ការសម្រេចចិត្តដ៏មានជ័យជំនះ
នេះគឺជាឱកាសរបស់គាត់ដើម្បីលេងឲ្យក្រុមដែលឈ្នះ—តើហេតុអ្វីគាត់និយាយថាអត់លេងទៅវិញ ?
« ចូរឲ្យនឹកចាំពីថ្ងៃឈប់សម្រាកដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ » ( ម៉ូសាយ ១៣:១៦ ) ។
ម៉ារ៉ាន់ដា ប្រញាប់រត់ទៅទ្វារមុខ ដោយមានអំណរគុណថាផ្ទះរបស់នាងត្រជាក់ជាងកម្តៅនៃអាកាសធាតុរដូវប្រាំងនៅខាងក្រៅផ្ទះ ។ នាងបែកញើសជោកដោយសារការលេងបាល់ឱបនារដូវកាលនោះ ហើយជ្រួលច្របល់ដោយសារតែក្រុមបាល់ Teal Turbos បានចាញ់ការប្រកួត ។ ម្តងទៀត ។
ម្តាយបានកាន់ទឹកមួយដប និង ប្រអប់ក្រូចដែលសល់ពីការប្រកួតនោះចូលទៅក្នុងបន្ទប់ ។ « ការប្រកួតរបស់កូនបានល្អណាស់ ។ ធ្វើជាអ្នកចាំទីនោះ ជាការមួយលំបាកណាស់ » ។
ម៉ារ៉ាន់ដា បាន លេងបានល្អ—នាងបានចាប់បាល់កុំឲ្យស៊ុតចូលទី ជាច្រើនគ្រាប់ហើយបានទាត់បាល់កាន់តែខ្លាំងជាងមុន ។ ប៉ុន្តែក្មេងស្រីដទៃទៀត ភាគច្រើននៅក្នុងក្រុមរបស់នាង មិនធ្លាប់លេងបាល់ឱបពីមុនឡើយ ហើយថ្ងៃនេះគេបានប្រកាសជាផ្លូវការ ៖ ថាពួកគេបានចាញ់គ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ។
« តើម៉ាក់ដឹងទេ យូរៗម្តង កូន គ្រាន់តែប្រាថ្នាថាកូនអាចនៅក្នុងក្រុមមួយដែលឈ្នះ ? » ទឹកភ្នែកពីរបីតំណក់បានស្រក់ពីភ្នែករបស់ម៉ារ៉ាន់ដា ហើយហូរធ្លាក់មកលើអាវយឺតឆ្នូតបៃតងខៀវរបស់នាង ។ ខណៈដែលនាងធ្មេចភ្នែកនោះ ទូរសព្ទបានរោទិ៍ឡើង ។
ម្តាយបានលើកទូរសព្ទហើយមួយសន្ទុះក្រោយមកបាននិយាយថា « គេទូរសព្ទមករកកូន » ។
« សួស្ដី ម៉ារ៉ាន់ដា ? នេះគឺថម ជាគ្រូបង្វឹកសម្រាប់ក្រុម Chili Kickers ។ ខ្ញុំ បាន មើល ការប្រកួតរបស់ប្អូនថ្ងៃនេះ ។ ប្អូនមើលទៅដូចជាអស្ចារ្យណាស់នៅក្នុងការប្រកួតនោះ » ។
បេះដូង របស់ ម៉ារ៉ាន់ដា បានចាប់ផ្តើម លោត ញាប់ ជាង មុន ។ ក្រុម Chili Kickers គឺជាក្រុមបាល់ឱបដ៏ល្អបំផុតនៅ ក្នុងសហព័ន្ធ !
« ក្រុមរបស់យើងនឹងត្រូវទៅប្រកួតជើងឯកប្រចាំតំបន់នៅខែក្រោយ ។ ប្អូនលេងបានល្អណាស់ថ្ងៃនេះ ខ្ញុំចង់ឲ្យប្អូនមកលេងជាមួយយើងដោយធ្វើជាអ្នកចាំទីបម្រុង » ។
ម៉ារ៉ាន់ដារំភើបយ៉ាងខ្លាំង ។ នេះជាឱកាសរបស់នាងដើម្បីលេងជាមួយក្រុមដែលឈ្នះ !
