ចូរ​មក​តាម​ខ្ញុំ
សំឡេង​នៃ​ការស្ដារឡើង​វិញ ៖ គុកលិបើទី


« សំឡេង​នៃ​ការស្តារឡើង​វិញ ៖ គុកលិបើទី » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គុកលិបើទី » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

រូប​តំណាងសំឡេង​នៃ​ការស្តារឡើង​វិញ

សំឡេង​នៃ​ការស្ដារ​ឡើង​វិញ

គុកលិបើទី

អំឡុងពេល​ជាប់ឃុំឃាំង​នៅក្នុង​គុកលិបើទី រដ្ឋ​មិសសួរី នោះ យ៉ូសែប ស្ម៊ីធ បានទទួល​សំបុត្រ​មួយ ដែលបាន​ប្រាប់​លោក​អំពី​ស្ថានភាព​គ្រោះថ្នាក់​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ដែល​ត្រូវបាន​បណ្តេញចេញ​ពី​រដ្ឋ​តាម​បញ្ជា​របស់​អភិបាល ។ សំបុត្រ​ដ៏​សោកសៅ​នោះបានសរសេរ​ដោយ​ភរិយា​របស់លោក អិមម៉ា ។ ពាក្យពេចន៍​របស់នាង និង​សំបុត្រ​ឆ្លើយ​តបរបស់ យ៉ូសែប បង្ហាញ​ទាំង​ទុក្ខវេទនា​របស់​ពួកគេ និង​សេចក្តី​ជំនឿរបស់​ពួកគេ​នៅក្នុង​អំឡុង​គ្រា​ដ៏​ពិបាក​នៅក្នុង​ប្រវត្តិ​សាសនាចក្រ ។

គុកលិបើទី

យ៉ូសែប ស៊្មីធ និង​អ្នក​ដទៃ​ទៀត​ត្រូវបាន​ដាក់​នៅក្នុង​គុក​នេះ​នៅ​រដូវ​រងារ​នា ឆ្នាំ ១៨៣៨–១៨៣៩ ។

សំបុត្រ​មកពី អិមម៉ា ស្ម៊ីធ ជូនចំពោះ យ៉ូសែប ស្ម៊ីធ ថ្ងៃទី ៧ ខែ មីនា ឆ្នាំ ១៨៣៩

ជូន​ចំពោះ​លោកប្តី​ជាទីស្រឡាញ់

ដោយមាន​ឱកាស​អាច​ផ្ញើ​សំបុត្រ​នេះ​តាមរយៈ​មិត្ត​ម្នាក់ អូន​បានព្យាយាម​សរសេរ​សំបុត្រនេះ ប៉ុន្តែ​អូន​មិន​អាច​រៀបរាប់​ឲ្យ​អស់​នូវ​អារម្មណ៍​របស់​អូន​ទាំង​ស្រុង​បាន​ព្រម​ជាមួយនឹង​ស្ថានភាព​ដែលបង​កំពុង​ជួប​នេះ​ទេ ដោយ​មកពី​ជញ្ជាំងគុក ចម្រឹង​បង្អួច សោរទ្វារគុក​ព្រមទាំង ទន្លេ បឹងបួរ ជួរភ្នំ ជ្រលង​ភ្នំ វាលស្មៅ បានរារាំង​យើង​ទាំងពីរ ហើយ​ការចោទប្រកាន់​ទាំង​អយុត្តិធម៌​ដ៏​ឃោឃៅ ដែល​បណ្តាល​ឲ្យ​បង​ជាប់គុក​តាំងពី​ដំបូង ហើយ​បង​នៅតែ​ជាប់​នៅ​ទីនោះ ព្រមជាមួយ​នឹងរឿង​ទាំងឡាយផ្សេងៗទៀត ធ្វើឲ្យ​ទ្រូងអូន ស្ទើរធ្លាយ​មិន​អាច​ពិពណ៌នា​បាន ។

ប្រសិន​បើ​អូន​មិន​បានដឹង​ថា​បង​គ្មាន​ទោស និង​បើ​គ្មាន​ក្តីមេត្តា​ពីព្រះ អូន​ប្រាដក​ថា​អូន​មិនអាច​ស៊ូទ្រាំ​នឹង​ទុក្ខវេទនា​ដែល​អូន​ឆ្លង​កាត់​នេះ​ទេ … តែ​អូន​នៅតែ​មាន​ជីវិត ហើយ​អូន​មានឆន្ទៈ​ស៊ូទ្រាំ​បន្ត​ទៀត ប្រសិន​បើ​នេះ​ជា​ព្រះ​ឆន្ទៈ​របស់​ព្រះវរបិតាសួគ៌​ដែល​អូន​គួរតែ​ធ្វើ​ដើម្បី​បង ។

