បណ្ណាល័យ
ជីវិត​មុន​ជីវិត​លើ​ផែនដី


« ជីវិត​មុន​ជីវិត​លើ​ផែនដី » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
សកល​លោក

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ជីវិត​មុន​ជីវិត​លើ​ផែនដី

ជីវិត​របស់​យើង​ជាមួយនឹង​ព្រះ​មុនពេល​យើង​បាន​ចាប់​កំណើត

នៅ​ពេលមួយ មនុស្ស​ភាគ​ច្រើន​នឹង​ឆ្ងល់​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ពួក​គេ​ស្លាប់ ។ ប៉ុន្ដែ​តើ​បងប្អូន​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​បងប្អូន​មកពីណា​មុនពេល​កើត ហើយ​បើ​ដូច្នេះ​តើ​បងប្អូន​ជា​នរណា​នៅ​ពេល​នោះ ?

យើង​ដឹង​មកពី​ព្រះគម្ពីរ​ថា មុន​ពេល​យើង​មកកាន់​ផែនដី យើង​បាន​រស់​នៅ​ជាមួយនឹង​ព្រះ ហើយ​ថ្វាយ​បង្គំ​ទ្រង់​ជា​ព្រះវរបិតា​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង ។ យើង​ក៏​បាន​ទទួល​ការ​ណែនាំ និង​ការ​រៀបចំ​ខ្លួន​សម្រាប់​ជីវិត​រមែងស្លាប់​របស់​យើង ហើយ​បាន​ជ្រើសរើស​ធ្វើ​តាម​ផែនការ​របស់​ព្រះវរបិតា​យើង​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ។

ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​នេះ​រួម​មាន​ទាំង​ការ​មក​កាន់​ផែនដី​របស់​យើង​ផងដែរ ។ ជា​ផ្នែក​មួយ​នៃ​បទ​ពិសោធន៍​នៃជីវិត​រមែងស្លាប់ យើង​នឹង​ទទួល​បាន​រូបកាយ​រមែងស្លាប់ ហើយ​វាំងនន​នឹង​គ្រប​ដណ្តប់​លើ​ការចងចាំ​នៃ​ជីវិត​មុន​ជីវិត​លើ​ផែនដី​របស់​យើង ។ នៅ​ទីនេះ​លើ​ផែនដី យើង​ត្រូវ​តែ​អនុវត្ត​សិទ្ធ​ជ្រើសរើស​ខាង​សីលធម៌​របស់​យើង ឬ​សមត្ថភាព​របស់​យើង​ដើម្បី​ជ្រើសរើស ។ នៅ​ក្នុង​ការប្រជុំក្រុម​ប្រឹក្សា​ដ៏​ធំ​មួយ ដែល​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ជីវិត​មុន​ផែនដី​របស់​យើង ព្រះវរបិតា​សួគ៌​បាន​ជ្រើសរើស​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់ ហើយ​ព្រះយេស៊ូវ​បាន​ទទួល​យក​តួនាទី​នោះ​ដោយ​ស្ម័គ្រ​ចិត្ត ។ យើង​បាន​រៀន​ថា​ការ​រីក​ចម្រើន​របស់​យើង​ដើម្បី​ក្លាយ​ដូច​ជា​ព្រះវរបិតា​សួគ៌​របស់​យើង​នឹង​តម្រូវ​ឲ្យ​យើង​ដាក់​សេចក្តី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

តើ​ជីវិត​មុន​ផែនដី​គឺ​ជា​អ្វី ?

« ជីវិត​មុន​ជីវិត​លើ​ផែនដី » សំដៅ​ដល់​ជីវិត​ដែល​យើង​បាន​រស់​នៅ​មុន​ពេល​យើង​មកកាន់​ផែនដី ធ្វើ​ជា​មនុស្ស​រមែង​ស្លាប់ ។ នៅ​ក្នុង​ជីវិត​មុន​ជីវិត​លើ​ផែនដី មនុស្ស​ទាំង​អស់​បាន​រស់​នៅ​ជាមួយនឹង​ព្រះ​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ជីវិត​មុន​ជីវិត​លើ​ផែនដី

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ, ជីវិត​រមែងស្លាប់, ពិភព​វិញ្ញាណ, ព្រះយេស៊ូវ​គ្រីស្ទ, បុត្រា​បុត្រី​របស់​ព្រះ

