« ដំណើររឿងដ៏ច្រើនអំពីការនិមិត្តដំបូង » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
សំណួរអំពីសាសនាចក្រ និងដំណឹងល្អ
ដំណើររឿងដ៏ច្រើននៃការនិមិត្តដំបូង
ទិដ្ឋភាពទូទៅ
យ៉ូសែប ស៊្មីធ បានធ្វើទីបន្ទាល់ថា ព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញអង្គទ្រង់ដល់លោកនៅក្នុងព្រៃនៅក្បែរផ្ទះរបស់ឪពុកម្តាយរបស់លោក នៅពេលលោកមានអាយុ ១៤ ឆ្នាំ ។ ការបើកសម្តែងនេះ ត្រូវបានស្គាល់ថាជា ការនិមិត្តដំបូង ។ យ៉ូសែប និងអ្នកដទៃទៀតបានកត់ត្រាដំណើររឿងមួយចំនួននៃការនិមិត្តដំបូងក្នុងអំឡុងជីវិតរបស់ព្យាការី ។
យ៉ូសែបបានបោះពុម្ពដំណើររឿងពីរនៃការនិមិត្តដំបូង ។ អ្វីដែលមានប្រជាប្រិយភាពបំផុតត្រូវបានប្រកាស និងអាចរកបាននៅក្នុងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមា ។ ដំណើររឿងពីរដែលមិនបានបោះពុម្ព ដែលបានកត់ត្រានៅក្នុងជីវប្រវត្តិដំបូងបំផុតរបស់ យ៉ូសែប ស៊្មីធ និងទិន្នានុប្បវត្តិក្រោយៗមកទៀតរបស់លោក មិនត្រូវបានស្គាល់រហូតដល់សាសនាចក្របានបោះពុម្ពជីវប្រវត្តិ និងទិន្នានុប្បវត្តិនេះនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ។
ដំណើររឿងផ្សេងៗប្រាប់ពីរឿងដូចគ្នា ទោះបីជាដំណើររឿងទាំងនោះមានការគូសបញ្ជាក់ និងសេចក្តីលម្អិតផ្សេងៗពីគ្នាក្តី ។ មនុស្សមួយចំនួនប្រកែកទាំងខុសថា ភាពផ្សេងៗគ្នារវាងការពិពណ៌នាពីការនិមិត្តដំបូងគឺជាភស្តុតាងនៃការប្រឌិត ។ ផ្ទុយទៅវិញ ពួកប្រវត្តិវិទូរំពឹងថា នៅពេលបុគ្គលម្នាក់ប្រាប់ពីបទពិសោធន៍មួយឡើងវិញជាច្រើនដងនៅកន្លែងជាច្រើន ទៅដល់អ្នកស្តាប់ផ្សេងៗក្នុងរយៈអស់ពេលជាច្រើនឆ្នាំ នោះដំណើររឿងនីមួយៗនឹងគូសបញ្ជាក់ទិដ្ឋភាពខុសគ្នាអំពីបទពិសោធន៍ និងព័ត៌មានលម្អិតដែលមាននោះ ។
ភាពខុសគ្នាធំៗនៅក្នុងដំណើររឿងនៃការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ ត្រូវបានរកឃើញនៅសម័យដើមបំផុត ដែលត្រូវបានសរសេរនៅក្នុងឆ្នាំ១៨៣២ ។ វាខុសគ្នាពីដំណើររឿងផ្សេងទៀតនៅលើចំណុចមួយចំនួន ៖
-
