« ថ្ងៃទី ១៤–២០ ខែ កក្កដា ៖ ‹ យើងនឹងដឹកនាំអ្នករាល់គ្នា › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៧–៨០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៧៧–៨០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ១៤–២០ ខែ កក្កដា ៖ « យើងនឹងដឹកនាំអ្នករាល់គ្នា »
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៧–៨០
មិនដល់ពីរឆ្នាំផងក្រោយពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្ដារឡើងវិញ សមាជិកបានកើនឡើងរហូតដល់ជាង ២,០០០ នាក់ ហើយបានកើនឡើងយ៉ាងលឿន ។ នៅខែ មីនា ឆ្នាំ ១៨៣២ យ៉ូសែប ស្ម៊ីធ បានជួបនឹងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀត « ដើម្បីពិភាក្សាពីធុរកិច្ចសាសនាចក្រ » ៖ តម្រូវការបោះពុម្ពវិវរណៈ ទិញដីដើម្បីប្រជុំគ្នា និងថែទាំដល់អ្នកទ័លក្រ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨ ក្បាលកណ្ឌ ) ។ ដើម្បីបំពេញតាមតម្រូវការទាំងនេះ ព្រះអម្ចាស់បានហៅថ្នាក់ដឹកនាំសាសនាចក្រមួយចំនួនតូចឲ្យបង្កើតជាសហក្រុម ជាក្រុមមួយដែលនឹងបង្រួមកិច្ចខិតខំរបស់ពួកគេដើម្បី « បន្តគតិទៅទៀត » ពីព្រះអម្ចាស់ ( ខទី ៤ ) នៅក្នុងតំបន់ទាំងនេះ ។ ប៉ុន្ដែទោះជាក្នុងបញ្ហារដ្ឋបាលបែបនេះក្ដី ក៏ព្រះអម្ចាស់បានផ្ដោតលើការណ៍អស់កល្បជានិច្ចដែរ ។ នៅទីបំផុត គោលបំណងនៃរោងពុម្ព ឬឃ្លាំងនោះ—ដូចជាអ្វីគ្រប់យ៉ាងផ្សេងទៀតនៅក្នុងនគររបស់ព្រះដែរ—គឺដើម្បីរៀបចំបុត្រាបុត្រីរបស់ទ្រង់ឲ្យទទួលបាន « កន្លែងមួយនៅក្នុងពិភពសេឡេស្ទាល » និង « ទ្រព្យសម្បត្តិទាំងឡាយខាងភាពអស់កល្បជានិច្ច » ( ខទី ៧, ១៨ ) ។ ហើយប្រសិនបើពរជ័យទាំងនោះពិបាកនឹងយល់នាពេលនេះ នៅក្នុងជីវិតដ៏មមាញឹកប្រចាំថ្ងៃ នោះទ្រង់អះអាងប្រាប់យើងថា « ចូរសង្ឃឹមឡើង ដ្បិតយើងនឹងដឹកនាំអ្នករាល់គ្នា » ( ខទី ១៨ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
ព្រះប្រទានចំណេះដឹងដល់មនុស្សដែលស្វែងរកចំណេះដឹង ។
នៅពេល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បកប្រែព្រះគម្ពីរប៊ីបដែលបំផុសគំនិត ពួកលោកមានសំណួរអំពីគម្ពីរវិវរណៈ ដូចមនុស្សជាច្រើនមានដែរ ។ ហើយដូចដែលយ៉ូសែបដឹងច្បាស់ថា ពេលលោកខ្វះប្រាជ្ញា នោះលោកអាចទូលសុំពីព្រះ ។ ចំណេះដឹងដែលលោកទទួលបាននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧៧ ។ នៅពេលបងប្អូនអានកណ្ឌនេះ សូមពិចារណាកត់ត្រាការយល់ដឹងរបស់បងប្អូននៅក្នុងជំពូកដែលជាប់ទាក់ទងនៅក្នុងគម្ពីរវិវរណៈនេះ ។ តើបងប្អូនរៀនអ្វីខ្លះចេញពីការសិក្សារបស់បងប្អូនអំពីការទទួលវិវរណៈ ?
តើសហក្រុមគឺជាអ្វី ?
