ផែនការនៃសេចក្តីសង្គ្រោះ ៖ រតនៈសម្បត្តិដ៏ពិសិដ្ឋនៃចំណេះដឹងដើម្បីនាំផ្លូវយើង
គន្លឹះទៅកាន់ភាពជោគជ័យរបស់យើងនៅក្នុងជីវិតមុនឆាកជីវិតនេះ គឺការគាំទ្ររបស់យើងចំពោះផែនការរបស់ព្រះវរបិតា ។ វាក៏ជាគន្លឹះទៅកាន់ភាពជោគជ័យរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះផងដែរ ។
ខ្ញុំតែងតែគិតពីភាពអស់សង្ឃឹមរបស់កូនចៅរបស់ព្រះដែលវង្វេងនៅ ក្នុងទីងងឹត និង ពិភពលោកដ៏លំបាក ដោយពុំដឹងថាខ្លួនពួកគេជានរណា ថាតើពួកគេមកពីណា តើហេតុអ្វីបានជាពួកគេមកលើផែនដីនេះ ឬ តើពួកគេនឹងទៅទីណាបន្ទាប់ពីជីវិតរមែងស្លាប់នេះ ។
យើងមិនត្រូវដើរវង្វេងឡើយ ។ ព្រះបានបើកសម្តែងសេចក្តីពិតដ៏អស់កល្បនោះ ដើម្បីឆ្លើយសំណួរទាំងនេះ ។ ចម្លើយនោះរកបាននៅក្នុងផែនការដ៏មហិមារបស់ទ្រង់សម្រាប់កូនចៅទ្រង់ ។ នៅក្នុងព្រះគម្ពីរផែនការ នេះត្រូវបានស្គាល់ថាជា « ផែនការប្រោសលោះ »១ និង « ផែនការនៃសុភមង្គល »២ និង « ផែនការនៃសេចក្តីសង្គ្រោះ » ។៣
តាមរយៈការយល់ដឹង និង ការគោរពប្រតិបត្តិតាមផែនការរបស់ព្រះ នោះយើងរក្សាខ្លួនយើងចេញពីការដើរវង្វេងចេញពីផ្លូវដែលនាំត្រឡប់ទៅជួបព្រះវរបិតាសួគ៌របស់យើងវិញ ។៤ ហើយបន្ទាប់នោះទើបយើងអាចរស់នៅ ក្នុងជីវិតមួយបែបដូចដែលទ្រង់ដឹកនាំយើង គឺជា « ជីវិតដ៏នៅអស់កល្បជានិច្ច… ដែលជាអំណោយទានដ៏មហិមាបំផុតនៃគ្រប់អំណោយទានទាំងឡាយនៃព្រះ » ។៥
អំណោយទាននៃជីវិតដ៏នៅអស់កល្បជានិច្ចគឺមានតម្លៃដើម្បីសិក្សា រៀនសូត្រ និង អនុវត្តតាមផែនការនៃសេចក្តីសង្គ្រោះ ។ មនុស្សលោកទាំងអស់នឹងរស់ឡើងវិញ ហើយទទួលពរជ័យនៃអមតភាព ។ ប៉ុន្តែដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច—ជាជីវិតដែលព្រះដឹកនាំ៦—គឺសក្តិសមនឹងទទួលបានតាមរយៈការរស់នៅតាមផែនការនៃសេចក្តីសង្គ្រោះដោយអស់ពីដួងចិត្ត គំនិត ពល្លំ និង កម្លាំងរបស់យើង ។
ការយល់ដឹងពីផែនការនៃសេចក្តីសង្គ្រោះ
របៀបដើម្បីទទួលបានសិទ្ធិអំណាចនេះគឺត្រូវស្គាល់ពី ផែនការនេះ ! ផែនការនៃសេចក្តីសង្គ្រោះគឺជារតនៈសម្បត្តិមួយដ៏មហិមាបំផុតនៃចំណេះដឹងដែលបានប្រទានដល់មនុស្សលោក ដោយសារវាពន្យល់ពីគោលបំណងអស់កល្បជានិច្ចនៃជីវិតនេះ ។ បើគ្មានផែនការនេះទេ នោះយើងពិតជាដើរវង្វេងនៅក្នុងសេចក្តីងងឹតយ៉ាងប្រាកដ ។ នេះហើយគឺជាមូលផលដែលមាគ៌ារបស់ព្រះគឺត្រូវប្រទានព្រះបញ្ញត្តិដល់កូនចៅរបស់ទ្រង់ «បន្ទាប់ពី បានប្រាប់ឲ្យគេដឹងនូវផែនការនៃសេចក្តីប្រោសលោះ » ។៧
គោលបំណងរបស់ខ្ញុំគឺជួយយើងម្នាក់ៗឲ្យទទួលយកផលប្រយោជន៍ពី រតនៈសម្បត្តិនៃចំណេះដឹងនេះ—ដើម្បីយល់កាន់តែច្បាស់ពីផែនការនៃសេចក្តីសង្គ្រោះ ហើយអនុវត្តការយល់ដឹងនោះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ។