នៅក្នុងដំណើររឿងឆ្នាំ១៨៣២ អ្នកសរសេរម្នាក់របស់យ៉ូសែប បានបញ្ចូលឃ្លាថា « ក្នុងឆ្នាំទី ១៦ នៃអាយុរបស់ខ្ញុំ » ។ ដំណើររឿងផ្សេងទៀតបានរាយការណ៍ថា លោកមានអាយុ ១៤ ឆ្នាំ ។ ការណ៍នេះទំនងជាកំហុសរបស់អ្នកសរសេរ ។
-
នៅក្នុងដំណើររឿងដំបូងៗបំផុត យ៉ូសែបបានអធិស្ឋានស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់លោក ។ នៅក្នុងដំណើររឿងក្រោយមក លោកចង់ដឹងថា ព្រះវិហារណាមួយគួរចូលរួម ។ សំណួរទាំងពីរនេះប្រហែលជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនៅក្នុងគំនិតរបស់យ៉ូសែប ហើយសំណួរទាំងពីរបានឆ្លុះបញ្ចាំងពីបំណងរបស់លោកដើម្បីបានសង្រ្គោះ ។
-
ដំណើររឿងទីមួយថ្លែងថា « ព្រះអម្ចាស់បានបើកទ្វារស្ថានសួគ៌ ហើយខ្ញុំបានឃើញព្រះអម្ចាស់ ហើយទ្រង់បានមានព្រះបន្ទូលមកកាន់ខ្ញុំ » ។ នៅក្នុងដំណើររឿងព្រះគម្ពីរ យ៉ូសែបបានពន្យល់ថា ព្រះវរបិតាបានណែនាំព្រះរាជបុត្រា ដែលបន្ទាប់មកបានបន្តសន្ទនាជាមួយយ៉ូសែប ។ ទោះបីជាដំណើររឿងនៅឆ្នាំ១៨៣២ មិនបានបញ្ចូលព័ត៌មានលម្អិតនេះក្តី ក៏ដំណើររឿងទាំងអស់សង្កត់ធ្ងន់លើតួនាទីសំខាន់របស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងការនិមិត្តនេះផងដែរ ។ ទ្រង់គឺជាអង្គដែលបានឆ្លើយសំណួររបស់យ៉ូសែប ។
ដំណើររឿងជាច្រើនរបស់យ៉ូសែបពីការនិមិត្តដំបូងអាចជួយឲ្យយើងរៀនបានកាន់តែច្រើនអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាងដែលយើងអាចរៀនបាន ថ្វីបើវាមិនត្រូវបានកត់ទុកយ៉ាងពេញលេញក្តី ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលអានការនិមិត្តដំបូង អាចទទួលបានការដឹងគុណចំពោះទីបន្ទាល់ដ៏ស្មោះស្ម័គ្ររបស់ព្យាការីដែលថា ព្រះបានឆ្លើយតបការអធិស្ឋានរបស់លោកដោយនូវការនិមិត្តដ៏អស្ចារ្យមួយ ។
ហេតុអ្វីបានជាមានភាពខុសគ្នារវាងដំណើររឿងនៃការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ ?
យ៉ូសែប ស្ម៊ីធ បានបន្សល់ទុកនូវដំណើររឿងនៃការនិមិត្តដំបូងរបស់លោកចំនួនបួន ។ បន្ថែមពីលើដំណើររឿងទាំងនេះ អ្នករស់នៅសម័យដូចលោកចំនួនប្រាំនាក់បានសរសេរដំណើររឿងបន្ទាប់ពីបានឮ យ៉ូសែបនិយាយអំពីបទពិសោធន៍របស់លោក ។ ដំណើររឿងដ៏ច្រើនព្រមជាមួយនឹងការបញ្ជាក់ និងព័ត៌មានលម្អិតខុសៗគ្នាផ្តល់ឲ្យយើងនូវការពិពណ៌នាពេញលេញនៃបទពិសោធន៍ដ៏អព្ភូតហេតុនេះ ។