សហក្រុមត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងកិច្ចការបោះពុម្ព និងកិច្ចការផ្សេងទៀតក្នុងសាសនាចក្រនៅរដ្ឋអូហៃអូ និងមិសសួរី ។ សហក្រុមរួមមាន យ៉ូសែប ស្ម៊ីធ នូវល ខេ វិតនី និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតដែលបញ្ចូលធនធានរបស់ពួកលោក ដើម្បីបំពេញតាមតម្រូវការខាងសាច់ឈាមនៃការរីកចម្រើនក្នុងសាសនាចក្រ ។ ជាអកុសល សហក្រុមធ្លាក់ខ្លួនជាប់បំណុល ហើយបានរំលាយនៅឆ្នាំ ១៨៣៤ នៅពេលបំណុលដ៏ច្រើនលើសលុបមិនអាចដោះស្រាយបាន ។
សូមមើលផងដែរ « Newel K. Whitney and the United Firm »នៅក្នុង Revelations in Context ទំព័រ ១៤២–១៤៧ Church History Topics « United Firm (‘United Order’) » នៅលើបណ្ណាល័យដំណឹងល្អ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៨:១–៧
ខ្ញុំអាចជួយ « បន្តគតិតទៅទៀត » ពីព្រះគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។
ព្រះអម្ចាស់បានមានបន្ទូលទៅ យ៉ូសែប ស្ម៊ីធ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតថា ការគ្រប់គ្រងឃ្លាំង និងរោងពុម្ពនឹងជួយ « ដើម្បីបន្តគតិតទៅទៀត ដែលអ្នករាល់គ្នាបានប្រកាន់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:៤ ) ។ តើបងប្អូនគិតថាអ្វីទៅជា « គតិ » នៃសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ ? សូមជញ្ជឹងគិតអំពីការណ៍នេះ កាលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:១–៧ ។ តើមានវិធីផ្សេងៗអ្វីខ្លះដែលបងប្អូនអាចជួយបន្តគតិតទៅទៀត—រួមទាំងក្នុងគ្រួសាររបស់បងប្អូនផងដែរ ?
សូមមើលផងដែរ ក្បួនខ្នាតទូទៅ, ១.២ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៨:១៧–១៨
ព្រះអម្ចាស់នឹងដឹកនាំខ្ញុំ ។
តើបងប្អូនគិតថា ហេតុអ្វីបានជាពេលខ្លះព្រះអម្ចាស់ហៅអ្នកដើរតាមទ្រង់ថាជា « កូនក្មេងតូច » ? ( គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:១៧ ) ។ តើនៅពេលណាបងប្អូនមានអារម្មណ៍ដូចជាកូនក្មេងតូចម្នាក់ ប្រហែលដោយសារតែអ្វីមួយដែលបងប្អូន « ពុំទាន់យល់នៅឡើយ » ឬ « ពុំអាចទ្រាំបាន » ដែរឬទេ ? ( ខទី ១៧–១៨ ) ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលអាចជួយបងប្អូនឲ្យ « សង្ឃឹមឡើង » ( ខទី ១៨ ) ក្នុងសភាពបែបនោះ ? សូមពិចារណាស្វែងរករូបភាពខ្លួនរបស់បងប្អូនកាលពីនៅក្មេង ហើយពិចារណាអំពីរបៀបដែលបងប្អូនបានរីកចម្រើនខាងវិញ្ញាណតាំងពីពេលនោះមក ។ ឬគិតអំពីអ្វីមួយដែលពិបាកសម្រាប់បងប្អូនកាលពីក្មេង ប៉ុន្តែឥឡូវនេះងាយស្រួលជាង ។ តើព្រះវរបិតាសួគ៌នៅតែចង់ឲ្យបងប្អូនធ្វើដូចជាកូនក្មេងតាមរបៀបណាខ្លះ ? ( សូមមើល ម៉ូសាយ ៣:១៩ ) ។ តើទ្រង់ « [ ដឹកនាំ ] អ្នករាល់គ្នា » ?
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:១៩
ខ្ញុំអាចទទួលគ្រប់ទាំងអស់ដោយអំណរអរគុណ ។
ដើម្បីរៀបចំខ្លួនសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:១៩ បងប្អូនអាចធ្វើបញ្ជីនៃរឿងល្អៗដែលបានកើតឡើងចំពោះបងប្អូននាសព្វថ្ងៃនេះ ។ បន្ទាប់មក ចូរធ្វើបញ្ជីនៃអ្វីដែលមើលទៅមិនដូចជាពរជ័យដល់បងប្អូន ។ សូមជញ្ជឹងគិតអំពីការណ៍នេះ កាលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:១៩ ។ តើវាមានភាពខុសគ្នាយ៉ាងណានៅក្នុងជីវិតរបស់បងប្អូន ប្រសិនបើបងប្អូនទទួល « គ្រប់ទាំងអស់ » ដោយអំណរគុណ—ទោះបីជាអ្វីដែលហាក់ដូចជាមិនមែនជាពរជ័យក្តី ?
