« ថ្ងៃទី ៦–១២ ខែ តុលា ៖ ‹ យើងនឹងរៀបចំគ្រប់អ្វីៗទាំងអស់សម្រាប់សេចក្ដីល្អដល់អ្នក › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១១១–១១៤ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១១១–១១៤ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥
ថ្ងៃទី ៦–១២ ខែ តុលា ៖ « យើងនឹងរៀបចំគ្រប់អ្វីៗទាំងអស់សម្រាប់សេចក្ដីល្អដល់អ្នក »
គោលលទ្ធិ និងសេចក្តីសញ្ញា ១១១–១១៤
តើបងប្អូនធ្លាប់មានបទពិសោធន៍ខាងវិញ្ញាណ ដែលធ្វើឲ្យបងប្អូនមានអារម្មណ៍ជឿជាក់ និងមានសុវត្ថិភាពចំពោះសេចក្ដីជំនឿរបស់បងប្អូនទៅលើព្រះគ្រីស្ទ—ប៉ុន្តែក្រោយមកសេចក្តីវេទនាក្នុងជីវិតបានសាកល្បងសេចក្តីជំនឿរបស់បងប្អូនលើព្រះគ្រីស្ទ ហើយបងប្អូនឃើញថាខ្លួនរបស់បងប្អូនពិបាកនឹងទទួលបានសេចក្តីសុខសាន្តដែលបងប្អូនមិនធ្លាប់មានពីមុនមកដែរឬទេ ? រឿងស្រដៀងគ្នានេះបានកើតឡើងចំពោះពួកបរិសុទ្ធនៅក្នុងខឺតឡង់ ។ មិនដល់មួយឆ្នាំផងបន្ទាប់ពីព្រះវិញ្ញាណបានចាក់ស្រោចនៅក្នុងពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ ស្រាប់តែមានបញ្ហាជាច្រើនបានកើតឡើង ។ វិបត្តិហិរញ្ញវត្ថុ ជម្លោះក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ និងការសាកល្បងផ្សេងៗទៀតបានធ្វើឲ្យពួកបរិសុទ្ធមួយចំនួនរេរាសេចក្តីជំនឿរបស់ពួកគេ ទោះបីជាពួកគេមានបទពិសោធន៍ល្អពីមុនក៏ដោយ ។
យើងមិនអាចចៀសផុតការសាកល្បងបានទេ ដូច្នេះតើយើងអាចការពារវាមិនឲ្យរងការគំរាមកំហែងដល់សេចក្តីជំនឿ និងទីបន្ទាល់របស់យើងដោយរបៀបណា ? ប្រហែលផ្នែកមួយនៃចម្លើយអាចរកបាននៅក្នុងការប្រឹក្សារបស់ព្រះអម្ចាស់ ក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១១២ ទ្រង់បានប្រទានឲ្យអំឡុងពេលរឿងអាក្រក់នៅក្នុងទីក្រុងខឺតឡង់កំពុងតែរីកធំឡើង ។ ព្រះអម្ចាស់បានមានបន្ទូលថា « ចូរជម្រះចិត្តរបស់អ្នកឲ្យបានបរិសុទ្ធនៅចំពោះយើងចុះ » ( ខទី ២៨ ) « ចូរកុំបះបោរ » ( ខទី ១៥ ) « ចូរក្រវាត់ចង្កេះសម្រាប់កិច្ចការចុះ » ( ខទី ៧ ) និង« ចូរមានចិត្តរាបសា » ( ខទី ១០ ) ។ ពេលយើងធ្វើតាមដំបូន្មាននេះ នោះព្រះអម្ចាស់នឹង « ដឹកដៃ [ យើង ] » ឲ្យឆ្លងកាត់ការលំបាក និងដឹកនាំទៅរកការព្យាបាល និងភាពសុខសាន្ត ( សូមមើល ខទី ១០, ១៣ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
ព្រះអម្ចាស់អាច « រៀបចំគ្រប់អ្វីៗទាំងអស់សម្រាប់សេចក្តីល្អ [ ដល់ខ្ញុំ ] » ។
រហូតដល់ឆ្នាំ ១៨៣៦ សាសនាចក្របានធ្លាក់ក្នុងបំណុលការប្រាក់យ៉ាងធ្ងន់ធ្ងរ ក្នុងការធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។ យ៉ូសែប ស្ម៊ីធ និងមនុស្សផ្សេងៗទៀតបានខ្វាយខ្វល់អំពីបំណុលទាំងនេះ និងបានរិះរកមធ្យោបាយដើម្បីសងបំណុលទាំងនេះ ( សូមមើល ក្បាលកណ្ឌនៅ គោលលទ្ធិ និងសេចក្តីសញ្ញា ១១១ ) ។
នៅពេលបងប្អូនអាន កណ្ឌទី ១១១ សូមពិចារណាអំពីរបៀបដែលព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់ យ៉ូសែប អាចអនុវត្តចំពោះបងប្អូន—និងអ្វីដែលបងប្អូនខ្វល់ខ្វាយអំពី ។ ឧទាហរណ៍ តើនៅពេលណាបងប្អូនទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ « សូម្បីតែការចម្កួតរបស់អ្នក » ( ខទី ១ ) ? តើព្រះអម្ចាស់បានជួយបងប្អូនឲ្យស្វែងរក « ទ្រព្យសម្បត្តិ » ដែលមិនបានរំពឹងទុកដោយរបៀបណា ? ( ខទី ១០ ) ? តើទ្រង់បានធ្វើអ្វីដើម្បី « រៀបចំគ្រប់អ្វីៗទាំងអស់សម្រាប់សេចក្តីល្អដល់អ្នក » ( ខទី ១១ ) ? តើឃ្លា « យ៉ាងលឿនតាមដែលអ្នកអាចទទួលរបស់ទាំងនោះបាន » បង្រៀនបងប្អូនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ?