មនុស្សតែងតែសង្កត់ធ្ងន់លើទិដ្ឋភាពផ្សេងៗគ្នានៃបទពិសោធន៍មួយ អាស្រ័យលើមហាជន ឬហេតុផលរបស់ពួកគេសម្រាប់ការចែកចាយ ។ ដំណើររឿងរបស់យ៉ូសែប គឺជាឧទាហរណ៍ដ៏ល្អនៃអព្ភូតហេតុនេះ ។ ទោះជាដំណើររឿងនោះមានការសង្កត់ធ្ងន់ និងព័ត៌មានលម្អិតខុសគ្នាក្ដី ក៏វាប្រាប់ពីដំណើររឿងដែលស៊ីសង្វាក់គ្នាមួយដែរ ។ ឧទាហរណ៍នៃបទគម្ពីរមួយពីការណ៍នេះអាចរកឃើញនៅក្នុងដំណើររឿងជាច្រើននៃការប្រែចិត្តជឿរបស់ប៉ុលក្នុងព្រះគម្ពីរសញ្ញាថ្មី ។
ដំណើររឿងនៃការនិមិត្តដំបូង ត្រូវបានធ្វើឡើងនៅកាលៈទេសៈផ្សេងៗគ្នា ៖ ការសរសេរប្រវត្តិឯកជន រៀបរាប់ពីបទពិសោធន៍របស់លោកទៅកាន់អ្នកមកផ្ទះរបស់លោក សរសេរដំណើររឿងពីជីវិតរបស់លោកសម្រាប់ជាប្រវត្តិសាស្រ្តផ្លូវការ ឬឆ្លើយតបទៅនឹងការសួរពីអ្នកសារព័ត៌មាន ។ ក្នុងករណីនីមួយៗ យ៉ូសែបហាក់ដូចជាលើកយកការចងចាំណាដែលលោកមានអារម្មណ៍ថា ទាក់ទងទៅនឹងអ្នកស្ដាប់ ។ បម្រែបម្រួលរវាងដំណើររឿងទាំងឡាយគឺជាប្រភេទអ្នកប្រវតិ្តសាស្រ្ត និងអ្នកប្រាជ្ញដែលសិក្សាការចងចាំរំពឹងថានឹងរកឃើញនៅក្នុងឯកសារដែលផលិតក្នុងបរិបទផ្សេងៗគ្នា ។
ភាពខុសគ្នារវាងដំណើររឿងក៏បង្ហាញពីរបៀបដែលការយល់ដឹង និងទស្សនៈរបស់យ៉ូសែបបានត្រដាងទៅតាមពេលវេលា បទពិសោធន៍ និងវិវរណៈបន្ថែមទៀត ។ នៅពេលយ៉ូសែបបានសរសេរដំណើររឿងដំបូងរបស់លោកនៅឆ្នាំ១៨៣២ វានៅថ្មីៗពេកនៅក្នុងការងារបម្រើរបស់លោក ។ ដំណើររឿងនេះភាគច្រើនមានលក្ខណៈផ្ទាល់ខ្លួន ហើយផ្តោតលើអត្ថន័យនៃការនិមិត្តសម្រាប់យ៉ូសែប ។ នៅពេលក្រោយមកលោកបានសរសេរដំណើររឿងដែលមាននៅក្នុងព្រះគម្ពីរមុក្ដាដ៏មានតម្លៃមហិមា លោកបានឆ្លុះបញ្ចាំងពីអត្ថន័យនៃការនិមិត្ត ដែលមិនត្រឹមតែមានអត្ថន័យចំពោះលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះសាសនាចក្រ និងពិភពលោកដែរ ។
តើ យ៉ូសែប ស្ម៊ីធ បានឃើញតួអង្គពីសួគ៌ាប៉ុន្មានអង្គនៅក្នុងការនិមិត្តដំបូងនោះ ?
