ការរស់នៅដោយ ស្មោះអស់ពីចិត្ត
ដកស្រង់ចេញពីការប្រជុំធម្មនិដ្ឋានយុវមជ្ឈិមវ័យទូទាំងពិភពលោក « ការរស់នៅដោយមានគោលបំណង ៖ សារៈសំខាន់នៃការស្មោះអស់ពីចិត្ត » ដែលបានចែកចាយនៅឯ សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–រដ្ឋ អៃដាហូ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៥ ។ សម្រាប់សុន្ទរកថាទាំងមូល សូមចូលទៅគេហទំព័រ devotionals.lds.org ។
ការស្មោះអស់ពីចិត្តមានន័យថា ការធ្វើរឿងត្រឹមត្រូវសម្រាប់ហេតុផលត្រឹមត្រូវ ។
ខ្ញុំបានរៀនពីសារៈសំខាន់នៃការស្មោះអស់ពីចិត្តនេះកាលនៅជាសិស្សថ្នាក់សិក្ខាសាលាវ័យក្មេង ។ គ្រូបង្រៀនរបស់យើងបានអញ្ជើញយើងឲ្យអានព្រះគម្ពីរមរមន ។ ដើម្បីតាមដានការរីកចម្រើនរបស់យើង គាត់បានបង្កើតតារាងមួយដែលមានឈ្មោះរបស់យើងនៅម្ខាង ខាងក្រោម នឹងឈ្មោះគម្ពីរក្នុងព្រះគម្ពីរមរមននៅខាងលើ ។ គ្រប់ពេលដែលយើងអានគម្ពីរគាត់បានគូសសញ្ញាផ្កាយមួយនៅក្បែរឈ្មោះរបស់យើង ។
ពេលដំបូងខ្ញុំពុំបានខិតខំអានវាឡើយ ហើយមិនយូរប៉ុន្មានខ្ញុំរកឃើញថាខ្លួនឯងអត់បានអានព្រះគម្ពីរកាន់តែច្រើនឡើង ។ ដោយការជម្រុញពីអារម្មណ៍អៀនខ្មាស់ និង ស្មារតីប្រកួតប្រជែងដែលមានក្នុងខ្លួននោះ ខ្ញុំបានចាប់ផ្តើមអានវា ។ គ្រប់ពេលដែលខ្ញុំបានផ្កាយមួយ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ។ ហើយពេលដែលខ្ញុំបានផ្កាយកាន់តែច្រើន នោះខ្ញុំកាន់តែជម្រុញចិត្តឲ្យអានព្រះគម្ពីរ—ក្រៅម៉ោងរៀន បន្ទាប់ពីរៀន គ្រប់ពេលទំនេរទាំងអស់ ។
នេះគឺជារឿងដ៏អស្ចារ្យមួយ បើសិនខ្ញុំអាចប្រាប់អ្នកថា លទ្ធផលមួយនៃកិច្ចខិតខំរបស់ខ្ញុំ នោះខ្ញុំគឺជាអ្នកអានគម្ពីរចប់មុនគេនៅក្នុងថ្នាក់—ប៉ុន្តែខ្ញុំពុំបានអានចប់ទេ ។ ហើយនោះវាមិនអីទេ បើសិនខ្ញុំអាចប្រាប់អ្នកថា ខ្ញុំបានទទួលអ្វីផ្សេងដែលប្រសើរជាងចំណាត់ថ្នាក់លេខមួយ—គឺទីបន្ទាល់អំពីព្រះគម្ពីរមរមន ។ ប៉ុន្តែការណ៍នោះពុំបានកើតឡើងដែរ ។ ខ្ញុំគ្មានទីបន្ទាល់អ្វីសោះឡើយ ។ អ្វីដែលខ្ញុំបានទទួលនោះគឺជាសញ្ញាផ្កាយទៅវិញ ។ ខ្ញុំបានផ្កាយដោយសារខ្ញុំបានអានព្រះគម្ពីរ ។ ការប្រើពាក្យរបស់មរ៉ូណៃ នោះគឺ « ស្មោះអស់ពីចិត្ត » របស់ខ្ញុំ ។
