« ដើមកំណើតនៃគម្ពីរអ័ប្រាហាំ » ប្រធានបទ និងសំណួរ ( ឆ្នាំ២០២៣ )
សំណួរអំពីសាសនាចក្រ និងដំណឹងល្អ
ដើមកំណើតនៃគម្ពីរអ័ប្រាហាំ
ទិដ្ឋភាពទូទៅ
គម្ពីរអ័ប្រាហាំគឺជាគម្ពីរដ៏បំផុសគំនិតមួយដែលបានប្រទានឲ្យដោយវិវរណៈដល់ព្យាការី យ៉ូសែប ស្ម៊ីធ ។ ក្នុងន័យមួយចំនួន គម្ពីរនេះមានដំណើររឿងក្នុងព្រះគម្ពីរប៊ីបរបស់អយ្យកោពីបុរាណ ហើយបន្ថែមព័ត៌មានសំខាន់ៗអំពីជីវិត និងការបង្រៀនរបស់លោក ។ គម្ពីរនេះមាននូវសេចក្តីពិតដ៏ជ្រាលជ្រៅអំពីនិស្ស័យនៃព្រះ ទំនាក់ទំនងរបស់ទ្រង់ចំពោះយើងជាបុត្រាបុត្រីរបស់ទ្រង់ និងគោលបំណងនៃជីវិតនេះ ។
គម្ពីរនេះត្រូវបានបើកសម្តែងដល់ យ៉ូសែប ស្ម៊ីធ នៅដើមឆ្នាំ១៨៣៥ នៅគ្រាដែលលោកកំពុងសិក្សាក្រាំងប្របុសនៃពួកអេស៊ីព្ទពីបុរាណដែលពួកបរិសុទ្ធបានទិញ ។ មនុស្សជាច្រើនបានឃើញក្រាំងប្របុសនេះ ប៉ុន្តែគ្មានសាក្សីណាម្នាក់ឃើញអំពីដំណើរការនៃការបកប្រែទេ ។ មានតែបំណែកតូចៗនៃរមូរក្រាំងប្របុសវែងមួយប៉ុណ្ណោះដែលធ្លាប់ជាកម្មសិទ្ធិរបស់យ៉ូសែបមាននៅសព្វថ្ងៃនេះ ។ ទំនាក់ទំនងរវាងការសរសេររបស់ពួកអេស៊ីព្ទនៅលើក្រាំងប្របុសទាំងនោះ និងអត្ថបទគម្ពីរដែលយើងមានសព្វថ្ងៃនេះមិនត្រូវបានគេដឹងនោះទេ ។
យ៉ូសែប ស្ម៊ីធ ប្រហែលជាបានបកប្រែគម្ពីរអ័ប្រាហាំពីផ្នែកខ្លះនៃក្រាំងប្របុសដែលឥឡូវនេះបានបាត់ ឬការសិក្សារបស់លោកអំពីក្រាំងប្របុសនោះប្រហែលជាកាតាលីករជំរុញឲ្យមានវិវរណៈអំពីអ័ប្រាហាំ ។ ទោះក្នុងករណីណាក៏ដោយ យ៉ូសែបមិនបានបកប្រែគម្ពីរនេះដោយមធ្យោបាយសាមញ្ញទេ ។ និយាយអំពីការបកប្រែព្រះគម្ពីរមរមន ព្រះអម្ចាស់មានព្រះបន្ទូលថា « អ្នកមិនអាចសរសេរអ្វីដែលពិសិដ្ឋបានឡើយ លើកលែងតែបានប្រទានឲ្យមកពីយើង » ។ គោលការណ៍ដូចគ្នានេះអនុវត្តចំពោះគម្ពីរអ័ប្រាហាំដែរ ។
សេចក្ដីពិត និងតម្លៃនៃគម្ពីរអ័ប្រាហាំមិនអាចដោះស្រាយដោយការជជែកវែកញែកតាមអ្នកប្រាជ្ញបានទេ ។ ស្ថានភាពរបស់វាដូចជាបទគម្ពីរស្ថិតនៅក្នុងសេចក្តីពិតដ៏អស់កល្បដែលវាបង្រៀន និងវិញ្ញាណដ៏មានអានុភាពដែលវាបង្ហាញ ។ យើងម្នាក់ៗអាចសិក្សាការបង្រៀនរបស់វា ហើយអធិស្ឋានសុំការបញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធថា សារលិខិតរបស់វាគឺមកពីព្រះ ។
តើព្យាការី យ៉ូសែប ស៊្មីធ បកប្រែគម្ពីរអ័ប្រាហាំដោយរបៀបណា ?