ដំណើររឿងបីក្នុងចំណោមដំណើររឿងទាំងបួនរបស់យ៉ូសែប ពិពណ៌នាយ៉ាងច្បាស់អំពី « តួអង្គ » ពីរ ៖ ព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ ។ ក្នុងដំណើររឿងមួយ លោកបានរៀបរាប់ថា លោកក៏បានឃើញទេវតាផងដែរ ។ ដំណើររឿងដំបូងបំផុតរបស់យ៉ូសែបមិនសូវលម្អិតទេ ។ ដំណើររឿងនេះបានសរសេរក្នុងឆ្នាំ១៨៣២ ពិពណ៌នាអំពី « ព្រះអម្ចាស់ » បើកស្ថានសួគ៌ ហើយបន្ទាប់មក យ៉ូសែបបានឃើញ « ព្រះអម្ចាស់ » ។
មានរបៀបជាច្រើនដើម្បីគិតអំពីដំណើររឿងនេះ ។ យ៉ូសែប ស្ម៊ីធ ប្រហែលជាមានប្រសាសន៍ថា « ព្រះអម្ចាស់ » ដើម្បីសំដៅទៅទាំងព្រះជាព្រះវរបិតា និងព្រះរាជបុត្រា ស្រដៀងទៅនឹងរបៀបដែលមនុស្សមួយចំនួននៅជំនាន់របស់យ៉ូសែបបានសំដៅដល់ទ្រង់ទាំងទ្វេដែរ ។ ឬលោកប្រហែលជាគ្រាន់តែផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ ដែលជាតួអង្គដ៏ទេវភាព ដែលបានអត់ទោសឲ្យលោកពីអំពើបាបរបស់លោក ហើយបានថ្លែងពីសារលិខិតនៃការនិមិត្ត ។
តើ យ៉ូសែប ស្ម៊ីធ បានអធិស្ឋានទូលសុំការអភ័យទោស ឬដើម្បីដឹងថា ត្រូវចូលរួមព្រះវិហារមួយណា ?
ដំណើររឿងដំបូងបំផុតរបស់យ៉ូសែប អំពីការនិមិត្តដំបូង បានសរសេរនៅពេលលោកនៅក្មេង ដែលបានថ្លែងថា លោកបានអធិស្ឋានស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់លោក ។ ដំណើររឿងរបស់លោកក្រោយៗមក ដែលបានសរសេរបន្ទាប់ពីបានបម្រើជាអ្នកដឹកនាំនៃសាសនាចក្រដែលកំពុងរីកចម្រើនអស់ជាច្រើនឆ្នាំមក បានសង្កត់ធ្ងន់ទៅលើការស្វែងរករបស់លោក ថាតើព្រះវិហារណាមួយដែលគួរតែចូលរួម ។ តាមពិត សំណួរទាំងពីរនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធចំពោះយ៉ូសែប ។ សំណួរទាំងពីរឆ្លុះបញ្ចាំងពីបំណងរបស់លោកដើម្បីទទួលបានការសង្រ្គោះ ។
ហេតុអ្វីបានជាដំណើររឿងនៃការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ ខុសគ្នាក្នុងរបៀបដែលលោកពិពណ៌នាអំពីអាយុរបស់លោក ?
យ៉ូសែប ស្ម៊ីធ បានសរសេរដំណើររឿងនៃការនិមិត្តដំបូងបំផុតរបស់លោកនៅក្នុងការសរសេរដោយដៃរបស់លោកនៅឆ្នាំ១៨៣២ ។ នៅពេលមួយក្រោយពីយ៉ូសែបបានសរសេរចប់ហើយ អ្នកសរសេរម្នាក់បានបន្ថែមអាយុរបស់យ៉ូសែបនៅចន្លោះបន្ទាត់ ដោយបង្ហាញថា លោកស្ថិតក្នុង « ឆ្នាំទីដប់ប្រាំមួយ » ( ឬអាយុ ១៥ ឆ្នាំ ) នៅពេលនៃការនិមិត្ត ។ យើងមិនដឹងថាតើអ្នកសរសេរបានពិគ្រោះជាមួយយ៉ូសែបអំពីការបន្ថែមនេះឬអត់ទេ ។ ក្នុងដំណើររឿងជាបន្តបន្ទាប់របស់លោក យ៉ូសែបបានមានប្រសាសន៍ថា លោកមានអាយុ ១៤ ឆ្នាំ ។