មរ៉ូណៃបានមានប្រសាសន៍យ៉ាងច្បាស់នៅពេលលោករៀបរាប់ពីរបៀបដើម្បីស្វែងយល់ថាតើព្រះគម្ពីរមរមនពិតឬទេ ៖ « ហើយកាលណាអ្នករាល់គ្នាទទួលនូវការណ៍ទាំងនេះនោះ ខ្ញុំសូមទូន្មានដល់អ្នករាល់គ្នាឲ្យសូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ចដោយនូវព្រះនាមនៃព្រះគ្រីស្ទបើសិនជាការណ៍ទាំងនេះមិនពិត ហើយបើសិនជាអ្នករាល់គ្នាសូមសួរដោយចិត្តស្មោះសគឺដោយ ស្មោះអស់ពីចិត្ត ដោយ មានសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ នោះទ្រង់ នឹង សម្ដែង សេចក្តីពិតនៃការណ៍នេះដល់អ្នក ដោយព្រះចេស្តា នៃព្រះវិញ្ញាណបរិសុទ្ធ » ( មរ៉ូណៃ ១០:៤; សេចក្តីបញ្ជាក់ត្រូវបានបន្ថែម )
មូលហេតុត្រឹមត្រូវ
នៅពេលខ្ញុំក្រឡេកមើលក្រោយវិញ ខ្ញុំអាចឃើញថាព្រះអង្គអម្ចាស់ពិតជាមានភាពយុត្តិធម៌ណាស់សម្រាប់ខ្ញុំ ។ ហេតុអ្វីបានជាខ្ញុំមានក្តីរំពឹងចង់បានអ្វីផ្សេងទៀតជាងអ្វីដែលខ្ញុំកំពុងតែស្វែងរកទៅវិញ ? ការស្មោះអស់ពីចិត្តមានន័យថា ការធ្វើរឿងត្រឹមត្រូវសម្រាប់ហេតុផលត្រឹមត្រូវ ខ្ញុំបានព្រះគម្ពីរត្រឹមត្រូវសម្រាប់ ហេតុផល ដែលមិនត្រឹមត្រូវ ។
វាជាហេតុផលមិនត្រឹមត្រូវឡើយរហូតដល់ជាច្រើនឆ្នាំក្រោយមកទើបខ្ញុំអានព្រះគម្ពីរមរមនដោយស្មោះអស់ពីចិត្ត ។ ឥឡូវខ្ញុំដឹងថា ព្រះគម្ពីរមរមនបំពេញគោលបំណងដ៏ទេវភាពរបស់ខ្លួនអំពីការថ្លែងទីបន្ទាល់អំពីព្រះជន្ម និង បេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ដោយសារខ្ញុំបានអានវាដោយស្មោះអស់ពីចិត្ត ។
មេរៀនដែលខ្ញុំបានរៀនអំពីការស្មោះអស់ពីចិត្ត និង ព្រះគម្ពីរមរមនអនុវត្តចំពោះយើងម្នាក់ៗនៅក្នុងគ្រប់ស្ថានភាពទាំងអស់របស់ជីវិតយើង ។ ជាញឹកញាប់យើងធ្វើតាមគំរូនានាដោយមិនដឹងខ្លួន និង ធ្វើតាមទម្លាប់ដែលយើងបានអភិវឌ្ឍអស់ពេលជាច្រើនឆ្នាំ—យើងគ្រាន់តែបានរស់នៅដោយមិនយកចិត្តទុកដាក់នឹងជីវិតខ្លួនទោះបីជាមានលទ្ធផលអ្វីកើតឡើងក៏ដោយ ។ ការរស់នៅដោយស្មោះអស់ពីចិត្ត បន្ថែមការយកចិត្តទុកដាក់ និង មានគោលបំណងក្នុងជីវិតរបស់យើង ហើយធ្វើឲ្យមានការផ្លាស់ប្តូរទាំងអស់ ។ ការរស់នៅដោយស្មោះអស់ពីចិត្តមានន័យថា ការយល់ដឹងពី « មូលហេតុ » —ការជម្រុញចិត្តដែលបង្កប់ក្នុងទង្វើរបស់យើង ។ សូក្រាតបានមានប្រសាសន៍ថា « ការមិនពិនិត្យមើលពីជីវិតគឺមិនសមនឹងរស់នៅ ឡើយ » ។១ ដូច្នេះសូមពិចារណាពីរបៀបដែលអ្នកចំណាយពេលរបស់ខ្លួន ហើយសួរខ្លួនឯងជាប្រចាំថា « ហេតុអ្វី ? » ការណ៍នេះនឹងជួយអ្នក បង្កើន សមត្ថភាពខ្លួនដើម្បីមើលឃើញហួសពីពេលបច្ចុប្បន្ននេះ ។ វាពិតជាប្រសើរណាស់ ដើម្បីសម្លឹងមើលទៅមុខ ហើយសួរខ្លួនឯងថា « ហេតុអ្វីខ្ញុំធ្វើរឿងនេះ ? » បន្ទាប់មកងាកក្រោយហើយសួរថា « ហេតុអ្វី ឱ ហេតុអ្វីបានជាខ្ញុំបានធ្វើរឿងនោះ ? »
តើព្រះអម្ចាស់ចង់ឲ្យអ្នកធ្វើអ្វីខ្លះ ?
