ការបម្រើនៅក្នុងសាសនាចក្រ
តើខ្ញុំបានធ្វើគ្រប់គ្រាន់ហើយឬ ?
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
មេរៀនមួយអំពីចៀមដែលវង្វេងបាត់បានជួយខ្ញុំឲ្យយល់ពីរបៀបដ៏ប្រសើរបំផុតដើម្បីបំពេញការហៅបម្រើរបស់ខ្ញុំ ។
រចនារូបភាព ដែលមានដោយ Mike Boyland/iStock/Thinkstock និង Oleksiy Fedorov/Hemera/Thinkstock
កាលខ្ញុំមានអាយុ ២៣ ឆ្នាំ នោះខ្ញុំត្រូវបានហៅឲ្យធ្វើជាប្រធានសមាគមសង្គ្រោះនៅក្នុងវួដដែលមាននិសិត្សរៀបការរួច ។ ខ្ញុំចាំពីភាពខ្វះចន្លោះដែលខ្ញុំមាន ក្នុងការបំពេញការហៅបម្រើរបស់ខ្ញុំឲ្យអស់ពីសមត្ថភាព ។ ខ្ញុំរំភើប ហើយចង់បម្រើយ៉ាងខ្លាំងប៉ុន្តែខ្ញុំបានសង្ស័យពីសមត្ថភាពរបស់ខ្លួនក្នុងការធ្វើជាអ្នកដឹកនាំល្អមួយរូប ។
បន្ទាប់ពី ក្លាយជាប្រធានសមាគមសង្គ្រោះបានពីរបីខែមក ខ្ញុំមានអារម្មណ៍ថាខ្ញុំពុំបានធ្វើកិច្ចការនោះ គ្រប់គ្រាន់ឡើយ ។ ខ្ញុំចង់មានទំនាក់ទំនងជាមួយបងប្អូនស្ត្រីនានា ហើយយល់ពីតម្រូវការរបស់ពួកគេម្នាក់ៗ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្វើពុំបានធ្វើសម្រេចសោះ ។
ខ្ញុំបានជជែកជាមួយប៊ីស្សពរបស់ខ្ញុំ ហើយបង្ហាញពីកង្វល់របស់ខ្លួន ។ ខ្ញុំបានពន្យល់ពីរបៀបដែលខ្ញុំមិនអាចជួយដល់បងប្អូនស្ត្រីទាំងអស់ដែលខ្ញុំចង់ជួយឡើយ ។ ខ្ញុំបានពិពណ៌នាពី របៀបដែលខ្ញុំចង់បែងខ្លួនខ្ញុំជាប្រាំភាគដើម្បី ធ្វើកិច្ចការទាំងនោះឲ្យបានតាមរបៀបដែលខ្ញុំគិតថាគួរតែធ្វើ ។ ខ្ញុំបានព្យាយាមទុកកង្វល់របស់ខ្ញុំឲ្យនូវធម្មតាប៉ុន្តែខ្ញុំបានយំដោយការបាក់ទឹកចិត្តយ៉ាងងាយ ។ គាត់បានញញឹម ហើយបានផ្តល់ឲ្យនូវយោបល់ក្នុងភាពជាថ្នាក់ដឹកនាំដ៏ល្អបំផុត ដែលខ្ញុំមិនធ្លាប់បានទទួលពីមុនមក ។
គាត់បានសួរ « តើប្អូនបានស្គាល់រឿងមួយអំពីអ្នកគង្វាលដែល ដែលពេលមួយនោះបានបាត់កូនចៀមមួយក្បាលពី ហ្វូងចៀមរបស់ខ្លួន ហើយបានចេញពីចៀម ‹ កៅសិបប្រាំបួន › ក្បាលទៀតដើម្បីទៅរកចៀមមួយក្បាលនោះឬទេ ? ( សូមមើល លូកា ១៥:៤–៧ ) ។ ខ្ញុំបានងក់ក្បាល ។
គាត់បានបន្តថា « នៅក្នុងរឿងប្រដូចនោះ ហាក់ដូចជាមានប្រាជ្ញាជាច្រើន » ។ « អ្នកគង្វាលនោះបានដឹងថា ចៀមកៅសិបប្រាំបួនក្បាលទៀតនឹងគ្មានបញ្ហាអ្វីនោះទេ បើសិនគាត់ទុកពួកវា ហើយចេញទៅរកមើលចៀមមួយដែលវង្វេងបាត់នោះ » ។
បន្ទាប់មក ប៊ីស្សពរបស់ខ្ញុំបានផ្តល់យោបល់ដូចខាងក្រោមនេះ ៖
« ប្អូនឃើញទេ ចៀមទាំងកៅសិបប្រាំបួនក្បាលនេះមានរបៀបអស្ចារ្យមួយដើម្បីថែរក្សាគ្នាទៅវិញទៅ មកខណៈដែលប្អូនមិននៅ ។ ពួកគេនឹងលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយពង្រឹងគ្នាទៅវិញទៅមកបានយ៉ាងល្អ ។ ខ្ញុំផ្តល់យោបល់ថាប្អូនផ្តោតយកចិត្តទុកដាក់លើអស់អ្នកដែលហាក់បីដូចជាវង្វេងបាត់វិញ ។ អ្នកផ្សេងទៀតនឹងគ្មានបញ្ហាអ្វីទេ » ។
ខ្ញុំបានទទួលអារម្មណ៍នៃសាក្សីដ៏ខ្លាំងថា អ្វីដែលគាត់បានប្រាប់ខ្ញុំគឺជាការពិត ហើយថាខ្ញុំមិនត្រូវបារម្ភពីហ្វូងចៀមទាំងអស់របស់ខ្ញុំក្នុងពេលតែមួយឡើយ ។ គោលបំណងរបស់ខ្ញុំគឺស្វែងរកអ្នកដែលវង្វេងបាត់ ហើយអញ្ជើញពួកគេឲ្យត្រឡប់មកក្រោលវិញ ។ តាមរបៀបនោះ គោលបំណងរបស់ព្រះវរបិតាសួគ៌អាចត្រូវបានសម្រេចបាន ហើយខ្ញុំអាចធ្វើជាឧបករណ៍នៅ ក្នុងព្រះហស្តរបស់ទ្រង់ ។
នៅពេលខ្ញុំបានស្តាប់តាមការទូន្មានរបស់ប៊ីស្សព ខ្ញុំបានមានអារម្មណ៍យល់ដឹងយ៉ាងច្រើនពី របៀបដែលព្រះអម្ចាស់មានព្រះទ័យឲ្យខ្ញុំបម្រើនៅក្នុងនគររបស់ទ្រង់ ។ ខ្ញុំក៏បានទទួលការបំពេញខាងវិញ្ញាណដែលបានពង្រឹងខ្ញុំនៅ ក្នុងការហៅបម្រើរបស់ខ្ញុំ ដោយសារខ្ញុំកំពុងបម្រើតាមអ្វីដែលព្រះអង្គសង្គ្រោះបានដឹកនាំ ។ តាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះប៊ីស្សពរបស់ខ្ញុំបានផ្តល់អំណោយដ៏អស្ចារ្យមួយនៃការយល់ចិត្ត និង ការយល់ដឹងដល់ខ្ញុំ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅពេលយើងអធិស្ឋាន ហើយស្វែងរកការបំផុសគំនិត មកពីថ្នាក់ដឹកនាំបព្វជិតភាពរបស់យើង នោះ ពួកគាត់នឹងត្រូវបានបំផុសគំនិតដើម្បីបង្ហាញយើងពីរបៀបដឹកនាំនៅក្នុងផ្លូវសុចរិត ។