ដំណើររឿងរបស់យ៉ូសែបត្រូវបានសរសេរអស់ជាងមួយទសវត្សរ៍បន្ទាប់ពីការនិមិត្តបានកើតឡើង ។ ទោះបីជាលោកពិតជាបានណែនាំអ្នកសរសេររបស់លោកឲ្យសរសេរថា លោកមានអាយុ ១៥ ឆ្នាំក៏ដោយ វាបង្ហាញថាបន្ទាប់ពីការគិតពិចារណាយ៉ាងយកចិត្តទុកដាក់ លោកបានសន្និដ្ឋានថា លោកមានអាយុ ១៤ ឆ្នាំនៅគ្រានៃការនិមិត្ត ។ ពួកប្រវត្ដិវិទូរំពឹងថានឹងរកឃើញភាពខុសគ្នាបែបនេះ នៅពេលដែលយើងរំឭកអំពីជីវិតរបស់យើងឡើងវិញចេញពីការចងចាំ ។ នៅគ្រប់ព្រឹត្តិការណ៍ណាមួយ កត្តាដែលថាការនិមិត្តបានកើតឡើងគឺមានសារៈសំខាន់ជាងកាលបរិច្ឆេទច្បាស់លាស់នៃការកើតឡើងរបស់វា ។
តើមានភស្តុតាងជាប្រវត្តិសាស្ត្រនៃភាពរំជើបរំជួលខាងសាសនានៅជិត ប៉ាលម៉ៃរ៉ា រដ្ឋញូវយ៉ក ក្នុងឆ្នាំ១៨២០ ដែរឬទេ ?
មាន ។ នៅក្នុងប្រវត្តិរបស់លោកនៅឆ្នាំ១៨៣៨ យ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ថា ការនិមិត្តដំបូងរបស់លោកបានកើតឡើងនៅនិទាឃរដូវឆ្នាំ១៨២០ ។ យ៉ូសែបបានពិចារណាសំណួរដែលនាំឲ្យលោកអធិស្ឋានមួយរយៈមុនការនិមិត្ត ។ នៅក្នុងដំណើររឿងឆ្នាំ១៨៣២ របស់លោក យ៉ូសែបបានសរសេរថា លោកបានចាប់ផ្តើមជញ្ជឹងគិតអំពី « កង្វល់សំខាន់ៗទាំងអស់ចំពោះសុខុមាលភាពនៃព្រលឹងរមែងស្លាប់របស់ខ្ញុំ » នៅពេលលោកមានអាយុ ១២ ឆ្នាំ ឬប្រហែលឆ្នាំ១៨១៨ ។ កំណត់ត្រាប្រវត្តិសាស្ត្របញ្ជាក់ច្បាស់ណាស់ថា ការរំភើបរីករាយជាទូទៅចំពោះសាសនាកំពុងវាយលុកសហរដ្ឋអាមេរិកនៅពេលនេះ ជាពិសេសនៅភាគខាងលិចរដ្ឋញូវយ៉ក ដែលជាកន្លែងយ៉ូសែបរស់នៅ ។
ជួនកាល ភាពរំជើបរំជួលនេះបានយកទម្រង់នៃការប្រជុំដែលបានបង្កើតឡើងវិញ ដូចជាការប្រជុំដែលធ្វើឡើងដោយមែថូឌីស្ទនៅខាងក្រៅទីក្រុងប៉ាលម៉ៃរ៉ាក្នុងឆ្នាំ១៨១៨ ។ ពួកមែថូឌីស្ទនៅក្នុងមូលដ្ឋានក៏បានជួបជុំគ្នានៅឆ្នាំបន្ទាប់នៅទីក្រុងវីយែន ( ឥឡូវ ហ្វែប្ស ) រដ្ឋញូវយ៉ក ដែលមានចម្ងាយ ១៥ ម៉ាយល៍ពីកសិដ្ឋានរបស់គ្រួសារស្ម៊ីធ ។ ទិន្នានុប្បវត្តិរបស់អ្នកដើរផ្សព្វផ្សាយមែថូឌីស្ទម្នាក់ និយាយពីការរំភើបរីករាយខាងសាសនានៅតំបន់របស់យ៉ូសែប