ការត្រិះរិះពិចារណា
តើយកផ្លែល្ពៅ ឬ ផ្លែត្រសក់ស្រូវ ?
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា ។
មានពេលខ្លះវាគ្មានជម្រើសខុសឡើយ ។ ដោយសារវាគឺជាជម្រើសតែមួយ ។
រចនា រូប ថត ដោយ ខារ៉ូលីន វីបប៊ើត
ឪពុករបស់ខ្ញុំ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញថាគ្រាប់ល្ពៅដែលគាត់បានដាំកាលពី ឆ្នាំមុននោះ បានចេញពន្លកនៅចំកណ្តាលដីដាំត្រសក់ស្រូវនៅរដូវក្តៅនេះទៅវិញ ។ ដើមត្រសក់ស្រូវកំពុងលូតលាស់យ៉ាងល្អ—ហើយដើមល្ពៅក៏លូតលាស់ល្អផងដែរ ។ អញ្ចឹង ឪពុករបស់ខ្ញុំទុកឲ្យដើមល្ពៅនោះបន្តដុះធំឡើង ។ ប៉ុន្តែគាត់បានដឹងថាបើសិនគាត់ធ្វើបែបនេះ នោះដើមល្ពៅនឹងបង្អន់ដល់ការលូតលាស់របស់ដើមត្រសក់ស្រូវហើយ ។
ដូច្នេះ គាត់ត្រូវធ្វើការជ្រើសរើសយកមួយ ។ គាត់អាចបោចដើមល្ពៅចេញ ដើម្បីឲ្យដើមត្រសក់ស្រូវនឹងមានឱកាសលូតលាស់បានល្អឡើង ឬ ទុកឲ្យដើមល្ពៅនោះលូតលាស់ ហើយមើលពួកវាដុះជ្រៀតដើមត្រសក់ស្រូវ ដែលហាក់ដូចជាដើមទាំងពីរឲ្យផលតិចតួច ។ តើយកផ្លែល្ពៅ ឬ ផ្លែត្រសក់ស្រូវ ? ជម្រើសនេះគឺជា ការជ្រើសរើសរវាងដំណាំល្អពីរដូចគ្នា ។
ដោយវាយតម្លៃទៅលើជម្រើសទាំងពីរនោះ ឪពុករបស់ខ្ញុំបានសម្រេចចិត្តបោចដើមល្ពៅដែលដុះបែកមែកសាខានោះចេញ ។ ដើមល្ពៅទាំងនោះក្រចេញពន្លក ហើយគាត់បានសម្រេចចិត្តថាគាត់ចង់បាន ដើម ត្រសក់ស្រូវជាងដើមល្ពៅដ៏ភ្ញាក់ផ្អើលនោះ ។
បទពិសោធន៍នេះបានបំផុសគំនិតខ្ញុំឲ្យគិតអំពីជម្រើសនានាដែលខ្ញុំបានធ្វើ ជាពិសេសជម្រើសនៃទំនាក់ទំនងរបស់ខ្ញុំជាមួយមនុស្សដទៃទៀត ។ ទោះជាជាមួយគ្រួសារ មិត្តភក្ដិ និយោជករបស់យើង ឬ អស់អ្នកដែលយើងណាត់ដើរលេងឬ រៀបការជាមួយក្តី នៅពេលមានការជ្រើសរើសរវាងរបស់ល្អពីរដូចគ្នា ដោយស្គាល់ពីភាពត្រឹមត្រូវ ឬ ជម្រើសល្អបំផុតពេលខ្លះគឺ មានការលំបាក ជាពិសេសនៅពេលយើងចង់ចៀសវាងពីការជ្រើសរើសខុស ។ ពេលខ្លះការខ្លាចជ្រើសរើសខុស ធ្វើឲ្យយើងទន់ខ្សោយ ហើយការខ្លាចនោះ អាចរារាំងយើងមិនឲ្យឆ្ពោះទៅមុខដោយសេចក្តីជំនឿឡើយ ។ ប៉ុន្តែការពិតនោះ គឺថា មានពេលខ្លះវាគ្មានជម្រើសដែល ខុស នោះឡើយ ។ ដោយសារវាគ្រាន់តែជាជម្រើសមួយប៉ុណ្ណោះ ។ ក្នុងករណីរបស់ឪពុកខ្ញុំគាត់បានផ្តោតការសម្រេចចិត្តរបស់ខ្លួនលើអ្វីដែលគាត់បាន ឲ្យតម្លៃ ខ្លាំងជាង ។ គាត់មិនចង់ឃើញដើមល្ពៅងាប់ទេ ប៉ុន្តែគាត់បានដឹងថា គាត់នឹងសោកស្តាយបើសិនដើមល្ពៅនោះបំផ្លាញដើមត្រសក់ស្រូវនៅពេលក្រោយមកទៀត ។
ក្នុងជីវិត ជម្រើសមួយចំនួនដែលយើងជួបប្រទះតែងតែមិនជាបញ្ហាអ្វីឡើយ ដូចជា តើខ្ញុំគួរបរិភោគអ្វីនៅអាហារពេលព្រឹក ? តើខ្ញុំគួរស្លៀកសម្លៀកបំពាក់ពណ៌អ្វីថ្ងៃនេះ ? នៅពេលបានប្រឈមមុខនឹងជម្រើសរវាងវត្ថុពីរល្អដូចគ្នា នោះ យើងអាចធ្វើដូចជាអ្វីដែលឪពុកខ្ញុំបានធ្វើ ហើយសួរដោយសាមញ្ញថា « តើខ្ញុំឲ្យតម្លៃលើវត្ថុមួយណាខ្លាំងជាង ? » បន្ទាប់មកធ្វើការសម្រេចចិត្ត ហើយបន្តឆ្ពោះទៅមុខដោយសេចក្តីជំនឿ ទុកចិត្តលើព្រះអម្ចាស់ ដើម្បីកែតម្រូវពួកយើង បើសិនយើងកំពុងធ្វើអ្វីមួយដែលខុសឆ្គង ។
ប៉ុន្តែជម្រើសមួយចំនួនពិតជាមានបញ្ហា ច្រើនណាស់ ។ មានគ្រាមួយនោះ ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ ៖ « ការសម្រេចចិត្តមាននៅចំពោះមុខយើងជានិច្ច ។ ដើម្បីធ្វើការជ្រើសរើសដ៏ឆ្លាតវៃ គឺតម្រូវឲ្យមានសេចក្តីក្លាហាន—ក្លាហាន ដើម្បីនិយាយថា ទេ ក្លាហានដើម្បី និយាយថា មែន ។ ការសម្រេចិត្ត ពិតជា កំណត់ពីជោគវាសនាមែន » ( « ជម្រើសទាំងបី ) Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៦៨ ) ។ នៅពេលជួបប្រទះនឹងជម្រើសបែបនោះ សំណួរដ៏ល្អបំផុតដើម្បីសួរនោះ គឺ« តើអ្វីទៅដែល ព្រះអម្ចាស់ ផ្តល់តម្លៃខ្លាំងជាង ? » បើសិនយើងដឹងពីចម្លើយចំពោះសំណួរនោះ អ្វីដែលយើងត្រូវធ្វើគឺសម្របតាមអ្វីដែលយើងឲ្យតម្លៃទៅនឹងអ្វីដែលទ្រង់ឲ្យតម្លៃ ហើយធ្វើវាឲ្យស្របតាមជម្រើសនោះ ។ វានឹងក្លាយជាជម្រើសមួយដែលត្រឹមត្រូវជានិច្ច ។