បណ្ណាល័យ
ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ


« ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ » គោលការណ៍​ទាំងឡាយនៃ​ដំណឹង​ល្អ ( ឆ្នាំ ២០២៣ )

រូបភាព
ការប្រសូត​របស់​ព្រះយេស៊ូវ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ

« ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ »

ការ​ប្រារព្ធ​ខួប​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ​រៀងរាល់​រដូវ​បុណ្យគ្រីស្ទម៉ាស់​ម្តងៗ រំឭក​យើង​អំពី​សារៈសំខាន់​នៃ​ដំណើររឿង​អំពី​ការប្រសូត ។ ខណៈពេល​ដែល​យើង​មិន​ដឹង​ច្រើន​អំពី​កាលៈទេសៈ​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ យើង​ដឹង​អំពី​ទីសំគាល់ និង​ការណ៍​ដ៏​អស្ចារ្យ​ដែល​បាន​ប្រទាន​មក និង​មនុស្ស​ដែល​បាន​ធ្វើ​ជា​សាក្សី​ថា​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​យាង​មក​ផែនដី​ហើយ ។ អំណរគុណ និង​សេចក្តី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​កើន​ឡើង នៅ​ពេល​ដែល​បងប្អូន​ព្យាយាម​រៀន​អំពី​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​នេះ ។

ហេតុ​អ្វី​បាន​ជា​ការប្រសូត​របស់​ព្រះយេស៊ូវ​មាន​សារៈសំខាន់​ម៉្លេះ ?

ដូច​ដែល​បាន​ព្យាករ​ដោយ​ព្យាការី​ពី​បុរាណ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​នៅ​ក្នុង​គ្រា​ដ៏​រីករាយ​នៅ​បេថ្លេហិម​ ក្បែរ​ទីក្រុង​យេរូសាឡិម ។ ទ្រង់​គឺជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយគត់​របស់​ព្រះវរបិតាសួគ៍ ។ មាតា​របស់​ទ្រង់​គឺ ម៉ារា ដែល​បាន​រៀបការ​ជាមួយនឹង យ៉ូសែប ។ ទីសម្គាល់ និង​អព្ភូតហេតុ​ដ៏អស្ចារ្យ​អម​ជាមួយ​នឹង​ការ​ប្រសូត​របស់​ទ្រង់ ធ្វើ​សាក្សី​ថា​ព្រះ​មែស៊ី​ដែល​បាន​សន្យា​ជា​យូរ​មក​ហើយ​បាន​យាង​មក​ផែនដី ដើម្បី​សង្គ្រោះ​បុត្រាបុត្រី​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​អាច​សម្រេចបាន ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹង​ល្អ​ដែល​ជាប់​ទាក់ទង ៖ ជីវិត​មុន​ជីវិត​លើ​ផែនដី, ព្រះយេស៊ូវ​គ្រីស្ទ, ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ផ្នែក​ទី ១

ការ​រៀន​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាម​រយៈការព្យាករណ៍​ពីបុរាណ

