ព្រះបន្ទូល ដែលផ្លាស់ប្តូរ ពិភពលោករបស់យើង
ក្រុមប្រឹក្សាមណ្ឌលមួយនៅក្នុងប្រទេស ហ្គាណា បង្ហាញពីរបៀបដែលការប្រឹក្សាគ្នា និង ការប្រើធនធានក្នុងមូលដ្ឋានអាចបង្កើតឱកាសនានាសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួន និង ការបម្រើដល់មនុស្សដទៃ ។
ស៊ិស្ទើរ វីដា អូសី មកពីប្រទេស ហ្គាណា បានចង់រៀនអាន និង សរសេរភាសាអង់គ្លេស ។ នាងបានសាកល្បងរៀនជាមួយកម្មវិធីសិក្សារបស់សហគមន៍ជាច្រើនដង ប៉ុន្តែបានទទួលការខកចិត្ត ហើយបានឈប់ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ។ បន្ទាប់មកនៅ ថ្ងៃអាទិត្យមួយ ខណៈកំពុងចូលរួមការប្រជុំនៅសាខាទីពីរ នោះ នាងបានដឹងថា មណ្ឌលអាសាមាកេស៊ី កំពុងជួយដល់កម្មវិធីសិក្សាអក្ខរកម្មជាភាសាអង់គ្លេស ។ នាងបានសម្រេចចិត្តដើម្បីចាប់យកឱកាសនោះ ហើយចុះឈ្មោះចូលរៀន ។
មិនយូរប៉ុន្មាននាងបានឃើញថា កម្មវិធីសិក្សានេះប្លែកពីកន្លែងផ្សេងទៀត ។ នាងអាចចូលរួមរៀនជាមួយមិត្តភក្តិជាច្រើនក្នុងព្រះវិហារ ។ ព្រះគម្ពីរត្រូវបានប្រើជាឯកសារសិក្សា ដូច្នេះនាងអាចរៀនភាសាអង់គ្លេសផង និង ដំណឹងល្អផងក្នុងពេលតំណាលគ្នា ។
ពីរខែក្រោយការចាប់ផ្តើមថ្នាក់នោះ វីដា បានអធិស្ឋានជាលើកដំបូងរបស់នាងនៅក្នុងថ្នាក់—គឺជាលើកទីមួយហើយ ។ បីខែក្រោយពីការចាប់ផ្តើមថ្នាក់មក នាងបានឡើងនិយាយលើកដំបូងបង្អស់នៅក្នុងការប្រជុំសាក្រាម៉ង់ ដោយនិយាយជាភាសា ធ្វី ដែលជាភាសាអាហ្វ្រិកប្រើប្រាស់ក្នុងមូលដ្ឋានខ្លះ និង និយាយជាភាសាអង់គ្លេសខ្លះ ។ បួនខែក្រោយពីការចាប់ផ្តើមថ្នាក់នោះ នាងបានចាប់ផ្តើមសរសេរនៅ ក្នុងសៀវភៅដាច់រយ៉េរយ៉ៃមួយអំពីការបញ្ជាទិញ ការចំណាយ និង តម្លៃសម្រាប់ការងារប្រកបរបរផ្ទាល់ខ្លួនរបស់នាងដែលជាជាងកាត់ដេរ ។ នាងបានមានកំហុសតិចតួចប៉ុណ្ណោះជាមួយនឹងអតិថិជន ទទួលបានការបញ្ចុះតម្លៃពីអ្នកលក់នានា ហើយរកលុយបានកាន់តែច្រើនជាងពីប៉ុន្មានខែមុនៗ ។