ផ្នែក​ទី ១

យើង​បាន​រស់នៅ​ជាមួយនឹង​ព្រះ​មុនពេល​យើង​បាន​ចាប់​កំណើត

រូបភាព
ស្ត្រី​ម្នាក់​កំពុង​ពិចារណា​អំពី​ជីវិត​មុន​ឆាក​ជីវិត​នេះ

មុន​ពេល​យើង​កើតមក យើង​មាន​រូបកាយ​វិញ្ញាណ ហើយ​រស់​នៅ​ជាមួយនឹង​ព្រះ ជា​បុត្រា និង​បុត្រី​វិញ្ញាណ​ដ៏​ទេវភាព​របស់​ព្រះមាតាបិតា​សួគ៌ ( សូមមើល ម៉ូសេ ៣:៤–៥ ) ។ នៅ​ទី​នោះ​យើង « បាន​ស្គាល់ និង​ថ្វាយ​បង្គំ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច [ របស់​យើង ] » ។  នេះ​គឺជា​ពេល​នៃ​ការ​រៀន​សូត្រ និង​ការ​រៀបចំ​ខ្លួន ហើយ​ព្រះ​ស្គាល់​យើង ( សូមមើល យេរេមា ១:៥ ) ហើយ​បាន​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៨:៥៦ ) ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • សេចក្ដី​ពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក » ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែលជីវិត​មុន​ផែនដី​របស់​យើង​ត្រូវគ្នា​ទៅ​នឹង​ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​សុភមង្គល​របស់​យើង ។ សូម​អាន​កថាខណ្ឌ​ទាំង​បីដំបូង​នៃ​ការប្រកាស​នេះ សូម​យកចិត្ត​ទុកដាក់​ជាពិសេស​លើ​សេចក្ដី​យោង​ទៅលើ​ជីវិត​មុន​ជីវិត​លើ​ផែនដី​របស់​យើង ។ តើ​ការ​យល់​ដឹង​របស់​បងប្អូន​អំពី​ជីវិត​មុន​ជីវិត​លើ​ផែនដី​របស់​យើង​អាច​ជួយ​បងប្អូន​នៅពេល​បងប្អូន​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា​​ដោយ​របៀបណា ? ហេតុអ្វី​បងប្អូន​គិត​ថា​ព្រះ​បាន​បង្ហាញ​សេចក្ដី​ពិត​ទាំង​នេះ​អំពី​ជីវិត​មុន​ជីវិត​លើ​ផែនដី ?

  • យើង​មិន​ដឹង​ច្រើន​អំពី​ជីវិត​មុន​ជីវិត​លើ​ផែនដី​របស់​យើង​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​យើង​ដឹង​ថា « ពួក​គេ​ជាមួយ​នឹង​ពួក​អ្នក​ផ្សេង​ទៀត … បាន​ទទួល​មេរៀន​មុនដំបូង​នានា នៅ​ពិភព​នៃ​ពួក​វិញ្ញាណ ហើយ​ត្រូវ​បាន​រៀបចំ​ឲ្យ​មក​នៅ​ពេល​កំណត់​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៨:៥៦ ) ។ សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​ដឹង​អំពី​ផែនការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង​របស់​ព្រះ និង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ តើ​យើង​អាច​រៀន​មេរៀន​អ្វីខ្លះ​ក្នុង​អំឡុង​ពេលនេះ ? សិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៨:៥៣–៥៧ សូម​យកចិត្ត​ទុកដាក់​ជាពិសេស​លើ ( ខទី ៥៦ ) ។ ប្រសិន​បើ​បងប្អូន​មាន​ពរ​របស់​លោក​អយ្យកោរបស់បងប្អូន នោះ​ការ​អាន​វា​ក៏​អាច​ជួយ​បាន​ផង​ដែរ ។ តើ​បងប្អូន​អាច​ដឹង​ថា​បងប្អូន​បាន​រៀបចំ​ខ្លួន​សម្រាប់​ជីវិត​រមែង​ស្លាប់​របស់​បងប្អូន​ផ្តល់​ឲ្យ​បងប្អូន​នូវ​ទំនុក​ចិត្ត​ក្នុង​អំឡុង​គ្រា​លំបាក​ទាំងឡាយដោយរបៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ប្រធាន រ័សុល អិម ណិលសុន បាន​រំឭក​សមាជិក​ក្នុង​សាសនាចក្រ​ថា « តើ​បងប្អូន​ជា​នរណា ? ដំបូង​ហើយ​សំខាន់​បំផុត បងប្អូន​គឺជា​កូន​របស់​ព្រះ » ។ សូម​អញ្ជើញ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ចែកចាយ​ពី​មូលហេតុ​ដែល​អត្តសញ្ញាណ​របស់​ពួកគេ​ក្នុង​នាម​ជា​កូន​របស់​ព្រះ​គឺ​សំខាន់​ចំពោះ​ពួកគេ ។ បន្ទាប់​មក​អាន ហេព្រើរ ១២:៩; គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:២៤; កិច្ចការ ១៧:២៩; និង រ៉ូម ៨:១៦ ជាមួយគ្នា ។ តើ​បងប្អូន​ទទួល​បាន​ការយល់​ដឹង​អ្វី​ខ្លះ​​ចេញ​មកពី​ខគម្ពីរ​ទាំងនេះ ? តើ​យើង​រៀន​អ្វីខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ​អំពី​អត្ថន័យ​នៃ​ការធ្វើ​ជា​កូន​របស់​ព្រះ ? ចែកចាយ​គំនិត​របស់​បងប្អូន​ជាមួយនឹង​ក្រុម ។