ដើម្បីរៀនបន្ថែមអំពីរបៀបដែលការដឹងគុណចំពោះព្រះអាចមានឥទ្ធិពលលើជីវិតរបស់បងប្អូន សូមស្វែងយល់អំពីព្រះគម្ពីរទាំងនេះ ហើយធ្វើបញ្ជីនៃសេចក្តីពិតដែលបងប្អូនរកឃើញ ៖ ទំនុកដំកើង ១០៧:៨–៩; លូកា ១៧:១១–១៩; ភីលីព ៤:៦–៧; ម៉ូសាយ ២:១៩–២៤; អាលម៉ា ៣៤:៣៨; ៣៧:៣៧; គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៣២; ៥៩:៧, ១៥–២១ ។
សូមពិចារណាស្រាវជ្រាវសារលិខិតរបស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « Grateful in Any Circumstances » ( Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៧០–៧៧ ) សម្រាប់ដំបូន្មានអំពីរបៀបដើម្បីមានអំណរគុណ ។ បងប្អូនអាចរកមើលដំបូន្មានដែលស្រដៀងគ្នានៅក្នុងវីដេអូ « President Russell M. Nelson on the Healing Power of Gratitude » ( នៅលើបណ្ណាល័យដំណឹងល្អ ) ។ តើអំណរគុណមានឥទ្ធិពលលើទំនាក់ទំនងរបស់បងប្អុនជាមួយនឹងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមមើលផងដែរ « ចូររាប់ព្រះពរ » ទំនុកតម្កើង ល.រ. ១៥០; Topics and Questions « Gratitude » នៅលើបណ្ណាល័យដំណឹងល្អ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៩–៨០
ការហៅឲ្យបម្រើព្រះសំខាន់ជាងកន្លែងដែលខ្ញុំបម្រើ ។
ទាក់ទងទៅនឹង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨០ អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា « ប្រហែលមេរៀនមួយដែលព្រះអង្គសង្គ្រោះកំពុងបង្រៀនដល់យើងនៅក្នុងវិវរណៈនេះ គឺថាការចាត់តាំងឲ្យធ្វើកិច្ចការនៅកន្លែងជាក់លាក់មួយ គឺមានសារៈសំខាន់ និងចាំបាច់ ប៉ុន្តែវានៅក្នុងកម្រិតទីពីរបន្ទាប់ពីការហៅឲ្យធ្វើកិច្ចការ » ( « Called to the Work » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៨ ) ។ តើបទពិសោធន៍អ្វីខ្លះដែលបានជួយបងប្អូនឲ្យរៀនថា សម្ដីរបស់អែលឌើរ បែដណា គឺជាការពិតនោះ ? តើបងប្អូនរកឃើញមេរៀនបន្ថែមអ្វីខ្លះនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧៩–៨០ ដែលអាចជួយនរណាម្នាក់ ដែលទើបបានទទួលការហៅមួយ ?
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៧:២
ព្រះបានបង្កើតសត្វសព្វសារពើនៅលើផែនដី ។
-
នៅពេលបងប្អូន និងកូនៗរបស់បងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧៧:២ ជាមួយគ្នា បងប្អូនអាចមើលរូបភាពសត្វ រួមទាំងសត្វល្អិត និងសត្វស្លាបផងដែរ ។ កូនៗរបស់បងប្អូនអាចចង្អុលទៅព្រះគម្ពីរ នៅពេលបងប្អូនអានពាក្យ « សត្វ », « និងសត្វលូនវារ » និង « សត្វហើរលើអាកាស » ។ សូមចែកចាយគ្នាជាមួយគ្នាទៅវិញទៅមកអំពីរបៀបដែលការបង្កបង្កើតរបស់ព្រះ ជួយបងប្អូនឲ្យមានអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:៤
ខ្ញុំអាចជួយ « បន្តគតិតទៅទៀត » ពីព្រះយេស៊ូវគ្រីស្ទ ។
-