នាងបាននិយាយថា « ខ្ញុំមានការអៀនខ្មាស់ចូលរៀនថ្នាក់អក្ខរកម្មជាមួយមនុស្សដទៃទៀត » ។ « ប៉ុន្តែនៅពេលថ្នាក់អក្ខរកម្មបានបើកបង្រៀននៅ សាលាប្រជុំជាមួយសមាជិកនោះខ្ញុំបានដឹងថា វាបានផ្តល់ក្តី ក្លាហានដល់ខ្ញុំដើម្បីព្យាយាមម្តងទៀត ។ ហើយឥឡូវនេះខ្ញុំអាចអានព្រះគម្ពីរ ហើយធ្វើឲ្យអាជីវកម្មរបស់ខ្ញុំបានកាន់តែប្រសើរតាមរយៈការអាន និង ការសសេរជាភាសាអង់គ្លេស » ។
នៅក្នុងអនុតំបន់សាហារ៉ា អាហ្រ្វិក មានមនុស្សជាច្រើន ជាពិសេសស្ត្រី ពុំចេះអាន និង សរសេរឡើយ ។ ការមិនចេះអក្សរមានច្រើនណាស់ ដែលមានសុភាសិតបុរាណរបស់អាហ្វ្រិកមួយបាននិយាយថា « បើសិនអ្នកចង់លាក់អ្វីមួយនោះ ចូរសរសេរនៅក្នុងសៀវភៅចុះ » ។ ទោះជាយ៉ាងណាសម្រាប់ស្ត្រីពួកបរិសុទ្ធថ្ងៃចុងក្រោយដូចជា វីដា អក្ខរកម្មគឺកំពុងតែរីកចម្រើនឡើង ។
ការយកឈ្នះលើឧបសគ្គនានា
ហេដ្ឋារចនាសម្ព័ន្ធ និង ការអប់រំសាធារណៈដែលមានដែនកំណត់នៅក្នុងបណ្តាលប្រទេសស្ទើរតែទាំងអស់ក្នុងអនុតំបន់សាហារ៉ាមានន័យថាកំណត់ឱកាសនានា ជាពិសេសសម្រាប់ក្មេងស្រីៗ ។ ដោយសារតែការចូលរៀនត្រូវបង់ថ្លៃខ្ពស់ ហើយស្ថានភាពរឹតត្បិតដល់ក្មេងស្រីនៅក្នុងសង្គម នោះសម្រាប់មនុស្សជាច្រើន ការអានអក្សរហាក់បីដូចជាជំនាញមួយដែលមិនអាចធ្វើបានឡើយ ។ ឧទាហរណ៍ នៅប្រទេសហ្គាណា ទោះជាភាសាអង់គ្លេសជាភាសាផ្លូវការក៏ដោយតាមការប៉ុនស្មានគិតថាមានស្ត្រីពេញវ័យតែជាងពាក់កណ្តាលទេដែលអាចនិយាយភាសាអង់គ្លេសបាន ។ តាមតំបន់ជនបទនៃប្រទេស ហ្គាណា ពីរភាគបី នៃស្ត្រីពេញវ័យគឺជាអនក្ខរជន ។
សេត ឧបផុង ប្រធានមណ្ឌល អាប៊ូម៉ូសុ នៅក្នុងបេសកកម្ម ហ្គាណា អាក្រា ខាងលិចបានមានប្រសាសន៍ថា« ស្ត្រីពេញវ័យភាគច្រើននៅក្នុងទីក្រុង និង ភូមិរបស់យើងមិនចេះនិយាយភាសាអង់គ្លេសឡើយ » ។ « ភាសា ធ្វីដែលជាភាសាកំណើតរបស់យើងនោះ គឺជាភាសានិយាយអស់រយៈកាលជាច្រើនសតវត្សរ៍មកហើយ ។ ទើបតែថ្មីៗនេះទេ ដែលតួអក្សរភាសាធ្វីត្រូវបានបង្កើតឡើង ដូច្នេះ មនុស្សមួយចំនួនអាចអានវាបាន » ។