ព្យាការី យ៉ូសែប ស្ម៊ីធ មិនបានពន្យល់ពីរបៀបដែលលោកបានបកប្រែគម្ពីរអ័ប្រាហាំទេ ។ យើងដឹងថា លោក និងបុគ្គលផ្សេងទៀតបានសិក្សាយ៉ាងល្អិតល្អន់នូវរមូរក្រាំងប្របុសរបស់អេស៊ីព្ទនោះដែលសាសនាចក្រទទួលបាន ប៉ុន្តែលោកមិនបានយល់ពីភាសាអេស៊ីព្ទបុរាណ ឬមានឧបករណ៍ដែលជួយលោកបកប្រែអត្ថបទតាមរយៈមធ្យោបាយដ៏សាមញ្ញណាមួយឡើយ ។ មិត្តភក្ដិរបស់យ៉ូសែបបានប្រាប់ដោយសាមញ្ញថា ការបកប្រែនោះត្រូវបានបើកសម្ដែងឡើងដោយព្រះ ។ ដូចដែល យ៉ូហាន វិតមើរ បានសង្កេតឃើញថា « យ៉ូសែបដែលជាអ្នកមើលឆុតបានឃើញកំណត់ត្រា[ច្រើន]ទាំងនេះ ហើយអាចបកប្រែកំណត់ត្រាទាំងនេះដោយវិវរណៈមកពីព្រះយេស៊ូវគ្រីស្ទ » ។ ប្រភពនានាណែនាំថា យ៉ូសែប ស្ម៊ីធ ប្រហែលជាប្រើត្បូងសម្រាប់អ្នកមើលឆុតខណៈពេលលោកសូត្រអត្ថបទក្នុងគម្ពីរអ័ប្រាហាំ ។
ភាគច្រើនក្រាំងប្របុសដែលយ៉ូសែបមានឥឡូវនេះត្រូវបានបាត់អស់ហើយ ទោះជាយ៉ាងណាក៏នៅមានផ្នែកមួយចំនួនដែរ ។ វាមានពីរផ្នែកនៃសៀវភៅ Book of Breathing for Horos និងបំណែកជាច្រើននៃ Book of the Dead សម្រាប់ Semminis និងផ្នែកមួយពី Book of the Dead សម្រាប់ណេហ្វើរអើណេប៊ូ ។ ទាំងពួកបរិសុទ្ធថ្ងៃចុងក្រោយ និងជនជាតិអេស៊ីព្ទដែលមិនមែនជាពួកបិរសុទ្ធថ្ងៃចុងក្រោយយល់ស្របថា តួអង្គនៅលើផ្នែកទាំងនេះមិនត្រូវគ្នានឹងការបកប្រែដែលបានផ្តល់ឲ្យនៅក្នុងគម្ពីរអ័ប្រាហាំនោះទេ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយជឿថា អត្ថបទនៃគម្ពីរអ័ប្រាហាំត្រូវបានគេរកឃើញនៅលើក្រាំងប្របុសដែលឥឡូវនេះបានបាត់ហើយ ។ អ្នកខ្លះសន្និដ្ឋានថា ការសិក្សារបស់ យ៉ូសែប ស្ម៊ីធ អំពីក្រាំងប្របុសនោះបានបង្កើតជាវិវរណៈមួយអំពីព្រឹត្តិការណ៍ និងការបង្រៀនដ៏សំខាន់ៗនៅក្នុងជីវិតរបស់អ័ប្រាហាំ ភាគច្រើនដូចដែលលោកបានទទួលវិវរណៈកាលពីមុនអំពីជីវិតរបស់ម៉ូសេដែរ ខណៈពេលលោកសិក្សាព្រះគម្ពីរប៊ីប ។ យោងតាមទស្សនៈនេះ ក្រាំងប្របុសនោះដើរតួជាកាតាលីករសម្រាប់វិវរណៈអំពីអ័ប្រាហាំ ។
សាសនាចក្រមិនបានប្រកាន់ជំហរនៅលើទ្រឹស្ដីទាំងនេះទេ ។ សាសនាចក្រគ្រាន់តែបញ្ជាក់ថា ការបកប្រែនេះសម្រេចទៅបានដោយវិវរណៈ ។ ដូចជាព្រះគម្ពីរមរមនដែរ គម្ពីរអ័ប្រាហាំចេញមកដោយ « អំណោយទាន និងព្រះចេស្ដានៃព្រះ » ។
តើគម្ពីរអ័ប្រាហាំ និងឯកសារភាសាអេស៊ីព្ទមានទំនាក់ទំនងរវាងគ្នាអ្វីខ្លះ ?
