បង្រៀនយុវវ័យ ពីរបៀបដឹកនាំតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ
យុវវ័យរបស់យើងមិនគ្រាន់តែជាអ្នកដឹកនាំនាពេលអនាគតនោះទេ ។ ពួកគេគឺជាអ្នកដឹកនាំនាពេលបច្ចុប្បន្ននេះផងដែរ ។ យើងអាចជួយពួកគេឲ្យដឹកនាំដូចជាព្រះអង្គសង្គ្រោះ ។
ចំពោះឪពុកម្តាយ និង អ្នកដឹកនាំយុវវ័យ អែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ពីតុល្យភាពដ៏ប្រពៃមួយដែលយើងត្រូវស្វែងរកគឺ ៖ « អញ្ជើញយុវវ័យឲ្យធ្វើសកម្មភាព ។ អ្នកត្រូវតែមានវត្តមាននៅទីនោះ ប៉ុន្តែអ្នកត្រូវតែទុកឲ្យពួកគេដឹកនាំ ។ អ្នកត្រូវតែផ្តល់ការណែនាំដោយមិនធ្វើជំនួសឡើយ » ។១
ឪពុកម្តាយ និងអ្នកដឹកនាំអាចជួយយុវជន និង យុវនារីរៀនពីគោលការណ៍បួនយ៉ាងដែលនឹងរៀបចំខ្លួនពួកគេឲ្យដឹកនាំក្នុងផ្លូវសុចរិត និង កសាងនគរព្រះនៅលើផែនដីនេះ ។
កាល ខ្ញុំ អាយុ ១៤ ឆ្នាំ ខ្ញុំ បានជួបយុវនារីមួយចំនួនដែលជាអ្នកដឹកនាំដ៏ប្រសើរ ។ នៅពេលនោះគ្រួសាររបស់ខ្ញុំបានផ្លាស់ប្តូរទីលំនៅទៅសហរដ្ឋ ហើយបានក្លាយជាសមាជិកនៃវួដថ្មីមួយ ។ ខ្ញុំមិនចាំថាតើនរណាបានបម្រើនៅក្នុងគណៈប្រធានថ្នាក់ម៉ៃមេតឡើយ តែខ្ញុំបានចាំយ៉ាងច្បាស់ពីក្រុមយុវនារីដែលមានសណ្តានចិត្តដ៏ល្អចំពោះខ្ញុំយ៉ាងពិសេស ។ ពួកគេបានទទួល យកក្មេងស្រីចំណូលថ្មីម្នាក់ដែលភិយភ័យ និង រាងតូចស្គមដោយស្មោះសរ ធ្វើជាមិត្តភក្តិយូរអង្វែង ហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាបានទទួលការស្វាគមន៍ ។ ដោយមកពីដាឡាវែ ជាកន្លែងដែលខ្ញុំជាក្មេងស្រីមរមនតែម្នាក់ឯងគត់នៅក្នុងអនុវិទ្យាល័យរបស់ខ្ញុំ ហើយមានក្មេងស្រីជាមរមនម្នាក់ទៀតដែលខ្ញុំបានស្គាល់ដែលបានរស់នៅចម្ងាយប្រហែលជាមួយម៉ោងបើជិះឡានពីផ្ទះខ្ញុំទៅទីនោះ ខ្ញុំបានគិតថា « កន្លែងនេះ ដូចជាឋានសួគ៌ណាស់ ! »
នេះជាពេលដំបូងនៃជីវិតខ្ញុំ ខ្ញុំបានមានមិត្តភក្តិជាច្រើនដែលបានរស់នៅតាមបទដ្ឋាននៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន បានអញ្ជើញខ្ញុំឲ្យចូលរួមសកម្មភាពនានា ហើយចែកចាយទីបន្ទាល់របស់ពួកគេអំពីដំណឹងល្អជាមួយខ្ញុំ ។ គំរូរបស់ពួកគេអំពីសេចក្តីស្រឡាញ់ដ៏សប្បុរសរក្សាខ្ញុំឲ្យនៅសកម្មក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅពេលនោះ ច្រើនជាងការនិយាយ ឬ មេរៀនដែលបានបង្រៀននៅពេលណាៗទាំងអស់ ។ នៅក្នុងសេចក្តីស្រឡាញ់ និង ពន្លឺដែលមានលក្ខណៈដូចព្រះគ្រីស្ទរបស់ពួកគេ នោះពួកគេគឺជាសារលិខិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយពួកគេគឺជាអ្នកដែលបានដឹកនាំ និង នាំផ្លូវខ្ញុំឲ្យនៅក្នុងក្រោលរបស់ទ្រង់ ។
តើអ្វីទៅដែលធ្វើឲ្យមិត្តភក្តិថ្មីៗរបស់ខ្ញុំក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យនោះ ?