រូបភាព
អេសាយ សរសេរ​នៅ​លើ​ផ្ទាំង​ស្បែក

គ្រប់​ព្យាការី​ទាំងអស់​ចាប់​តាំងពី​សម័យ​របស់ លោក​អ័ដាម បាន​ធ្វើ​ជា​សាក្សី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទន្ទឹង​រង់ចាំ​ដោយ​ការ​រំពឹង​ទុក​យ៉ាង​ខ្លាំង​ដល់​ពេល​ដែល​ព្រះ​មែស៊ី​នឹង​យាងមក និង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ និង​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​អាច​ធ្វើ​ទៅ​បាន​សម្រាប់​មនុស្ស​ជាតិ​ទាំង​អស់ ។ « ហេណុក​បាន​ឃើញ​ថ្ងៃ​នៃ​ការ​យាង​មក​របស់​កូន​មនុស្ស គឺ​នៅ​ក្នុង​សាច់​ឈាម ហើយ​ព្រលឹង​គាត់​បាន​អរ​សប្បាយ » ( ម៉ូសេ ៧:៤៧ ) ។ អេសាយ បាន​ព្យាករណ៍ថា « ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ » ( អេសាយ ៩:៦ ) ។ នីហ្វៃ​បាន​ឃើញ​ការ​និមិត្ត​មួយ​អំពី ម៉ារា និង​ការប្រសូត​មក​របស់​ព្រះមែស៊ី​ដែល​បាន​សន្យា ( សូមមើល នីហ្វៃទី១ ១១:១៣–២៣ ) ។ អ័ប៊ីណាដៃ បាន​ធ្វើ​ជា​សាក្សី​ថា « ព្រះ​អង្គ​ទ្រង់​ផ្ទាល់​នឹង​យាង​ចុះ​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហើយ​ទ្រង់​នឹង​ប្រោស​លោះ​រាស្ត្រ​ទ្រង់ » ( ម៉ូសាយ ១៥:១ ) ។ នៅ​ពេល​បងប្អូន​សិក្សា​អំពី​ការព្យាករ និង​ការ​បង្រៀន​អំពី​ការប្រសូត​របស់​ទ្រង់ បងប្អូន​អាច​ចាប់​ផ្ដើម​មើល​ឃើញ​ថា​វា​មាន​សារៈសំខាន់​ប៉ុណ្ណា​សម្រាប់​ព្រះវរបិតា​ក្នុង​ការ​បញ្ជូន​ព្រះបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ មក​កាន់​ផែនដី ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • ពួកព្យាការី​បាន​ធ្វើ​ទីបន្ទាល់​ថា​ទីសម្គាល់ និង​ការណ៍​ដ៏​អស្ចារ្យ​នោះ​នឹង​ជា​សញ្ញា​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅដល់​ប្រជាជន​នៅក្នុង​ព្រះគម្ពីរ​មរមន ។ សូម​អាន ហេលេមិន ១៤:១–៩ និង នីហ្វៃទី៣ ១:៤–២២ ។ ហេតុអ្វី​បាន​ជា​បណ្តាជន​បដិសេធ​មិន​ជឿ​សារ​លិខិតរបស់​ពួកព្យាការី ? តើ​បងប្អូន​មាន​ភស្ដុតាង​អ្វី​ខ្លះ​ដែល​បង្ហាញថា​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​មាន​ព្រះជន្ម​សព្វ​ថ្ងៃ​នេះ ហើយ​កំពុង​តែ​ឈោង​មករក​បុត្រាបុត្រី​ទាំង​អស់​របស់​ព្រះ​ដោយ​សេចក្តី​ស្រឡាញ់ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូមមើល​វីដេអូ « Why We Need a Savior » ( ២:១៥ ) ចូរ​និយាយ​គ្នា​អំពី​សំណួរ « តើ​ជីវិត​នឹង​មាន​លក្ខណៈ​បែប​ណា​ប្រសិនបើ​គ្មាន​ព្រះអង្គសង្រ្គោះ​ទេនោះ ? បងប្អូន​ក៏​អាច​ពិភាក្សា​អំពី​មូលហេតុ​ដែល​សារ​លិខិតនៃ​ការប្រសូត​របស់​ព្រះយេស៊ូ​គួរ​តែ​បន្ត​នាំ​សេចក្តី​អំណរ និង​សេចក្ដី​សុខសាន្ត​ដ៏​អស្ចារ្យ​ដល់​ពិភពលោក ។

ស្វែងយល់​បន្ថែម​ទៀត

ផ្នែក​ទី ២

សាក្សី​ជាច្រើន​បាន​ថ្លែងទី​បន្ទាល់ថា​ព្រះ​អង្គ​សង្គ្រោះ​បាន​ប្រសូត​ហើយ

រូបភាព
ម៉ារា កំពុងបី​ត្រកង​ព្រះ​ឱរស​ព្រះយេស៊ូវ​គ្រីស្ទ

ដោយសារ​តែ​ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ព្រះ​បាន​រៀបចំ​សាក្សី​ជា​ច្រើន​ដើម្បី​ធ្វើ​ជា​សាក្សី​ទាំង​ពី​មុន និង​ក្រោយ​ពេល​ព្រឹត្តិការណ៍​នោះ​បាន​កើត​ឡើង ។ ក្នុងចំណោម​​សាក្សី​មួយ​ចំនួន​ទាំងនេះ​មាន ទេវតា​កាព្រីយ៉ែល ( លូកា ១:២៦–៣៣ ), ម៉ារា ( លូកា ១:៤៦–៤៩ ), បងប្អូន​ជីដូនមួយ​របស់​ម៉ារា អេលីសាបិត ( លូកា ១:៤១–៤៥ ), ស៊ីម្មាន ( លូកា ២:១៦–១៧ ), ស៊ីម៉ាក់ (លូកា ២:២៥–៣៣), អាណ ( លូកា ២:៣៦–៣៨ ) និង​ពួក​ហោរ​ពី​ទិស​ខាង​កើត ( ម៉ាថាយ ២:១–២, ៩–១១ ) ។ 