ចាប់តាំងពីខែកក្កដា ឆ្នាំ១៨៣៥ ដល់ខែវិច្ឆិកា ឆ្នាំ១៨៣៥ យ៉ូសែប ស្ម៊ីធ និងពួកអ្នកសរសេររបស់លោកបានបង្កើតឯកសារមួយចំនួនដែលទាក់ទងនឹងតួអង្គនៅលើក្រាំងប្របុសរបស់ពួកអេស៊ីព្ទនោះ ។ ឯកសារទាំងនេះរួមមាននូវអ្វីដែលគេស្គាល់ថាជា « ឯកសារតួអក្សរពួកអេស៊ីព្ទ » និង « វេយ្យាករណ៍ និងតួអក្សរនៃភាសាអេស៊ីព្ទ » ។ ឯកសារទាំងនេះហាក់ដូចជាផ្នែកមួយនៃការស្វែងរកដោយយ៉ូសែប និងអ្នកដទៃទៀតដើម្បីយល់ពីភាសា និងគំនិតបុរាណដើម្បីពួកគេអាចភ្ជាប់ទៅនឹងអតីតកាលដ៏ពិសិដ្ឋមួយ ។ យ៉ូសែប ស្ម៊ីធ និងពួកអ្នកសរសេររបស់លោកបានចម្លងតួអង្គចេញពីក្រាំងប្របុសនោះ និងប្រភពផ្សេងទៀតចូលទៅក្នុងឯកសារទាំងនេះ ហើយបានណែនាំនូវការពន្យល់ជាច្រើន ( ហៅថា « កម្រិត » ) សម្រាប់តួអង្គនីមួយៗ ។ ការពន្យល់ទាំងនេះជាទូទៅមិនត្រូវគ្នានឹងការបកស្រាយរបស់អ្នកប្រាជ្ញទេ ។
យ៉ូសែប ស្ម៊ីធ និងអ្នកចូលរួមរបស់លោកមិនបានពន្យល់ពីរបៀបដែលឯកសារទាំងនេះទាក់ទងទៅនឹងគម្ពីរអ័ប្រាហាំទេ ។ អ្នកប្រាជ្ញមួយចំនួនជឿថា វាគឺជាការប៉ុនប៉ងរៀនភាសាអេស៊ីព្ទដោយប្រើផ្នែកដែលបានបង្ហាញរួចទៅហើយនៃគម្ពីរអ័ប្រាហាំ ។ អ្នកខ្លះទៀតសន្និដ្ឋានថា យ៉ូសែប និងសហការីរបស់លោកបានបង្កើតឯកសារភាសាអេស៊ីព្ទជាផ្នែកមួយនៃដំណើរការដែលយ៉ូសែបបានទទួលវិវរណៈ—ដោយ « [ ការ ] សិក្សានៅក្នុងគំនិត [ របស់លោក ] » ជាមុនសិន ។ ប៉ុន្តែនៅមានអ្នកខ្លះទៀតជឿថា ទ្រឹស្ដីទាំងនេះមិនត្រឹមត្រូវទេ ។
តើគម្ពីរអ័ប្រាហាំប្រើប្រាស់ភាសារបស់ព្រះគម្ពីរប៊ីបកំណែស្ដេចជេមស៍ដែរឬទេ ?