  • សូម​គិត​អំពី​រឿង​ដែល​អ្នក​ដទៃ​ប្រាប់​បងប្អូន​អំពី​កុមារភាព​របស់​បងប្អូន ។ ទោះបី​ជា​បងប្អូន​មិន​ចាំ​​កាល​នៅជា​ទារក ឬ​ជាកូន​ក្មេង​ក៏​ដោយ អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​បងប្អូន​នៅពេល​នោះ នៅ​តែ​អាច​មានផលប៉ះ​ពាល់​ដល់​បងប្អូន​ពេញ​មួយ​ជីវិត​របស់​បងប្អូន​បាន​ដែរ ។ សូម​អញ្ជើញ​មនុស្ស​ក្នុង​ក្រុម​ឲ្យ​ចែកចាយ​គំរូ​មួយ​ចំនួន ។ ដូច​ដែល​យើង​មិន​អាច​ចាំ​ពី​កុមារភាព​របស់​យើង នោះ​យើង​ក៏​មិន​អាច​ចាំ​ពី​ជីវិត​មុន​ជីវិត​លើ​ផែនដី​របស់​យើង​ផងដែរ ។ តើ​ការណ៍​នេះ​ជះ​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​យើង​គិត​អំពី​ជីវិត​មុន​ជីវិត​លើ​ផែនដី​របស់​យើង​ដោយ​របៀបណា ?

ស្វែងយល់​បន្ថែម​ទៀត

  • ឌៀថើរ អេហ្វ អុជដូហ្វ « Your Wonderful Journey Home » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១២៥–១២៩

  • នែល អេ ម៉ាកស្វែល « Premortality, a Glorious Reality » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ១៥–១៨

  • « ជំពូកទី ៦ ៖ ជីវិត​មុន​ជីវិត​លើ​ផែនដី​របស់​យើង » សៀវភៅ​សិក្សា​គោលលិទ្ធ​នៃ​ដំណឹងល្អ​សម្រាប់​សិស្ស ( ឆ្នាំ ២០១០ ) ទំព័រ ១៣–១៥

ផ្នែក​ទី ២

ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ជ្រើសរើស​ក្នុង​ជីវិត​មុន​ជីវិត​លើ​ផែនដី ដើម្បី​ធ្វើ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ជ្រើសរើស​ជា​ព្រះអង្គ​សង្រ្គោះ

នៅ​ក្នុង​ជីវិត​មុន​ជីវិត​លើ​ផែនដី ព្រះវរបិតា​សួគ៌​បាន​កោះប្រជុំ​ក្រុម​ប្រឹក្សា​ដ៏​ធំ​មួយ​ដើម្បី​បង្ហាញ​អំពី​ផែនការ​របស់​ទ្រង់​សម្រាប់​ការ​រីក​ចម្រើន​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង ។ យើង​បាន​រៀន​ថា​យើង​នឹង​មកកាន់​ផែនដី ជា​កន្លែង​ដែល​យើង​អាច​អនុវត្ត​សិទ្ធ​ជ្រើសរើស​ខាង​សីលធម៌ ហើយ​ក្លាយ​ដូច​ជា​ព្រះ ( សូមមើល អ័ប្រាហាំ ៣:២៣–២៦ ) ។ ព្រះវរបិតា​សួគ៌​បាន​ជ្រើសរើស​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអង្គ​សង្គ្រោះ និងជា​ព្រះ​ប្រោះលោះ​នៃ​ពិភពលោក ហើយ​ទ្រង់​ព្រម​ទទួល​យក​តួនាទី​នោះ​ដោយ​ស្មគ្រ័ចិត្ត ( សូមមើល ពេត្រុស ទី១ ១:១៩–២០ ) ។ ក្នុង​នាម​ជា​ព្រះប្រោះលោះ​របស់​យើង ទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ​វិញ​ដោយ​យក​ឈ្នះសេចក្តី​ស្លាប់ និង​អំពើ​បាប ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លូស៊ីហ្វើ ( សាតាំង ) បាន​ព្យាយាម​បំផ្លាញ​សិទ្ធិ​​ជ្រើសរើស​ដែល​ព្រះ​បាន​ប្រទាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ( សូមមើល ម៉ូសេ ៤:១–៣ ) ។ វា​ក៏​ចង់ទទួល​សិរីល្អ​របស់​ព្រះ​ដែរ ( សូមមើល អេសាយ ១៤:១២–១៥; គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:២៥–២៩ ) ។ ការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់​ដ៏​ធំ​មួយ​ក្នុង​ចំណោម​បុត្រាបុត្រី​របស់​ព្រះ ( សូមមើល អ័ប្រាហាំ ៣:២៧–២៨; វិវរណៈ ១២:៧ ) ។ អស់អ្នក​ទាំងឡាយ​ដែល​ដើរ​តាម លូស៊ីហ្វឺ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ស្ថាន​សួគ៌​ជាមួយនឹង លូស៊ីហ្វឺ ( សូមមើល វិវរណៈ ១២:៨–៩; គោលលទ្ធិ និង​សេចក្តីសញ្ញា ២៩:៣៦–៣៧ ) ។ អស់អ្នក​ទាំង​អស់​ដែល​បាន​ទទួល​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអង្គ​សង្រ្គោះ​អាច​រីក​ចម្រើន និង​ទទួល​បាន​រូបកាយ​នៅ​លើ​ផែនដី ។