ក្នុងឆ្នាំ១៨១៩ និងឆ្នាំ១៨២០ ។ ពួកគេបានរាយការណ៍ថា រ៉េវើរិន ចច ឡេន ដែលជាអាចារ្យម្នាក់ បានទៅតំបន់នោះទាំងពីរឆ្នាំ ដោយបានឡើងនិយាយអំពី « វិធីសាស្ត្ររបស់ព្រះ ក្នុងការនាំមកនូវការផ្លាស់ » ។ មានការប្រជុំរបស់ពួកមែថូឌីស្ទរយៈពេលបីថ្ងៃនៅភូមិប៉ាលម៉ៃរ៉ា នៅចុងនិទាឃរដូវឆ្នាំ១៨២០ ហើយការប្រជុំនេះបានបន្តធ្វើឡើងជាច្រើនឆ្នាំក្រោយមកនៅឆ្នាំ១៨២៤ ។ ទោះបីជាយ៉ូសែបមិនបានលើកឡើងជាពិសេសអំពីការប្រជុំនេះក្តី ក៏វាគឺជាភស្តុតាងដែលមិនអាចប្រកែកបាននៃ « ការរំជើបរំជួលមិនធម្មតា » ដែលលោកបានពិពណ៌នា ។
ហេតុអ្វីបានជាយ៉ូសែបរង់ចាំយូរម្ល៉េះដើម្បីសរសេរដំណើររឿងនៃការនិមិត្តដំបូងនេះ ?
យ៉ូសែប ស្ម៊ីធ មិនបានបង្កើតកំណត់ត្រាជីវប្រវត្តិណាមួយទេក្នុងអំឡុងពេល ២៤ ឆ្នាំដំបូងនៃជីវិតរបស់លោក ។ លោកធំឡើងក្នុងគ្រួសារដែលជាអ្នកចេះអក្សរ ប៉ុន្តែលោកបានទទួលការអប់រំជាផ្លូវការតិចតួច ។ យើងដឹងថា លោកពិបាករៀបរាប់ពីខ្លួនរបស់លោកជាការសរសេរ ។
មិនយូរប៉ុន្មាន បន្ទាប់ពីសាសនាចក្រត្រូវបានរៀបចំឡើង ព្រះអម្ចាស់បានបញ្ជាដល់យ៉ូសែបឲ្យរក្សាប្រវត្តិមួយ ។ វាជារឿងសំខាន់ដែលភ្លាមៗបន្ទាប់ពីយ៉ូសែបបានទទួលបទបញ្ញត្តិនេះ កិច្ចការដំបូងមួយដែលលោកបានកត់ត្រាគឺដំណើររឿងនៃការនិមិត្តដំបូង ។
ហេតុអ្វីបានជាសមាជិកសាសនាចក្រសម័យដើមខ្លះមិនបានលើកឡើងអំពីការនិមិត្តដំបូងនៅក្នុងដំណើររឿងនៃការស្ដារឡើងវិញរបស់ពួកគេ ?
ពេលខ្លះ សមាជិកនៅសម័យដើមបានរៀបរាប់អំពីការស្ដារឡើងវិញដោយមិនយោងទៅការនិមិត្តដំបូងឡើយ ។ ឧទាហរណ៍ ម្ដាយរបស់ យ៉ូសែប ស្ម៊ីធ លោកស្រី លូស៊ី និងប្អូនប្រុសរបស់លោក វិលលាម ទាំងពីរនាក់បានបន្សល់ទុកនូវដំណើររឿងដែលចាប់ផ្ដើមជាមួយនឹងការយាងមករបស់ទេវតាមរ៉ូណៃក្នុងឆ្នាំ១៨២៣ ហើយមិនបានសំដៅលើការលេចមករបស់ព្រះវរបិតា និងព្រះរាជបុត្រាទេ ។ ស្រដៀងគ្នានេះដែរ ដំណើររឿងដែលបានបោះពុម្ពដំបូងបំផុតរបស់ អូលីវើរ ខៅឌើរី អំពីការស្ដារឡើងវិញចាប់ផ្ដើមដោយការលេចមករបស់មរ៉ូណៃ ។