សិទ្ធិជ្រើសរើស
ដោយសារសិទ្ធិជ្រើសរើស គឺជាផ្នែកមួយចំបាច់នៃផែនការនេះ ចូរយើងចាប់ផ្តើមពីចំណុចនោះ ។ ព្រះវរបិតារបស់យើងបានប្រទានសមត្ថភាពដល់យើងដើម្បីយើងអាចទទួលយក ឬបដិសេធ៨ យោងទៅតាមសេចក្តីពិតដ៏នៅអស់កល្បជានិច្ច—សេចក្តីពិតដែលធ្វើឲ្យព្រះគឺជាព្រះដូចសព្វថ្ងៃនេះ ហើយស្ថានសួគ៌គឺជាស្ថានសួគ៌សព្វថ្ងៃនេះ ។៩ បើសិនយើងប្រើសិទ្ធិជ្រើសរើសរបស់យើងដើម្បីទទួលយក ហើយរស់នៅតាមសេចក្តីពិតទាំងនេះ នោះ យើងនឹងមានសេចក្តីអំណរដ៏អស់កល្ប ។ ផ្ទុយទៅវិញ បើសិនយើងប្រើសិទ្ធិជ្រើសរើសរបស់យើងមិនគោរពតាម ឬ បដិសេធក្រិត្យវិន័យនានារបស់ព្រះ នោះយើងនឹងជួបការឈឺចាប់ និង ការរងទុក្ខ ។១០
សិទ្ធិជ្រើសរើសផ្តល់ជាគោលការណ៍មួយដែលទាក់ទងនឹងជំពូកទាំងបីនៃផែនការនៃសេចក្តីសង្គ្រោះ ៖ ជីវិតមុនឆាកជីវិតនេះ ជីវិតរមែងស្លាប់ និង ជីវិតក្រោយពីជីវិតនេះ ។
ជីវិតមុនឆាកជីវិតនេះ
ដូចដែលមានថ្លែងនៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » យើងម្នាក់ៗ « គឺជាបុត្រា និង បុត្រីខាងវិញ្ញាណរបស់ព្រះមាតបិតាសួគ៌ » ជាមួយនឹង « ចរិត និង គោលដៅនៃព្រះ » ។១១ នៅក្នុងក្រុមប្រឹក្សាជីវិតមុនផែនដី ព្រះវរបិតាសួគ៌បានពន្យល់ពួកយើងអំពីផែនការប្រោសលោះរបស់ទ្រង់ ។១២ ផែនការនេះផ្តោតលើគោលលទ្ធិ ក្រិត្យវិន័យ និង គោលការណ៍ដែលនៅតែបន្តមាន ។១៣ យើងបានរៀនថាបើយើងទទួលយក ហើយធ្វើតាមផែនការនេះ នោះយើងនឹងតម្រូវឲ្យមានឆន្ទៈដើម្បីចាកចេញពីវត្តមានរបស់ព្រះវរបិតា ហើយទទួលការសាកល្បង ដើម្បីបង្ហាញថាតើយើងនឹងជ្រើសរើសរស់នៅស្របតាមក្រិត្យវិន័យ និង ព្រះបញ្ញត្តិរបស់ទ្រង់ឬអត់ ។១៤ យើងបានរីករាយបានឭឱកាសនេះ១៥ ហើយបានគាំទ្រផែនការនេះដោយមានអំណរគុណ ដោយសារវាបានផ្តល់ដល់យើងនូវរបៀបដែលយើងអាចប្រែក្លាយដូចជាព្រះវរបិតាសួគ៌ ហើយគ្រងជីវិតអស់កល្បទុកជាមរតក ។
ប៉ុន្តែផែនការនេះមិនមែនគ្នានគ្រោះថា្នក់ទេ ៖ បើសិនយើងជ្រើសរើសនៅ ក្នុងជីវិតរមែងស្លាប់មិនធ្វើតាមក្រិត្យវិន័យអស់កល្បរបស់ព្រះទេ នោះយើងនឹងទទួលអ្វីមួយផ្សេងទៀតដែលតូចជាងជីវិតអស់កល្ប ។១៦ ព្រះវរបិតាបានជ្រាបថាយើងនឹងចំពប់ជើងដួល ហើយប្រព្រឹត្តិអំពើបាបនៅពេលយើងរៀនតាមរយៈបទពិសោធន៍នានានៅក្នុងជីវិតរមែងស្លាប់ ដូច្នេះទ្រង់បានផ្តល់ព្រះអង្គសង្គ្រោះមួយអង្គឲ្យប្រោសលោះអំពើបាបពីអស់អ្នកដែលបានប្រែចិត្ត ហើយព្យាបាលខាងវិញ្ញាណ និង អារម្មណ៍ដែលមានរបួសឈឺចាប់នៃអស់អ្នកដែលគោរពធ្វើតាម ។១៧
