« ជីវិតរមែងស្លាប់ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
ជីវិតរមែងស្លាប់
ហេតុផលរបស់បងប្អូន
ភាគច្រើនជីវិតគឺរវល់ណាស់ ហើយយើងពិតជាមិនបានខ្វល់ថាតើមានគោលបំណងដ៏អស្ចារ្យណាមួយចំពោះរឿងទាំងអស់នោះទេ ។ យើងគ្រាន់តែព្យាយាមឲ្យឆ្លងផុតពីមួយថ្ងៃទៅមួយថ្ងៃទៀតប៉ុណ្ណោះ ។ ប៉ុន្តែ វាហាក់ដូចជាមានអ្វីមួយនៅក្នុងខ្លួនយើងដែលចង់ដឹងថា « ហេតុអ្វីខ្ញុំនៅទីនេះ ? » ឬ « តើអ្វីជាគោលបំណងនៃជីវិត ? »
ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទប្រកាសដោយប្រាកដថា ជីវិតរបស់បងប្អូនមានគោលបំណង ហើយបងប្អូនអាចដឹងពីរឿងនេះបាន ។ សូមនិយាយដោយសាមញ្ញថា បងប្អូននៅទីនេះដោយសារព្រះវរបិតារបស់បងប្អូននៅស្ថានសួគ៌បានផ្ដល់ឱកាសនោះដល់បងប្អូន ហើយបងប្អូនបានទទួលយកវាដោយរីករាយ ។ គោលបំណងរបស់បងប្អូននៅក្នុងជីវិតនេះ គឺដើម្បីរីកចម្រើន រៀនអំពីព្រះ ប្រែក្លាយកាន់តែដូចជាទ្រង់ ហើយថ្ងៃណាមួយនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងទ្រង់ ។ ការយល់ដឹងរបស់បងប្អូនអំពីសេចក្ដីពិតទាំងនេះអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបដែលបងប្អូនមើលឃើញពរជ័យ និងការសាកល្បងនៃជីវិត ទុក្ខសោក និងអំណរ ។
ផ្នែកទី ១
ឱកាសដើម្បីទទួលរូបរាងកាយ
វាពិបាកស្រមៃពីជីវិតដោយគ្មានរូបកាយរបស់យើងណាស់—អ្វីដែលយើងដឹង និងមានបទពិសោធន៍ជាច្រើនបានកើតឡើងតាមរយៈអារម្មណ៍ខាងរូបកាយរបស់យើង ។ ប៉ុន្តែបងប្អូនសំខាន់ជាងរូបកាយរបស់បងប្អូនទៅទៀត ។ បងប្អូនមានវិញ្ញាណដែលកើតមកជាយូរលង់មកហើយ មុនពេលបងប្អូនកើតមកទៀត ។ ព្រះជាព្រះវរបិតានៃព្រះវិញ្ញាណរបស់បងប្អូនបានប្រទានឲ្យបងប្អូននូវរូបកាយនេះជាអំណោយមួយ ដើម្បីជួយបងប្អូនឲ្យមានបទពិសោធន៍ក្នុងជីវិតរមែងស្លាប់ ហើយរីកចម្រើនឲ្យកាន់តែដូចទ្រង់ ។ ការទទួលបានរូបរាងកាយ និងបទពិសោធន៍នៃជីវិតរមែងស្លាប់នៅលើផែនដីនេះ គឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ទ្រង់សម្រាប់សុភមង្គលដ៏អស់កល្បជានិច្ចរបស់បងប្អូន ។
ការណ៍ទាំងឡាយដែលត្រូវពិចារណា
-
តើព្រះចង់ឲ្យយើងយល់យ៉ាងណាអំពីរូបកាយរបស់យើង ? សូមពិចារណាអំពីរឿងនេះនៅពេលដែលបងប្អូនអាន លោកុប្បត្តិ ១:២៦–២៧; ម៉ូសេ ២:២៧; និង កូរិនថូស ទី១ ៦:១៩–២០ ។ តើទស្សនៈរបស់ព្រះចំពោះរូបកាយរបស់បងប្អូនខុសពីសារលិខិតដែលបងប្អូនឃើញ និងឮនៅក្នុងពិភពលោកយ៉ាងដូចម្ដេច ? តើការមើលឃើញរូបកាយរបស់បងប្អូនដូចទ្រង់ទតឃើញ មានឥទ្ធិពលលើជម្រើសដែលបងប្អូនធ្វើចំពោះរូបកាយរបស់បងប្អូនដោយរបៀបណា ?