ព្រះគម្ពីរប៊ីបកំណែស្ដេចជេមស៍ ( ក.ស.ជ. ) មានឥទ្ធិពលយ៉ាងខ្លាំងទៅលើភាសាអង់គ្លេស ។ វាត្រូវបានប្រជាជននៅក្នុងជំនាន់របស់ យ៉ូសែប ស្ម៊ីធ ស្គាល់យ៉ាងច្បាស់ ។ វិវរណៈនៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញាជាញឹកញាប់រួមមានឃ្លាដែលបានរកឃើញនៅក្នុង ក.ស.ជ. ។ រីឯការបកប្រែនៃព្រះគម្ពីរមរមន គម្ពីរម៉ូសេ និងគម្ពីរអ័ប្រាហាំក៏ដូចគ្នាដែរ ។ វាជារឿងធម្មតាដែលភាសា ក.ស.ជ. ឬសូម្បីតែពាក្យ និងឃ្លាពីប្រភពផ្សេងទៀតដែល យ៉ូសែ ស្ម៊ីធ បានស្គាល់បានលេចឡើងនៅក្នុងព្រះគម្ពីរទាំងនេះ ។ ព្រះអម្ចាស់បានពន្យល់ថា ទ្រង់ប្រទានវិវរណៈដល់ពួកអ្នកបម្រើរបស់ទ្រង់ « ដោយនូវភាពទន់ខ្សោយរបស់ពួកគេ ស្របតាមភាសារបស់ពួកគេ ដើម្បីឲ្យពួកគេអាចយល់ » ។ ភាសារបស់យ៉ូសែបត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌ដែលលោករស់នៅ និងជាពិសេសដោយការស្គាល់របស់លោកជាមួយ ក.ស.ជ. ។
វគ្គមួយចំនួនចេញពីការរៀបរាប់របស់អ័ប្រាហាំមានភាពស្ទួនគ្នានឹងគម្ពីរលោកុប្បត្តិ ។ ទោះបីជាវគ្គទាំងនេះរួមមាននូវឃ្លាមួយចំនួននៅក្នុងដំណើររឿងព្រះគម្ពីរប៊ីបដែលស្រដៀងគ្នាក្ដី ក៏វាមាននូវភាពខុសគ្នាជាពិសេសដែលអាចធ្វើឲ្យការយល់ដឹងរបស់យើងមានភាពប្រសើរឡើងដែរ ។
តើយើងដឹងអ្វីខ្លះអំពីការពន្យល់របស់ យ៉ូសែប ស្ម៊ីធ ក្នុងវត្ថុចម្លងតាមនៃគម្ពីរអ័ប្រាហាំ ?
គម្ពីរអ័ប្រាហាំរួមមាននូវរូបភាពបោះពុម្ពបី ដែលគេស្គាល់ថាជាវត្ថុចម្លងតាមដែលផ្អែកទៅលើរូបភាពនៅលើក្រាំងប្របុស ។ វត្ថុចម្លងតាមទាំងនេះត្រូវបានដាក់បញ្ចូលនៅពេលគម្ពីរអ័ប្រាហាំត្រូវបានបោះពុម្ពផ្សាយជាលើកដំបូងនៅឆ្នាំ១៨៤២ ។ ការពន្យល់របស់ យ៉ូសែប ស្ម៊ីធ អំពីរូបភាពទាំងនោះត្រូវបានបោះពុម្ពជាមួយនឹងវត្ថុចម្លងតាមទាំងនោះ ។ រូបភាពទាំងនោះគឺយោងទៅលើអត្ថបទនៃគម្ពីរអ័ប្រាហាំ ។ ឧទាហរណ៍ អ័ប្រាហាំ ១:១២ សំដៅទៅលើការ « អធិប្បាយប្រាប់អ្នក អំពីរូបគំនូរដែលនៅដើមបញ្ជីនេះ » មានន័យថា វត្ថុចម្លងតាមលេខទី ១ ។
ការពន្យល់ភាគច្រើនដែល យ៉ូសែប បានបោះពុម្ពជាមួយវត្ថុចម្លងតាម មិនត្រូវគ្នានឹងការបកស្រាយរបស់ពួកអ្នកវិទូអេស៊ីព្ទសម័យទំនើបទេ ។ ទោះជាយ៉ាងណា ពួកអ្នកប្រាជ្ញបានកត់សម្គាល់ភាពស្រដៀងគ្នាមួយចំនួន ។ ឧទាហរណ៍ យ៉ូសែប ស្ម៊ីធ បានពិពណ៌នាអំពីរូបភាពទាំងបួននៅក្នុងរូបភាពទី ៦ នៃវត្ថុចម្លងតាមលេខទី ២ ថា « ជាតំណាងផែនដីនេះ តាមទិសទាំងបួន។ » ។ ពួកអ្នកប្រាជ្ញផ្សេងទៀតបានបកស្រាយស្រដៀងគ្នានេះអំពីរូបភាពដូចគ្នានៅក្នុងអត្ថបទអេស៊ីព្ទពីបុរាណផ្សេងទៀត ។ វត្ថុចម្លងតាមលេខទី ១ មានអាទិទេពក្រពើកំពុងហែលទឹកជាអ្វីដែល យ៉ូសែប ស្ម៊ីធហៅថា « ផ្ទៃមេឃខាងលើក្បាលយើង » ។ ពួកអ្នកប្រាជ្ញបានកំណត់ដូចគ្នានូវទស្សនៈរបស់ពួកអេស៊ីព្ទអំពីស្ថានសួគ៌ថាជា « មហាសមុទ្រនៅស្ថានសួគ៌ » ។
យើងមិនដឹងថា វត្ថុចម្លងតាមទាក់ទងនឹងអត្ថបទយ៉ាងណានោះទេ ។ មានភស្តុតាងដែលថា ពួកអ្នកនិពន្ធសាសន៍យូដាខ្លះក្នុងអំឡុងសម័យដែលក្រាំងប្របុស ត្រូវបានបង្កើត កែប្រែ និងបញ្ចូលគំនូរ និងដំណើររឿងរបស់ពួកអេស៊ីព្ទទៅក្នុងអត្ថបទដ៏ពិសិដ្ឋរបស់ពួកគេ រួមទាំងអ្នកដែលទាក់ទងនឹងអ័ប្រាហាំផងដែរ ។ វាអាចទៅរួចដែលថា រូបភាពទាំងនេះត្រូវបានកែច្នៃឡើងវិញតាមរបៀបស្រដៀងគ្នាមួយ ។
តើសាសនាចក្រមានតម្លាភាពចំពោះអ្វីដែលយើងដឹងអំពីក្រាំងប្របុសនោះ និងខ្លឹមសាររបស់វាដែរឬទេ ?
ពិតណាស់ ។ ពេញមួយប្រវត្តិសាស្រ្តរបស់សាសនាចក្រ សាសនាចក្របានចែកចាយចំណេះដឹងរបស់ខ្លួនជាសាធារណៈអំពីអត្ថបទរបស់ពួកអេស៊ីព្ទ ដែលទាក់ទងនឹងគម្ពីរអ័ប្រាហាំ ។ សាសនាចក្រមានរមូរក្រាំងប្របុសរបស់ពួកអេស៊ីព្ទចំនួនពីរ និងវត្ថុចម្លងតាមមួយភាគបីពីឆ្នាំ១៨៣៥ ដល់ឆ្នាំ១៨៤៧ ។ ក្នុងអំឡុងពេលនោះក្រាំងប្របុសត្រូវបានបង្ហាញដល់សាធារណជនជាប្រចាំ ។ បន្ទាប់ពី យ៉ូសែប ស្ម៊ីធ បានទទួលមរណភាព អិមម៉ា ស្ម៊ីធ និងស្វាមីទីពីររបស់នាងបានលក់វាទៅឲ្យបុរសម្នាក់ឈ្មោះ អាបិល ខូបស៍ ដែលបានបំបែកវាយ៉ាងហោចណាស់ទៅជាពីរបណ្ដុំ ហើយលក់វាទៅឲ្យភាគីផ្សេងទៀត ។ ក្រាំងប្របុសជាច្រើនត្រូវបានបាត់ ។ នៅពេលដែលសាសនាចក្រទទួលបានបំណែកក្រាំងប្របុសដែលនៅសេសសល់ពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉កក្នុងឆ្នាំ១៩៦៧ វាបានបោះពុម្ពផ្សាយសេចក្តីប្រកាសអំពីការទិញយក និងរូបភាពនៃបំណែកខ្លះៗនៅក្នុង Deseret News និងនៅក្នុងទស្សនាវដ្តីសាសនាចក្រនៅសម័យនោះ ដែលមានឈ្មោះថា Improvement Era ។ អត្ថបទទាំងនេះបានពិភាក្សាអំពីប្រភពដើមនៃបំណែកជាច្រើន និងទំនាក់ទំនងរបស់វាទៅនឹងអ្វីដែលត្រូវបានហៅនៅពេលនោះថា Book of the Dead ជាពិធីបុណ្យសពរបស់អេស៊ីព្ទ ។