ដើម្បីជួយកូនៗរបស់បងប្អូនគិតអំពីតួនាទីរបស់ពួកគេនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ សូមពិចារណាអានជាមួយពួកគេនូវ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:៤ ដើម្បីស្វែងយល់អំពី « គតិ » យើង « បានប្រកាន់ » ( បានទទួល ឬបានជ្រើសរើសដើម្បីគាំទ្រ ) នៅពេលយើងបានទទួលបុណ្យជ្រមុជទឹក ។ សូមជួយពួកគេឲ្យមើលនៅក្នុងវគ្គបទគម្ពីរដូចនេះដើម្បីទទួលបានចម្លើយដែលអាចមាន ៖ ម៉ូសាយ ១៨:៨–១០; គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧; ម៉ូសេ ១:៣៩ ។ កូនៗរបស់បងប្អូនអាចរីករាយនឹងការសម្តែងអំពីរបៀបដែលពួកគេអាចជួយកិច្ចការរបស់ព្រះអម្ចាស់ ។ ឧទាហរណ៍ តើការ « ទទួលបន្ទុកគ្នាទៅវិញទៅមក » ឬ « លើកដាក់មកលើខ្លួន [ របស់យើង ] នូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ » មានលក្ខណៈយ៉ាងណា ? តើការណ៍នេះ « បន្តគតិតទៅទៀត » ពីព្រះគ្រីស្ទដោយរបៀបណា ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៨:៦
ខ្ញុំអាចចែកចាយអ្វីដែលខ្ញុំមានជាមួយអ្នកដទៃ ។
-
ដើម្បីបង្រៀនអំពីអត្ថន័យនៃការ « ស្មើគ្មាក្នុងអ្វីៗខាងផែនដី » ( ខទី ៦ ) បងប្អូនអាចផ្តល់ឲ្យកូនៗរបស់បងប្អូននូវរូបភាពរបស់មនុស្សដែលខ្វះខាត ( ឃ្លាន របួស ឬត្រជាក់ ) និងវត្ថុដែលអាចជួយ ( ដូចជា អាហារ បង់រុំ ឬភួយ ) ។ បន្ទាប់មក កូនៗរបស់បងប្អូនអាចផ្គូផ្គងរូបភាពជាមួយវត្ថុទាំងឡាយ ។ តើយើងអាចចែកចាយអ្វីខ្លះដើម្បីជួយមនុស្សដែលខ្វះខាត ?
-
ដើម្បីទទួលបានបរិបទសម្រាប់ កណ្ឌទី ៧៨ សូមអានជាមួយកូនៗរបស់បងប្អូននូវឃ្លាទាំងឡាយដែលមាននៅក្រោមរូបភាពពីរដំបូងនៃ « ជំពូកទី ២៨ ៖ ព្យាការីយ៉ូសែបទៅរដ្ឋមិសសួរីម្តងទៀត » ( នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ១០៨ ឬវីដេអូដែលទាក់ទងគ្នានៅក្នុងបណ្ណាល័យដំណឹងល្អ ) ។ បន្ទាប់មក កូនៗរបស់បងប្អូនអាចសម្តែងជាពួកlលោកកំពុងជួយនរណាម្នាក់សង់ផ្ទះ ដោយការចែករំលែកអាហារ ឬបម្រើតាមរបៀបផ្សេងទៀត ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៨:១៨
ព្រះយេស៊ូវគ្រីស្ទនឹងដឹកនាំផ្លូវខ្ញុំ ។
-
វាអាចជាការសប្បាយសម្រាប់កូនៗរបស់បងប្អូនក្នុងការនិយាយអំពីអត្ថន័យនៃការធ្វើជាអ្នកដឹកនាំ ហើយបន្ទាប់មកដឹកនាំសកម្មភាពមួយ ។ បន្ទាប់ពីអានជាមួយគ្នានូវ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:១៨ បងប្អូនអាចពិភាក្សាអំពីពេលវេលាដែលយើងត្រូវការព្រះយេស៊ូវដើម្បីដឹកនាំយើង ។ សូមពិចារណាច្រៀងចម្រៀងមួយបទដូចជាបទ « I Will Walk with Jesus » ( នៅលើបណ្ណាល័យដំណឹងល្អ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:១៩
ខ្ញុំអាចទទួល « គ្រប់ទាំងអស់ដោយអំណរអរគុណ » ។
-
សូមអានជាមួយកូនៗរបស់បងប្អូននូវ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:១៩ ដើម្បីស្វែងយល់អំពីអ្វីដែលព្រះអម្ចាស់បានសន្យាចំពោះមនុស្សដែលមានអំណរគុណ ។ សូមជួយកូនៗរបស់បងប្អូនឲ្យយល់អំពីអត្ថន័យ « មួយរយភាគថែមទៀត » ប្រហែលជាអាចបង្ហាញដល់ពួកគេនូវវត្ថុតូចមួយ បន្ទាប់មកបន្ថែមវត្ថុដដែលនោះចំនួន ១០០ ថែមទៀត ។ ប្រហែលជាពួកគេអាចគូររូបអំពីអ្វីដែលពួកគេបានទទួលមកពីព្រះ « ដោយអំណរគុណ » ។