អ្នកផ្សព្វផ្សាយសាសនា វ័យក្មេងម្នាក់បានឲ្យនិយមន័យយ៉ាងសាមញ្ញនៃពាក្យថ្នាក់ដឹកនាំ ។ គាត់បាននិយាយថា « យើងត្រូវតែនៅត្រង់កន្លែងដែលត្រឹមត្រូវ ក្នុងពេលដ៏ត្រឹមត្រូវ ការធ្វើតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ ហើយជួយមនុស្សដែលត្រូវការជំនួយពីយើង ។ នោះជាអ្វីដែលធ្វើឲ្យយើងក្លាយជាអ្នកដឹកនាំហើយ » ។២ តាមរយៈគុណធម៌ដែលពួកគេមាន និង ពន្លឺនៃព្រះគ្រីស្ទ ដែលរះចិញ្ចែងចិញ្ចាចនៅក្នុងខ្លួនពួកគេ នោះយុវជន និង យុវនារីស្មោះត្រង់ទូទាំងសាសនាចក្រនេះមានសមត្ថភាពនោះដើម្បី ដឹកនាំតាមផ្លូវរបស់ព្រះអម្ចាស់ ហើយ « ជួយមនុស្សដទៃទៀតឲ្យប្រែក្លាយជាអ្នកដើរតាមដ៏ពិតនៃ … ព្រះយេស៊ូវគ្រីស្ទ » ។៣
ក្នុងនាមជាអ្នកដឹកនាំ យើងដឹកនាំ នាំផ្លូវ ហើយដើរក្បែរយុវជន និង យុវនារីរបស់យើង ។ ប៉ុន្តែមានតែគណៈប្រធានថ្នាក់ និង គណៈប្រធានកូរ៉ុមទេដែលមានទំនួលខុសត្រូវសម្រាប់ការដឹកនាំ និង ណែនាំកិច្ចការរបស់ពួកគេក្នុងថ្នាក់ និងកូរ៉ុម រួមមានទាំងការជ្រើសរើសមេរៀនថ្ងៃអាទិត្យ និង ការដាក់ផែនការសកម្មភាពប្រចាំសប្តាហ៍ ។ អ្នកដឹកនាំថ្នាក់ និង កូរ៉ុមត្រូវបានហៅ និង ញែកចេញក្រោមការដឹកនាំនៃអស់អ្នកដែលកាន់កូនសោបព្វជិតភាព ដែលពួកគាត់មានសិទ្ធិអំណាចដើម្បីដឹកនាំ និង ពង្រឹងយុវវ័យផ្សេងទៀត ។ ពួកគេធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយរៀនបម្រើដូចដែលទ្រង់បានបម្រើ ហើយធ្វើកិច្ចការនានាដូចជាទ្រង់បានធ្វើ ។
ឱកាសនានាសម្រាប់ភាពជាអ្នកដឹកនាំរបស់យុវវ័យ
ភាពជាអ្នកដឹកនាំចាប់ផ្តើមឡើងពីក្នុងគេហដ្ឋាន ។ អែលឌើរ រ៉ូបឺត ឌី ហែល នៃ កូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ការធ្វើកាតព្វកិច្ចរបស់យើងចំពោះព្រះក្នុងនាមជាឪពុកម្តាយ និង អ្នកដឹកនាំចាប់ផ្តើមជាមួយនឹងការដឹកនាំតាមរយៈគំរូ—ដោយការរស់នៅតាមគោលការណ៍ទាំងឡាយនៃដំណឹងនៅ ក្នុងគេហដ្ឋានដោយខ្ជាប់ខ្ជួន និង ឧស្សាហ៍ » ។ « ការណ៍នេះត្រូវឲ្យមានការប្តេជ្ញាចិត្តនិង ការព្យាយាមរាល់ថ្ងៃ » ។៤ ឪពុកម្តាយបង្រៀនគោលលទ្ធិនៃព្រះគ្រីស្ទ ។ ពួកគាត់ជួយយុវវ័យឲ្យដាក់ និងសម្រេចគោលដៅ ។ ការអភិវឌ្ឍន៍ខ្លួនរបស់ក្រុមយុវនារី និង កាតព្វកិច្ចចំពោះព្រះជួយយុវវ័យពង្រឹងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ត្រៀមខ្លួនដើម្បីធ្វើ និង រក្សាសេចក្តីសញ្ញាពិសិដ្ឋ ហើយបំពេញតួនាទី និង ទំនួលខុសត្រូវដ៏ទេវភាពរបស់ខ្លួននៅក្នុងក្រុមគ្រួសារក្នុងផ្ទះសំបែង និង ក្នុងសាសនាចក្រ ។