ចាប់ពីពេលនោះមក ថ្នាក់ដឹកនាំសាសនាចក្របានផ្ដល់ឲ្យពួកអ្នកប្រាជ្ញមួយចំនួនចូលទៅមើលបំណែកក្រដាសក្រាំងប្របុសទាំងនោះដោយផ្ទាល់ ហើយទាំងពួកអ្នកប្រាជ្ញជាពួកបរិសុទ្ធថ្ងៃចុងក្រោយ និងពួកអ្នកប្រាជ្ញមិនមែនជាពួកបរិសុទ្ធថ្ងៃចុងក្រោយបានបោះពុម្ពការបកប្រែ និងការវិភាគអំពីក្រាំងប្របុសទាំងនោះ ។ មានតែមួយផ្នែកតូចពីក្រាំងប្របុសពីររមូរ និងបំណែកក្រាំងប្របុសផ្សេងៗទៀតដែល យ៉ូសែប ស្ម៊ីធ បានរក្សាទុកគឺត្រូវបានដឹងថានៅមានសេសសល់ ។ ក្នុងឆ្នាំ២០១៨ ឯកសាររបស់ យ៉ូសែប ស្ម៊ីធ បានបោះពុម្ពផ្សាយរូបភាពថ្មី និងវិភាគបំណែកទាំងនេះ ។
តើបំណែកក្រាំងប្របុសនោះប៉ុន្មានចំណែកដែលបានបាត់នៅសព្វថ្ងៃនេះ ?
ជាទូទៅ ពួកអ្នកប្រាជ្ញយល់ស្របថា ក្រាំងប្របុស ដែលមាននៅពេលនេះ តំណាងឲ្យតែផ្នែកមួយនៃក្រាំងរមូរដើមទាំងពីរ និងបំណែកផ្សេងទៀតដែល យ៉ូសែប ស្ម៊ីធ និងសាសនាចក្របានទទួលពីដំបូងប៉ុណ្ណោះ ។ ពួកអ្នកស្រាវជ្រាវបានប្រើវិធីសាស្រ្តខុសៗគ្នាដើម្បីប៉ាន់ប្រមាណប្រវែងរមូរពីដើម ។ ការប៉ាន់ប្រមាណរបស់ពួកគេពីអ្វីដែលយើងមានដ៏តិចតួចសព្វថ្ងៃនេះមានចាប់ពី ២.៥ ភាគរយទៅដល់ ៣០ ឬ ៤៥ ភាគរយនៃក្រាំងប្របុស ដែលជាកម្មសិទ្ធិរបស់យ៉ូសែបប៉ុណ្ណោះ ។
ហេតុអ្វីគម្ពីរអ័ប្រាហាំត្រូវបានគេអះអាងថាបានសរសេរដោយដៃរបស់អ័ប្រាហាំផ្ទាល់ ?
នៅពេលដែលគម្ពីរអ័ប្រាហាំត្រូវបានបោះពុម្ពជាលើកដំបូងនៅឆ្នាំ១៨៤២ គម្ពីរនេះបានផ្តើមជាមួយនឹងការពន្យល់ដែលសរសេរថា ៖ « ជាការបកប្រែពីបញ្ជីបុរាណមួយ ដែលបានធ្លាក់មកក្នុងកណ្ដាប់ដៃរបស់យើង ចេញពីផ្នូរក្រោមដីនៅស្រុកអេស៊ីព្ទ ។ ជាការនិពន្ធរបស់អ័ប្រាហាំ កាលលោកនៅស្រុកអេស៊ីព្ទ ហៅថាគម្ពីរអ័ប្រាហាំ គឺបានសរសេរដោយដៃរបស់លោកផ្ទាល់នៅលើក្រាំងប្របុស » ។ កំណែឯកសារដំបូងនៃគម្ពីរអ័ប្រាហាំមានបុព្វកថាពាក្យស្រដៀងគ្នា ។ បុព្វកថាដែលមាននៅសព្វថ្ងៃនេះប្រហែលជាត្រូវបានបង្កើតឡើងនៅពេលដែលគម្ពីរអ័ប្រាហាំត្រូវបានបោះពុម្ពនៅឆ្នាំ១៨៤២ ។ បុព្វកថាស្រដៀងគ្នានេះ ត្រូវបានបញ្ចូលជាមួយនឹងការបោះពុម្ពអត្ថបទវិវរណៈមួយចំនួនទៀតរបស់ យ៉ូសែប ស្ម៊ីធ ។
ការវិភាគបង្ហាញថា ក្រាំងប្របុសត្រូវបានសរសេរនៅចន្លោះសតវត្សទីបី និងទីពីរ ម.គ.ស. ក្រោយពីអ័ប្រាហាំបានរស់នៅ ។ កាលបរិច្ឆេទនេះមិនបង្ខូចខ្លឹមសារនៃគម្ពីរអ័ប្រាហាំទេ ។ អត្ថបទបុរាណជាច្រើនដែលមានសព្វថ្ងៃនេះគឺជាច្បាប់ចម្លង ។ ស្រដៀងគ្នានេះដែរ គម្ពីរអ័ប្រាហាំអាចត្រូវបានថតចម្លងច្រើនដងក្នុងរយៈពេលជាច្រើនសតវត្សមកហើយ ប៉ុន្តែនៅតែអះអាងថា អ័ប្រាហាំជាអ្នកសរសេរ ។
តើគម្ពីរអ័ប្រាហាំមាននូវអ្វីដែលយើងដឹងអំពីតំបន់ក្បែរភាគខាងជើងកាលពីបុរាណដែរឬទេ ?