ព្រះយេស៊ូវគ្រីស្ទគឺជាបុត្រាសំណព្វរបស់ព្រះវរបិតា ជាបុត្រាដែលត្រូវបានរើសតាំង ហើយបានតែងតាំងពីមុនផែនដីចាប់ផ្តើមម្ល៉េះ ។១៨ ទ្រង់គាំទ្រផែនការរបស់ព្រះវរបិតា ហើយបានប្រគល់អង្គទ្រង់ដើម្បីធ្វើជាអង្គសង្គ្រោះរបស់យើងដោយមានបន្ទូល ៖ « ទូលបង្គំនៅឯនេះហើយ សូមចាត់ទូលបង្គំចុះ » ។១៩ ហេតុដូច្នេះហើយព្រះយេស៊ូវត្រូវបានតែងតាំងដោយព្រះវរបិតាដើម្បីធ្វើជាតួអង្គតែមួយគត់ដែលរស់នៅក្នុងជីវិតដែលគ្មានបាបនៅក្នុងជីវិតរមែងស្លាប់ ឲ្យធួននឹងអំពើបាប និងការរងទុក្ខវេទនារបស់យើង ហើយត្រូវបានមានព្រះជន្មរស់ឡើងវិញដើម្បីបណ្តាច់ចំណងនៃសេចក្តីស្លាប់ ។
លូស៊ីហ្វើ ដែលបានចុះមកដោយស្គាល់ថាជាសាតាំងនោះក៏បានរស់នៅកាលពីជីវិតមុនឆាកជីវិតនេះផងដែរ ។២០ ដោយសារតែភាពអាត្មានិយមរបស់ខ្លួន វាបានបដិសេធផែនការនោះ ហើយព្យាយាមបំផ្លាញសិទ្ធិជ្រើសរើសរបស់មនុស្ស ហើយបានបះបោរប្រឆាំងនឹងព្រះវរបិតា ។២១ ជាលទ្ធផល សាតាំង និង អស់អ្នកដែលធ្វើតាមវានឹងមិនបានទទួលរូបរាងកាយជារៀងរហូត ។ ពួកគេបានបាត់បង់ឱកាសដើម្បីចូលរួមជាមួយផែនការរបស់ព្រះវរបិតា ហើយបាត់បង់ជោគវាសនាដ៏ទេវភាពរបស់ខ្លួន ។២២ សព្វថ្ងៃនេះពួកវាបន្តសង្គ្រាមនៃការបះបោររបស់ខ្លួនប្រឆាំងនឹងព្រះ ហើយព្យាយាមបង្វែរចិត្ត និង ដួងចិត្តរបស់មនុស្សលោកឲ្យប្រឆាំងនឹងទ្រង់ ។២៣
ផែនដីនេះ ត្រូវបានរៀបចំ និង បង្កើតឡើងសម្រាប់អស់អ្នកដែលបានទទួលយកផែនការរបស់ព្រះវរបិតា ។២៤ នៅ លើផែនដី នេះយើងទទួលរូបរាងកាយដែលត្រូវបានបង្កើតឡើងតាមរូបរាងនៃអង្គព្រះ និងភាពដូចជាទ្រង់ ។ នៅលើផែនដី នេះ យើងត្រូវបានសាកល្បង និង ដកពិសោធន៍ ។ នៅលើផែនដីនេះ យើងទទួលបទពិសោធន៍ចាំបាច់ដើម្បីគ្រងជីវិតអស់កល្បទុកជាមរតក ។២៥
ជីវិតរមែងស្លាប់
ព្រះបានបង្កើតអ័ដាម និង អេវ៉ា ហើយបានផ្សំផ្គុំពួកគេជាស្វាមី និងភរិយា ដោយដាក់ពួកគេនៅក្នុងសួនច្បារអេដែន ហើយបានចេញបញ្ជាដល់ពួកគេឲ្យបង្កើតកូនចៅ ។២៦ ដោយការប្រើសិទ្ធជ្រើសរើសរបស់ខ្លួន អ័ដាម និង អេវ៉ាទាំងពីរនាក់បានឃ្លាតចេញពី វត្តមានរបស់ព្រះ ហើយមានជីវិតរមែងស្លាប់ ។២៧ ការណ៍នេះបំពេញផែនការរបស់ព្រះវរបិតា ដែលអាចធ្វើឲ្យពួកគេមានកូន ដែលពួកគេមិនអាចមានបានកាលនៅក្នុងសួនច្បារអេដែនឡើយ ។២៨ តាមក្រិត្យវិន័យដ៏អស់កល្បជានិច្ច អំណាចដ៏ទេវភាពនៃការបង្កើតគឺត្រូវតែប្រើនៅក្នុងចំណងដែលបានបង្កើតឡើងដោយព្រះវរបិតាសួគ៌យើងតែប៉ុណ្ណោះ ។ ការធ្វើដូចនោះ ផ្តល់ឱកាសសម្រាប់សេចក្តីអំណរដ៏អស់កល្ប ។ ជនណាដែលប្រើអំណាចដ៏ពិសិដ្ឋនេះក្រៅគោលបំណងរបស់ព្រះ នោះនៅទីបំផុតនឹងទទួលការរងទុក្ខ ។២៩
