ការរក្សាថ្ងៃឈប់សម្រាករបស់ខ្ញុំ
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
ខ្ញុំយឺតហើយ ! ខ្ញុំបានស្លៀកសម្លៀកបំពាក់ដ៏ស្រស់ស្អាត យកកៅស៊ូចងសក់ បើកឡានទៅព្រះវិហារ ចតឡាន ហើយប្រញាប់ចូលទៅក្នុងអគារ ។ ហ៊ឺ ! ខ្ញុំរកកៅអីអង្គុយនៅលើវេទិកា គឺចំពេលដែលប៊ីស្សពក្រោកឡើងដើម្បីចាប់ផ្តើមការប្រជុំសាក្រាម៉ង់ ។
ខ្ញុំត្រូវឡើងនិយាយនៅថ្ងៃអាទិត្យនោះ ដូច្នោះខ្ញុំបានមើលការកត់ចំណាំរបស់ខ្ញុំយ៉ាងលឿន ដើម្បីប្រាកដថាខ្ញុំមិនភ្លេចអ្វីឡើយ ។ មិនយូរប៉ុន្មាន វាហាក់បីដូចជាពិធីសាក្រាម៉ង់បានចប់ ហើយខ្ញុំបានទៅថ្នាក់សាលាថ្ងៃអាទិត្យ ។ មានពិធីសាក្រាម៉ង់ជោគជ័យមួយទៀតហើយ !
តើវាជាពិធីសាក្រាម៉ង់ជោគជ័យទេ ?
អាទិត្យក្រោយមក ខ្ញុំបានចាប់ផ្តើមឆ្ងល់ ។ មួយអាទិត្យទៀតបានកន្លងទៅ ហើយនៅពេលខ្ញុំអង្គុយនៅក្នុងការប្រជុំសាក្រាម៉ង់ ដោយពិចារណាពីអត្ថន័យនៃពិធីសាក្រាម៉ង់ចំពោះខ្ញុំ នោះមានគំនិតមួយបានផុសឡើងចំពោះខ្ញុំ ៖ ខ្ញុំបានតាំងចិត្តជាថ្មីរាល់សប្តាហ៍ដើម្បីចងចាំព្រះយេស៊ូវគ្រីស្ទជានិច្ច ប៉ុន្តែតើខ្ញុំយកចិត្តទុកដាក់ធ្វើបែបនោះបានកម្រិតណា ?
ខ្ញុំចង់ផ្លាស់ប្តូរ ដូច្នោះខ្ញុំបានសម្រេចចិត្តធ្វើផែនការប្រចាំសប្តាហ៍ ។
-
អំឡុងពេលនៃសប្តាហ៍ ខ្ញុំចង់ចំណាយពេលពិចារណាពីឥរិយាបថរបស់ខ្ញុំ ហើយទូលសុំការអភ័យទោសពីអំពើបាបរបស់ខ្ញុំ ។ ខ្ញុំក៏ធ្វើឲ្យប្រាកដថាខ្ញុំទៅព្រះវិហារមុនម៉ោង ដើម្បីខ្ញុំអាចស្តាប់តន្ត្រីពីមុនការប្រជុំ ហើយមានអារម្មណ៍ពីព្រះវិញ្ញាណ ។
-
អំឡុងពិធីសាក្រាម៉ង់ ខ្ញុំនឹងចងចាំព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ ។ ខ្ញុំនឹងពិចារណាមើលឡើងវិញពីអ្វីដែលខ្ញុំបានធ្វើត្រូវ និង អ្វីដែលខ្ញុំបានធ្វើខុស ។ ខ្ញុំនឹងសួរខ្លួនឯងថា « ព្រះអម្ចាស់អើយ តើខ្ញុំនៅខ្វះអ្វីទៀត ? » ( សូមមើល ម៉ាថាយ ១៩:២០ ) ។
-
រៀងរាល់ថ្ងៃបន្ទាប់ពីពិធីសាក្រាម៉ង់ ខ្ញុំនឹងអធិស្ឋានសុំជំនួយដើម្បីកែលម្អ ហើយចងចាំព្រះគ្រីស្ទ ។
នៅពេលខ្ញុំបានធ្វើតាមផែនការរបស់ខ្ញុំ នោះ ខ្ញុំពិតជាស្រឡាញ់ពិធីសាក្រាម៉ង់កាន់តែខ្លាំងឡើង ។ ខ្ញុំចូលចិត្តអធិស្ឋានទៅព្រះវរបិតាសួគ៌ ហើយនិយាយជាមួយទ្រង់អំពីជីវិតរបស់ខ្ញុំ ។ ដោយមិនគិតពីឥរិយាបថរបស់ខ្ញុំកាលពីអាទិត្យមុន ខ្ញុំមានអំណរគុណជានិច្ចចំពោះដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និង ឱកាសដើម្បីផ្លាស់ប្តូរ ហើយកែប្រែខ្លួនឲ្យបានប្រសើរឡើង ។ ឥឡូវនេះខ្ញុំដឹងថា ពិធីសាក្រាម៉ង់គឺពុំមែនគ្រាន់តែសម្រាប់តែថ្ងៃអាទិត្យប៉ុណ្ណោះទេ វាគឺ រៀងរាល់ ថ្ងៃ ។