គម្ពីរអ័ប្រាហាំមានសេចក្ដីលម្អិតដែលមិនត្រូវបានរកឃើញក្នុងគម្ពីរប៊ីបទេ ប៉ុន្តែស្របនឹងអក្សរសាស្រ្តនៃពិភពលោកពីបុរាណ ។ ឧទាហរណ៍ ឈ្មោះមនុស្ស និងទីកន្លែងមួយចំនួនស្រដៀងនឹងឈ្មោះដែលត្រូវបានរកឃើញក្នុងកំណត់ត្រាបុរាណ ។ ឧទាហរណ៍ « ទួលវាលអូលីសេម » ត្រូវបានភ្ជាប់ដោយពួកអ្នកប្រាជ្ញមួយចំនួនទៅកាន់ទីក្រុងមួយនៅភាគពាយព្យនៃប្រទេសស៊ីរីហៅថា Ulisum ។ នេះគឺជាការផ្គូផ្គងដែលគួរជឿជាក់បានណាស់សម្រាប់ អូលីសេម បន្ទាប់ពីការអនុវត្តភាសាស្តង់ដា ។ ស្រដៀងគ្នានេះដែរ ព្រះរបស់ អែលកេណា ត្រូវបានស្នើដោយពួកអ្នកប្រាជ្ញពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួនក្នុងការតំណាងឲ្យទម្រង់ខ្លីនៃងារដ៏ទេវភាពថា អែល ខនណេ អាតហ្សូ ដែលត្រូវបានស្គាល់ពីភាពខុសគ្នានៃសិលាចារឹកនៃភាសាសេមីត ភាគពាយ័ព្យ និងជាអ្វីមួយដែលមានន័យថា « អែល អង្គបង្កើតផែនដី » ។
ប្រធានបទទូទៅមួយចំនួន និងរចនាសម្ព័ន្ធនិទានកថានៃគម្ពីរអ័ប្រាហាំ ដំណើររឿងស្របគ្នាពីប្រភពដែលមិនមែនជាព្រះគម្ពីរប៊ីបបុរាណ ។ ទាំងនេះរួមមានឪពុករបស់អ័ប្រាហាំ ថេរ៉ា ជាអ្នកថ្វាយបង្គំព្រះ សេចក្តីអំណត់វាយប្រហារស្រុកកំណើតរបស់អ័ប្រាហាំ ហើយទេវតាមួយអង្គបានជួយសង្គ្រោះអ័ប្រាហាំពីការបូជាមនុស្សពីដៃរបស់ផារ៉ោននៃស្រុកអេស៊ីព្ទ ។ អត្ថបទបុរាណក៏សំដៅទៅលើអ័ប្រាហាំ ដែលបានណែនាំពួកអេស៊ីព្ទអំពីស្ថានសួគ៌ដែរ ។ ឧទាហរណ៍ ពួកអ៊ីប៉ូលីមូស ដែលរស់នៅក្រោមការគ្រប់គ្រងរបស់ពួកអេស៊ីព្ទក្នុងសតវត្សទីពីរ ម.គ.ស បានសរសេរថា អ័ប្រាហាំបានបង្រៀនតារាសាស្ត្រ និងវិទ្យាសាស្ត្រផ្សេងៗទៀតដល់ពួកសង្ឃអេស៊ីព្ទ ។ ក្រាំងប្របុសនៅសតវត្សរ៍ទីបី ម.គ.ស. មកពីបណ្ណាល័យវិហារបរិសុទ្ធអេស៊ីព្ទមួយ រៀបរាប់អំពីឈ្មោះអ័ប្រាហាំ ដោយមានរូបភាពស្រដៀងនឹង វត្ថុចម្លងតាមលេខទី ១ នៅក្នុងគម្ពីរអ័ប្រាហាំ ។ សេចក្ដីលម្អិតទាំងនេះខ្លះអំពីជីវិតរបស់អ័ប្រាហាំ ជាទូទៅមិនត្រូវបានដឹងនៅជំនាន់របស់ យ៉ូសែប ស្ម៊ីធ នោះទេ ។