សាតាំង ជាអ្នកដែលមានបំណងថាមនុស្សទាំងអស់ « ត្រូវរងទុក្ខដូចវាដែរ »៣០ ព្យាយាមទាញយើងចេញពីឱកាសនានាដែលអាចឲ្យយើងឆ្លងផុតផែនការរបស់ព្រះវរបិតា ។ ហេតុអ្វីបានជាព្រះវរបិតាសួគ៌បណ្តោយឲ្យសាតាំងល្បួងយើងដូច្នេះ ? ដោយសារទ្រង់ជ្រាបថា ការផ្ទុយគឺចាំបាច់សម្រាប់ការរីកចម្រើន និង ការសាកល្បងរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ ។៣១ ការផ្ទុយផ្តល់ឱកាសដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានដើម្បីងាករកព្រះ ហើយពឹងផ្អែកលើទ្រង់ ។ ដោយសារល្អ និង អាក្រក់ នៅចំពោះមុខយើងជាប់ជានិច្ច យើងអាចបង្ហាញបំណងប្រាថ្នានៃដួងចិត្តរបស់យើងដោយការឱបក្រសោបនរណាម្នាក់ ហើយបដិសេធម្នាក់ទៀត ។៣២ ការផ្ទុយអាចរកឃើញនៅក្នុងការល្បួងរបស់សាតាំង ប៉ុន្តែអាចមាននៅក្នុងភាពទន់ខ្សោយរបស់យើងផងដែរ ភាពកំសោយនៃជីវិតរមែងស្លាប់នេះនៅ ជាប់ស្អិតក្នុងស្ថានភាពជាមនុស្សនោះ ។៣៣
ដើម្បីជួយយើងឲ្យជ្រើសរើសដោយវៃឆ្លាត ព្រះបានបើកសម្តែងផែនការប្រោសលោះរបស់ទ្រង់ ហើយបានផ្តល់ព្រះបញ្ញត្តិនានា៣៤ ពន្លឺ នៃព្រះគ្រីស្ទ៣៥ និងគូកននៃព្រះវិញ្ញាណបរិសុទ្ធ ។៣៦ ប៉ុន្តែទោះបីជាមាននូវអំណោយទាំងនេះក្តី យើងម្នាក់ៗដែលនៅក្នុងស្ថានភាពធ្លាក់នេះគឺ ប្រព្រឹត្តិអំពើបាប ដូច្នេះហើយយើងទាំងអស់គ្នាមិនអាចចូលទៅក្នុងវត្តមានរបស់ព្រះតាមរយៈគុណរបស់យើងនោះឡើយ ។៣៧ ហេតុនោះហើយក៏ត្រូវប្រទានព្រះអង្គសង្គ្រោះមកមួយអង្គតាមផែនការនៃសេចក្តីមេត្តាករុណារបស់ទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទបានយាងមកលើផែនដី ក្នុងនាមជាបុត្រាបង្កើតតែមួយរបស់ព្រះ ហើយបានបំពេញតាមបេសកកម្មចាត់តាំងរបស់ទ្រង់បានយ៉ាងល្អឥតខ្ចោះ តាមរយៈការធ្វើតាមព្រះឆន្ទៈនៃព្រះវរបិតាចំពោះកិច្ចការគ្រប់យ៉ាង ។៣៨ យោងតាមផែនការនៃសេចក្តីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ ឥទ្ធិពលនៃការធ្លាក់ត្រូវបានយកឈ្នះដោយការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ៣៩ លទ្ធផលនៃអំពើបាបអាចត្រូវបានយកឈ្នះ ហើយភាពទន់ខ្សោយអាចប្រែទៅជាខ្លាំងក្លាវិញបាន បើសិនយើងជ្រើសរើសដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។៤០
យើងអាចមានគុណសម្បត្តិនឹងទទួលជីវិតអស់កល្បបានមានតែតាមរយៈការគោរពប្រតិបត្តិចំពោះព្រះបញ្ញត្តិទាំងឡាយប៉ុណ្ណោះ ។ ការណ៍នេះតម្រូវឲ្យមានសេចក្តីជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និង ស៊ូទ្រាំដរាបដល់ចុងបញ្ចប់ក្នុងការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។៤១ ជាទូទៅ យើងត្រូវតែទទួលពិធីបរិសុទ្ធនៃបព្វជិតភាពដែលចាំបាច់ ហើយស៊ូទ្រាំដរាបដល់ចុងបំផុតក្នុងការកាន់តាមសេចក្តីសញ្ញាដែលពាក់ព័ន្ធនានា ។
