សារលិខិតបង្រៀនសួរសុខទុក្ខ
លក្ខណៈសម្បត្តិដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ ៖ពេញដោយសេចក្តីសប្បុរស និង សេចក្តីស្រឡាញ់
សូមសិក្សាអត្ថបទនេះប្រកបដោយការអធិស្ឋាន ហើយព្យាយាមដើម្បីដឹងថាត្រូវចែកចាយអ្វី ។ តើការយល់ពីលក្ខណៈដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ នឹងពង្រីកជំនឿរបស់អ្នកចំពោះទ្រង់ ហើយនិងផ្ដល់ពរជ័យដល់អ្នកទាំងឡាយដែលអ្នកថែទាំតាមរយៈការបង្រៀនការសួរសុខទុក្ខដោយរបៀបណា ? សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ reliefsociety.lds.org ។
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយផ្តល់និយមន័យនៃពាក្យសេចក្តីសប្បុរសថាជា « សេចក្តីស្រឡាញ់ដ៏ខ្ពស់ឧត្តុងឧត្តមខ្លាំងបំផុត » ( « សេចក្តីសប្បុរស » ) ។ វាគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ។ នៅពេលយើងរៀនពី ព្រះយេស៊ូវគ្រីស្ទ ហើយព្យាយាមប្រែក្លាយឲ្យដូចជាទ្រង់ នោះយើងនឹងចាប់ផ្តើមទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ទ្រង់នៅក្នុងជីវិតរបស់យើង ហើយត្រូវបានបំផុសគំនិតឲ្យស្រឡាញ់ និង បម្រើមនុស្សដទៃទៀតដូចដែលទ្រង់បានធ្វើ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា « សេចក្តីសប្បុរសគឺជាការមានការអត់ធ្មត់ជាមួយនរណាម្នាក់ដែលធ្វើឲ្យយើងអន់ចិត្ត » ។ « វាគឺជាការរារាំងអារម្មណ៍កុំឲ្យងាយនឹងអន់ចិត្ត ។ វាជាការទទួលយកភាពទន់ខ្សោយ និង ការបរាជ័យ ។ វាជាការទទួលស្គាល់នូវអត្តចរិតដែលមនុស្សម្នាក់ៗមាន ។ វាជាការមើលលើសពីរូបរាងខាងក្រៅ ដល់អកប្បកិរិយាដែលនឹងមិនសាបរលាបទៅតាមពេលវេលាឡើយ ។ « វាគឺជាការរារាំងអារម្មណ៍កុំឲ្យវិនិច្ឆ័យមនុស្សដទៃ » ។១
នៅក្នុងព្រះគម្ពីរមរមន យើងរៀនពីសេចក្តីពិតដ៏អស្ចារ្យថា « អធិស្ឋានដល់ព្រះវរបិតា ដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យ[ យើង ] បានពោរពេញដោយសេចក្ដីស្រឡាញ់នេះ ដែលទ្រង់បានប្រទានដល់អស់អ្នកណាដែលជាអ្នកដើរតាមដ៏ពិតនៃព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យ [ យើង ] អាចក្លាយទៅជាបុត្រា[ និង បុត្រី ] របស់ព្រះដើម្បីកាលណាទ្រង់នឹងលេចមក នោះយើងរាល់គ្នានឹងបានដូចជាទ្រង់ ដ្បិតយើងនឹងឃើញទ្រង់ ជាទ្រង់ពិតប្រាកដ ដើម្បីឲ្យយើងអាចមានសេចក្ដីសង្ឃឹមនេះ ដើម្បីឲ្យយើងអាចបានបរិសុទ្ធដូចជាទ្រង់បរិសុទ្ធ » ( មរ៉ូណៃ ៧:៤៨ ) ។
បទគម្ពីរបន្ថែម
យ៉ូហាន ១៣:៣៤–៣៥; កូរិនថូសទី ១ ១៣:១–១៣; នីហ្វៃទី ១ ១១:២១–២៣; អេធើរ ១២:៣៣–៣៤
ចេញពីប្រវត្តិសាស្ត្ររបស់យើង
« ថ្មីៗនេះមានស្ត្រីម្នាក់ ដែលបានធ្លាក់ខ្លួនជាស្ត្រីមេម៉ាយបាន មានអំណរគុណចំពោះគ្រូបង្រៀនសួរសុខទុក្ខទាំងឡាយ ដែលបានទួញយំ ហើយលួងលោមខ្លួន ។ គាត់បានសរសេរថា ‹ ខ្ញុំត្រូវការមនុស្សម្នាក់ដែលអាចជួយខ្ញុំមនុស្សម្នាក់ដែលអាចស្តាប់ខ្ញុំ ។ … ហើយពួកគេបានស្តាប់ខ្ញុំមែន ។ ពួកគេបានលួងលោមខ្ញុំ ។ ពួកគេទួញសោកជាមួយខ្ញុំ ។ ហើយពួកគេបានឱបខ្ញុំ … [ ហើយ ] បានជួយខ្ញុំឲ្យរួចផុតពីជម្រៅ នៃភាពអស់សង្ឃឹម និងការបាក់ទឹកចិត្តក្នុងអំឡុងពេលពីរបីខែដំបូង ដែលខ្ញុំឯកោ › ។
« ស្ត្រីម្នាក់ទៀត បានពន្យល់ពីអារម្មណ៍របស់ខ្លួន ពីពេលដែលគាត់បានទទួលសេចក្តីសប្បុរសដ៏ពិតពីគ្រូបង្រៀនសួរសុខទុក្ខម្នាក់ថា ៖ ‹ ខ្ញុំបានដឹងថា ខ្ញុំមិនមែនគ្រាន់តែជាមនុស្សម្នាក់ដែលត្រូវកត់ត្រានៅ ក្នុងសៀវភៅកំណត់ហេតុរបស់គាត់ដើម្បីបានចំនួនសួរសុខទុក្ខច្រើននោះទេ ។ ខ្ញុំដឹងថាគាត់បានខ្វល់ខ្វាយពីខ្ញុំ › » ។២
ដូចជាស្ត្រីទាំងនេះដែរ ពួកបរិសុទ្ធថ្ងៃចុងក្រោយជុំវិញពិភពលោកអាចថ្លែងទីបន្ទាល់ពីសេចក្តីពិតនៃសេចក្តីថ្លែងការណ៍ដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ១៩២៤–២០១៥ ) ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « វាពិតជាការលួងលោមអ្វី ម្ល៉េះ ដើម្បីដឹងថាទោះជា [ គ្រួសារមួយអាច ] ទៅណាក៏ដោយ ក៏គ្រួសារនៃសាសនាចក្រនៅតែរង់ចាំពួកគេជានិច្ចដែរ ។ តាំងពីថ្ងៃដែលពួកគេមកដល់ នោះ បុរសនឹងក្លាយជាសមាជិកនៃកូរ៉ុមនៃបព្វជិតភាព ហើយស្ត្រី នឹងក្លាយជាសមាជិកនៃសមាគមសង្គ្រោះ » ។៣