-
សូមពិចារណាមើលវីដេអូ « God’s Greatest Creation » ( នាទីទី ២:៥១ ) ឬអានអត្ថបទរបស់ប្រធាន រ័សុល អិម ណិលសុន « Your Body: A Magnificent Gift to Cherish » ។ សូមកត់ត្រាអារម្មណ៍របស់បងប្អូនអំពីអំណោយទាននៃរូបកាយរបស់បងប្អូន ។ តើបងប្អូនទទួលបានអារម្មណ៍លើកទឹកចិត្តឲ្យធ្វើអ្វីខ្លះដើម្បីបង្ហាញអំពីអំណរគុណរបស់បងប្អូនចំពោះអំណោយទាននេះ ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស មានផ្នែកមួយដែលមានចំណងជើងថា « រូបកាយរបស់អ្នកគឺពិសិដ្ឋ » ( ទំព័រ ២២–២៩ ) ។ ប្រហែលជាបងប្អូនអាចអានវាជាមួយគ្នា ហើយផ្អាកម្តងម្កាលដើម្បីសួរសំណួរមួយដូចជា « តើវាមានន័យយ៉ាងណាចំពោះបងប្អូន ? » ឬ « តើគោលការណ៍ទាំងនេះនឹងជះឥទ្ធិពលលើជម្រើសដែលយើងធ្វើអំពីរូបកាយរបស់យើងយ៉ាងដូចម្ដេច ? »
ស្វែងយល់បន្ថែមទៀត
-
រ័សុល អិម ណិលសុន « Decisions for Eternity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១០៦–១០៩
-
ឌៀថើរ អេហ្វ អុជដូហ្វ « Your Wonderful Journey Home » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១២៥-១២៩
-
Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ), ទំព័រ ២១១–២១៣
ផ្នែកទី ២
ពេលវេលាដើម្បីរៀបចំ និងបញ្ជាក់ពីខ្លួនរបស់យើង
ប្រសិនបើបងប្អូនបានទៅសាលារៀន នោះបងប្អូនប្រហែលជាដឹងថាវាមានលក្ខណៈបែបណាក្នុងការធ្វើតេស្ត ឬប្រឡង ។ ការប្រឡងផ្ដល់ឱកាសឲ្យបងប្អូនបង្ហាញនូវអ្វីដែលបងប្អូនបានរៀន ដើម្បីឲ្យបងប្អូនអាចរីកចម្រើនទៅថ្នាក់ ឬវគ្គសិក្សាបន្ទាប់ ហើយរៀនបន្ថែមទៀត ។
ជីវិតគឺស្រដៀងទៅនឹងការធ្វើតេស្ត ឬការប្រឡងដែរ ។ បទពិសោធន៍របស់យើង—និងការឆ្លើយតបរបស់យើងចំពោះបទពិសោធន៍ទាំងនោះ—ផ្តល់ឱកាសឲ្យយើងបង្ហាញថា « ប្រសិនបើ [ យើង ]នឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ … នឹងបញ្ជា » ( អ័ប្រាហាំ ៣:២៥ ) ។ ប៉ុន្តែមិនដូចជាការធ្វើតេស្តនៅសាលារៀនភាគច្រើនទេ ការសាកល្បងនៃជីវិតមិនមែនគ្រាន់តែជាពេលដែលត្រូវវាយតម្លៃនោះទេ វាក៏ជាដំណើរការនៃការប្រែក្លាយជាអ្វីផងដែរ ។ ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះបងប្អូនអាចកែកំហុសទាំងឡាយតាមរយៈការប្រែចិត្ត ហើយបន្ដិចម្ដងៗក្លាយទៅដូចជាព្រះ ។ ប្រសិនបើយើងប្រើពេលវេលារបស់យើងនៅលើផែនដីដើម្បីបែរទៅរកព្រះគ្រីស្ទ ហើយទទួលដំណឹងល្អរបស់ទ្រង់ នោះទ្រង់អាចប្រើបទពិសោធន៍របស់យើងនៅក្នុងជីវិតរមែងស្លាប់—រួមទាំងបទពិសោធន៍ដ៏ឈឺចាប់ បទពិសោធន៍ដ៏មិនងាយបំភ្លេចបាន —ដើម្បីរៀបចំយើងសម្រាប់ភាពអស់កល្បជានិច្ច ( សូមមើល រ៉ូម ៨:២៨ ) ។
ការណ៍ទាំងឡាយដែលត្រូវពិចារណា
-
ប្រសិនបើមាននរណាម្នាក់សួរបងប្អូនថា « តើគោលបំណងនៃជីវិតជាអ្វី ? » តើបងប្អូននឹងនិយាយថាម៉េច ? សូមពិចារណាអំពីរបៀបដែលវគ្គបទគម្ពីរទាំងនេះអាចប្រាប់ចម្លើយរបស់បងប្អូន ៖ អាលម៉ា ១២:២៤; ៣៤:៣១–៣៧; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៤៣–៤៨ ។ តើបងប្អូន « រៀបចំខ្លួនដើម្បីជួបព្រះ » ដោយរបៀបណា ?
