វើឲ្យយើងអាចរីករាយនឹងពរជ័យនៃដំណឹងល្អដែលបានស្តារឡើងវិញ ដោយមានសេចក្តីសង្ឃឹម និង ការសន្យាតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។