កាលខ្ញុំនៅក្មេង ខ្ញុំបានសម្រេចចិត្តមិនទៅបម្រើបេសកកម្ម ។ បន្ទាប់ពីទៅរៀននៅមហាវិទ្យាល័យ និង បម្រើនៅជួរកងទ័ពបានមួយឆ្នាំមក ខ្ញុំមានការងារល្អមួយនៅក្នុងមន្ទីរពេទ្យក្នុងមូលដ្ឋានដោយធ្វើជាអ្នកបច្ចេកទេសខាងប្រើម៉ាស៊ីនអ៊ិច ស៊ីរ៉េ ។ ជីវិតមើលទៅហាក់បីដូចជាល្អប្រសើរ ហើយបេសកកម្មហាក់បីដូចជាមិនចាំបាច់ឡើយ ។
នាថ្ងៃមួយ វេជ្ជបណ្ឌិត ជេម ភីនហ្គ្រី ជាគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យនោះ បានបបួលខ្ញុំទៅទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា ។ នៅក្នុងការសន្ទនាគ្នា គាត់បានឃើញថាខ្ញុំពុំមានគម្រោងបម្រើបេសកកម្មឡើយ ហើយគាត់បានសួរពីហេតុផល ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំរៀងចាស់បន្តិចហើយ ហើយវាដូចហួសពេលហើយ ។ គាត់បានប្រាប់ខ្ញុំថានោះគឺជាហេតុផលមិនសមរម្យប៉ុន្មានទេ គាត់បាននិយាយថាគាត់បានបម្រើបេសកកម្មបន្ទាប់ពីគាត់រៀនចប់សាលាពេទ្យ ។ បន្ទាប់មកគាត់បានថ្លែងទីបន្ទាល់របស់ខ្លួនអំពីសារៈសំខាន់នៃបេសកកម្មរបស់គាត់ ។
ទីបន្ទាល់របស់គាត់មានឥទ្ធិពលមួយយ៉ាងពិសេសមកលើរូបខ្ញុំ ។ វាបានបណ្តាលឲ្យខ្ញុំអធិស្ឋានដែលខ្ញុំមិនធ្លាប់បានអធិស្ឋានដូចពីមុន—គឺដោយ ស្មោះអស់ពីចិត្ត ។ ខ្ញុំបានគិតឃើញហេតុផលជាច្រើនដែលខ្ញុំមិនបានបម្រើ ៖ ខ្ញុំមានការខ្មាស់អៀន ។ ខ្ញុំមានការងារដែលខ្ញុំចូលចិត្ត ។ ខ្ញុំអាចទទួលបានអាហាររូបករណ៍មួយ ដែលវានឹងមិនអាចមានឡើយបន្ទាប់ពីបេសកកម្ម ។ អ្វីដែលសំខាន់បំផុតនោះ ខ្ញុំមានសង្សារម្នាក់ដែលរង់ចាំខ្ញុំ អំឡុងពេលខ្ញុំនៅបម្រើជួរកងទ័ព ហើយខ្ញុំគិតថានាងនឹងមិនព្រមចាំពីរឆ្នាំទៀតឡើយ ! ខ្ញុំបានអធិស្ឋានសុំការបញ្ចាក់ថាហេតុផលទាំងឡាយរបស់ខ្ញុំគឺសមរម្យ ហើយថាខ្ញុំបានធ្វើត្រឹមត្រូវហើយ ។
