ការស្វែងរក សេចក្តីពិតរបស់ខ្ញុំ
អ្នកនិពន្ធរស់នៅរដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។
ខ្ញុំត្រូវបានបង្រៀនជានិច្ចថាគ្មានព្រះឡើយ ប៉ុន្តែខ្ញុំត្រូវតែស្វែងយល់ឲ្យដឹងដោយខ្លួនឯង ។
រចនារូបភាពដោយ ដាន បឺ
ដោយបានចិញ្ចឹមបីបាច់នៅក្នុងប្រទេសអាស៊ីមួយដែលមានការប្រកួតប្រជែង និង គ្មានសាសនានោះ ខ្ញុំតែងមានបំណងដ៏ធំមួយជានិច្ចដើម្បីក្លាយជាមនុស្សដែលមានជោគជ័យម្នាក់ ប៉ុន្តែខ្ញុំគ្មានគោលការណ៍អស់កល្ប ឬ សេចក្តីពិតណាដឹកនាំខ្ញុំឡើយ ។ នៅក្នុងប្រទេសរបស់ខ្ញុំពាក្យថា « ជោគជ័យ » មានន័យថា ការក្លាយជាអ្នកមាន ហើយមានអំណាច ។
ឪពុកម្ដាយខ្ញុំបានបង្រៀនខ្ញុំជានិច្ចថាគ្មានព្រះឡើយ ។ សម្រាប់ពួកគាត់ សាសនា ឬ ព្រះហាក់ដូចជាគ្មានន័យអ្វីឡើយ ហើយវាសម្រាប់តែមនុស្សដែលខ្សោយប៉ុណ្ណោះ ។ អស់ពេលជាយូរមកហើយ ខ្ញុំបានចាត់ទុកខ្លួនឯងថាជាអ្នកមិនជឿព្រះ ។ ពួកគេបានបង្រៀនខ្ញុំថា ខ្ញុំមិនគួរទុកចិត្តលើនរណាម្នាក់ក្រៅពីខ្លួនឯងឡើយ ។ ដូច្នេះតាំងពីក្មេងមក ខ្ញុំបានប្រើមហិច្ឆតាដ៏ធំរបស់ខ្ញុំនោះ ធ្វើជាការជម្រុញ ចិត្តដើម្បីសិក្សា និង ធ្វើការយ៉ាងខ្លាំង ។
ឪពុកម្ដាយរបស់ខ្ញុំមានក្តីរំពឹងខ្ពស់លើខ្ញុំ ។ ពួកគេចង់ឲ្យខ្ញុំទទួលបានពិន្ទុខ្ពស់គ្រប់ពេល ។ វាធ្វើឲ្យខ្ញុំកើតទុក្ខ នៅពេលឃើញមុខរបស់ពួកគាត់ខកចិត្ត ឬ ឮពួកគាត់ឈ្លោះគ្នានៅពេលខ្ញុំរៀនបានពិន្ទុមិនល្អ ។ ក្រៅពី កិច្ចការសាលាទូទៅរបស់ខ្ញុំ នោះខ្ញុំមានកិច្ចការសាលាបន្ថែមទៀតដែលត្រូវធ្វើផងដែរនៅចុងសប្តាហ៍ ដើម្បីខ្ញុំអាចទទួលបាននិទេស A ជានិច្ច ។
ទោះបីជាបន្ទាប់ពីខ្ញុំបានសម្រេចគោលដៅដែលខ្ញុំបានដាក់ក៏ ដោយ ខ្ញុំនៅតែមានអារម្មណ៍ថាវា មានអ្វីមួយទៀតដែលមានទុកសម្រាប់ជីវិតខ្ញុំ ។ ខ្ញុំដឹងយ៉ាងប្រាកដក្នុងដួងចិត្តខ្ញុំថា មានអ្វីផ្សេងទៀតជាច្រើនដែលត្រូវធ្វើ ។
ថ្ងៃមួយខ្ញុំបានសម្រេចចិត្តនឹងស្វែងរកអ្វី មួយសម្រាប់ខ្លួនខ្ញុំ បើសិនពិត ជាមានព្រះមែននោះ ។ បើទ្រង់ពិតជាមានមែននោះ ខ្ញុំចង់ដឹងថាតើទ្រង់ចង់ឲ្យខ្ញុំធ្វើអ្វី ឬ បើសិនសាសនាគ្រាន់តែជាអ្វីដែលគ្មានន័យ ដែលគ្រាន់តែបង្កើតឡើងតាមការស្រមៃរបស់មនុស្សលោកនោះ ។ ខ្ញុំមិនភ័យខ្លាចដើម្បីទទួលបានចម្លើយមួយក្នុងចំណោមចម្លើយពីរនោះឡើយ ។ ខ្ញុំគ្រាន់តែចង់ដឹងពីការពិត ។
នៅអំឡុងពេលនោះ ខ្ញុំបានក្លាយជាមិត្តជិតស្និទជាមួយនឹងមិត្តម្នាក់នៃក្រុមបាល់បោះរបស់ខ្ញុំឈ្មោះ ថេលើរ ។ ព្រឹកមួយខ្ញុំបានសុំគាត់ជិះមកសាលារៀន ។ គាត់ថាបាន ប៉ុន្តែខ្ញុំត្រូវក្រោកលឿនជាងធម្មតាមួយម៉ោងដើម្បី ទៅថ្នាក់សិក្ខាសាលាជាមួយគាត់ ។ ខ្ញុំបានស្ទាក់ស្ទើរឆ្លើយថា យល់ព្រម ដោយមិនដឹងថាថ្នាក់សិក្ខាសាលានោះជាអ្វីឡើយ ។ ខ្ញុំចូលចិត្តថ្នាក់សិក្ខាសាលា ដោយសារតែអ្វីដែលខ្ញុំទទួលអារម្មណ៍ច្រើនជាងអ្វីដែលខ្ញុំបានរៀន ។