-
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ជីវិតនេះពិត ជា ពេលវេលាដែលបងប្អូនអាចធ្វើការសម្រេចចិត្តថាតើជីវិតប្រភេទណាដែល បងប្អូន ចង់រស់នៅជារៀងរហូត » ។ សូមសួរខ្លួនឯងថា តើជីវិតបែបណាដែល « ខ្ញុំ ចង់រស់នៅជារៀងរហូត ? តើខ្ញុំកំពុងធ្វើការជ្រើសរើសអ្វីខ្លះដែលនឹងនាំទៅដល់គោលដៅនោះ ? តើមានការកែតម្រូវណាមួយដែលខ្ញុំត្រូវធ្វើដែរឬទេ ? តើខ្ញុំអាចមានអំណាចរបស់ព្រះអង្គសង្គ្រោះដើម្បីជួយខ្ញុំឲ្យធ្វើការផ្លាស់ប្ដូរទាំងនោះដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
នៅក្នុងវីដេអូ « The Challenge to Become » ប្រធាន ដាល្លិន អេក អូក ចែកចាយរឿងប្រៀបប្រដូចមួយអំពីឪពុកអ្នកមានម្នាក់ ។ រឿងប្រៀបប្រដូចនេះអាចជំរុញឲ្យមានការពិភាក្សាអំពីគោលបំណងរបស់ព្រះវរបិតាសួគ៌របស់យើងសម្រាប់យើងក្នុងជីវិតរមែងស្លាប់ ។ បងប្អូនអាចនិយាយអំពីរបៀបដែលឪពុកម្ដាយអាចជួយកូនៗរបស់ពួកគេឲ្យរៀបចំខ្លួនសម្រាប់អនាគតរបស់ពួកគេ ។ តើព្រះវរបិតាសួគ៌កំពុងរៀបចំបងប្អូនសម្រាប់ពរជ័យដ៏អស់កល្បជានិច្ចនាពេលអនាគតដែលទ្រង់ចង់ប្រទានឲ្យបងប្អូនយ៉ាងដូចម្ដេច ? ប្រហែលជាបងប្អូនអាចចែកចាយជាមួយគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងជម្រើសមួយចំនួនដែលកំពុងជួយបងប្អូនឲ្យរៀបចំខ្លួនសម្រាប់ជីវិតដ៏អស់កល្បជានិច្ច ។
ស្វែងយល់បន្ថែមទៀត
-
រ៉ូម ៥:៣–៥; ពេត្រុស ទី១ ១:៦–៧; គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៧–៨; ១២២:៥–៧
-
ដេវីឌ អេ បែដណា « We Will Prove Them Herewith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨–១១
ផ្នែកទី ៣
របៀបដើម្បីដកពិសោធន៍អំណរក្នុងព្រះយេស៊ូវគ្រីស្ទ
ព្យាការីលីហៃបានសង្ខេបពីគោលបំណងនៃជីវិតក្នុងប្រយោគមួយខ្លីថា ៖ « មានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ( នីហ្វៃទី២ ២:២៥ ) ។ ប៉ុន្តែសូម្បីតែលីហៃ ក៏មិនមានជីវិតងាយស្រួលដែរ ។ គាត់មានការព្រួយបារម្ភ និងទុក្ខព្រួយគ្រប់បែបយ៉ាង—គាត់បានចាកចេញពីផ្ទះដើម្បីរំដោះជីវិតរបស់គាត់ ហើយកូនប្រុសពីរនាក់របស់គាត់បានបះបោរប្រឆាំងនឹងគាត់ ។ ប្រធាន ណិលសុន បានមានប្រសាសន៍អំពីការពិពណ៌នារបស់លីហៃ អំពីគោលបំណងនៃជីវិតថា ៖ « ចូរស្រមៃមើល ! ក្នុងពាក្យទាំងអស់ដែល [ លីហៃ ] បានប្រើដើម្បីពិពណ៌នាអំពីលក្ខណៈ និងគោលបំណងនៃជីវិតរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ លោកបានជ្រើសយកពាក្យ សេចក្ដីអំណរ ! » ទោះជាមានការសាកល្បង និងការខិតខំទាំងអស់ដែលទាក់ទងទៅនឹងជីវិតរមែងស្លាប់ក៏ដោយ ក៏យើងមិនគួរភ្លេចថាអ្វីដែលព្រះវរបិតារបស់យើងពិតជាចង់បាននោះទេ នៅទីបំផុតនោះគឺដើម្បីឲ្យយើងទទួលបាននូវសេចក្តីអំណរដែលទ្រង់មាន ។
ការណ៍ទាំងឡាយដែលត្រូវពិចារណា
-
ក្នុងអំឡុងពេលដែលមិនមានអារម្មណ៍នៃសេចក្តីអំណរជាពិសេស—ហើយយើងទាំងអស់មានអារម្មណ៍ទាំងនោះ—បទគម្ពីរមួយដូចជា ហេព្រើរ ៤:១៤–១៦ អាចជួយបាន ។ តើបងប្អូនរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះចេញមកពីខគម្ពីរទាំងនេះ ? តើទ្រង់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់អ្វីខ្លះដើម្បីផ្ដល់ « ជំនួយនៅពេលត្រូវការ » ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
ស្វែងយល់បន្ថែមទៀត
-
ឌី ថត គ្រីស្តូហ្វឺសិន « The Joy of the Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័ ១៥–១៨