ចំពោះភាពស្មុគស្មាញខ្ញុំពុំបានទទួលចម្លើយយ៉ាងស្រួលថា បាទ ឬ អត់ទេចំពោះអ្វីដែលខ្ញុំសង្ឃឹមចង់បាននោះ ។ បន្ទាប់មកគំនិតមួយបានផុសក្នុងគំនិតខ្ញុំ ៖ « តើព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យខ្ញុំធ្វើអ្វី ? » ខ្ញុំត្រូវតែមានស្គាល់ថា ទ្រង់មានព្រះទ័យចង់ឲ្យខ្ញុំបម្រើបេសកកម្ម ហើយការណ៍នេះក្លាយជាការសម្រេចចិត្តមួយក្នុងជីវិតរបស់ខ្ញុំ ។ តើខ្ញុំកំពុងតែធ្វើអ្វីតាមដែលចិត្តខ្ញុំចង់ធ្វើ ឬ តើខ្ញុំកំពុងតែធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ? នោះគឺជាសំណួរមួយដែលល្អសម្រាប់ឲ្យយើងត្រូវតែសួរខ្លួនឯងឲ្យបានញឹកញាប់ ។
ដោយអំណរគុណ ខ្ញុំបានជ្រើសរើសដើម្បីបម្រើបេសកកម្ម ហើយត្រូវបានចាត់តាំងឲ្យទៅបម្រើនៅក្នុងបេសកកម្មម៉ិចស៊ិកខាងជើង ។
លទ្ធផលដ៏អស់កល្បជានិច្ច
សាមសិបប្រាំឆ្នាំក្រោយមក កូនប្រុសរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យទៅលេងប្រទេសម៉ិកស៊ិកជាមួយគេ ។ យើងរំពឹងថានឹងជួបមនុស្សមួយចំនួនដែលខ្ញុំបានបង្រៀន ។ យើងបានចូលរួមការប្រជុំសាក្រាម៉ង់មួយនៅក្នុងទីក្រុងតូចមួយក្បែរកន្លែងដែលខ្ញុំចាប់ផ្តើមបេសកកម្ម ប៉ុន្តែខ្ញុំពុំស្គាល់មនុស្សណាម្នាក់សោះ ។ បន្ទាប់ពីការប្រជុំនោះ យើងបាននិយាយជាមួយសមាជិកម្នាក់ ហើយសួរបើសិនគាត់ស្គាល់នរណាម្នាក់ដែលខ្ញុំកត់ក្នុងបញ្ជីរបស់ខ្ញុំ ដែលខ្ញុំបានបង្រៀនកាលពីច្រើនឆ្នាំមុន ។ យើងបានមើលតាមបញ្ជីឈ្មោះនោះតែគ្មានជោគជ័យឡើយ រហូតយើងមើលដល់ឈ្មោះចុងក្រោយគេ ៖ លេអូណរ ឡូប៉េស ឌឺ អង់រីហ្គែស ។
បុរសនោះបាននិយាយថា « អូ៎ ខ្ញុំស្គាល់គាត់ » ។ « គ្រួសារនេះនៅវួដផ្សេងទៀត ប៉ុន្តែពួកគេចូលរួមនៅអគារនេះផងដែរ ។ ការប្រជុំសាក្រាម៉ង់របស់ពួកគេគឺវគ្គក្រោយនេះហើយ » ។
យើងពុំចាំបាច់ត្រូវរង់ចាំយូរឡើយពីមុន លេអូណរ បានដើរចូលមកក្នុងអគារនោះ ។ ទោះបីជាឥឡូវនេះ គាត់មានអាយុ៧០ឆ្នាំក្តី ខ្ញុំស្គាល់គាត់ភ្លាម ហើយគាត់ក៏ស្គាល់ខ្ញុំផងដែរ ។ យើងបាននិយាយគ្នាច្រើន ដោយភាពសោកសង្រេក និង ឱបគ្នា ។
គាត់បាននិយាយថា « យើងបានអធិស្ឋានអស់រយៈពេល ៣៥ឆ្នាំមកហើយថា អ្នកនឹងត្រឡប់មកវិញ ដូច្នេះយើងអាចអរគុណអ្នកដែលបាននាំដំណឹងល្អមកកាន់ក្រុមគ្រួសារយើង » ។
