ការដោះស្រាយបញ្ហាជាមួយ នឹងការត្រឡប់មកផ្ទះវិញមុនកំណត់
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
ការត្រឡប់មកពីបេសកកម្មវិញមុនកំណត់ ដោយសារតែហេតុផលសុខភាពក្តី ក៏អាចជាបទពិសោធន៍មួយដ៏បាក់ទឹកចិត្តខ្លាំងបំផុត ។ វាបានកើតឡើងចំពោះខ្ញុំ ។ ប៉ុន្តែអ្នកអាចធ្វើវាឲ្យរីកចម្រើនទៅមុខ មិនមែនអន់ថយទៅក្រោយឡើយ ។
រចនាលម្អរូបថតដោយ ខូលីន លីហ្គើតវ៉ូដ
ឪពុកខ្ញុំមិននៅផ្ទះឡើយដោយសារគាត់ជាប់ធ្វើដំណើរផ្នែកជំនួញ ដូច្នោះមានតែម្តាយខ្ញុំម្នាក់គត់ដែលបានទៅស្វាគមន៍ខ្ញុំ នៅពេលខ្ញុំបានចុះពីយន្តហោះពីបេសកកម្មរបស់ខ្ញុំ ។ គាត់បានឱបខ្ញុំ ហើយពួកយើងបានយំ ។
ខ្ញុំបានធ្វើតេស្តវេជ្ជសាស្ត្រជាច្រើនតាមដែលអាចធ្វើបាន ប៉ុន្តែវេជ្ជបណ្ឌិតពុំអាចស្វែងរកឃើញបញ្ហាអ្វីឡើយ ។ ការដោះស្លាកឈ្មោះអ្នកផ្សព្វផ្សាយសាសនារបស់ខ្ញុំចេញ ប្រាំបួនខែមុនកំណត់គឺជារឿងដ៏លំបាកបំផុតដែលខ្ញុំបានជួប ។ ខ្ញុំមានអារម្មណ៍ថាវាគឺជាភាពបរាជ័យមួយ ដែលខ្ញុំមិនបានបញ្ចប់បេសកកម្ម ។
ពិតជាមានន័យណាស់ ដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនាមួយរូប
ការធ្វើជាអ្នកផ្សព្វផ្សាយសាសនា គឺជាគោលដៅរបស់ខ្ញុំជានិច្ច ។ ពេលបងប្រុសរបស់ខ្ញុំបានចេញបម្រើបេសកកម្ម នោះខ្ញុំបានស្លៀកពាក់ដោយមានពាក់ស្លាកឈ្មោះដែលធ្វើដោយខ្លួនឯង ដើម្បីលាគាត់នៅប្រលានយន្តហោះ ។ ពេលអាយុបម្រើបេសកកម្មបានផ្លាស់ប្តូរកាលពីឆ្នាំ ២០១២ នោះខ្ញុំមានអាយុ ១៩ ឆ្នាំ ហើយខ្ញុំបានដឹងថាការប្រកាសនោះគឺជាចម្លើយចំពោះការអធិស្ឋានរបស់ខ្ញុំ ។ ខ្ញុំបានរាំក្នុងបន្ទប់ បំពេញទម្រង់បែបបទបម្រើរបស់ខ្ញុំនៅថ្ងៃនោះ ណាត់ជួបពេទ្យពិនិត្យសុខភាព ហើយបានដាក់បញ្ជូនទម្រង់បែបបទបម្រើរបស់ខ្ញុំនៅក្នុងសប្តាហ៍នោះតែម្តង ។ ពីរសប្តាហ៍ក្រោយមក ខ្ញុំបានទទួលការបម្រើទៅបេសកកម្ម កាលីហ្វូញ៉ា អាណាហៀម ហើយត្រូវទៅមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនារយៈពេលពីរខែបន្ទាប់ពីនោះ ។