នៅសាសនាចក្រ ថ្នាក់ដឹកនាំបព្វជិតភាពអើរ៉ុន និង ពួកអ្នកដឹកនាំយុវនារីអាចជួយយុវវ័យឲ្យបម្រើនៅ ក្នុងកូរ៉ុម និង គណៈប្រធានថ្នាក់ឲ្យយល់ពីកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ខ្លួន និង តម្កើងការហៅបម្រើរបស់ខ្លួន ដើម្បីថែទាំ និង ពង្រឹងសមាជិកនៃកូរ៉ុម និង សមាជិកថ្នាក់ដទៃទៀត ។
ក្នុងនាមជាអ្នកដឹកនាំមនុស្សពេញវ័យ យើងរៀបចំយុវវ័យឲ្យដឹកនាំកូរ៉ុម និង ការប្រជុំក្នុងថ្នាក់ និង សកម្មភាពម៉្ញូតឆលទាំងឡាយ ។ យើងជួបយុវវ័យនៅ ក្នុងការប្រជុំគណៈប្រធាន នៅពេលពួកគេសម្រេចពីរបៀបដើម្បីបម្រើដល់អ្នកណាដែលកំពុងមានឧបសគ្គ ដើម្បីបង្កើនឲ្យយុវវ័យទាំងអស់ចូលរួមរៀននៅថ្នាក់ថ្ងៃអាទិត្យ និង ដាក់ផែនការសកម្មភាពនានា គម្រោងបម្រើ ការបោះជំរុំ និង សន្និសីទយុវវ័យ ។
យើងសូមលើកទឹកចិត្តដល់គណៈប្រធានយុវវ័យ ឲ្យជួយសមាជិកកូរ៉ុម និង សមាជិកថ្នាក់ទាំងអស់ចូលរួមនៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចការនៃសេចក្តីសង្គ្រោះ រួមមាន កិច្ចការផ្សព្វផ្សាយសាសនារបស់សមាជិក ការថែរក្សាអ្នកប្រែចិត្តជឿការធ្វើឲ្យសមាជិកមិនសូវសកម្មសកម្មឡើងវិញ កិច្ចការព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិ និង ការបង្រៀនដំណឹងល្អ ។៥ គណៈប្រធានយុវវ័យជួយយុវជន និង យុវនារីទាំងអស់ឲ្យរៀនពីសេចក្តីអំណរ និង ពរជ័យនានានៃការបម្រើនៅក្នុងព្រះនាមព្រះអង្គសង្គ្រោះ និង ការឲ្យចំណីដល់ចៀមរបស់ទ្រង់ ។
កិច្ចការរបស់អ្នកដឹកនាំពុំមែនគិតតែអំពីថ្នាក់ដឹកនាំមជ្ឈិមវ័យ និង សមត្ថភាពរបស់យើងដើម្បីចែកក្រដាសផ្សព្វផ្សាយ ឬការបង្រៀនសេចក្តីពិតឲ្យបានល្អឥតខ្ចោះនោះឡើយ ។ កិច្ចការរបស់អ្នកដឹកនាំគឺដើម្បីជួយយុវជន និង យុវនារីឲ្យរៀន និង អនុវត្តគោលការណ៍នានាដែលនឹងជួយ ពួកគេ ដឹកនាំតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ ។ ខាងក្រោមនេះគឺជាគោលការណ៍ទាំងបួននោះ ។៦
រៀបចំខាងវិញ្ញាណ
ជួយយុវវ័យឲ្យយល់ពី អំណាចនៃការរៀបចំខាងវិញ្ញាណរបស់ពួកគេ ។ បង្រៀនពួកគេឲ្យអនុវត្តសេចក្តីជំនឿនៅក្នុងសេចក្តីសញ្ញដែលពួកគេបានធ្វើនៅ ក្នុងពិធីបរិសុទ្ធនៃសាក្រាម៉ង់ ។ ជួយពួកគេឲ្យមានឆន្ទៈដើម្បីលើកមកដាក់លើខ្លួននូវព្រះនាមនៃព្រះគ្រីស្ទ ចងចាំទ្រង់ជានិច្ចហើយគោរពព្រះបញ្ញត្តិរបស់ទ្រង់ដែលសក្តិសមឲ្យពួកគេនឹងមានភាពជាគូកននៃព្រះវិញ្ញាណបរិសុទ្ធជានិច្ច ។ ពួកគេមិនបម្រើតែម្នាក់ឯងនោះទេ នៅពេលពួកគេអាចទទួល ដឹង និង ធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។
