ព្រះវិហារបរិសុទ្ធនៅផ្នែកម្ខាងទៀតនៃពិភពលោក
រុបប៊ីន អ៊ីស្តាប្រ៊ូក រដ្ឋ វើរជិនញ៉ា ស.រ.អា.
អំឡុងពេលវ័យជំទង់ ខ្ញុំបានចូលរួមសាសនាចក្រដែលវាផ្ទុយពីបំណងប្រាថ្នារបស់គ្រួសារខ្ញុំ ។ កាលខ្ញុំមានអាយុខ្ទង់ ២០ ឆ្នាំប្លាយ ខ្ញុំបានចាប់ផ្តើមធ្វើពង្សប្រវត្តិរបស់គ្រួសារខ្ញុំ បន្ទាប់ពីលោកឪពុកខ្ញុំបានចែកឋានទៅ ។ មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានរៀបការ ហើយមានភាពមមាញឹកក្នុងនាមជាភរិយា និង ម្តាយដែលចិញ្ចឹមបីបាច់កូនតូចៗ ហើយបានឈប់ធ្វើកិច្ចការពង្សប្រវត្តិ ។
ដោយសារខ្ញុំគ្មានគ្រួសារនៅក្នុងសាសនាចក្រ នោះខ្ញុំមានបំណងស្វែងរកពង្សប្រវត្តិរបស់គ្រួសារខ្ញុំជាខ្លាំង ។ ខ្ញុំចូលចិត្តធ្វើកិច្ចការនេះ ហើយមានបំណងចំណាយពេលឲ្យបានច្រើនថែមទៀតដើម្បីធ្វើវា ។
កាលខ្ញុំអាយុ ៣៣ ឆ្នាំជីវិតរបស់ខ្ញុំបានជួបនឹងបញ្ហាដែលពុំបានព្រៀងទុក ពេលសុខភាពរបស់ខ្ញុំបានចាប់ផ្តើមធ្លាក់ចុះទ្រុឌទ្រោម ។ វាជាគ្រាដ៏លំបាកដែលខ្ញុំមិនអាចឡើងភ្នំជាមួយគ្រួសាររបស់ខ្ញុំ ការដើរកម្សាន្តនៅជុំវិញផ្ទះក្លាយជាការលំបាក ។ ខ្ញុំពុំអាចសម្អាតផ្ទះរយៈពេលពីរម៉ោងនៅថ្ងៃសៅរ៍ទៀតឡើយ ហើយខ្ញុំរីករាយណាស់ ប្រសិនបើខ្ញុំគ្រាន់តែអាចបូមធូលីបាននោះ ។ ខ្ញុំធ្លាប់មានមិត្តភក្តិជាច្រើន តែឥឡូវនេះខ្ញុំមានមិត្តភក្តិតែពីរបីនាក់ប៉ុណ្ណោះ ដោយសារខ្ញុំពុំអាចធ្វើអ្វីៗសម្រាប់ពួកគេដូចកាលពីមុនឡើយ ។
គឺនៅពេលនោះហើយ ដែលខ្ញុំបានចាប់ផ្តើមធ្វើកិច្ចការពង្សប្រវត្តិរបស់គ្រួសារខ្ញុំម្តងទៀត ។ កូនស្រីរបស់ខ្ញុំបានចាប់ផ្តើមស្វែងរកពង្សប្រវត្តិខាងឪពុករបស់នាង ហើយតែមួយល្ងាចប៉ុណ្ណោះបានបញ្ចប់កិច្ចការដែលខ្ញុំចំណាយពេលធ្វើអស់ជាច្រើនឆ្នាំ ។ខ្ញុំបានបញ្ចប់បួនប្រាំជំនាន់នៅក្នុងផ្នែករបស់ខ្ញុំ ហើយបានបញ្ជូនឈ្មោះទៅកាន់ព្រះវិហារបរិសុទ្ធដើម្បីធ្វើកិច្ចការនោះឲ្យបានចប់សព្វគ្រប់ ។ ខ្ញុំចង់ទៅព្រះវិហារបរិសុទ្ធ ហើយធ្វើពិធីទាំងនោះសម្រាប់សមាជិករបស់ខ្ញុំដោយផ្ទាល់ ប៉ុន្តែសុខភាព និង ចម្ងាយផ្លូវទៅព្រះវិហារបរិសុទ្ធមិនអំណោយផលដល់ខ្ញុំឡើយ ។
បន្ទាប់ពីបញ្ជូនឈ្មោះទាំងនោះហើយ ខ្ញុំបានចាប់ផ្តើមយំដោយ មានអារម្មណ៍ថា ខ្ញុំបានធ្វើឲ្យសមាជិកគ្រួសាររបស់ខ្ញុំពិបាកចិត្ត ដោយសារខ្ញុំពុំអាចនៅទីនោះជាមួយពួកគេ នៅថ្ងៃធ្វើពិធីបរិសុទ្ធដ៏ពិសេសេនោះសម្រាប់ពួកគេ ។ មួយសប្តាហ៍ក្រោយមក នៅពេលខ្ញុំបានចុះឈ្មោះទៅក្នុងគេហទំព័រ FamilySearch.org ដើម្បីពិនិត្យមើលពីការរីកចម្រើននៃកិច្ចការព្រះវិហារបរិសុទ្ធរបស់ពួកគេ នោះខ្ញុំបានឃើញអ្វីមួយដ៏អស្ចារ្យ ។ មិនត្រឹមតែកិច្ចការទាំងអស់បានធ្វើចប់សព្វគ្រប់ប៉ុណ្ណោះទេ ប៉ុន្តែសមាជិកនៅក្នុងព្រះវិហារបរិសុទ្ធ អាក្រា ហ្គាណា បានធ្វើកិច្ចការទាំងនោះ ! ខ្ញុំមានក្តីរំភើបដោយឃើញសមាជិកនៅផ្នែកម្ខាងទៀតនៃពិភពលោកនេះ បានធ្វើកិច្ចការព្រះវិហារបរិសុទ្ធបានចប់សព្វគ្រប់សម្រាប់គ្រួសារដ៏តូចរបស់ខ្ញុំនេះ ។ ខ្ញុំបានយំជាខ្លាំង ដោយគិតពីការលះបង់របស់ប្រជាជននៅក្នុងប្រទេស ហ្គាណា នៅពេលពួកគេបានធ្វើដំណើរទៅព្រះវិហារបរិសុទ្ធដើម្បីគ្រួសាររបស់ខ្ញុំ ។ ខ្ញុំមានអំណរគុណជាខ្លាំង ចំពោះសមាជិកនៃមណ្ឌលព្រះវិហារបរិសុទ្ធ អាក្រា ហ្គាណា បានធ្វើកិច្ចការដែលខ្ញុំពុំអាចធ្វើវាបាន ៖ គឺចូលទៅព្រះវិហារបរិសុទ្ធ ហើយផ្តល់ពរជ័យនៃពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់គ្រួសាររបស់ខ្ញុំ ។