ជីវិតក្រោយពីជីវិតនេះ
បន្ទាប់ពីយើងស្លាប់នោះ ថ្ងៃណាមួយយើងនឹងឈរនៅចំពោះមុខរបស់ព្រះអង្គសង្គ្រោះដើម្បីទទួលការកាត់ក្តី ។៤២ ដោយសារព្រះមានសេចក្តីមេត្តាករុណាដល់ អស់អ្នកដែលអនុវត្តសេចក្តីជំនឿរបស់ខ្លួនលើព្រះគ្រីស្ទចំពោះការប្រែចិត្ត នោះនឹងត្រូវបានអភ័យទោស ហើយគ្រងនូវអ្វីៗទាំងអស់ដែលព្រះវរបិតាមានទុកជាមរដក រួមទាំងជីវិតអស់កល្បជានិច្ចផងដែរ ។៤៣ ដោយសារព្រះយុត្តិធម៌ បុគ្គលម្នាក់ៗដែលមិនបានប្រែចិត្តនឹងមិនត្រូវបានទទួលអំណោយទាននៃជីវិតអស់កល្បឡើយ ។៤៤ បុគ្គលម្នាក់ៗនឹងត្រូវបានទទួលរង្វាន់ទៅតាមសេចក្តីជំនឿ ការប្រែចិត្ត គំនិត បំណងប្រាថ្នា និង កិច្ចការនានារបស់ខ្លួន ។៤៥
ការអនុវត្តផែនការនៃសេចក្តីសង្គ្រោះក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង
នៅពេលយើងយល់ពីគោលបំណងទាំងអស់នៃផែនការនេះ ហើយមើលខ្លួនយើងនៅក្នុងផែនការនេះ នោះយើងនឹងទទួលបានអ្វីមួយដែលមានតម្លៃកាត់ថ្លៃពុំបាន ដែលចាំបាច់ ៖ គឺទស្សនវិស័យដ៏អស់កល្ប ។ ទស្សនវិស័យដ៏អស់កល្បប្រាប់យើងពីការសម្រេច និង សកម្មភាពប្រចាំថ្ងៃរបស់យើង ។ វារក្សាលំនឹងនៃគំនិត និង ព្រលឹងរបស់យើង ។ នៅពេលគំនិតទន់ខ្សោយអស់កល្បជានិច្ចតែដែលអាចបញ្ចុះបញ្ចូលបាននៅជុំវិញយើង នោះយើងត្រូវតែខ្ជាប់ខ្ជួន ហើយនឹងនរ ។
ដូចអែលឌើរ អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖ « បើគ្មានការយល់ដឹងពីផែនការនៃសេចក្តីសង្គ្រោះ រួមមានទាំងជីវិតមុនឆាកជីវិតនេះ និង ការជំនុំជម្រះ ព្រមទាំងការរស់ឡើងវិញទេ នោះ ការព្យាយាមយល់ពីជីវិតនេះដោយខ្លួនឯងនោះ ដូចជាការមើលឃើញតែឆុតទីពីរនៃរឿងដែលមានដល់ទៅបីឆុតដូច្នោះដែរ » ។៤៦ យើងត្រូវតែយល់ពីឆុតឆាកទីមួយ ( ជីវិតមុនឆាកជីវិតនេះ ) ដើម្បីដឹងពី របៀបជ្រើសជម្រើសដ៏ល្អបំផុតនៅក្នុងឆុតទីពីរ ( ជីវិតរមែងស្លាប់ ) ដែលនឹងសម្រេចពីអ្វីដែលនឹងកើតឡើងចំពោះយើងនៅក្នុងឆុតទីបី ( ជីវិតក្រោយពីជីវិតនេះ ) ។
និយាយម្យ៉ាងទៀត ការយល់ដឹងអំពីផែនការនៃសេចក្តីសង្គ្រោះ ជាមួយនឹងការអធិស្ឋានដោយស្មោះសរ ផ្លាស់ប្តូររបៀបដែលយើងមើលឃើញពីជីវិត មនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួនយើង និង ខ្លួនយើងផ្ទាល់ ។ ការយល់ដឹងពី ផែនការនេះ ធ្វើឲ្យការនិមិត្តខាងវិញ្ញាណរបស់យើងកាន់តែច្បាស់ ហើយធ្វើឲ្យយើងមើលឃើញអ្វីៗតាមការពិតរបស់វា ។៤៧ គឺដូចជា យូរីម និង ធូមីម ដែលអាចធ្វើឲ្យព្យាការី យ៉ូសែប ស៊្មីធ ទទួលវិវរណៈ និង ការណែនាំ៤៨ ដូច្នេះចំណេះដឹងនៃផែនការនេះបង្ហាញយើងពី របៀបដើម្បី « ធ្វើសកម្មភាពតាមគោលលទ្ធិ និង គោលការណ៍ដែលទាក់ទងនឹងអនាគតកាល ស្របតាមសិទ្ធិជ្រើសរើសនៃក្រមសីលធម៌ » ដែលព្រះអម្ចាស់បានប្រទានដល់យើង ។៤៩ ហេតុដូច្នេះហើយ សេចក្តីជំនឿរបស់យើងនឹងត្រូវបានពង្រឹង ហើយយើងនឹងដឹងពីរបៀបដើម្បីដើរលើផ្លូវនៃជីវិតរបស់យើង ហើយធ្វើការជ្រើសរើសឲ្យស្របទៅនឹងសេចក្តីពិតអស់កល្បជានិច្ច ។
នេះគឺជាគំរូមួយចំនួនដែលទាក់ទងជាពិសេសនៅក្នុងសម័យរបស់យើងនេះ ។
គោលបំណងនៃអាពាហ៍ពិពាហ៍នៅក្នុងផែនការរបស់ព្រះ
អាពាហ៍ពិពាហ៍ និងគ្រួសារនៅ ក្រោមការវាយប្រហារ ដោយសារសាតាំងដឹងថាគ្រួសារគឺមានភាពចាំបាច់ដើម្បីទទួលបានជីវិតអស់កល្បជានិច្ច—គឺចាំបាច់ដូចជាការបង្កើត ការធ្លាក់ និង ដង្វាយធួនព្រមទាំងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។៥០ ដោយបរាជ័យក្នុងការបំផ្លាញសរសរទ្រូងណាមួយនៃផែនការនេះ នោះសាតាំងព្យាយាមបំផ្លាញការយល់ដឹងរបស់យើង និង ការអនុវត្តន៍នៃអាពាហ៍ពិពាហ៍ និង គ្រួសារ ។
ជាមួយនឹងផែនការនៃព្រះវរបិតាសួគ៌ ដែលជាចំណុចគោលនេះ គោលបំណងនៃអាពាហ៍ពិពាហ៍កាន់តែផ្តោតច្បាស់ឡើង ។ ព្រះបញ្ញត្តិដែលឲ្យចាកចេញពីឪពុក និង ម្តាយ ហើយទៅរួមរស់ជាមួយគ្នាក្នុងអាពាហ៍ពិពាហ៍៥១ ហើយបង្កើតកូនឲ្យចម្រើនជាច្រើនឡើងឲ្យមានពេញពាសលើផែនដី៥២ ធ្វើឲ្យផែនការទ្រង់ធ្វើទៅបាន ។ តាមរយៈអាពាហ៍ពិពាហ៍យើងនាំកូនវិញ្ញាណរបស់ទ្រង់មកកាន់ពិភពលោក ហើយក្លាយជាដៃគូជាមួយទ្រង់ក្នុងការជួយកូនចៅ របស់ព្រះអង្គចូលរួមនៅក្នុងផែនការរបស់ទ្រង់ ។៥៣
ផែនការនៃព្រះវរបិតាផ្ដល់ផ្លូវឲ្យយើងគ្រងជីវិតអស់កល្បទុកជាមរតក ជីវិតជាមួយព្រះមាតាបិតាសួគ៌របស់យើង ។ នៅក្នុងផែនការនេះ « ប៉ុន្តែ ក្នុងព្រះអម្ចាស់នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ [ ហើយ ] ស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។៥៤ ការណ៍ដ៏ចាំបាច់នៃជីវិតអស់កល្បជានិច្ច រួមមានអាពាហ៍ពិពាហ៍អស់កល្បជានិច្ចរវាងបុរស និង ស្ត្រី ដែលជាផ្នែកសំខាន់មួយនៃការប្រែក្លាយដូចជាព្រះមាតាបិតាសួគ៌របស់យើង ។៥៥
អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រី
នៅក្នុងអាពាហ៍ពិពាហ៍យើងបំពេញគ្នាទៅវិញទៅមក គឺដូចជាភាពពិសេស និងភាពខុសគ្នារបស់បុរស និងស្រ្តីជួយបំពេញគ្នាទៅវិញទៅមក ។ ដំណើរនៅក្នុងជីវិតរមែងស្លាប់ក្នុងនាមជាស្វាមី និង ភរិយា យើងរីកចម្រើនរួមគ្នា ដោយការខិតកាន់តែជិតព្រះអង្គសង្គ្រោះនៅពេលយើងគោរពតាម លះបង់ដើម្បីធ្វើតាមព្រះឆន្ទៈរបស់ព្រះ ហើយស្ថាបនានរគរបស់ទ្រង់រួមគ្នា ។ ដោយការដឹងថាអាពាហ៍ពិពាហ៍អស់កល្បជានិច្ចគឺជាព្រះបញ្ញត្តិរបស់ព្រះ ហើយថាទ្រង់រៀបចំផ្លូវឲ្យកូនចៅ របស់ទ្រង់ឲ្យសម្រេចនូវគ្រប់អ្វីៗទាំងអស់ដែលទ្រង់បញ្ជា៥៦ នោះយើងដឹងថាអាពាហ៍ពិពាហ៍របស់យើងនឹងមានជោគជ័យនៅពេលយើងរួមគ្នាក្នុងការរក្សាសេចក្តីសញ្ញានានាដែលយើងបានធ្វើ ។
តាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព និង ការជ្រើសរើសដើម្បីរក្សាសេចក្តីសញ្ញានានាដែលពាក់ព័ន្ធ ដែលយើងទទួលអំណាចនៃព្រះ នៅពេលយើងតទល់នឹងឧបសគ្គនានានៃជីវិតរមែងស្លាប់នេះ ។៥៧ ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធផ្តល់ដល់យើងនូវអំណាចមកពី ស្ថានលើ ហើយធ្វើឲ្យយើងអាចត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះវរបិតាសួគ៌របស់យើងវិញ ។៥៨ ពិធីបរិសុទ្ធនៃការផ្សារភ្ជាប់អាចធ្វើឲ្យស្វាមី និង ភរិយារីកចម្រើនជាមួយគ្នាតាមរយៈអំណាចរបស់ព្រះ និង អាចប្រែក្លាយតែមួយជាមួយព្រះអម្ចាស់ ។៥៩ ការរៀបការបែបផ្សេងទៀតជំនួសឲ្យអាពាហ៍ពិពាហ៍បែបនេះនឹងមិនបំពេញគោលបំណងដ៏ពិសិដ្ឋរបស់ទ្រង់សម្រាប់យើង ឬ មនុស្សជំនាន់ក្រោយនៃកូនចៅរបស់ទ្រង់ដែលនឹងកើតមកនោះឡើយ ។៦០
ការទាក់ទាញអារម្មណ៍ និង បំណងប្រាថ្នា
យើងម្នាក់មកកាន់ពិភពលោកដែលធ្លាក់នេះ ជាមួយនឹងភាពទន់ខ្សោយ ឬ ឧបសគ្គដែលនៅជាប់ក្នុងស្ថានភាពនៃមនុស្សលោកនេះ ។៦១ ការយល់ដឹងពីផែនការរបស់ព្រះធ្វើឲ្យយើងមើលឃើញពីភាពកំសោយទាំងអស់របស់មនុស្សលោក—រួមទាំងការទាក់ទាញអារម្មណ៍ និង បំណងប្រាថ្នាដែលមិនស្របនឹងផែនការរបស់ទ្រង់—ជាបណ្តោះអាសន្ន ។៦២ ការដឹងថាយើងបានរស់នៅពីមុនជីវិតនេះក្នុងនាមជាបុត្រា និង បុត្រីសំណព្វរបស់ព្រះវរបិតាសួគ៌ ធ្វើឲ្យយើងអាចយកអត្តសញ្ញាណរបស់យើងចេញមកពីប្រភពដើមនៃភាពជាព្រះរបស់យើង ។ វាគឺជាស្ថានភាពរបស់យើងក្នុងនាមជាបុត្រា ឬ បុត្រីរបស់ព្រះ—មិនមែនជាកំសោយ ឬ ភាពទន់ជ្រាយរបស់យើងឡើយ—នោះគឺជាប្រភពពិតនៃអត្តសញ្ញាណរបស់យើង ។៦៣
ជាមួយនឹងទស្សនវិស័យនេះ នោះយើងអាចរង់ចាំបានកាន់តែប្រសើរដោយបន្ទាបខ្លួន និង អត់ធ្មត់លើព្រះអម្ចាស់៦៤ ដោយទុកចិត្តថា តាមរយៈសេចក្តីជំនឿ ការគោរពប្រតិបត្តិ និង ការស៊ូទ្រាំដល់ទីបញ្ចប់របស់យើង នោះអត្តចរិក និង បំណងប្រាថ្នារបស់យើងនឹងត្រូវបានបន្សុទ្ធ រូបកាយរបស់យើងនឹងត្រូវបានញែក ហើយយើងនឹងពិតជាក្លាយបុត្រា និង បុត្រីរបស់ព្រះគ្រីស្ទ ប្រែជាល្អឥតខ្ចោះតាមរយៈដង្វាយធួនរបស់ទ្រង់ ។
