២០១៥
លោកុប្បត្តិ ១:២៦–២៧
ខែ តុលា ឆ្នាំ ២០១៥


មួយ​បន្ទាត់​ម្តងៗ

លោកុប្បត្តិ ១:២៦–២៧

តើ​ការបង្កើត​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ មាន​ន័យ​ដូចម្តេច ?

Product Shot from October 2015 Liahona

២៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​លើ​ផែនដី​ផង ។

២៧ ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង​ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី ។

រូបអង្គ​នៃ​ព្រះ

ប្រធាន ថូម៉ាស អេស ម៉នសុន

« ការទទួល​ស្គាល់​អំណាច​មួយ​ដែល​ខ្ពស់​ជាង​ខ្លួន គឺ​ពុំ​មាន​ន័យ​ថា​អន់ថោក​ទេ ផ្ទុយ​ទៅវិញ​វា​ជា​ការលើក​តម្កើង ។ បើសិន​យើង​នឹង​ទទួល​ស្គាល់​ថា​យើង​ត្រូវបាន​បង្កើត​ឡើង​ដូច​រូប​អង្គ​ទ្រង់ នោះ​យើង​នឹង​រកឃើញ​ថា​ទ្រង់​មិន​ពិបាក​នឹង​ចូល​ជិត​ឡើយ ។ … ចំណេះ​ដឹង​នេះ តម្រូវ​ឲ្យ​មាន​សេចក្តី​ជំនឿ ដែល​នឹង​នាំ​មក​នូវ​ភាពស្ងប់ និង ភាពសុខសាន្ត​សុខុដុម​នៅ​ក្នុង​ចិត្ត » ។

ប្រធាន ថូម៉ាស អេស « The Lighthouse of the Lord » Ensign ខែ វិច្ឆិកា ឆ្នាំ១៩៩០ ទំព័រ ៩៥–៩៦ ។

ចូរ​យើង

សំណង់​ប្រយោគ​ពហុវចនៈ​នេះ​ហាក់បី​ដូច​ជា​ថា​ព្រះ​កំពុង​មាន​បន្ទូល​ជាមួយ​នរណា​ម្នាក់​ទៀត—ព្រោះ​ទ្រង់​កំពុង​មាន​បន្ទូល​ជាមួយ​ម្នាក់​ទៀត​មែន ។ យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « កាល​ពីដើម​ឡើយ ក្រុម​របស់​ព្រះ​ត្រូវបាន​ហៅ​ថា​ក្រុមប្រឹក្សា​មួយ​របស់​ព្រះ ហើយ​ពួកទ្រង់​បាន​មក​ជុំ​គ្នា ហើយ​បង្កើត [ រៀបចំ ] ផែនការ​មួយ​ដើម្បី​បង្កើត​ពិភពលោក និង មនុស្ស​ដែល​រស់នៅ​លើ​នោះ » ( ប្រវត្តិ​សាសនាចក្រ ៦:៣០៨ ) ។ ក្រុមប្រឹក្សា​នេះ​រួមមាន​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង អ្នក​ដទៃ​ទៀត ( សូមមើល ម៉ូសេ ២:២៦–២៧; អ័ប្រាហាំ ៤:២៦–២៧ ) ។

ដូច​ជា​យើង

« ព្រះ​អង្គ​ទ្រង់​ផ្ទាល់​ក៏​ធ្លាប់​ដូច​ជា​យើង​ក្នុង​ពេល​ឥឡូវ​នេះ​ផងដែរ ហើយ​ជា​មនុស្ស​ដែល​បាន​តម្កើង​ឡើង ហើយ​គង់​នៅលើ​បល្ល័ង​ដ៏​ខ្ពស់​សន្លឹម ! នោះ​ជា​ការណ៍​សម្ងាត់​ដ៏​អស្ចារ្យ​បំផុត ។ បើសិន​វាំងនន​ត្រូវ​រហែក​ថ្ងៃ​នេះ ហើយ … បើសិន​អ្នក​នឹង​ជួប​ទ្រង់​នៅ​ថ្ងៃ​នេះ នោះ​អ្នក​នឹង​ឃើញ​ថា​ទ្រង់​គឺ​ដូច​ជា​មនុស្ស​យើង​—គឺ​ដូច​ជា​ខ្លួន​របស់​អ្នក​ពេញ​ទាំង​តួ​ខ្លួន រូបរាង និង មាន​ទម្រង់​ជា​មនុស្ស » ។

ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៤០ ។

« មនុស្ស​លោក​គឺ​ជា​កូន​របស់​ព្រះ បាន​បង្កើត​ឡើង​តាម​រូប​រាង​របស់​ព្រះ ហើយ​ផ្តល់​អំណាច​ឲ្យ ជាមួយ​នឹង​លក្ខណៈ​ព្រះ ហើយ​សូម្បីតែ​ជា​ទារក​តូច​ម្នាក់​របស់​ឪពុក​ម្តាយ​លើ​ផែនដី​ក៏​នឹង​អាច​ក្លាយ​ជា​មនុស្ស​ប្រុស​ម្នាក់​ក្នុង​កាល​កំណត់​មួយ​ដែរ ដូច្នេះ​កូនចៅ​ដែល​មិន​ទាន់​បាន​អភិវឌ្ឍ​របស់​ព្រះមាតាបិតា​សេលេស្ទាល​ក៏​អាច​ក្លាយ​ជា​ព្រះ​តាមរយៈ​បទពិសោធន៍​នៃ​ពេល​ដ៏​យូរ និង អស់កល្ប​ដែរ » ។

គណៈប្រធាន​ទី​មួយ « The Origin of Man » Improvement Era ខែ វិច្ឆិកា ឆ្នាំ ១៩០៩ ទំព័ ៨១ Ensign ខែ កុម្ភៈ ឆ្នាំ ២០០២ ទំព័រ ៣០ ។

អំណាច

« ផែនដី និង អ្វីៗ​គ្រប់​យ៉ាង​ដែល​នៅ​លើ​វា​គួរតែ​ត្រូវ​បាន​ប្រើ​ដើម្បី​ជា​ទំនួល​ខុសត្រូវ​គាំទ្រ​ដល់​គ្រួសារ​មនុស្ស​លោក ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​គ្រប់​គ្នា​មាន​ទំនួលខុសត្រូវ—មិនមែន​ជា​ម្ចាស់​ទេ—នៅលើ​ផែនដី​នេះ និង​សេចក្តីល្អ​របស់​ផែនដី ហើយ​ពួកគេ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ព្រះភ័ក្រ​ព្រះ​សម្រាប់​អ្វី​ទាំងអស់​ដែល​ពួកគេ​បាន​ធ្វើ​ចំពោះ ការបង្កបង្កើត​របស់​ទ្រង់ » ។

« Environmental Stewardship and Conservation » mormonnewsroom.org; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១៣–១៥ ។

បុរស និង ស្ត្រី

« បុរស និង ស្ត្រី​ទាំង​អស់​គឺ​មាន​រូបរាង​ដូច​ទៅ​នឹង​ឪពុក​ម្តាយ​របស់​មនុស្ស​គ្រប់​គ្នា ហើយ​ពិតជា​បុត្រា និង បុត្រី​នៃ​ព្រះ ។

គណៈប្រធាន​ទី​មួយ « The Origin of Man » Improvement Era ខែ វិច្ឆិកា ឆ្នាំ ១៩០៩ ទំព័ ៧៨ Ensign ខែ កុម្ភៈ ឆ្នាំ ២០០២ ទំព័រ ២៩ ។

« ភេទ​ប្រុស​ស្រី គឺ​ជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង គោលបំណង​របស់​បុគ្គល​ម្នាក់ៗ នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង នៅ​អស់​កល្ប​ជានិច្ច» ។

« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ។