ការអធិស្ឋានរបស់ខ្ញុំទៅកាន់កោះរ៉ូតូម៉ា
ចន ខេ ម៉ៅរ៉ នូវ សោស្ស វេលស៍ ប្រទេស អូស្ត្រាលី
( អ្នកនិពន្ធបានស្លាប់ទៅហើយ ) ។
រូបភាព លំអរ ដោយ អេលែន ហ្គាន
« ទូក វ៉េស្ទើរឡែន បានចាកចេញកាលពីម្សិលមិញ » បងស្រីថ្លៃខ្ញុំបានប្រាប់ នៅពេលគាត់បានមកទទួលយើងនៅព្រលានយន្តហោះណាឌីនៅក្នុងប្រទេស ហ្វីជី ។
ខ្ញុំសោកស្តាយ ហើយខកបំណង នៅពេលបានឮដំណឹងនោះ ។ ទូក អិម វី វ៉េស្ទើរឡែន គឺជាទូកដែលនឹងត្រូវដឹកយើងទៅមើលបងប្រុសរបស់ខ្ញុំនៅ លើកោះរ៉ូតូម៉ា ។ រ៉ូតូម៉ាមានចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រភាគខាងជើងនៃកោះវីទី លេវូ ដែលជាកោះធំជាងគេបំផុតនៃប្រទេសហ្វីជី ។ បើសិនអ្នកខកជើងទូក នោះ អ្នកត្រូវតែរង់ចាំជាច្រើនថ្ងៃ ឬជាច្រើនសប្តាហ៍ដើម្បីជើងក្រោយទៀត ។
កាលពីមួយឆ្នាំមុនខ្ញុំបានទៅកោះរ៉ូតូម៉ា ដើម្បីជួយបងប្រុសរបស់ខ្ញុំ ជួសជុសផ្ទះរបស់លោកយាយយើង ហើយខ្ញុំបានចាកចេញពីគាត់មកដោយសារតែពុំចុះសម្រុងគ្នានឹងការងារដែលទាក់ទងនឹងរឿងនោះ ។ ឥឡូវនេះខ្ញុំចង់ជួបមុខគាត់ផ្ទាល់ ហើយប្រាប់គាត់ថាខ្ញុំមានការសោកស្តាយប៉ុណ្ណាចំពោះរឿងនោះ ។
មួយសប្តាហ៍ពីមុន អាកាថាជាភរិយាខ្ញុំ និង ខ្ញុំបានជិះយន្តហោះពីអូស្ត្រាលីទៅ ប្រទេសហ្វីជី ក្មួយស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថាទូក វ៉េស្ទើរឡែន នឹងចេញទៅកោះ រ៉ូតូម៉ាមួយថ្ងៃមុនថ្ងៃកំណត់ដែលយើងទៅដល់ ។ ភ្លាមនោះ ខ្ញុំបានទូរសព្ទទៅកាន់ការិយាល័យទូក ហើយសូមអង្វរពួកគេឲ្យពន្យាពេលធ្វើដំណើរពីរថ្ងៃ ។
ពួកគេឆ្លើយថា « ទេ យើងមិនអាចធ្វើបានទេ ទោះបីជាយើងចង់ធ្វើបែបនេះក៏ដោយ » ។ « ក្រុមប្រឹក្សានៅកោះរ៉ូតូម៉ា បានរៀបចំអាហារដ៏ច្រើនសម្រាប់ការស្វាគមន៍ ហើយទូកនោះត្រូវតែចេញដំណើរតាមការគ្រោងទុក » ។
មានគំនិតមួយបានផុសក្នុងដួងចិត្តខ្ញុំ ហើយខ្ញុំបានសម្រេចថាអធិស្ឋាន និង តមអាហារ ។
ខ្ញុំបានអធិស្ឋានថា « ឱ ព្រះវរបិតាសួគ៌ អើយ ទូលបង្គំចង់ទៅឲ្យទាន់ទូកដើម្បី ធ្វើដំណើរទៅ កោះ រ៉ូតូម៉ានោះណាស់ ។ ទូលបង្គំជឿថាពួកគេមិនអាចពន្យាការចេញដំណើរមួយថ្ងៃ ឬ ពីរថ្ងៃទេ ប៉ុន្តែទ្រង់មានអំណាចដើម្បីធ្វើការណ៍នេះបាន ។ តើព្រះអង្គអាចគ្រាន់តែដកយកខ្ចៅ មួយនៅកន្លែងណាក៏បាននៅលើទូក ដើម្បីឲ្យពួកគេអាចពន្យាពេលធ្វើដំណើរនេះ ? ទូលបង្គំត្រូវតែទៅកោះ រ៉ូតូម៉ា ហើយផ្សះផ្សារជាមួយបងប្រុសរបស់ទូលបង្គំ » ។
បន្ទាប់ពីយើងបានឮដំណឹងដ៏ខកចិត្តនេះ នោះយើងបានធ្វើដំណើរទៅដល់កំពង់ផែម្ខាងទៀតនៃកោះនោះ ។ ទោះបីជាយ៉ាងណាក៏ដោយ យើងបានដឹងថា ម៉ាស៊ីនទូកបានខូច ហើយពុំទាន់បានចេញដំណើរនៅឡើយ ។ ព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។ ស្ថានភាពនោះគឺថាម៉ាស៊ីនទាំងមូល—គឺមិនមែនតែខ្ចៅមួយឡើយ—ត្រូវតែរើរចេញដើម្បី ជួសជុលម៉ាស៊ីនធ្លាយប្រេងនោះ ។
នៅពេលទូកបានចេញដំណើរមួយសប្តាហ៍ក្រោយមក នោះ ខ្ញុំបាននៅលើទូកនោះ ។ នៅពេលខ្ញុំបានទៅដល់កោះ រ៉ូតូម៉ា ខ្ញុំបានឱបបងប្រុសរបស់ខ្ញុំ ហើយសុំទោស ហើយយើងបានស្តារទំនាក់ទំនងរបស់យើងឡើងវិញ ។ វាពិតជាថ្ងៃដែលរីករាយយ៉ាងខ្លាំង ។
ខ្ញុំនឹងមានអំណរគុណជានិច្ចចំពោះបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យនេះ និង ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ ។ វាគឺជាទីបន្ទាល់ថាអព្ភូតហេតុនៅតែកើតមានសព្វថ្ងៃនេះ ថាព្រះវរបិតាមានព្រះជន្មរស់ ហើយឆ្លើយតបចំពោះ ការអធិស្ឋានដ៏ស្មោះសររបស់យើង ថាការអធិស្ឋាន និង ការតមអាហារជាចំណងរួមគ្នា ហើយថាដំណឹងល្អពិត—ទោះបីជានៅ ក្នុងភូមិតូចមួយនៅ ផ្នែកដ៏តូចមួយនៃកោះ រ៉ូតូម៉ាក្តី ។