ទស្សនវិស័យដ៏អស់កល្បនៃផែនការនេះ នាំមកនូវការបញ្ជាក់ថាសម្រាប់អ្នកស្មោះត្រង់ នោះថ្ងៃនោះនឹងមកដល់ថា « ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ… និងគ្មានទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ » ។៦៥ « ការភ្លឺថ្លានៃសេចក្តីសង្ឃឹមដ៏ឥតខ្ចោះ » នេះ៦៦ នឹងនៅខ្ជាប់ខ្ជួនជាមួយគំនិត និង ដួងចិត្តរបស់យើង ហើយធ្វើឲ្យយើងអាចរង់ចាំដោយអត់ធ្មត់ ស្មោះត្រង់ជាមួយព្រះអម្ចាស់ ។
ការសន្យានានាដល់អស់អ្នកដែលស៊ូទ្រាំដោយស្មោះត្រង់
អស់អ្នកដែលឆ្ងល់ថា បើកាលៈទេសៈ ឬ ស្ថានភាពបច្ចុប្បន្នរបស់ខ្លួនរារាំងពួកគេពីជីវិតអស់កល្បជានិច្ចនោះគួរតែចងចាំថា « គ្មាននរណាម្នាក់ត្រូវបានតែងតាំងជាមុនដើម្បី ទទួលបានតិចជាងនូវអ្វីៗទាំងអស់ដែលព្រះវបិតាមានសម្រាប់កូនចៅរបស់ទ្រង់ឡើយ » ។៦៧
គ្មានពរជ័យណាដែលនឹងត្រូវបានបដិសេធដល់ជនស្មោះត្រង់ឡើយ ។ ប្រធាន ឡូរែនសូ ស្នូ បានថ្លែង ៖ « គ្មានពួកបរិសុទ្ធថ្ងៃចុងក្រោយណាម្នាក់ដែលស្លាប់ទៅ បន្ទាប់ពីបានរស់នៅយ៉ាងស្មោះត្រង់ត្រូវបាត់បង់អ្វីគ្រប់យ៉ាង ដោយសារតែបរាជ័យក្នុងការធ្វើកិច្ចការមួយចំនួនព្រោះមិនបានផ្តល់ឱកាសឲ្យពួកគេនោះឡើយ ។ ម្យ៉ាងទៀត បើសិនយុវជន ឬ យុវនារីណាម្នាក់គ្មានឱកាសរៀបអាពាហ៍ពិពាហ៍ ហើយពួកគេរស់នៅ យ៉ាងស្មោះត្រង់រហូតដល់ពេលស្លាប់ នោះ ពួកគេនឹងទទួលនូវពរជ័យទាំងអស់ ភាពតម្កើងឡើង និង សិរីល្អដែលបុរស និង ស្ត្រីរាល់រូបដែលមានឱកាសនេះ ហើយបានអភិវឌ្ឍវា ។ នោះ គឺជាការពិត និង វិជ្ជមាន » ។៦៨
ការសន្យាដល់អស់អ្នកដែលដឹងពីផែនការ ហើយអនុវត្តវាប្រចាំថ្ងៃ
យើងម្នាក់ៗគាំទ្រផែនការរបស់ព្រះវរបិតាដោយអស់ពីចិត្តនៅ ក្នុងជីវិតមុនឆាកជីវិតនេះ ។ យើងដឹងថាទ្រង់ស្រឡាញ់ពួកយើង ហើយយើងរំភើបចំពោះការប្រទានរបស់ទ្រង់ដ៏សប្បុរសនូវឱកាសនេះដើម្បីគ្រងនូវអ្វីៗទាំងអស់ដែលទ្រង់មានទុកជាមរតក រួមទាំងជីវិតអស់កល្បជានិច្ចផង ។ គន្លឹះទៅកាន់ភាពជោគជ័យរបស់យើងនៅក្នុងជីវិតមុនឆាកជីវិតនេះ គឺការគាំទ្ររបស់យើងចំពោះផែនការរបស់ព្រះវរបិតា ។ វាក៏ជាគន្លឹះទៅកាន់ភាពជោគជ័យរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះផងដែរ ។
ដូច្នេះការអញ្ជើញរបស់ខ្ញុំគឺថា យើងឈររួមគ្នាជាថ្មីម្តងទៀតក្នុងការគាំទ្រដល់ផែនការរបស់ព្រះវរបិតា ។ យើងធ្វើបែបនេះដោយសេចក្តីស្រឡាញ់ដល់មនុស្សទាំងអស់ ដ្បិតផែនការនេះគឺជាការបង្ហាញនូវសេចក្តីស្រឡាញ់របស់ព្រះ ។
នៅពេលយើងអនុវត្តជារៀងរាល់ថ្ងៃនូវចំណេះដឹងរបស់យើងអំពី ផែនការរបស់ព្រះវរបិតា នោះជីវិតយើងនឹងកាន់តែមានន័យខ្លាំងឡើង ។ យើងនឹងតទល់នឹងឧបសគ្គរបស់យើង ដោយសេចក្តីជំនឿកាន់តែខ្លាំង ។ យើងនឹងបន្តឆ្ពោះទៅមុខជាមួយនឹងសេចក្តីសង្ឃឹមដ៏ពិតប្រាកដដ៏ភ្លឺស្វាង ដ៏ត្រចះត្រចង់នៃជីវិតអស់កល្បជានិច្ច ។