ចចជីណា អាម៉ៅកា ប្រធានសមាគមសង្គ្រោះមណ្ឌលពន្យល់ថា « បងប្អូនស្ត្រីពឹងផ្អែកលើមនុស្សដទៃ—ភាគច្រើនគឺស្វាមីរបស់ខ្លួន បើសិនពួកគេបានរៀបការហើយ ឬ តាមការនិយាយពី មិត្តភក្ដិបើសិនពួកគេមិនទាន់រៀបការ—ដើម្បីយល់គោលការណ៍នានានៃដំណឹងល្អ និង គោលនយោបាយនៃសាសនាចក្រ » ។ « មនុស្សជាច្រើនមានបំណងប្រាថ្នាដើម្បីបម្រើ ប៉ុន្តែពួកគេពុំអាចអានសៀវភៅសិក្សា ឬ ទស្សនាវដ្តី ដូច្នេះឱកាសរបស់ពួកគេដើម្បីចូលរួមនៅសាសានាចក្រមានកំណត់ » ។
ការទូន្មានពីក្រុមប្រឹក្សា
ដោយសារស្ត្រីមិននិយាយភាសាអង់គ្លេសនៅ ក្នុងផ្ទះរបស់ខ្លួន ឬ នៅផ្សារក្តី នោះការចូលរួមសាសនាចក្រផ្តល់ការជម្រុញទឹកចិត្តយ៉ាងសំខាន់ដល់ពួកគេឲ្យរៀនភាសា ។ ប៉ុន្តែទាំងសមាជិកយូរយារមកហើយ និង អ្នកប្រែចិត្តជឿថ្មីអាចមានបទពិសោធន៍នៃការរារាំងពីគ្រួសារទាក់ទងនឹងកម្មវិធីសិក្សាអក្ខរកម្មនេះ ។ ក្រុមប្រឹក្សាមណ្ឌលបានពិភាក្សាគ្នាអំពីកង្វល់នេះ ហើយក្រោយមក ប្រធាន ឧបផុង បានមានប្រសាសន៍ទៅកាន់អ្នកដឹកនាំបព្វជិតភាព និង អង្គការជំនួយនៅក្នុងសាខានិមួយៗអំពីយុទ្ធសាស្ត្រដ៏ ធំធេងមួយរបស់មណ្ឌលដើម្បីផ្តល់ការបំពាក់បំប៉នអក្ខរកម្ម ។ ស្ត្រីទាំងអស់នៅក្នុងសហគមន៍ត្រូវបានបើកទូលាយ ដើម្បីមានឱកាសរៀន នោះកម្មវិធីសិក្សានេះនឹងផ្តោតលើស្ត្រីនៅ ក្នុងសាសនចក្រជាចម្បង ។ ជាជាងការអញ្ជើញតែបុគ្គលម្នាក់ៗ នោះការអញ្ជើញនឹងត្រូវបានហៅឲ្យចូលរួមជាក្រុម—ឧទាហរណ៍ គណៈប្រធានសមាគមសង្គ្រោះ និង អង្គការបឋមសិក្សានឹងចូលរៀនជាមួយគ្នា ដូច្នេះពួកគេអាចជួយគ្នាទៅវិញទៅមកបាន ។
ដោយផ្អែកលើការពិភាក្សានានាជាមួយសាខា ថ្នាក់ដឹកនាំមណ្ឌលបានសម្រេចចិត្តដើម្បីបើកថ្នាក់អក្ខរកម្មនៅតាមសាខានិមួយៗនៅថ្ងៃអាទិត្យ ព្រមទាំងពីរដងទៀតនៅក្នុងសប្តាហ៍ ។ បន្ទាប់ពី កិច្ចខិតខំយ៉ាងយកចិត្តទុកអស់រយៈពេលប្រាំមួយខែមក វិញ្ញាបនបត្រនៃការបញ្ចប់ការសិក្សាត្រូវបានប្រគល់ឲ្យដល់អស់អ្នកដែលបានចូលរៀនយ៉ាងទៀងទាត់ និង បានបំពេញតាមតម្រូវការនៃកិច្ចការសាលា ។
ធនធាននានាដែលសម្របទៅតាមតម្រូវការ