ខណៈដែលឧទាហរណ៍ទាំងនេះគួរឲ្យចាប់អារម្មណ៍ នោះក៏មានឧទាហរណ៍ជាច្រើននៃការបកស្រាយរបស់ យ៉ូសែប ស្ម៊ីធ អំពីវត្ថុចម្លងតាមដែលមិនស្របនឹងអ្វីដែលយើងដឹងបច្ចុប្បន្ននេះអំពីពិភពលោកបុរាណ ។ ខណៈដែលទទួលស្គាល់ថា មានអ្វីៗជាច្រើនដែលយើងមិនយល់អំពីដំណើរការបកប្រែ វាជាការសំខាន់ដែលត្រូវចងចាំថា សេចក្តីពិត និងតម្លៃនៃគម្ពីរអ័ប្រាហាំមិនអាចដោះស្រាយដោយការជជែកវែកញែកតាមអ្នកប្រាជ្ញទាក់ទងនឹងការបកប្រែនៃគម្ពីរនោះទេ ។ ការអានគម្ពីរអ័ប្រាហាំ ការជញ្ជឹងគិតពីខ្លឹមសាររបស់គម្ពីរនេះ និងការអធិស្ឋានអំពីការបង្រៀនរបស់គម្ពីរនេះ អាចជួយអ្នកឲ្យទទួលបានសាក្សីខាងវិញ្ញាណអំពីតម្លៃដ៏នៅអស់កល្បជានិច្ចរបស់គម្ពីរនេះ ។
តើខ្ញុំអាចទទួលបានទីបន្ទាល់មួយអំពីគម្ពីរអ័ប្រាហាំ និងគម្ពីរផ្សេងទៀតដែលបានបើកសម្ដែងដល់ យ៉ូសែប ស្ម៊ីធ ដោយរបៀបណា ?
មានអ្វីៗជាច្រើនដែលយើងមិនដឹងអំពីរបៀបដែលគម្ពីរអ័ប្រាហាំត្រូវបានបើកសម្ដែងដល់ យ៉ូសែប ស្ម៊ីធ ។ ប៉ុន្តែតាមរបៀបជាច្រើន សំណួររបស់យើងអំពីដំណើរការនេះគឺមិនសូវសំខាន់ដូចសំណួរ ថាតើព្រះបានបើកសម្តែងបទគម្ពីរថ្មីដល់ យ៉ូសែប ស្ម៊ីធ ឬអត់ ។ នេះជាបញ្ហានៃសេចក្ដីជំនឿ ។ របៀបដ៏ល្អបំផុតក្នុងការទទួលបានការបញ្ជាក់ខាងវិញ្ញាណចំពោះសំណួរនេះគឺត្រូវអានគម្ពីរអ័ប្រាហាំ ជញ្ជឹងគិតអំពីសេចក្តីពិតដែលគម្ពីរនេះបើកសម្តែង ដាក់ការបង្រៀនរបស់គម្ពីរនេះទៅជាការអនុវត្ត ហើយស្វែងរកសាក្សីពីព្រះវិញ្ញាណបរិសុទ្ធ ។ ដំណើរការនេះអាចជួយយើងឲ្យខិតទៅជិតព្រះយេស៊ូវគ្រីស្ទ ។ នោះគឺជាការសាកល្បងចុងក្រោយនៃតម្លៃនៃគម្ពីរអ័ប្រាហាំ ។