យ៉ូសែប លោកផ្ទាល់មិនបានបញ្ជាក់ ឬនិយាយជាញឹកញាប់អំពីការនិមិត្តនៅទីសាធារណៈអស់ជាច្រើនឆ្នាំ ។ ដំណើររឿងមួយរបស់លោកណែនាំថា ដំបូងលោកថែមទាំងស្ទាក់ស្ទើរក្នុងការចែកចាយព័ត៌មានលម្អិតជាមួយគ្រួសាររបស់លោកផងដែរ ប្រហែលជាដោយសារការស្ទាក់ស្ទើរក្នុងការចែកចាយបទពិសោធន៍ដ៏ពិសិដ្ឋពិសេសមួយ ។ ម្យ៉ាងវិញទៀត យ៉ូសែបបានថ្លែងទីបន្ទាល់ជាញឹកញយអំពីការយាងមករបស់មរ៉ូណៃ និងការបកប្រែព្រះគម្ពីរមរមន ។ សមាជិកសាសនាចក្រនៅសម័យដើមជាច្រើនបានមើលឃើញពីព្រឹត្តិការណ៍ទាំងនេះ ដែលជាភស្តុតាងចម្បងនៃការហៅដ៏ទេវភាពរបស់យ៉ូសែប ។ ដំណើររឿងសមាជិកសាសនាចក្រទាំងនេះបានផ្ដល់ឲ្យ មិនធ្វើឲ្យខូចដល់ទីបន្ទាល់របស់យ៉ូសែបទេ ប៉ុន្តែពួកគេឆ្លុះបញ្ចាំងពីការរំជើបរំជួលរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ និងទីបន្ទាល់នៃព្រះគម្ពីរមរមន ។
តើមានភាពស្រដៀងគ្នារវាងដំណើររឿងនៃការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ នៅក្នុងឆ្នាំ១៨៣២ និងដំណើររឿងនៃការប្រែចិត្តជឿរបស់គ្រីស្ទានផ្សេងទៀតក្នុងជំនាន់របស់លោកដែរឬទេ ?
ការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ គឺជាពេលវេលាដ៏វិសេសវិសាលនៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក ។ ខណៈពេលដែលមនុស្សផ្សេងទៀតនៅក្នុងជំនាន់របស់លោកបានសរសេរអំពីការនិមិត្តខាងវិញ្ញាណ នោះដំណើររឿងរបស់ពួកគេទាំងអស់នៅតែជារឿងរ៉ាវនៃការប្រែចិត្តជឿផ្ទាល់ខ្លួន ។ បទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានរបស់យ៉ូសែប បានសម្គាល់ការចាប់ផ្តើមនៃអព្ភូតហេតុជាបន្តបន្ទាប់ ដែលនាំទៅដល់ការស្ដារឡើងវិញនូវភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
ដំណើររឿងនៅឆ្នាំ១៨៣២ នៃការនិមិត្តលើកដំបូងចែកចាយភាសាមួយចំនួនផងដែរ ដែលបានរកឃើញនៅក្នុងការនិទានកថានៃការប្រែចិត្តជឿរបស់ពួកគ្រីស្ទានផ្សេងទៀតនៅក្នុងសម័យរបស់លោក ។ វាមិនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលទេដែលយ៉ូសែបនឹងប្រើភាសាដែលលោកចេះដើម្បីពិពណ៌នាពីការនិមិត្តនោះ ។ តាមរបៀបស្រដៀងគ្នានេះដែរ សមាជិកសាសនាចក្រសព្វថ្ងៃនេះ ថ្លែងទីបន្ទាល់របស់ពួកគេដោយប្រើឃ្លាដែលពួកគេបានរៀនពីអ្នកដទៃ ។ ប៉ុន្តែ ខណៈដែលភាសាយើងប្រើដើម្បីចែកចាយទីបន្ទាល់របស់យើងជាញឹកញាប់ធ្វើតាមគំរូមួយ នោះបទពិសោធន៍ខាងវិញ្ញាណរបស់យើងម្នាក់ៗមានលក្ខណៈពិសេស និងផ្ទាល់ខ្លួន ។