បច្ចុប្បន្ន​នេះ​យើង​គ្រប់គ្នា​សុខសប្បាយ​ទេ​លើក​លែងតែ ហ្រ្វែឌើរិក ដែល​កំពុងឈឺ​ជា​ទម្ងន់ ។

កូនតូច​របស់យើង អាឡិច​សាន់ឌើរ ដែលអូន​កំពុង​បី​គឺជា​ក្មេង​ឆ្លាត​បំផុត ដែល​បង​មិន​ដែល​ធ្លាប់​បាន​ជួប​ក្នុង​ជីវិត​បង ។ គាត់​រឹងមាំ ហើយ​គាត់អាច​រត់​ជុំវិញ​បន្ទប់​ដោយ​គ្មាន​កៅអី​ជា​ជំនួយ​បាន … ។

គ្មាន​នរណា​ក្រៅពី​ព្រះ​ទេ​ដែល​អាច​ដឹង​ចិត្ត​អូន និង​អារម្មណ៍​នៅក្នុង​ដួង​ចិត្ត​អូន នៅពេល​ដែល​អូន​ចាកចេញ​ពី​ផ្ទះ​របស់​យើង ហើយ​ត្រូវ​លះបង់​ចោល​ទ្រព្យសម្បត្តិ​ស្ទើរតែ​ទាំងអស់ លើកលែង​តែ​កូន​តូចៗ​របស់​យើង ហើយ​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​រដ្ឋ​មិសសួរី ទាំង​ទុក​បង​ចោល​ក្នុង​គុក​តែ​ឯង ។ ប៉ុន្ដែ​ការចងចាំគឺហួសពី​អ្វី​ដែល​មនុស្ស​ធម្មតា​អាច​ស៊ូ​ទ្រាំ​បាន ។…

… អូនសង្ឃឹម​ថា ថ្ងៃល្អ​នឹង​មាន​សម្រាប់​ពួកយើង ។… [ ពីអូន ] មនុស្ស​ជា​ទី​ស្រឡាញ់​របស់​បង​ជា​រៀងរហូត ។

អិមម៉ា ស្ម៊ីធ

សំបុត្រ​មកពី យ៉ូសែប ស្ម៊ីធ ជូន​ចំពោះ អិមម៉ា ស្ម៊ីធ ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ១៨៣៩

