សូមអរគុណចំពោះការណែនាំខ្ញុំឲ្យស្គាល់ដំណឹងល្អ
ស្កត់ អេឌហ្គា រដ្ឋ យូថាហ៍ ស.រ.អា.
កាលពីដើមទស្សវត្សរ៍ឆ្នាំ ១៩៨០ គ្រួសាររបស់ខ្ញុំបានរស់នៅក្នុងប្រទេស អាល្លឺម៉ង់ ភាគខាងលិច ហើយយើងគឺជាសមាជិកនៅស្តេកទាហានខាយសើរស្លោធើន អាល្លឺម៉ង់ ។ នៅគ្រានោះ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានរបស់យើងបានសង្កត់ធ្ងន់លើកិច្ចការផ្សព្វផ្សាយសាសនា ។ ពួកលោកបានប្រាប់យើងថានៅក្នុងរង្វង់មិត្តភក្តិរបស់យើង ព្រះអម្ចាស់បានដាក់កូនវិញ្ញាណជម្រើសរបស់ទ្រង់មួយចំនួន ដែលស្វែងរកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ភរិយាខ្ញុំ ជេនី និង រូបខ្ញុំបានជឿថានោះគឺជាការពិត ។ ថ្នាក់ដឹកនាំរបស់យើងបានលើកទឹកចិត្តយើងម្នាក់ៗ ឲ្យកត់សម្គាល់ពីមិត្តភក្តិមិនមែនជាសមាជិក ដែលយើងគិតថាចាប់អារម្មណ៍ស្តាប់ដំណឹងល្អ ។ យើងបានធ្វើបញ្ជីឈ្មោះមនុស្សប្រហែល ១០ នាក់ ហើយបន្ទាប់មកបានតមអាហារ និង អធិស្ឋានអំពីបញ្ជីឈ្មោះរបស់មិត្តភក្តិយើង ហើយបានសម្រេចចិត្តថាអ្នកណាដែលយើងទៅជួបមុនគេ ។ យើងបានសម្រេចចិត្តទាក់ទងបុរសពីរនាក់ដែលជាសហការីនៅក្នុងការិយាល័យរបស់ខ្ញុំ ។ ដំបូងខ្ញុំបាននិយាយជាមួយយុវមជ្ឈិមវ័យម្នាក់ឈ្មោះ គ្រីស្ទ ប៉ុន្តែគេបានបង្ហាញចំណាប់អារម្មណ៍តិចតួចនៅពេលនោះ ។ ក្រោយមកយើងបានសម្រេចចិត្តថា ខ្ញុំនឹងទៅជួប ប្រ៊ូស ហាំប៊ី ជាមនុស្សម្នាក់ដែលល្អ និង មានចិត្តសប្បុរសដែលទើបតែមានគ្រួសារថ្មោងថ្មី ។
ប៉ុន្តែបួនប្រាំថ្ងៃបានកន្លងផុតទៅ ខ្ញុំបានឃើញថាខ្ញុំភ័យខ្លាចក្នុងចិត្តពុំហ៊ាននិយាយដំណឹងល្អប្រាប់គាត់ឡើយ ។ ទីបំផុត នៅថ្ងៃមួយ ជេនី បានទូរសព្ទមកខ្ញុំពេលខ្ញុំនៅការិយាល័យ ហើយបានសួរខ្ញុំថា « តើបងបាននិយាយជាមួយ ប្រ៊ូស ហើយឬនៅ ? » ខ្ញុំបាននិយាយថា « ទេ បង មិនទាន់បាននិយាយជាមួយគេនៅឡើយទេ ប៉ុន្តែបងនឹងនិយាយជាមួយគេឆាប់ៗនេះ » ។ ក្រោយមកនាងបានសួរថា តើប្រ៊ូស នៅក្នុងការិយាល័យទេថ្ងៃនេះ ហើយខ្ញុំបាននិយាយថា បាទ គាត់នៅ ។ នៅពេលនោះនាងបាននិយាយថា « ស្តត សូមដាក់ទូរសព្ទចុះ ។ អូននឹងនៅចាំ ពេលបងនិយាយជាមួយគាត់ ! »
ខ្ញុំបានដាក់ទូរសព្ទចុះ ហើយបានដើរទៅរក ប្រ៊ូស ទាំងភ័យក្នុងចិត្ត ហើយសួរថា « ប្រ៊ូស តើអ្នកដឹងថាខ្ញុំជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមែនទេ ?» គាត់បាននិយាយថា បាទខ្ញុំដឹង ហើយខ្ញុំបាននិយាយថា « តើអ្នកចាប់អារម្មណ៍រៀនបន្ថែមទៀតអំពីសាសនាចក្រនេះឬទេ ? » គាត់បានឆ្លើយថា « បាទខ្ញុំចង់រៀន » ។
រំលងជាពីរបីសប្តាហ៍ក្រោយមក ប្រ៊ូស ភរិយារបស់គាត់ អ៊ីឡា និង កូនស្រីរបស់ពួកគេ ថានយ៉ា បានមកផ្ទះរបស់យើងបរិភោគអាហារពេលល្ងាច ហើយបានជួបជាមួយអ្នកផ្សព្វផ្សាយសាសនា ។ ពួកគេបានរៀនមេរៀន ចូលរួមការប្រជុំសាសនាចក្រជាមួយយើង បានទទួលដំណឹងល្អ ហើយបានជ្រមុជទឹក ។ វាគឺជាថ្ងៃដ៏នក្ខត្តឫក្ស និង រីករាយបំផុត ។ ប្រ៊ូស មានអំណរគុណដែលយើងបានណែនាំគ្រួសាររបស់គាត់ឲ្យស្គាល់ដំណឹងល្អ ។ សូម្បីតែ គ្រីស្ទ ជាយុវវជននៅក្នុងការិយាល័យរបស់យើងបានចូលរួមបុណ្យជ្រមុជទឹក ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្រោយមក ប្រ៊ូស និង អ៊ីឡា បានទៅជួប គ្រីស្ទប្រាប់អំពីដំណឹងល្អ ។ ដោយការរាប់អានរបស់ពួកគេ នោះគ្រីស្ទបានរៀនដំណឹងល្អពីអ្នកផ្សព្វផ្សាយសាសនា ហើយបានចូលរួមសាសាចក្រផងដែរ ។