នៅពេលសមាជិកគ្រួសារផ្សេងទៀតបានចូលមកក្នុងអគារ យើងបានឱបគ្នា ហើយយំផងដែរ ។ មិនយូរប៉ុន្មាន យើងបានដឹងថា ប៊ីស្សពនៃវួដនេះគឺជាកូនប្រុសម្នាក់របស់លេអូណរ អ្នកដឹកនាំភ្លេងគឺជាចៅស្រីរបស់គាត់ អ្នកលេងព្យាណូគឺជាចៅប្រុសរបស់គាត់ ហើយក៏មានយុវជនមួយចំនួនទៀតនៅក្នុងបព្វជិតភាពអើរ៉ុនផងដែរ ។ កូនស្រីរបស់គាត់ម្នាក់បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធានស្តេក ។ កូនស្រីម្នាក់ទៀតរបស់គាត់រៀបអាពាហ៍ពិពាហ៍ជាមួយនឹងប៊ីស្សពដែលនៅវួដជិតនោះ ។ ភាគច្រើនកូនចៅរបស់លេអូណរបានបម្រើបេសកកម្ម ហើយឥឡូវចៅរបស់គាត់ក៏បម្រើបេសកកម្មផងដែរ ។
យើងបានរៀនថាលេអូណរគឺជាអ្នកផ្សព្វផ្សាយសាសនាដែលល្អជាងខ្ញុំទៅទៀត ។ សព្វថ្ងៃនេះកូនចៅរបស់គាត់រំលឹកដោយមានអំណរគុណចំពោះកិច្ចខិតខំដែលគ្មាននឿយហត់របស់គាត់ដើម្បីបង្រៀនដំណឹងដល់ពួកគេ ។ គាត់បានបង្រៀនពួកគេថា ការសម្រេចចិត្តតូចៗ ច្រើងដង មានលទ្ធផលពេញមួយជីវិតដែលមានក្តីសុចរិត និង សប្បាយរីករាយ ហើយពួកគេបានបង្រៀនអ្វីៗទាំងនោះដល់មនុស្សដទៃទៀត ។ ទីបំផុត មនុស្សជាង ៥០០ នាក់បានក្លាយជាសមាជិកសាសនាចក្រដោយសារតែក្រុមគ្រួសារដ៏ល្អអស្ចារ្យមួយនេះ ។
ហើយវាអាចជាការបន្តការសន្ទនាមួយដែលហួសអាហារថ្ងៃត្រង់ទៅទៀត ។ ខ្ញុំតែងគិតថា បើសិនវេជ្ជបណ្ឌិត ភីនហ្គ្រី បានផ្តោតចិត្តខ្លាំងតែលើមុខរបររបស់គាត់ ឬ ខិតខំចាប់យកប្រយោជន៍ខាងលោកិយផ្សេងទៀត នោះគាត់ប្រហែលជាមិនបានសួរខ្ញុំពីមូលហេតុដែលខ្ញុំមិនបម្រើបេសកកម្មឡើយ ។ ប៉ុន្តែការផ្តោតចិត្តរបស់គាត់គឺទៅលើមនុស្សផ្សេងទៀត និង ផ្តោតលើការជម្រុញកិច្ចការរបស់ព្រះអម្ចាស់ ។ គាត់បានដាំគ្រាប់ពូជដែលបានដុះនោះ បាននាំឲ្យមានផលផ្លែ ហើយបង្កើតផលកាន់តែច្រើនឡើង ( សូមមើល ម៉ាកុស ៤:២០) ។ បេសកកម្មរបស់ខ្ញុំបានបង្រៀនខ្ញុំពីលទ្ធផលអស់កល្បជានិច្ចនៃការសម្រេចចិត្តមួយដើម្បីធ្វើតាមព្រះឆន្ទៈព្រះអម្ចាស់ ។
ចងចាំពីគោលបំណងដ៏នៅអស់កល្បជានិច្ចរបស់អ្នក