មិនយូរប៉ុន្មាន ក្រោយមក ថេលើរ បានសុំខ្ញុំឲ្យទៅព្រះវិហារជាមួយគាត់ ។ លើកដំបូងខ្ញុំបានគិតថា ព្រះវិហារដូចជាគួរឲ្យធុញ ហើយចម្លែក ប៉ុន្តែបន្តិចម្តងៗ ខ្ញុំចាប់ផ្តើមមានអារម្មណ៍នៃភាពកក់ក្តៅ និង សុខសាន្តដែលខ្ញុំបានទទួលនៅការប្រជុំនោះ ។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមិនបានប្រែចិត្តជឿតាមអារម្មណ៍ល្អនោះថាមានព្រះឡើយ ។ តើខ្ញុំអាចដឹងថា អារម្មណ៍នេះ មិនមែនជាអារម្មណ៍របស់ខ្ញុំតាមរបៀបណាទៅ ? តើខ្ញុំអាចដឹងថាខ្ញុំមិនបានធ្វើឲ្យខ្លួនឯងមានអារម្មណ៍បែបនេះតាមរបៀបណាទៅ ?
បន្ទាប់ពី តវ៉ាក្នុងចិត្តជាច្រើនមកនោះ ខ្ញុំបានទៅជួបម្តាយរបស់ ថេលើរដើម្បីស្វែងរកចម្លើយ ។ គាត់បានប្រាប់ខ្ញុំថាខ្ញុំអាចទទួលចម្លើយនោះ ដោយការអានព្រះគម្ពីរ និង អធិស្ឋានអំពីចម្លើយដែលខ្ញុំកំពុងចង់ដឹងនោះ ។ ខ្ញុំបានអធិស្ឋានដោយពុំទទួលបានចម្លើយអ្វីទេ ហើយស្មុគស្មាញក្នុងការគោរពតាមច្បាប់នានា និង ព្រះបញ្ញត្តិដែលខ្ញុំបានរៀន ។ ខ្ញុំធ្វើមិនបានសម្រេចជាច្រើនដង ។ ខ្ញុំរំពឹងថាមានព្រះបង្ហាញព្រះកាយទ្រង់ដ៏អស្ចារ្យ និង គួរឲ្យរំភើប ឬ ក៏មានព្រឹត្តិការណ៍អព្ភូតហេតុមួយចំនួនដើម្បី បង្ហាញភស្តុតាងថាមានព្រះពិតមែននោះ ។ ពិតណាស់ខ្ញុំចង់មានទីបន្ទាល់ដ៏រឹងមាំក្នុងពេលតែម្តង ។ ការពិត គឺកាលណាខ្ញុំកាន់តែអធិស្ឋាន នោះខ្ញុំទទួលអារម្មណ៍កាន់តែច្បាស់អំពីសេចក្តីពិតក្នុងជីវិតខ្ញុំ ។ កាលណាខ្ញុំកាន់តែធ្វើតាមព្រះបញ្ញត្តិ នោះខ្ញុំប្រែកាន់តែសប្បាយរីករាយ ។ កាលណាខ្ញុំកាន់តែអានព្រះគម្ពីរ នោះខ្ញុំកាន់តែទទួលវិវរណៈ ។ បន្តិចម្តងៗ ទីបន្ទាល់របស់ខ្ញុំបានកើនឡើង ដូចជាព្រះអាទិត្យរះនៅពេលព្រឹកដូច្នេះដែរ ។
ខ្ញុំចំណាយពេលអស់ពីរឆ្នាំទំរាំតែខ្ញុំសម្រេចចិត្តទទួលបុណ្យជ្រមុជទឹកជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ទោះបីជាខ្ញុំបានរស់នៅតាមបទដ្ឋានសីលធម៌ និង គោលការណ៍ល្អៗជាច្រើនក្តី ឥឡូវនេះខ្ញុំអាចនិយាយបានថា ខ្ញុំបានជួបសេចក្តីពិតដ៏អស់កល្ប និង គ្មានទីបញ្ចប់គឺ ៖ ព្រះមានព្រះជន្មរស់ ។ ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទព្រះអង្គសង្គ្រោះ និង ជាព្រះប្រោសលោះរបស់យើង ។ ឋានសួគ៌បើក ។ ព្យាការីរបស់ព្រះដើរនៅ លើផែនដីសព្វថ្ងៃនេះ ។ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជាការពិត ។ ព្រះពិតជាអភ័យទោសដល់អស់អ្នកមានបាបដែលប្រែចិត្ត ។ ខ្ញុំប្រហែលជាមិនឆ្លាត ឬ មានអំណោយទានដូចមនុស្សដទៃទៀត ឡើយ ប៉ុន្តែចំណេះ ដឹងដែលខ្ញុំមានគឺពុំអាចកាត់ថ្លៃបានឡើយ