សូមមើលផងដែរ ម៉ាថាយ ៦:១៩–២១, ៣៣; « More Treasures Than One »នៅក្នុង Revelations in Context ទំព័រ ២២៩–២៣៤ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២:៣–១៥, ២២
ព្រះអម្ចាស់នឹងដឹកនាំខ្ញុំនៅពេលខ្ញុំស្វែងរកព្រះទ័យទ្រង់ដោយរាបសា ។
ថូម៉ាស ប៊ី ម៉ាស ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានអាក់អន់ចិត្តដែលយ៉ូសែប ស្ម៊ីធ បានហៅសមាជិកកូរ៉ុមរបស់គាត់ពីរនាក់ឲ្យផ្សព្វផ្សាយសាសនានៅប្រទេសអង់គ្លេស ដោយមិនបានពិគ្រោះជាមួយគាត់ ។ គាត់បានជួបជាមួយព្យាការី ដែលបានទទួលវិវរណៈដែលបានជួយ ថូម៉ាស ទុកអារម្មណ៍ឈឺចាប់របស់គាត់មួយអន្លើ ។ វិវរណៈនោះ ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២ ។
សូមចងចាំអត្ថបទនេះក្នុងចិត្ត នៅពេលបងប្អូនសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ១១២ ។ តើបងប្អូនរកឃើញអ្វីខ្លះដែលអាចព្យាបាលអារម្មណ៍ឈឺចាប់របស់ ថូម៉ាស ? នៅក្នុង ខទី ៣–១៥ និង ២២ បងប្អូនអាចរកមើលចម្លើយចំពោះសំណួរដូចនេះ ៖ តើអ្វីទៅជាការបន្ទាបខ្លួន ? តើវាមានអត្ថន័យដូចម្តេចក្នុងការដែលព្រះអម្ចាស់ដឹកនាំបងប្អូនដោយ « ដឹកដៃ » ? តើបងប្អូនគិតថា ហេតុអ្វីបានការបន្ទាបខ្លួនជួយបងប្អូនឲ្យទទួលបានការណែនាំពីព្រះអម្ចាស់ ? បងប្អូនអាចស្វែងរកចម្លើយបន្ថែមទៀតនៅក្នុង « គំរូនៃភាពរាបសា » នៅក្នុងសារលិខិតរបស់អែលឌើរ យ៉ូសែប ដបុលយូ ស៊ីតាទី « គំរូនៃភាពជាសិស្ស » ( លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៨៧–៨៨ ) ។
សូមគិតអំពីនរណាម្នាក់ដែលបងប្អូនស្គាល់ដែលជាមនុស្សបន្ទាបខ្លួន ។ តើបុគ្គលនេះបានធ្វើអ្វីខ្លះដើម្បីបង្ហាញពីភាពរាបសា ? តើបងប្អូនរៀនអ្វីខ្លះមកពីព្រះអង្គសង្រ្គោះអំពីការបន្ទាបខ្លួន ? ប្រហែលជាបងប្អូនអាចស្វែងរករូបភាពក្នុងពេលមួយនៅក្នុងព្រះជន្មរបស់ទ្រង់ដែលទ្រង់បានបង្ហាញភាពរាបសា ។
តើនៅពេលណាដែលបងប្អូនបានទទួលអារម្មណ៍ថាព្រះអម្ចាស់បានដឹកនាំបងប្អូន នៅពេលបងប្អូនបានបន្ទាបខ្លួន ?