ជូនចំពោះ—ភរិយា​—សម្លាញ់​ចិត្ត ។

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ បង​បាន​អង្គុយ​ចុះ​នាពេល​ព្រះអាទិត្យ​លិច សម្លឹង​មើល​តាម​ចម្រឹងគុក​ដ៏​ឯកោ​នេះ​ដើម្បី​សរសេរ​រៀបរាប់​ប្រាប់​អូន​ពី​ស្ថានភាព​របស់​បង ។ បង​ជឿ​ថា ឥឡូវ​វាមាន​រយៈពេល​ប្រហែល​ជា​ប្រាំ​ខែ​ប្រាំ​មួយ​ថ្ងៃ​ហើយ ចាប់តាំងពី​ពេល​ដែល​បង​ត្រូវ​គេ​ចាប់ខ្លួន​ទាំង​យប់​ពី​សំណាក់​ពួក​អ្នកយាមទាំង​កម្រោល យកមក​បង្ខាំង​ក្នុង​របងជាប់​សោដែក​តែឯង ក្នុង​កន្លែង​ងងឹត ក្នុង​គុក​ដ៏​កខ្វក់​នេះ ។ មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ទប់​អារម្មណ៍​បង​ឲ្យ​សរសេរ​សំបុត្រ​នេះ​បាន ។ ស្ថិត​នៅ​ក្រោម​ស្ថានភាព​បែបនេះ បង​មិន​អាច​រក​ពាក្យ​អ្វី​មក​រៀបរាប់ ឬ​សរសេរ ឬ​មាន​ទេវតា​ណា​អាច​មក​ពិពណ៌នា ឬ​មនុស្ស​ជាតិ​ណា​ដែល​អាច​យល់​ពី​ការឈឺចាប់​នេះ​បើ​មិនធ្លាប់​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ដូចយើង​ទេ​នោះ ។… យើង​ពឹងផ្អែក​នៅក្នុង​ព្រះហស្ត​របស់​ព្រះយេហូវ៉ា បើ​ទ្រង់​មិន​ដោះលែង​ទេ​គ្មាន​នរណា​ម្នាក់អាច​រំដោះ​យើង​បានឡើយ បើសិន​ជា​ទ្រង់​ពុំ​ធ្វើ​កិច្ចការ​នេះ​ទេ គ្មាន​នរណា​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ឡើយ អូន​ប្រហែល​ជា​ដឹង​ច្បាស់​ហើយ​ថា មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​រដ្ឋ​នេះ​ចង់​សម្លាប់​យើង មិនមែន​ដោយ​ព្រោះ​យើង​ខុស​ទេ ។ … អិមម៉ា សម្លាញ់​ចិត្ត​បង​អើយ បងគិត​ដល់អូន និង​កូនៗ​ជានិច្ច ។… បង​ចង់​ឃើញ​មុខ​កូន​តូចៗ​របស់​យើង ហ្រ្វែឌើរិក, យ៉ូសែប, ជូលៀ, អាឡិចសាន់ឌើរ, ចូអាណា និង​អូល មេជើរ​ [ ឆ្កែ​ក្នុង​គ្រួសារ​យើង ] ។ … បង​រីករាយ​នឹង​ដើរ​ទៅ​រក​អូន​ទាំង​ជើង​ទទេ ក្បាល​ទទេ និង​គ្មាន​អាវ​ពាក់សោះ​ចេញ​ពី​ទី​នេះ ដើម្បី​ជួប​អូន​ទាំង​ក្តី​រីករាយ​អស្ចារ្យ​ដោយ​មិន​រាប់ថាជា​ការលំបាក​ឡើយ … ។ បងទ្រាំទ្រ​នឹង​ការ​ជិះជាន់​ដោយ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដែលបង​មាន ដូច្នោះ​អ្នក​ដែល​នៅ​ជាមួយ​យើង នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​នៅ​បន្ត​មាន​ការតាំងចិត្ត និង​ដោយអាកប្បកិរិយា​ខ្ជាប់ខ្ជួន ។ សូម​អូន [ កុំ ] ឲ្យ [ កូនៗ​របស់​យើង ] បំភ្លេច​បង​ណា ។ សូម​ប្រាប់​ពួកគេ​ថា ឱពុក​គេ​ស្រឡាញ់​ពួកគេ​ដោយ​ក្តី​ស្រឡាញ់​យ៉ាង​ឥតខ្ចោះ ហើយ​គាត់​បាន​ព្យាយាម​ធ្វើ​អ្វីៗ​ដែល​អាច​ធ្វើ​បាន​ដើម្បី​គេច​ពី​មនុស្ស​អាក្រក់​ទៅ​ជួប​នឹង​ពួកគេ​វិញ ។ … សូម​ប្រាប់​កូនៗ​ថា ឱពុក​របស់​ពួកគេ​ចង់​ឲ្យ​ពួកគេ​ក្លាយ​ជា​កូន​ល្អ និង​គោរព​ម្តាយ​របស់​ពួកគេ ។ …

ដោយ​ក្តីស្រឡាញ់​ពី​បង

យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ

កំណត់​ចំណាំ

  1. « Letter from Emma Smith, 7 March 1839 » Letterbook ទំព័រ ២ និង ៣៧ នៅលើ​គេហទំព័រ josephsmithpapers.org ការប្រកប វណ្ណយុត្តិ និង​វេយ្យករណ៍​ត្រូវបាន​ធ្វើ​បមាណីយកម្ម ។

  2. « Letter to Emma Smith, 4 April 1839 » ទំព័រ ១–៣ នៅលើ​គេហទំព័រ josephsmithpapers.org ការប្រកប វណ្ណយុត្តិ និង​វេយ្យករណ៍​ត្រូវបាន​ធ្វើ​បមាណីយកម្ម ។

  3. យ៉ូសែប និង​ដៃគូ​របស់​លោក​ត្រូវ​បាន​គេ​ចាប់ខ្លួន​នៅ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៨៣៨ ហើយ​ដាក់​អ្នកយាម​ឃ្លាំមើល​ទាំង​យប់​ទាំងថ្ងៃ ។ បន្ទាប់ពីការ​កាត់ទោស​លើក​ដំបូង​នៅ រីចម៉ន្ដ រដ្ឋ​មិសសួរី ពួកលោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​គុក​លិបើទី នៅ ថ្ងៃទី ១ ខែ ធ្នូ ។