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា 

  • សូម​អាន​សារលិខិត​បុណ្យ​គ្រីស្ទម៉ាស់ ឆ្នាំ ២០២០ របស់​ប្រធាន រ័សុល អិម ណិលសុន « អំណោយ​ដ៏​ទេវភាព » ដោយ​ស្វែងរក​និមិត្តរូប​ដ៏​មាន​អត្ថន័យ​មួយ​ចំនួន​ដែល​ទាក់ទង​ទៅនឹង​ការ​ប្រសូតរបស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​និមិត្ត​រូប​ទាំង​នេះ​អាច​បង្រៀន​បងប្អូន​អំពី​បេសកកម្ម​ក្នុង​ជីវិត​រមែងស្លាប់​របស់​ព្រះយេស៊ូ​គ្រីស្ទ​យ៉ាង​ដូច​ម្ដេច ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូមមើល វីដេអូ​នេះ​ជាមួយគ្នា The Christ Child ( ១៧:៥៦ ) ។ បន្ទាប់​មក​សូម​ពិភាក្សា​អំពី​សំណួរ​ថា « តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ពេល​យើង​ពិចារណា​អំពី​តួនាទី​នៃ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នោះ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ? ប្រសិន​បើ​បងប្អូន​កំពុង​រៀន​ជាមួយ​កុមារ សូម​អញ្ជើញ​ពួក​គេ​ឲ្យ​គូរ​ទិដ្ឋភាព​ដែល​ពួក​គេ​ចូល​ចិត្ត​ចេញពី​ខ្សែ​ភាព​យន្ត​នេះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​ការប្រូសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ស្វែងយល់​បន្ថែម​ទៀត

ផ្នែកទី ៣

ការ​សិក្សា​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវ​អាច​ធ្វើ​ឲ្យ​យើង​ខិត​ទៅកាន់តែ​ជិត​ទ្រង់

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ពន្យល់ថា ៖ « ទីបន្ទាល់​របស់​សាក្សី​ដែល​បាន​តែងតាំង​ពុំ​បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​ពីរឿង​ភាពជា​បិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទេ ។ ព្រះ​គឺជា​ព្រះវរបិតា​នៃ​រោងឧបោសថ​ខាង​សាច់ឈាម​របស់​ទ្រង់ ហើយ​ម៉ារា​ដែល​ជាស្ត្រី​រមែង​ស្លាប់​គឺ​ជា​ម្តាយ​របស់ទ្រង់ ។ … ទ្រង់​មិនមែន​ជាកូន​របស់ យ៉ូសែប និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ។ ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច ! »

ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ព្រះរាជបុត្រា​សំណព្វ​តែ​មួយ​គត់​ ពីព្រោះ​ទ្រង់​ជា​បុត្រ​តែ​មួយ​គត់​របស់​ព្រះវរបិតា​ដែល​បាន​ប្រសូត​ក្នុង​សាច់ឈាម ( សូមមើល នីហ្វៃទី១ ១១:១៣–២២ ) ។ ទ្រង់​ត្រូវ​បាន​បញ្ជូន​មក​ទីនេះ​ដើម្បី​ធ្វើ​តាម​ព្រះរាជ​បំណង​របស់​ព្រះវរបិតា​របស់​ទ្រង់ —ដើម្បី​លោះបាប​របស់​មនុស្ស​ជាតិ​ទាំង​អស់ ( សូម​មើល យ៉ូហាន ៣:១៦–១៧ ) ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា 