ព្រះ​បាន​ប្រទាន​ដល់​ពួកយើង​នូវ​អំណោយ​នៃសិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ។​ សូម​អាន នីហ្វៃទី២ ២:២៧–២៩ ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តួនាទី​ដែល​សិទ្ធិ​ជ្រើសរើស​មាន​ក្នុង​ជីវិត​របស់​យើង ។ ហេតុអ្វី​បាន​ជា​អំណោយ​នៃ​សិទ្ធិ​​ជ្រើសរើស​នេះ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ និង​នៃ​បទពិសោធន៍​ជីវិត​រមែងស្លាប់​របស់​យើង ? តើ​ការ​បណ្តេញ​ចេញ​របស់ លូស៊ីហ្វើ និង​អ្នក​ដើរ​តាម​របស់​វា បង្រៀន​បងប្អូន​អំពី​សារៈសំខាន់​នៃ​សិទ្ធិជ្រើសរើស​នេះ​យ៉ាង​ដូចម្ដេច ?

ព្រះយេស៊ូវ​គ្រីស្ទ​បាន​តែងតាំង​ជាមុន​ដើម្បី​ធ្វើជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ តើ​បរមងារ « ព្រះអង្គ​សង្រ្គោះ » មាន​អត្ថន័យ​ដូចម្តេច ? សូម​អាន យ៉ូហាន ៣:១៧; កិច្ចការ ២:២១; ហេលេមិន ១៤:១៥; និង ម៉ូសេ ១:៦ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ចេញ​មក​ពីខគម្ពីរ​ទាំងនេះ​អំពី​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

ក្នុង​អំឡុង​ពេល​ជីវិត​មុន​ជីវិត​លើ​ផែនដី យើងបាន​ស្គាល់​ព្រះ​និង​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ក្នុង​ជីវិត​រមែងស្លាប់ យើង​គ្មាន​ការ​ចង​ចាំ​ពី​ពេល​នេះ​ទេ ហើយ​ត្រូវ​តែ « ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ » ( កូរិនថូស ទី២ ៥:៧ ) ។ ប្រសិន​បើ​បងប្អូន​កំពុង​បង្រៀន​កុមារតូចៗ បងប្អូន​អាច​អញ្ជើញ​ពួក​គេ​ឲ្យ​បិតភ្នែក ហើយ​ដើរ​ជុំវិញ​បន្ទប់ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​ពី​អត្ថន័យ​នេះ ។ សូម​សិក្សា​អំពី​បទគម្ពីរ​មួយ​ចំនួន​ដែល​មាន​រាយ​នៅ​ខាងក្រោម​ជាក្រុម « សេចក្តី​ជំនឿ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ បន្ទាប់​មក​សូម​ពិភាក្សា​អំពី​តួនាទី​ដែល​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​មាននៅ​ក្នុង​ដំណើរ​របស់​យើង​ដើម្បី​ត្រឡប់​ទៅ​ដំណាក់​ស្ថានសួគ៌​របស់​យើង​វិញ ។

ស្វែងយល់​បន្ថែម​ទៀត

ធនធាន​ផ្សេងទៀត​អំពី​ជីវិត​មុន​ផែនដី

បោះពុម្ព