ខ្ញុំមិនបានដឹងពីមូលហេតុដែលខ្ញុំនៅទីនោះឡើយ
អែមប៊ើរ ជេនី អាឡាបាម៉ា ស.រ.អា.
ម្តាយខ្ញុំ និង ខ្ញុំ ទើបតែអធិស្ឋានពេលយប់រួច ។ យើងបានឱបគ្នា ហើយនិយាយថា « ម៉ាក់ស្រឡាញ់កូន កូនស្រឡាញ់ម៉ាក់ » ។ បន្ទាប់មក ខ្ញុំដើរចូលទៅបន្ទប់ដេករបស់ខ្ញុំវិញ ។ នៅពេលខ្ញុំបានឈោងចាប់ដៃទ្វារ អារម្មណ៍បំផុសគំនិតដ៏ខ្លាំងមួយបានផុសក្នុងចិត្តខ្ញុំថា នៅថ្ងៃស្អែកម្តាយខ្ញុំនឹងស្លាប់ ។
ខួរក្បាល និង ដួងចិត្តរបស់ខ្ញុំព្យាយាមប្រឆាំងនឹងអារម្មណ៍ ។ គ្មានផ្លូវទេដែលថាមានអ្វីមួយអាចកើតឡើងបែបនោះចំពោះម្តាយខ្ញុំ ។ គាត់នឹងមិនកើតអ្វីឡើយ ។
នៅពេលខ្ញុំនៅក្នុងបន្ទប់ខ្ញុំ ខ្ញុំបានលុតជង្គង់ចុះហើយអធិស្ឋានព្រមទាំងប្រាប់ដល់ព្រះវរបិតាសួគ៌ថាការបំផុសគំនិតអំពីម្តាយរបស់ខ្ញុំនោះមិនពិតទេ ។ ខ្ញុំបានសុំទ្រង់ឲ្យដកយកអារម្មណ៍នោះចេញពី ខ្ញុំទៅ ប៉ុន្តែវានៅតែបន្ត ។ ខ្ញុំបានត្រឡប់ទៅបន្ទប់ឪពុកម្តាយរបស់ខ្ញុំ ហើយបានប្រាប់ម្តាយខ្ញុំថា ខ្ញុំចង់ឱប ហើយថើបគាត់ម្តងទៀត ពីមុនខ្ញុំទៅដេកវិញ ។ យើងបាននិយាយម្តងទៀតថា « ម៉ាក់ស្រឡាញ់កូន កូនស្រឡាញ់ម៉ាក់ » ហើយខ្ញុំបានត្រឡប់ទៅបន្ទប់ខ្ញុំវិញ ។ វាអស់ពេលជាច្រើនម៉ោងទំរាំខ្ញុំដេកលក់នៅយប់នោះ ។
នៅពេលខ្ញុំបានក្រោកឡើងនៅព្រឹកស្អែកនោះ ខ្ញុំបានភ័យច្រាសច្រាល ។ ដោយមានអំណរគុណ ម្តាយរបស់ខ្ញុំនៅទីនេះ ដោយរីករាយ និង មានសុខភាពល្អ ។ ប៉ុន្តែក្នុងគំនិតខ្ញុំ ខ្ញុំនៅតែមានអារម្មណ៍រំខានខ្ញុំ ហើយថាមានអ្វីមួយដែលកើតឡើង ។ អំឡុងពេលការប្រជុំតមអាហារ និង ទីបន្ទាល់នៅថ្ងៃនោះ ម្តាយរបស់ខ្ញុំបានឡើងទៅ ហើយថ្លែងទីបន្ទាល់ដ៏ ល្អរបស់គាត់ ។
បន្ទាប់ពីការប្រជុំសាក្រាម៉ង់ គាត់បានទៅបង្រៀនថ្នាក់បឋមសិក្សា ហើយខ្ញុំបានទៅថ្នាក់សាលាថ្ងៃអាទិត្យ ។ ខ្ញុំមានអារម្មណ៍បំផុសគំនិតប្លែកម្តងទៀតខ្ញុំបានក្រោកដើរចេញពីថ្នាក់សាលាថ្ងៃអាទិត្យ ។ ខ្ញុំពុំចង់ខ្វល់ខ្វាយពី អារម្មណ៍របស់ខ្ញុំឡើយ ប៉ុន្តែអារម្មណ៍បានបង្ខំខ្ញុំឲ្យក្រោកចេញពីកៅអីហើយដើរចេញទៅក្រៅ ។ នៅក្នុងពីរបីនាទីនោះ ខ្ញុំបានទៅអង្គុយក្នុងបន្ទប់ថ្នាក់បឋមសិក្សាហើយស្តាប់ម្តាយខ្ញុំបង្រៀន ។ ខ្ញុំមិនបានដឹងពីមូលហេតុដែលខ្ញុំនៅទីនោះឡើយ ប៉ុន្តែខ្ញុំបានដឹងថានោះគឺជាកន្លែងដែលខ្ញុំត្រូវតែនៅ ។
ក្រោយមកនៅថ្ងៃត្រង់នោះ នៅផ្ទះបងប្រុសរបស់ខ្ញុំ ម្តាយរបស់ខ្ញុំបានសម្លឹងមើលចំភ្នែករបស់ខ្ញុំដែលជានាទីចុងក្រោយ នៅពេលដែលគាត់ដួលចុះ ហើយស្លាប់ដោយសារស្ទះសរសៃឈាមក្នុងសួត ។ ដោយសារហេតុផលរបស់ទ្រង់ និងនៅក្នុងព្រះគុណទ្រង់ នោះព្រះវរបិតាសួគ៌បានបញ្ចូនព្រះវិញ្ញាណបរិសុទ្ធឲ្យមករៀបចំខ្ញុំ ។ ការបំផុសគំនិតទាំងនោះបានប្រទានដល់ខ្ញុំ ឲ្យខ្ញុំចំណាយពេលបន្ថែមទៀតជាមួយម្តាយខ្ញុំ ដែលខ្ញុំនឹងមិនបានភាពរីករាយនោះឡើយ បើសិនខ្ញុំព្រងើយនឹងសំឡេងតូចរហៀងនោះ ។
សេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់ខ្ញុំមិនធ្លាប់បានបង្ហាញដល់ខ្ញុំឡើយ រហូតដល់ព្រឹត្តិការណ៍នោះបានកើតឡើងនៅ ជុំវិញការស្លាប់របស់ម្តាយខ្ញុំនោះ ។ យើងមានពរអ្វីម្ល៉េះដើម្បីមានព្រះវរបិតាដែលគង់នៅឋានសួគ៌ដែលស្រឡាញ់យើងគ្រប់គ្រាន់ហើយប្រទានអំណោយទានពិសេសនៃព្រះវិញ្ញាណបរិសុទ្ធដល់យើង ។