  • ផែនការ​របស់​ព្រះ​ដើម្បី​សង្គ្រោះ​បុត្រាបុត្រី​របស់​ទ្រង់​តម្រូវ​ឲ្យ​មាន « ការ​បូជាមួយដ៏​និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ដែល​គ្មាន​សត្វ ឬ​មនុស្សលោក​ណា​អាច​បំពេញ​បាន​ឡើយ ។ វា​ត្រូវ​តែ​ជា​ការ​បូជា​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ។ ( សូមមើល អាលម៉ា ៣៤:៩–១៤ ) ។ តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​លក្ខណៈ​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ធ្វើ​ឲ្យ​ទ្រង់​អាច​ធ្វើ « ការ​បូជាមួយដ៏​និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ដែល​ចាំបាច់​ក្នុង​ផែនការ​របស់​ព្រះ ? ព្រះវរបិតា​សួគ៌​មិន​បាន​បង្ហាញ​ពី​ដំណើរ​ការ​ដែល​ព្រះយេស៊ូវ​បាន​ក្លាយ​​ជា​ព្រះរាជបុត្រា​សំណព្វ​តែ​មួយ​គត់​​នៅ​លើ​ផែនដី​នោះ​ទេ យើង​ដឹង​តែ​អ្វី​ដែល​បាន​ចែកចាយ​នៅ​ក្នុង​ព្រះគម្ពីរ​ប៉ុណ្ណោះ—ឧទាហរណ៍ ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៥; ម៉ូសាយ ១៥:១–៣; និង អាលម៉ា ៧:៩–១០ ។

  • នៅក្នុង​សុន្ទរកថា​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី « The Wondrous and True Story of Christmas » លោក​បាន​មាន​ប្រសាសន៍​ថា ៖ បើ​មិនមាន​ថ្ងៃ​បុណ្យគ្រីស្ទម៉ាស់​ទេ នោះ​នឹង​មិនមាន​ថ្ងៃ​បុណ្យអ៊ីស្ទើរ​ដែរ ។ ព្រះឱរស​ព្រះយេស៊ូវ​នៃ​ភូមិ​បេថ្លេហិម នឹង​ក្លាយ​ជា​ទារក​ធម្មតា​ម្នាក់​ប្រសិន​បើ​គ្មាន​ព្រះគ្រីស្ទ​ដ៏​ប្រោសលោះ​នៃ​សួន​ច្បារ​គែតសេម៉ានី និង​កាល់វ៉ារី ហើយ​ការពិត​ដ៏​ជោគជ័យ​នៃ​ការរស់​ឡើង​វិញ​នោះ » ។ … ខ្ញុំ​​ប្រាថ្នា​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពេល​មួយ ប្រហែល​ជា​មួយ​ម៉ោង​ប៉ុណ្ណោះ​ដែល​បាន​ចំណាយ​ពេល​ក្នុង​ការសញ្ជឹងគិត និង​ពិចារណា​ដោយ​ស្ងប់​ស្ងាត់​អំពី​ភាព​អស្ចារ្យ និង​ភាព​រុងរឿង​នៃ​រឿង​នេះ​អំពី​ព្រះរាជបុត្រា​នៃ​ព្រះ » ។ ហេតុអ្វី​បាន​ជាវា​មាន​សារៈសំខាន់​ក្នុង​ការភ្ជាប់​ព្រឹត្តិការណ៍​នៅ​បេថ្លេហិម​ជាមួយនឹង​ព្រឹត្តិការណ៍​ទាំងនោះនៅឯ​សួន​ច្បារ​គែតសេម៉ានី និង​កាល់វ៉ារី ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ 

  • វប្បធម៌​ជាច្រើន​អបអរសាទរ​ការប្រសូត​របស់​ព្រះគ្រីស្ទ​ជាមួយ​នឹង​ប្រពៃណី​នៃ​ការជូន​អំណោយ ។ សូម​ពិនិត្យ​ឡើង​វិញ​នូវ​អំណោយ​មួយ​ចំនួន​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​លើកឡើង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក « Four Gifts That Jesus Christ Offers to You » ។ សូម​សួរ​ថា « តើ​អំណោយ​អ្វី​ខ្លះ​មកពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅក្នុង​ជីវិត​របស់​បងប្អូន ?

ស្វែងយល់​បន្ថែម​ទៀត 

ធនធាន​នានា​ផ្សេង​ទៀត​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Divine Gifts » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈ​ប្រធាន​ទី​មួយ ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២០ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  2. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Five Marks of the Divinity of Jesus Christ » Ensign ខែ ធ្នូ ឆ្នាំ ២០០១ ទំព័រ ១០–១១ ។

  3. ហ្គរដុន ប៊ី ហ៊ិងគ្លី « The Wondrous and True Story of Christmas » Ensign ខែ ធ្នូ ឆ្នាំ ២០០០ ទំព័រ ៥ ។

  4. រ័សុល អិម ណិលសុន « Four Gifts That Jesus Christ Offers to You » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈ​ប្រធាន​ទី​មួយ ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៨ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

បោះពុម្ព