ពួកគេរៀបចំខាងវិញ្ញាណតាមរយៈការស្វែងរកធ្វើតាមការណែនាំនៅក្នុងការអធិស្ឋានដ៏សុចរិត និង ស្វែងរកចម្លើយនៅក្នុងព្រះគម្ពីរទាំងឡាយ ។ ពួកគេព្យាយាមគោរពតាមព្រះបញ្ញត្តិនានាដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធនឹងមានបន្ទូលទៅកាន់ពួកគេនៅក្នុងដួងចិត្ត និង គំនិត ដែលពួកគេអាចទទួលអារម្មណ៍និង ដឹងថានរណាដែលត្រូវការជំនួយ ហើយអ្វីដែលពួកគេអាចធ្វើបាន ។ ពួកគេទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទចំពោះ សមាជិកម្នាក់ៗនៃថ្នាក់ ឬ កូរ៉ុម ។
ការរៀបចំខាងវិញ្ញាណធ្វើឲ្យយុវវ័យមានទំនុកចិត្តថា ពួកគេគឺជាភ្នាក់ងាររបស់ព្រះអម្ចាស់ ហើយថាពួកគេកំពុងធ្វើធុរកិច្ចរបស់ទ្រង់ហើយ ( សូមមើល គ និង ស ៦៤:២៩ ) ។
ការចូលរួមក្នុងក្រុមប្រឹក្សា
សូមបង្រៀនយុវវ័យអំពីរបៀបរៀបរយនៃមូលដ្ឋានគ្រឹះ និង អំណាចនៃការទទួលវិវរណៈនៃក្រុមប្រឹក្សា នៅពេលពួកគេចូលរួមនៅក្នុងដំណើរការចាត់តាំងដ៏ទេវភាពតាមរយៈសាសនាចក្ររបស់ព្រះអម្ចាស់ត្រូវបានគ្រប់គ្រង ហើយបុគ្គលម្នាក់ៗ និង ក្រុមគ្រួសារត្រូវបានប្រទានពរ ។៧ ការប្រជុំគណៈកម្មការយុវវ័យគណៈប៊ីស្សព និង កូរ៉ុម និង គណៈប្រធានថ្នាក់គឺជាក្រុមប្រឹក្សា ដែលយុវវ័យរៀនពីកាតព្វកិច្ចរបស់ខ្លួន ហើយទទួលទំនួលខុសត្រូវបម្រើដល់មនុស្សដទៃទៀត ។
សមាជិកក្រុមប្រឹក្សា ៖
-
រួបរួម និង ធ្វើតាមការណែនាំរបស់អ្នកដឹកនាំបព្វជិតភាព ដែលកាន់កូនសោបព្វជិតភាព ។
-
ចែកចាយការយល់ដឹង និង គំនិតរបស់ពួកគេក្នុងស្មារតីនៃភាពសុចរិត បរិសុទ្ធភាព គុណធម៌ អំណត់ សេចក្តីជំនឿ សេចក្តីសប្បុរស និង សេចក្តីរាប់អានគ្នាជាបងប្អូន ។
-
ធ្វើការរួមគ្នា តាមការដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដាក់ផែនការពីអ្វីដែលពួកគេនឹងធ្វើដើម្បីជួយអស់អ្នកដែលត្រូវការជំនួយ ។
ការបម្រើមនុស្សដទៃ
យុវវ័យដឹកនាំតាមមាគ៌ារបស់ព្រះអម្ចាស់ នៅពេលពួកគេបម្រើដោយសេចក្តី ស្រឡាញ់ និង សេចក្តីសប្បុរស ។ យ៉ូសែប ស៊្មីធ បានបង្រៀនថា ៖ « គ្មានអ្វីដែលត្រូវគិតគូរច្រើនជាងការដឹកនាំមនុស្សឲ្យបោះបង់អំពើបាប នាំគេដោយដឹកដៃរបស់ពួកគេ ហើយមើលថែពួកគេដោយក្តីអាណិតអាសូរឡើយ ។ នៅពេលមនុស្សគ្រប់គ្នាបង្ហាញសេចក្តីសប្បុរស និង សេចក្តីស្រឡាញ់ដ៏ច្រើនចំពោះខ្ញុំ អូ៎ ខ្ញុំពិតជាមានកម្លាំងចិត្តអ្វីម្ល៉េះ » ។៨
ព្រះអង្គសង្គ្រោះបានបង្រៀនពីសារៈសំខាន់ និង តម្លៃដែលមិនអាចកាត់ថ្លៃបាននៃព្រលឹងរបស់មនុស្សគ្រប់រូប ( សូមមើល គ និង ស ១៨:១០–១៥) ។ ជួយយុវវ័យរបស់យើងឲ្យយល់ពីសេចក្តីពិតដ៏រុងរឿង ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានជីវិតរបស់ទ្រង់ ហើយបានបើកផ្លូវដែលអាចឲ្យមនុស្សទាំងអស់មកកាន់ទ្រង់បាន ។ ដោយមានអំណរគុណចំពោះអ្វី ដែលទ្រង់បានធ្វើ នោះអ្នកបម្រើដ៏ពិតរបស់ព្រះអម្ចាស់ឈោងជួយ និង បម្រើដោយសេចក្តីស្រឡាញ់ដ៏សប្បុរសដល់យុវជន និង យុវនារីគ្រប់រូប ដែលទ្រង់ជាព្រះអង្គសង្គ្រោះបានបូជាអ្វីៗគ្រប់យ៉ាង ។
បង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
សូមជួយយុវជន និង យុវនារីឲ្យស្គាល់ឱកាសនានាដើម្បីបង្រៀនដំណឹងល្អ និង យល់ថាការបង្រៀនដ៏សំខាន់បំផុតរបស់ពួកគេនោះគឺជាគំរូរបស់ពួកគេផ្ទាល់ ។ នៅពេលយុវវ័យរស់នៅតាមពាក្យពេចន៍របស់ព្យាការី ហើយរក្សាបទដ្ឋានតាមកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន នោះ ពួកគេនឹងដឹកនាំតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ ។ តាមរយៈសេចក្តី ថ្លៃថ្នូរនៃពាក្យពេចន៍ និង ទង្វើរបស់ពួកគេ នោះពួកគេបង្ហាញពីអត្ថន័យនៃការក្លាយជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេឈរជាសាក្សីដល់ទ្រង់ដោយគ្មានលាក់ពុតឡើយ ។ បន្ទាប់មកនៅពេលពួកគេថ្លែងទីបន្ទាល់ ជួយបង្រៀនមេរៀននៅថ្ងៃអាទិត្យ ឬចែកចាយសេចក្តីពិតនៃដំណឹងល្អ ជាមួយមិត្តភក្តិរបស់ខ្លួន នោះពួកគេនឹងពោរពេញដោយព្រះវិញ្ញាណ ហើយពាក្យសម្តីរបស់ពួកគេនឹងមានអំណាចនៃការផ្លាស់ប្រែចិត្តជឿ ។
ដឹកនាំតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ
ដើម្បីដឹកនាំតាមមាគ៌ារបស់ព្រះអម្ចាស់គឺជាឯកសិទ្ធដ៏ពិសិដ្ឋមួយដែលនឹងតម្រូវឲ្យយុវវ័យផ្តល់ឲ្យអស់ពីសមត្ថភាពរបស់ពួកគេនៅពេលពួកគេបម្រើព្រះអម្ចាស់នៅផ្ទះ នៅក្នុងសាសនាចក្រ និងនៅក្នុងសហគមន៍ ។ យុវជន និង យុវនារីដែលដឹកនាំនៅក្នុងមាគារបស់ព្រះអង្គ សង្គ្រោះ នោះនឹងប្រែជាសារលិខិតនៃដំណឹងល្អរបស់ព្រះគ្រីស្ទ ជាចម្លើយចំពោះការអធិស្ឋានរបស់នរណាម្នាក់ ជាទេវតាដែលបម្រើដល់អស់អ្នកដែលត្រូវការជំនួយ ហើយជាពន្លឺនៃព្រះគ្រីស្ទទៅកាន់ពិភពលោក ។