ពេលខ្ញុំបានទៅក្នុងតំបន់បេសកកម្ម ខ្ញុំមានអារម្មណ៍ « ពុះកញ្ជ្រោល » ធ្វើកិច្ចការនេះ ហើយពុំចង់បង្អង់កិច្ចការនេះឡើយ ។ អ្នកបំពាក់បំប៉នខ្ញុំ និង រូបខ្ញុំពិតជាខិតខំរៀនមេរៀនមួយចំនួនយ៉ាងលឿន ដោយសារយើងរំភើបចិត្តដើម្បីបង្រៀនខ្លាំងណាស់ ។ សម្រាប់ខ្ញុំ ការធ្វើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង គឺជារឿងសាមញ្ញបំផុតនៅលើលោកនេះ ។ ជួនកាលខ្ញុំមានការលំបាក និង ស្មុគស្មាញ ប៉ុន្តែចំពោះខ្ញុំគ្មានអ្វីដែលអស្ចារ្យជាងការធ្វើជាអ្នកផ្សព្វផ្សាយសាសនាឡើយ ។
អំឡុងពេលប្រាំបីខែនៅក្នុងបេសកកម្មរបស់ខ្ញុំ ដៃគូខ្ញុំ និង រូបខ្ញុំត្រូវជិះកង់ផ្សព្វផ្សាយ ដោយសារគ្មានឡានគ្រប់គ្រាន់ឡើយ ។ ខ្ញុំខានជិះកង់យូរមកហើយ ហើយពុំដឹងថាជិះកង់ទាំងស្លៀកសំពត់យ៉ាងដូចម្តេចនោះទេ ប៉ុន្តែខ្ញុំមានក្តីរំភើបណាស់ ។ ប៉ុន្តែបន្ទាប់ពីពីរបីសប្តាហ៍ក្រោយមក ខ្ញុំបានចាប់ផ្តើមឈឺនៅចំហៀងខ្លួន ដែលវាឈឺបាត់ៗ ។ ខ្ញុំមិនខ្វល់ខ្វាយនឹងការឈឺចាប់នោះទេ ហើយបន្តខិតខំធ្វើការ ។
ការឈឺនោះបានប្រែកាន់តែញឹកញាប់ ហើយខ្លាំងឡើងៗ រហូតដល់យប់មួយដៃគូរបស់ខ្ញុំបានយកខ្ញុំទៅបន្ទប់សង្គ្រោះបន្ទាន់ ។ ខ្ញុំបានធ្វើតេស្តវេជ្ជសាស្ត្រជាច្រើន ប៉ុន្តែវេជ្ជបណ្ឌិតពុំអាចស្វែងរកឃើញប្រភពនៃការឈឺចាប់នោះឡើយ ។
នៅប៉ុន្មានសប្តាហ៍ក្រោយមក ខ្ញុំបានអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ទូលសុំឲ្យការឈឺចាប់នោះបានរសាយបាត់ទៅ ហើយទទួលការប្រសិទ្ធពរបព្វជិតភាពបួនប្រាំដង ប៉ុន្តែវាកាន់តែឈឺខ្លាំងឡើងៗ ។ ខ្ញុំមានការឈឺចាប់គ្រប់ពេលទោះបីដេក ដើរ ឈរ អង្គុយក្តី ការឈឺចាប់នោះមានជាប់ជានិច្ច ។ ប៉ុន្តែខ្ញុំបានសម្រេចចិត្តថា ខ្ញុំអាចទម្លាប់នឹងការឈឺចាប់នោះ ហើយបន្តធ្វើការទៀត ។
នាថ្ងៃមួយខ្ញុំបានដួលសន្លប់នៅលើចិញ្ចើមថ្នល់ ហើយពុំអាចធ្វើចលនាអ្វីទៀតបានឡើយ ។ ខ្ញុំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្តផ្សេងៗ ប៉ុន្តែម្តងនេះនៅតែគ្មានលទ្ធផលអ្វីឡើយ ។ ខ្ញុំបានព្យាយាមសម្រាកបន្តិច ហើយអង្គុយលើកៅអីរង់ចាំរថយន្តក្រុងជាមួយដៃគូខ្ញុំ ហើយបង្រៀនមនុស្សកាលពួកគេកំពុងរង់ចាំឡានក្រុង ។ ខ្ញុំបានអង្គុយរហូតដល់បង្រៀនចប់ ដោយខាំមាត់អត់ទ្រាំនឹងការឈឺចាប់ ។ ទីបំផុតខ្ញុំបានធ្វើឲ្យខ្លួនឯងកាន់តែដុនដាបខ្លាំងឡើង ហើយក្រោយមកខ្ញុំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសារជាថ្មីម្តងទៀត ។ ខ្ញុំបានដឹងថា ខ្ញុំអាចធ្វើបាបខ្លួនឯងជាអចិន្ត្រៃយ៍ ប្រសិនបើខ្ញុំបន្តនៅបម្រើបេសកកម្មរបស់ខ្ញុំទៀតនោះ ។ បន្ទាប់ពីអធិស្ឋានជាច្រើនដងមក ខ្ញុំបានទទួលចម្លើយថា ខ្ញុំគួរតែត្រឡប់ទៅផ្ទះវិញ ដើម្បីដោះស្រាយបញ្ហាសុខភាពរបស់ខ្ញុំសិន ។
ជំហាននៃការរីកចម្រើន
ពេលខ្ញុំបានដឹងថា ខ្ញុំបានមកផ្ទះវិញជារៀងរហូត នោះខ្ញុំមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ។ ប៉ុន្តែខ្ញុំបានព្យាយាមអស់ពីសមត្ថភាពរបស់ខ្ញុំ ដើម្បីបន្តសេចក្តីជំនឿរបស់ខ្ញុំ និង សិក្សាព្រះគម្ពីរ ។ គ្រួសាររបស់ខ្ញុំបានប្រព្រឹត្តិយ៉ាងល្អចំពោះខ្ញុំ ប៉ុន្តែមនុស្សដទៃទៀតដែលនៅជុំវិញខ្ញុំពុំដឹងច្បាស់ ថាតើត្រូវប្រព្រឹត្តិបែបណាចំពោះស្ថានភាពរបស់ខ្ញុំឡើយ ។ ពួកគេបន្តសួរសំណួរខ្ញុំ ហើយខ្ញុំមានការពិបាកនឹងគ្រប់គ្រងអារម្មណ៍សោកសៅរបស់ខ្ញុំណាស់ ។ ប៉ុន្តែ មានបុរសម្នាក់បានទូរសព្ទមកខ្ញុំដោយពុំរំពឹងទុក ហើយបានប្រាប់ខ្ញុំថា កូនប្រុសរបស់គាត់បានត្រឡប់មកផ្ទះវិញមុនកំណត់ពីបេសកកម្មរបស់គាត់យូរយារណាស់មកហើយ ។ គាត់បានប្រាប់ខ្ញុំថា ការសាកល្បងនេះមានសក្តានុពលអាចបំផ្លាញសេចក្តីជំនឿ និង សុភមង្គលរបស់ខ្ញុំបាន ហើយថាជាញយៗវាបំផ្លាញដល់អ្នកត្រឡប់ពីបេសកកម្មមុនកំណត់ជាច្រើននាក់មកហើយ ។ គាត់បាននិយាយថា « អ្វីដែលអ្នកត្រូវចងចាំនោះគឺថា ដរាបណាអ្នកព្យាយាមរស់នៅដោយសុចរិតយ៉ាងអស់ពីចិត្ត នោះវាគឺជាជំហាននៃការរីកចម្រើនមួយ មិនថាមានអ្វីកើតឡើងនោះឡើយ » ។