« ខ្ញុំចង់ទៅលេង ! » ម៉ារ៉ាន់ដា បាននិយាយ ។ ពួកគេបាននិយាយពីរបីនាទីអំពីការណ៍លម្អិតពីមុននាងដាក់ទូរសព្ទចុះ ហើយបានរត់ទៅបន្ទប់មួយទៀត ដើម្បីប្រាប់ម្តាយ ។ ទាំងម្តាយទាំងកូនចាប់ផ្តើមសរសេរកាលបរិច្ឆេទនៃការអនុវត្ត និង ការប្រកួតនៅក្នុងកាលវិភាគគ្រួសារ ។
ភ្លាមនោះ ម្តាយបានឈប់សរសេរ ប៊ិចរបស់គាត់បានរេលើប្រឡោះបួនជ្រុងនៃប្រតិទិននោះ ។
« អូ៎ ។ ម៉ារ៉ាន់ដាការប្រកួតនោះនៅថ្ងៃអាទិត្យទាំងអស់ ។ មើលនែ៎ » ។ គាត់បានចង្អុលទៅកាលវិភាគប្រកួត ហើយបែរឲ្យម៉ារ៉ាន់ដាដោយទឹកមុខស្រងូតស្រងាត់ ។ « តើកូនគិតថាយើងគួរតែធ្វើដូម្តេច ? »
ម៉ារ៉ាន់ដាចាប់ផ្តើមបាក់ទឹកចិត្ត នាងបានខាំមាត់នៅពេលនាងបានគិតពីការសម្រេចចិត្តរបស់ខ្លួន ។ ម្តាយអាចនឹងឲ្យនាងលេង បើសិននាងសុំ ប៉ុន្តែនៅពេលនាងបានគិតអំពីការលេងនៅថ្ងៃអាទិត្យ—ជាពិសេសការខកខានមិនបានទៅព្រះវិហារនោះ—នាងមានអារម្មណ៍ធុញថប់ណាស់ ។ នាងបានដឹងថា ថ្ងៃអាទិត្យគឺសម្រាប់ទៅព្រះវិហារ ហើយថ្វាយបង្គំព្រះវរបិតាសួគ៌ ហើយនាងពិតជាមិនអាចធ្វើកិច្ចការទាំងនោះឡើយ បើនាងលេងបាល់ឱបនោះ ។
ម៉ារ៉ាន់ដា បាននិយាយថា « ខ្ញុំគិតថាខ្ញុំគួរតែទូរសព្ទទៅប្រាប់គាត់វិញថា ខ្ញុំមិនអាចលេងបានទេ » ។ នាងព្យាយាមមិនយំឡើយ ។ ទោះបីនាងដឹងថាវាគឺជាជម្រើសល្អក៏ដោយ វាពិបាកដើម្បីបោះបង់ចោលនូវអ្វីដែលនាងចង់បានខ្លាំងបំផុត ។
« ហើយកូនដឹងថាម៉ាក់គិតអ្វី ? » ម៉ាក់របស់នាងបាននិយាយដោយឱបនាងយ៉ាងខ្លាំង ។ « ម៉ាក់គិតថាកូនគឺជាក្មេងអស្ចារ្យ » ។
នៅពេលម៉ារ៉ាន់ដាអង្គុយនៅក្នុងថ្នាក់បឋមសិក្សានាថ្ងៃអាទិត្យនោះ នាងបានគិតអំពីការសម្រេចចិត្តដ៏ល្អដែលនាងបានធ្វើ ។ គ្រូបង្វឹកនោះមានការភ្ញាក់ផ្អើល នៅពេលម៉ារ៉ាន់ដា បានទូរសព្ទ ហើយនិយាយថានាងមិនអាចលេងបាល់ឱបបានទេនៅថ្ងៃអាទិត្យ ។ គាត់បានព្យាយាមធ្វើឲ្យនាងផ្លាស់ប្តូរចិត្ត ប៉ុន្តែនាងមិនបានផ្លាស់ប្តូរការសម្រេចចិត្តរបស់នាងឡើយ ។ ឥឡូវ នៅពេលនាងបានស្តាប់ចម្រៀង និង មេរៀនថ្នាក់កុមារ នោះម៉ារ៉ាន់ដាបានញញឹម ។ អារម្មណ៍ដ៏សុខសាន្តនៅក្នុងដួងចិត្តរបស់នាងបានប្រាប់នាងថា នាងកំពុងនៅកន្លែងត្រឹមត្រូវហើយ ។ នាងបានធ្វើការសម្រេចមួយដ៏ជោគជ័យលើអ្វីៗទាំងអស់ ។