អែលឌើរ ជីម ដាលតុន អ្នកផ្សព្វផ្សាយសាសនា រាមច្បងដែលកំពុងបម្រើនៅក្នុងមណ្ឌលពន្យល់ថា « ឧបសគ្គមួយនៃឧបសគ្គជាច្រើននោះ គឺការស្វែងរករបៀបដើម្បីបង្រៀនការអាន និង ការសរសេរដល់មនុស្សទាំងនោះ ដែលចេះតែភាសានិយាយ » ។ « ដោយសារតែប្រពៃណីដ៏យូរលង់របស់ភាសាធ្វី មានតែជាភាសានិយាយគ្មានភាសាសរសេរឡើយ នោះមនុស្សភាគច្រើនដែលនិយាយវាពុំចេះពីរបៀបសរសេរវាឡើយ ដូច្នេះយើងបានចាប់ផ្តើមជាមួយនឹងការរៀនសរសេរ » ។
រ៉ានហ្វដ ដាកវ៉ស ដែលជាក្រុមប្រឹក្សាជាន់ខ្ពស់មណ្ឌលអាប៊ូម៉ូសុ បានធ្វើការជាមួយអ្នកត្រឡប់ពីបេសកកម្មពីរនាក់ ហ្វានស៊ីស អានសា និង សេសេលា អាម៉ានខ្វា ឲ្យប្រើប្រាស់សៀវភៅសិក្សាដែលបង្កើតក្នុងមូលដ្ឋាន ។ អ្នកចូលរួមរៀនត្រូវបានបង្ហាញរូបភាព ហើយសូមឲ្យសរសេរអំពី អ្វី ដែលពួកគេបានមើលឃើញ ។ ការណ៍នេះបានជួយពួកគេឲ្យអភិវឌ្ឍជំនាញមូលដ្ឋានគ្រឹះនៃការសរសេរអំឡុងរៀនភាសាអង់គ្លេស ។ នៅពេលសមត្ថភាពមូលដ្ឋានគ្រឹះមួយចំនួនបានមានក្នុងពួកគេហើយ នោះធនធាននៃការសិក្សាកាន់តែប្រសើរជាងនេះអាចត្រូវបានប្រើប្រាស់ ។
ការរៀបចំ និង ការផ្លាស់ប្តូរ
ពីមុនពេលកម្មវិធីសិក្សានេះបានចាប់ផ្តើម អ្នកជំនាញអក្ខរកម្មបានបំពាក់បំប៉នគ្រូ មិនត្រឹមតែវិធីសាស្ត្របង្រៀនប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងបំពាក់បំប៉នពីរបៀបដើម្បីបង្រៀនពីជំនាញអនុវត្តអនាម័យ និង ជីវិតគ្រួសារផងដែរ ។ ប៉ុន្តែ ទោះបីជាការបំពាក់បំប៉នដ៏ល្អបំផុតពុំបានមើលឃើញពីឧបសគ្គមួយចំនួនដែលបានជួបប្រទះនៅពេលថ្នាក់រៀនបានចាប់ផ្តើមដូចជា ៖ ដាច់ភ្លើងញឹកញាប់នៅក្នុងតំបន់ដែលធ្វើឲ្យថ្នាក់រៀនពេលល្ងាចនោះពិបាកបើក ពាក្យចចាមអារ៉ាមដែលថា អ្នករុករករ៉ែមាសដែលឃោរឃៅដើរចុះឡើងនៅតាមផ្លូវនៅពេលយប់ដែលធ្វើឲ្យមានការភ័យតក់ស្លុត ហើយយូរៗម្តងអ្នកដែលកាន់សោមកមិនទាន់ម៉ោងដើម្បីបើកអគារសាសនាចក្រជាដើម ។
ជាថ្មីម្តងទៀត ក្រុមប្រឹក្សាមណ្ឌលបានពិភាក្សាគ្នាពីអ្វីដែលត្រូវធ្វើ ។ ក្នុងការឆ្លើយតបចំពោះក្រុមប្រឹក្សានោះ ក្រុមអ្នកចូលរៀនបានចាប់ផ្តើមចូលរៀនថ្នាក់ជាមួយគ្នា ។ ពួកគេទទួលបានពិលដើម្បីជួយពួកអ្នកមករៀនឲ្យដើរដោយសុវត្ថិភាព ។ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានបានផ្តល់ការអនុញ្ញាតឲ្យប្រើម៉ាស៊ីនភ្លើងដើម្បីផ្តល់ភ្លើងប្រើនៅ ក្នុងអគារសាសនាចក្រនៅពេលយប់ ។ សមាជិកដែលគួរឲ្យទុកចិត្តបំផុតដែលរស់នៅក្បែរអគារនោះត្រូវបានប្រគល់សោឲ្យ ដូច្នេះពួកគាត់អាចបើកអគារទាន់ពេល ។
ការធ្វើបទបង្ហាញនៅពេលទទួលសញ្ញាបត្រ
សមាជិក និង សាសនាគន់ការីហុកសិបមួយនាក់បានចាប់ផ្តើមកម្មវិធីសិក្សានោះ ។ មានសែសិបបីនាក់បានបញ្ចប់គ្រប់វគ្គសិក្សា និងកិច្ចការសាលាទាំងអស់ ។ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ពួកគេត្រូវបានអញ្ជើញឲ្យធ្វើបទបង្ហាញខ្លីៗ ។
សាន់ដ្រា អូបេង អាម៉ូ មកពីសាខា សាន់គូបេណាស បាននិយាយថា « ពីមុនកម្មវិធីអក្ខរកម្មនេះបានចាប់ផ្តើម ខ្ញុំពុំអាចអានទាល់តែសោះ » ។ « នៅពេលស្វាមីរបស់ខ្ញុំបានធ្វើដំណើរទៅធ្វើការ នោះ ខ្ញុំមិនដែលមាន រាត្រីជួបជុំក្រុមគ្រួសារទេ ។ ប៉ុន្មានសប្តាហ៍មុន នៅពេលគាត់បានទៅធ្វើការ កូនប្រុសច្បងរបស់ខ្ញុំបានជួយខ្ញុំឲ្យអានសៀវភៅមេរៀន ហើយខ្ញុំបានបង្រៀនមេរៀនដល់កូនខ្ញុំជាភាសាអង់គ្លេស ។ តាំងពីនោះ មកខ្ញុំបានធ្វើរាត្រីជួបជុំក្រុមគ្រួសាររាល់សប្តាហ៍ពេលស្វាមីខ្ញុំមិននៅផ្ទះ » ។
ប្រូស្ពើ ហ្គីកែត ទោះជាចេះជំនាញភាសាអង់គ្លេសតិចតួចក្តីនោះ បានបន្តនៅជាសមាជិកស្មោះត្រង់នៅ សាខាអាប៊ូម៉ូសុទីពីរ ដោយអានទីបន្ទាល់បីឃ្លាដែលគាត់បានសរសេរដោយខ្លួនឯង ។ គាត់បាននិយាយថា គាត់មិនអាចអាន ឬ សរសេរឡើយពី មុនចូលរៀនថ្នាក់នោះ ប៉ុន្តែឥឡូវគាត់អាចជួយកូនៗរបស់គាត់ឲ្យធ្វើកិច្ចការសាលារបស់ពួកគេបាន ។ គាត់បាននិយាយថា « ខ្ញុំមានអំណរគុណចំពោះអ្វី ដែលខ្ញុំបានសិក្សា ខ្ញុំអាចធ្វើជាឪពុកម្នាក់ដ៏ប្រសើរ » ។
ខ្វាគូ សាសុ មកពីសាខា ខ្វាបេង បាននិយាយថា « ឥឡូវនេះខ្ញុំអាចអានព្រះគម្ពីរដោយខ្លួនឯងបានហើយ » ។ « ពីមុន ខ្ញុំបានដឹងថាព្រះគម្ពីរមរមនពិត ទោះបីជាខ្ញុំពុំអាចអានវាក៏ដោយ ។ ឥឡូវនេះខ្ញុំដឹងថាព្រះគម្ពីរនេះពិត នៅពេល ខ្ញុំអានវា ។ ទីបន្ទាល់របស់ខ្ញុំបានរីកចម្រើន និង លូតលាស់ឡើង » ។
សមាជិកនៃគណៈប្រធានសមាគមសង្គ្រោះសាខា អាសុណាហ្វូ បាននិយាយថា ពួកគេបានលះបង់ពេលវេលារាល់ថ្ងៃព្រហស្បតិ៍ ដើម្បីនិយាយជាមួយគ្នាជាភាសាអង់គ្លេស ។ អេវេលីន អាហ្គៀវ៉ា ប្រធានសមាគមសង្គ្រោះបាននិយាយថា « ថ្ងៃព្រហស្បតិ៍នោះបានធ្វើឲ្យការសន្ទនាខ្លះអូសបន្លាយកាន់តែយូរដោយសារយើងពុំអាចរកនឹកពាក្យត្រូវដើម្បីនិយាយជាមួយគ្នាឡើយ » ។ « ប៉ុន្តែយើងបានចាប់ផ្តើមបកប្រែឲ្យគ្នាទៅវិញទៅមក ដើម្បីស្វែងរកពាក្យត្រឹមត្រូវដើម្បីនិយាយគ្នា ។ ដោយសារពួកយើងរៀនជាមួយគ្នា នោះគ្មាននរណាម្នាក់មានការខ្មាស់អៀន ឬ ភ័យខ្លាចចំពោះការនិយាយពាក្យនោះខុសឡើយ ។ ជាទូទៅ យើងបានជួយគ្នាទៅវិញទៅមក » ។
គុណប្រយោជន៍ដ៏ច្រើនលើសលុប
ស្ត្រីទាំងអស់ដែលបានរៀនចប់កម្មវិធីសិក្សាអក្ខរកម្មរបស់មណ្ឌល អាប៊ូម៉ូសុ បាននិយាយថាពួកគេមានអារម្មណ៍ប្រសើរជាងមុនអំពីខ្លួនពួកគេ ហើយមានអារម្មណ៍ចង់ចូលរួមសាសានចក្រកាន់តែច្រើនជាងមុន ។ ពួកគេកាន់តែមានឆន្ទៈទទួលយកការហៅបម្រើនានា អានព្រះគម្ពីរ និង បង្រៀនទាំងនៅផ្ទះ និងនៅព្រះវិហារ ។ មានបុរសមួយចំនួនក៏បានរៀនកម្មវិធីសិក្សានេះចប់ផងដែរ ។ ភាគច្រើនគឺជាកសិករក្រីក្រ ពួកគេបាននិយាយថា ឥឡូវនេះ ពួកគេអាចគិតលុយលើការចំណាយ និង ការលក់ផលិតផលរបស់ខ្លួនបានកាន់តែប្រសើរជាងមុន ជួយកូនៗធ្វើកិច្ចការសាលារបស់ពួកគេ ហើយអានព្រះគម្ពីរដោយខ្លួនឯង និង ជាមួយគ្រួសារខ្លួនផងដែរ ។
ជោគជ័យដែលមាននៅក្នុងមណ្ឌល អាប៊ូម៉ូសុបានលើកទឹកចិត្តឲ្យមណ្ឌលអាសាម៉ាកគេសេដែលនៅជិតនោះបានចាប់ផ្តើមកម្មវិធីសិក្សាអក្ខរកម្មរបស់ខ្លួនផងដែរ ។
ហ្គ្រាឌីស អាសៀឌូ មកពីសាខា សាន់គុបេណាសេ បាននិយាយថា « ការដែលអាចអាន និង សរសេរបាននេះ គឺកំពុងផ្លាស់ប្តូរជីវិតរបស់យើង និង ជីវិតរបស់កូនចៅពួកយើង » ។ « ព្រះបន្ទូលកំពុងតែផ្លាស់ប្តូរពិភពលោករបស់យើង ហើយពួកយើងមានអំណរគុណដល់ព្រះវរបិតាដែលគង់នៅឋានសួគ៌ » ។