វាបានក្លាយជាបាវចនារបស់ខ្ញុំ ហើយខ្ញុំបានពឹងផ្អែកលើវាយ៉ាងខ្លាំងសម្រាប់ឆ្នាំបន្ទាប់ទៀត ។ អស់រយៈពេលប្រាំបីខែ ខ្ញុំអាចដើរបានតិចៗ ប៉ុន្តែមនុស្សផ្សេងនៅតែវិនិច្ឆ័យខ្ញុំ ពេលពួកគេបានដឹងថាខ្ញុំបានត្រឡប់មកផ្ទះវិញមុនកំណត់ ។ ពួកគេបាននិយាយថា មានមនុស្សជាច្រើនដែលបានឈឺធ្ងន់ជាងនេះទៀត ប៉ុន្តែពួកគេបានបម្រើរហូតដល់ចប់ ។ ពួកគេពុំយល់ពីមូលហេតុដែលខ្ញុំពុំអាចនៅបន្តរហូតដល់ចប់ឡើយ ទោះបីជាមានជំងឺយ៉ាងណាក្តី ។ ខ្ញុំមានការឈឺចាប់ណាស់ដែលបានឮរឿងនេះ ដោយសារខ្ញុំស្រឡាញ់បេសកកម្មរបស់ខ្ញុំជាខ្លាំង ប៉ុន្តែខ្ញុំមានសេចក្តីជំនឿថា ព្រះវរបិតាសួគ៌មានព្រះរាជបំណងមួយ ចំពោះការសាកល្បងរបស់ខ្ញុំ ហើយវាអាចជាជំហាននៃការរីកចម្រើន ។
ខ្ញុំបានចាប់ផ្តើមចូលរៀនវិញម្តងទៀត ហើយបានចាប់ផ្តើមដើរលេងជាគូ ។ ខ្ញុំអាចឃើញថាខ្ញុំមានការរីកចម្រើន ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំមើលទៅបេសកកម្មរបស់ខ្ញុំគឺជារឿងដ៏ជូរចត់មួយជានិច្ច ។ ក្រោយមកមិត្តម្នាក់របស់ខ្ញុំបានរំឭកខ្ញុំថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះអាចព្យាបាលគ្រប់ការឈឺចាប់ និង ភាពជូរចត់គ្រប់បែបយ៉ាង ។ ដោយមានជំនួយពីទ្រង់ ខ្ញុំអាចសប្បាយចិត្តនៅពេលគិតអំពីបេសកកម្មរបស់ខ្ញុំ ។
ខ្ញុំបានលុតជង្គង់ ហើយអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌របស់ខ្ញុំ ។ ខ្ញុំបានទូលប្រាប់ទ្រង់ពីការឈឺចាប់ និង កិច្ចខិតខំរបស់ខ្ញុំដើម្បីបានជាសះស្បើយ ហើយបានការលួងលោម ។ ខ្ញុំបានទូលសុំ ប្រសិនបើទ្រង់អាចដកយកភាពជូរចត់ដែលខ្ញុំបានមានអារម្មណ៍នោះចេញ ។ បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ ព្រះអម្ចាស់បានធ្វើឲ្យខ្ញុំឃើញពីបេសកកម្មរបស់ខ្ញុំ ដែលចេញមកពីទស្សនវិស័យរបស់ទ្រង់ ។ ទាំងការបម្រើ និង ការត្រឡប់មកផ្ទះវិញមុនកំណត់របស់ខ្ញុំគឺជាផ្នែកមួយនៃផែនការរបស់ព្រះអម្ចាស់ ដើម្បីជួយឲ្យខ្ញុំដើរលើផ្លូវដែលទ្រង់មានព្រះទ័យចង់ឲ្យខ្ញុំប្រែក្លាយ ។ ខ្ញុំអាចឃើញអព្ភូតហេតុនានា ដែលទ្រង់បានប្រទានឲ្យ តាំងពីខ្ញុំមកដល់ផ្ទះវិញ ។ វាគឺជាផ្លូវមួយដ៏លំបាក ប៉ុន្តែឥឡូវនេះខ្ញុំអាចក្រឡេកមើលទៅការត្រឡប់មកផ្ទះវិញមុនកំណត់របស់ខ្ញុំទាំងក្តីសុខសាន្ត ដោយដឹងថាព្រះមានព្រះទ័យចង់ថ្វាយអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ ។