សារលិខិតគណៈប្រធានទីមួយ
សូមទៅដល់ទីផ្តាច់ព្រ័ត្រ ដោយគប់ភ្លើងរបស់អ្នកនៅតែឆេះ
នៅ ប្រទេសក្រិកពីបុរាណ កីឡាកររត់ប្រណាំងបានបញ្ចប់ការរត់ប្រណាំងបណ្តាក់មួយដែលហៅថា lampadedromia ។១ នៅ ក្នុងការរត់ប្រណាំងនោះ កីឡាកររត់ដោយកាន់គប់ភ្លើងនៅក្នុងដៃខ្លួន ហើយហុចវាបន្តទៅឲ្យកីឡាករបន្ទាប់ទៀត រហូតដល់សមាជិកចុងក្រោយនៃក្រុមរត់ប្រណាំងនោះឆ្លងដល់ខ្សែផ្តាច់ព្រ័ត្រ ។
ពានរង្វាន់មិនត្រូវបានផ្តល់ជូនដល់ក្រុមដែលរត់លឿនបំផុតនោះទេ—ពានរង្វាន់នឹងត្រូវបានផ្តល់ជូនដល់ក្រុមដំបូងគេដែលទៅដល់ខ្សែផ្តាច់ព្រ័ត្រដោយគប់ភ្លើងនៅតែឆេះ ។
មានមេរៀនដ៏មានអត្ថន័យជ្រាលជ្រៅនៅក្នុងការរត់ប្រណាំងនេះ ជាមេរៀនមួយដែលបានបង្រៀនដោយព្យាការីសម័យបុរាណ និង សម័យទំនើប ៖ ខណៈដែលវាសំខាន់ដើម្បីចាប់ផ្តើមការប្រកួត នោះវាកាន់តែសំខាន់ខ្លាំងថែមទៀតថា យើងទៅដល់ទីផ្តាច់ព្រ័ត្រដោយមានគប់ភ្លើងរបស់យើងនៅតែឆេះ ។
សាឡូម៉ូន បានចាប់ផ្តើមរឹងមាំ
ស្តេចសាឡូម៉ូនដ៏អស្ចារ្យ គឺជាគំរូមួយនៃមនុស្សម្នាក់ដែលចាប់ផ្តើមរឹងមាំ ។ កាលទ្រង់នៅក្មេងទ្រង់ « បានស្រឡាញ់ដល់ព្រះយេហូវ៉ា ហើយបានកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ដាវីឌជាព្រះវរបិតាទ្រង់ » (ពង្សាវតារក្សត្រទី ១ ៣:៣) ។ ព្រះសព្វព្រះទ័យនឹងទ្រង់ ហើយមានបន្ទូលថា « ចូរសុំអ្វីដែលចង់ឲ្យយើងប្រទានដល់ឯងចុះ » ( ពង្សាវតារក្សត្រទី ១ ៣:៥ ) ។
ជំនួសឲ្យការទូលសុំដើម្បី មានបាន ឬ ឲ្យមានព្រះជន្មវែង នោះសាឡូម៉ូនបានទូលសុំ « មានចិត្តប្រកបដោយប្រាជ្ញាដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ » ( ពង្សាវតារក្សត្រទី ១ ៣:៩ ) ។
ការណ៍នេះបានធ្វើឲ្យព្រះអម្ចាស់សព្វព្រះទ័យជាខ្លាំងដែល ទ្រង់បានប្រទានពរដល់សាឡូម៉ូនមិនគ្រាន់តែមានប្រាជ្ញានោះទេ ថែមទាំងមានទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ និង មានព្រះជន្មវែងថែមទៀតផង ។
ទោះបីជាសាឡូម៉ូនជាក្សត្រឆ្លាតវៃ ហើយសម្រេចបានកិច្ចការអស្ចារ្យជាច្រើនក្តី ក៏គង់តែទ្រង់ពុំបានបញ្ចប់ដោយភាពរឹងមាំឡើយ ។ គួរឲ្យស្តាយណាស់ ចុងបំផុតនៃជីវិតរបស់ទ្រង់ « សាឡូម៉ូនក៏ប្រព្រឹត្តការណ៍ដែលអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ា ហើយមិនបានតាមព្រះយេហូវ៉ាដោយពេញខ្នាត » ( ពង្សាវតារក្សត្រទី ១ ១១:៦ ) ។
ការបញ្ចប់ការរត់ប្រណាំងរបស់យើងផ្ទាល់
តើយើងធ្លាប់បានចាប់ផ្តើមធ្វើអ្វីមួយ ហើយមិនបានបញ្ចប់វាប៉ុន្មានដងហើយ ? ការតមរបបអាហារ ? កម្មវិធីហាត់ប្រាណ ? ការតាំងចិត្តដើម្បីអានព្រះគម្ពីររាល់ថ្ងៃ ? ការសម្រេចចិត្តដើម្បីក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទឲ្យកាន់តែប្រសើរជាងមុន ?
តើយើងបានធ្វើការតាំងចិត្តញឹកញាប់ប៉ុណ្ណា នៅក្នុងខែមករា ហើយធ្វើតាមការតាំងចិត្តទាំងនោះជាមួយការប្តេជ្ញាចិត្តដ៏ក្លាវក្លាសម្រាប់រយៈពេលពីរបីថ្ងៃ ពីរបីសប្តាហ៍ ឬ សូម្បីតែពីរបីខែតែប៉ុណ្ណោះដោយរកឃើញថា ដល់ខែតុលាហើយនោះអណ្តាតភ្លើងនៃការតំាងចិត្តរបស់យើងប្រែជាខ្សោយហើយឆេះរលាយសុសទៅជាផេះផង់អស់ឬ ?
ថ្ងៃមួយខ្ញុំបាន ប្រទះឃើញរូបភាពបែបកំប្លែងមួយដែលវាជារូបឆ្កែដេកជិតនឹងកំទេចក្រដាសដែលវាបានខំាហែកខ្ទេចខ្ទី ។ កំទេចក្រដាសនោះមានឃ្លាថា « សញ្ញាបត្របំពាក់បំប៉នឆ្កែឲ្យចេះគោរព » ។
ពេលខ្លះយើងម្នាក់ៗគឺដូច្នោះឯង ។
យើងមានគោលបំណងល្អ យើងចាប់ផ្តើមរឹងមាំ យើងចង់ធ្វើអ្វីឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ។ ប៉ុន្តែនៅទីបញ្ចប់ យើងបានទុកចោលការតាំងចិត្តរបស់យើងឲ្យវាខ្ទេចខ្ទី បោះបង់ និង បំភ្លេចចោល ។
វាគឺជាធម្មជាតិរបស់មនុស្សដែលត្រូវ ដួលបរាជ័យ ហើយពេលខ្លះបោះបង់ការប្រកួតក៏មានដែរ ។ ប៉ុន្តែ ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងបានតាំងចិត្តមិនគ្រាន់តែនៅពេលចាប់ផ្តើមការប្រណាំងប៉ុណ្ណោះនោះទេ តែត្រូវតាំងចិត្តរត់ដល់ទីផ្តាច់ព្រ័ត្រផងដែរ—ហើយដល់ទីដោយគប់ភ្លើងយើងនៅតែឆេះសន្ធោសន្ធៅទៀតផង ។ ព្រះអង្គសង្គ្រោះ បានសន្យាដល់សិស្សរបស់ទ្រង់ថា « អ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ » ( ម៉ាថាយ ២៤:១៣ ) ។
សូមឲ្យខ្ញុំសង្ខេបអ្វីដែលព្រះអង្គសង្គ្រោះបានសន្យានៅ ក្នុងសម័យយើងនេះ ៖ បើសិនយើងកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ហើយទៅដល់ទីផ្តាច់ព្រ័ត្រដោយគប់ភ្លើងរបស់យើងនៅតែឆេះ នោះយើងនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច គឺជាអំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ ( សូមមើល គ និង ស ១៤:៧; សូមមើលផងដែរ នីហ្វៃទី ២ ៣១:២០ ) ។
ពន្លឺដែលមិនចេះរលត់
ពេលខ្លះបន្ទាប់ពីការដួលបរាជ័យ ឬ សូម្បីតែបន្ទាប់ពី បោះបង់អ្វីមួយក្តី យើងអាចបាក់ទឹកចិត្ត ហើយជឿថាពន្លឺរបស់យើងបានរលត់បាត់ ហើយការប្រណាំងរបស់យើងគឺចាញ់ហើយ ។ ប៉ុន្តែ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពន្លឺនៃព្រះគ្រីស្ទមិនអាចរលត់បានឡើយ ។ ពន្លឺនោះបំភ្លឺនៅក្នុងយប់ដ៏ងងឹតសូន្យសុង ហើយនឹងបំភ្លឺដួងចិត្តយើងជាថ្មី បើសិនយើងគ្រាន់តែបង្វែរចិត្តទៅឯទ្រង់ ( សូមមើល ពង្សាវតារក្សត្រទី ១ ៨:៥៨ ) ។
មិនថាយើងដួលញឹកញាប់ប៉ុណ្ណា ឬ ដួលខ្លាំងប៉ុណ្ណាឡើយ ពន្លឺនៃព្រះគ្រីស្ទនៅតែឆេះចែងចាំង ។ ហើយមិនថានៅក្នុងពេលដ៏លំបាកលំបិនយ៉ាងណានោះទេ បើសិនយើងពុះពារធ្វើតាមទ្រង់ នោះពន្លឺរបស់ទ្រង់នឹងបណ្តេញស្រមោលនោះចេញ ហើយផ្តល់ថាមពលដល់ព្រលឹងយើងឲ្យបន្តទៅមុខទៀត ។
ការប្រណាំងនៃភាពជាសិស្សនេះគឺមិនមែនជាការរត់ធម្មតានោះទេ វាគឺជាការរត់ប្រណាំងប្រជែងគ្នា ។ ហើយវាមានភាពខុសប្លែកបន្តិចពីល្បឿនដែលយើងរត់ ។ ពិតណាស់ ផ្លូវមួយដែលយើងអាចចាញ់ការប្រកួតនោះ គឺការធ្លាក់ក្នុងការល្បួង ឬ បោះបង់ចោលការប្រណាំងនេះនៅទីបំផុត ។
បើកាលណាយើងនៅតែបន្តព្យាយាមប្រឹងប្រែង ហើយឆ្ពោះទៅរកព្រះអង្គសង្គ្រោះ នោះយើងនឹងឈ្នះការប្រណាំងដោយគប់ភ្លើងរបស់យើងនៅតែឆេះសន្ធោសន្ធៅ ។
ដ្បិតគប់ភ្លើងនោះ មិនមែនជាខ្លួនយើង ឬ អ្វីដែលយើងធ្វើឡើយ ។
គប់ភ្លើងនោះគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ។
ហើយគប់ភ្លើងនោះ គឺជាពន្លឺមួយដែលមិនអាចត្រូវបានរលត់ឡើយ ។ វាគឺជាពន្លឺមួយដែលនឹងលេបត្របាក់នូវភាពងងឹត ព្យាបាលរបួសយើង ហើយជាកម្លាំងនៅក្នុងគ្រាដ៏សោកសៅ និង ការលំបាកលំបិនយ៉ាងខ្លាំង ។
វាគឺជាពន្លឺដែលលើសទាំងការយល់ដឹង ។
សូមឲ្យយើងម្នាក់ៗទៅដល់ទីផ្តាច់ព្រ័ត្រនៃផ្លូវដែលយើងបានចាប់ផ្តើម ។ ហើយដោយមានជំនួយពីព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងទៅដល់ទីផ្តាច់ព្រ័ត្រដោយសេចក្តីអំណរ ហើយគប់ភ្លើងរបស់យើងនៅតែឆេះ ។