ខ្ញុំតែងក្រឡេកមើលបកក្រោយមើលពីជីវិតរបស់ខ្ញុំ ហើយឆ្ងល់ពីមូលហេតុដែលពិបាកសម្រាប់ខ្ញុំដើម្បីធ្វើការសម្រេចចិត្តដើម្បីបម្រើបេសកកម្ម ។ វាពិបាក ដោយសារខ្ញុំមានការបង្វែរអារម្មណ៍ផ្សេងៗ ខ្ញុំបានបាត់បង់គោលបំណងដ៏អស់កល្បជានិច្ចរបស់ខ្ញុំ—ការស្មោះអស់ពីចិត្តចំពោះហេតុផលដែលយើងនៅទីនេះ ។
បំណងប្រាថ្នារបស់ខ្ញុំ និង ឆន្ទៈរបស់ខ្ញុំមិនបានស្របនឹងព្រះឆន្ទៈរបស់ព្រះអម្ចាស់ឡើយ ដូច្នេះហើយការសម្រេចចិត្តនោះវាហាក់ដូចជាស្រួលជាង ។ ហើយតើហេតុអ្វីបានជាឆន្ទៈទាំងនោះវាមិនស្របគ្នា ? ខ្ញុំបានទៅព្រះវិហារ ហើយបានទទួលទានសាក្រាម៉ង់នៅថ្ងៃអាទិត្យ ប៉ុន្តែខ្ញុំពុំបានផ្តោតលើអត្ថន័យរបស់វានោះទេ ។ ខ្ញុំបានអធិស្ឋាន ប៉ុន្តែភាគច្រើនខ្ញុំធ្វើអ្វីតាមតែអារម្មណ៍ខ្ញុំប៉ុណ្ណោះ ។ ខ្ញុំអានព្រះគម្ពីរ ប៉ុន្តែយូរៗម្តងតែប៉ុណ្ណោះ ហើយដោយគ្មានស្មោះអស់ពីចិត្តឡើយ ។
ខ្ញុំសូមលើកទឹកចិត្តដល់អ្នក ឲ្យរស់នៅដោយចេះគិតគូរ និង ជីវិតដែលផោ្តតចិត្ត—ទោះបីជាអ្នកពុំបានធ្វើវាជាប់លាប់កាលពីមុនក៏ដោយ ។ សុំកុំបាក់ទឹកចិត្ត ដោយសារគំនិតដែលអ្នកបានធ្វើកិច្ចការនានារួចហើយ ឬ មិនទាន់បានធ្វើនោះឡើយ ។ សូមឲ្យព្រះអង្គសង្គ្រោះសម្រាតអ្វីដែលមិនស្អាត ហើយឲ្យអ្នករស់នៅក្នុងជីវិតដ៏ស្អាតស្អំ ។ សូមចាំអ្វីដែលទ្រង់បានមានព្រះបន្ទូល ៖ « ដរាបណាពួកគេប្រែចិត្ត ហើយស្វែងរកការអត់ទោស ដោយ ស្មោះអស់ពីចិត្ត នោះពួកគេតែងតែនឹងបានអត់ទោសឲ្យ » ( មរ៉ូណៃ ៦:៨; សេចក្តីបញ្ជាក់ត្រូវបានបន្ថែម ) ។
ចាប់ផ្ដើមឥឡូវនេះ សូមរស់នៅដោយមានគោលបំណងក្នុងជីវិត ការយល់ពីមូលហេតុដែលអ្នកធ្វើអ្វីដែលអ្នកកំពុងធ្វើ និង ថាវានៅចំណុចណា នោះវានឹងដឹកនាំយើង ។ នៅពេលអ្នកធ្វើការណ៍ទាំងនេះ នោះអ្នកនឹងឃើញថាអ្វីដែលសំខាន់បំផុតនោះគឺ « ហេតុផល » ដែលបង្កប់ក្នុងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើគឺថាអ្នកស្រឡាញ់ព្រះអម្ចាស់ ហើយទទួលស្គាល់សេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ទ្រង់សម្រាប់ខ្លួនអ្នក ។ សូមឲ្យអ្នករកឃើញសេចក្តីអំណរដ៏មហិមានៅក្នុងការស្វែងរកភាពល្អឥតខ្ចោះរបស់អ្នក ហើយដោយការយល់ និង ការធ្វើតាមព្រះឆន្ទៈទ្រង់ ។