សូមមើលផងដែរ អូលីសេស សូរ៉េស « Be Meek and Lowly of Heart » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៩–១១ « The Faith and Fall of Thomas Marsh » នៅក្នុង Revelations in Context ទំព័រ ៥៤–៦០ ប្រធានបទ និង សំណួរ « Humility » នៅលើបណ្ណាល័ដំណឹងល្អ « ចូរបន្ទាបខ្លួន » ទំនុកតម្កើង ទំព័រ ៧០ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២:១២–២៦, ២៨, ៣៣–៣៤
អស់អ្នកដែលបានប្រែចិត្តជឿពិតបានស្គាល់ព្រះយេស៊ូវគ្រីស្ទ ។
ការពិតដែលថា ពួកសាវកមួយចំនួននៅក្នុងឆ្នាំ ១៨៣៧ បានប្រែប្រឆាំងនឹងព្យាការី នោះគឺជាការរំឭកដ៏ល្អមួយថា មិនថាការហៅក្នុងសាសនាចក្រជាអ្វី ឬថាយើងស្គាល់ដំណឹងល្អច្រើនប៉ុនណាទេ យើងត្រូវតែប្រាកដថា យើងម្នាក់ៗពិតជាបានបីបាច់ការប្រែចិត្តជឿរបស់យើងចំពោះព្រះយេស៊ូវគ្រីស្ទប្រាកដមែន ។ ប្រហែលជាបងប្អូនអាចអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២:១២–២៦, ២៨, ៣៣–៣៤ ហើយរកមើលសេចក្តីពិតដែលអាចជួយបងប្អូនយកឈ្នះលើការសាកល្បងនៃសេចក្តីជំនឿ ឬប្រែចិត្តជឿកាន់តែពេញលេញទៅលើព្រះអម្ចាស់ ។ បងប្អូនអាចនឹងមានអារម្មណ៍បំផុសគំនិតដើម្បីចែកចាយអ្វីដែលបងប្អូនរកឃើញដើម្បីជួយអ្នកផ្សេងទៀតពង្រឹងការប្រែចិត្តជឿរបស់ពួកគេចំពោះព្រះគ្រីស្ទ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១១៣
យ៉ូសែប ស៊្មីធ គឺជា « អ្នកបម្រើនៅក្នុងព្រះហស្តនៃព្រះគ្រីស្ទ » ។
ព្យាការី អេសាយសំដៅទៅកូនចៅអ៊ីសាយ ដូចជា « លំពង់ » និង « ឫស » ( អេសាយ ១១:១,១០ ) ។ នៅក្នុង កណ្ឌទី ១១៣ ព្រះអម្ចាស់បានពន្យល់ថា កូនចៅជំនាន់នេះគឺជាបាវបម្រើរបស់ព្រះគ្រីស្ទ ពួកគេនឹងក្លាយជាឧបករណ៍នៅក្នុងការប្រមូលផ្តុំរាស្រ្តរបស់ព្រះអម្ចាស់នៅថ្ងៃចុងក្រោយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៣:៤, ៦ ) ។ ការព្យាករណ៍នេះពិពណ៌នាអំពីព្យាការី យ៉ូសែប ស្ម៊ីធ យ៉ាងច្បាស់។ តើការព្យាករណ៍នេះ និងសេចក្តីពិតដទៃទៀតនៅក្នុង កណ្ឌទី ១១៣ បានលើកទឹកចិត្តដល់ពួកបរិសុទ្ធ អំឡុងគ្រាចលាចលដែលពួកគេបានឆ្លងកាត់នៅក្នុងទីក្រុងខឺតឡង់ដោយរបៀបណា ? តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងវិវរណៈនេះ ដែលបំផុសគំនិតបងប្អូនឲ្យបន្តនៅរឹងមាំ និងបន្តចូលរួមក្នុងកិច្ចការរបស់ព្រះអម្ចាស់នាពេលបច្ចុប្បន្ននេះ ?
សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អ៊ីសាយ » នៅលើបណ្ណាល័យដំណឹងល្អ នីហ្វៃទី២ ២១:១០–១២; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤០ ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១១:២, ១០–១១
រឿងរបស់ព្រះអាចជាទ្រព្យសម្បត្តិមួយចំពោះខ្ញុំ ។
-
បងប្អូន និងកុមាររបស់បងប្អូនអាចគូររូបអំពីអ្វីដែលមាននៅក្នុងគំនិតរបស់បងប្អូន ពេលពួកគេឮពាក្យថា ទ្រព្យសម្បត្តិ ។ បន្ទាប់មកបងប្អូនអាចអានជាមួយគ្នា គោលលទ្ធិ និងសេចក្តីសញ្ញា ១១១:២, ១០–១១ ហើយប្រៀបធៀបទ្រព្យសម្បត្តិនៅលើផែនដីជាមួយនឹងអ្វីដែលព្រះអម្ចាស់ឲ្យតម្លៃ ។ ( សូមមើលផងដែរ ទំព័រសកម្មភាព ប្រចាំសប្តាហ៍នេះ ) ។ តើយើងអាចឲ្យតម្លៃលើអ្វីៗដែលជារបស់ព្រះអម្ចាស់បន្ថែមទៀតដោយរបៀបណា ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២:១០
ព្រះអម្ចាស់នឹងដឹកនាំខ្ញុំដោយព្រះហស្ដ ហើយឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
-
បន្ទាប់ពីអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២:១០ ជាមួយគ្នា បងប្អូននិងកុមាររបស់បងប្អូនអាចច្រៀងជាមួយគ្នានូវបទ « ចូរបន្ទាបខ្លួន » ( ទំនុកតម្កើង ល.រ. ៧០ ) ។ បងប្អូនក៏អាចលេងល្បែងកម្សាន្តមួយដែលទាក់ទងនឹងការដឹកនាំគ្នាទៅវិញទៅមកដោយ « ដឹកដៃ » ( ដូចជា ដំណើរដែលមានឧបសគ្គ ) ។ តើព្រះអម្ចាស់ដឹកនាំយើងដោយ « ដឹកដៃ » ទោះបីជាទ្រង់មិននៅជាមួយយើងដោយរបៀបណា ? ហេតុអ្វីបានជាយើងត្រូវការព្រះអម្ចាស់ដើម្បីដឹកនាំយើង ? តើយើងមានអារម្មណ៍ថាព្រះអម្ចាស់ដឹកនាំយើងនៅពេលណា ?
-
បងប្អូន និងកុមាររបស់បងប្អូនអាចសរសេរពាក្យពេចន៍នៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២:១០ ហើយគូសបន្ទាត់ពីក្រោមពរជ័យដែលព្រះអម្ចាស់ប្រទានដល់យើង ពេលយើងងាកមករកទ្រង់ដោយបន្ទាបខ្លួន ។ សូមលើកទឹកចិត្តកុមាររបស់បងប្អូនឲ្យចែកចាយពីពេលវេលាដែលពួកគេទូលសុំជំនួយពីព្រះអម្ចាស់ដោយបន្ទាបខ្លួន ហើយបានទទួលចម្លើយចំពោះការអធិស្ឋានរបស់ពួកគេ ឬត្រូវបានដឹកនាំឲ្យធ្វើអ្វីមួយល្អ ( សូមមើល មរ៉ូណៃ ៧:១៣, ១៦ ) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២:១១
ព្រះយេស៊ូវសព្វព្រះទ័យឲ្យខ្ញុំស្រឡាញ់មនុស្សគ្រប់រូប ។
-
បងប្អូន និងកុមាររបស់បងប្អូនអាចប្តូរវេនគ្នាអាននៅ« ជំពូកទី ៤១ ៖ ក្តីអំពល់នៅក្នុងទីក្រុងខឺតឡង់ » ( នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ១៥៨–១៦០ ) ។ នៅក្នុងដំណើររឿងនេះ តើនរណាធ្វើឲ្យបញ្ហានៅក្រុងខឺតឡង់កាន់តែមានស្ថានភាពអាក្រក់ ? តើនរណាដែលបានព្យាយាមធ្វើឲ្យវាបានប្រសើរឡើង ? បន្ទាប់មក បងប្អូនអាចអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២:១១ ហើយនិយាយអំពីមូលហេតុដែលព្រះអង្គសង្គ្រោះចង់ឲ្យយើងស្រឡាញ់មនុស្សគ្រប់គ្នា ។ តើនៅពេលណាដែលទ្រង់បង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដែលមានចិត្តអាក្រក់ចំពោះទ្រង់ ? ( ឧទាហរណ៍ សូមមើល លូកា ២៣:៣៤ ) ។ បងប្អូនក៏អាចច្រៀងចម្រៀងមួយបទអំពីការស្រឡាញ់អ្នកដទៃ ដូចជាបទ « ខ្ញុំនឹងដើរជាមួយអ្នក » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៨–៧៩ ) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២:១១–១៤, ២៤–២៦
អស់អ្នកដែលបានប្រែចិត្តជឿពិតបានស្គាល់ព្រះយេស៊ូវគ្រីស្ទ ។
-
បន្ទាប់ពីអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២:២៤–២៦ បងប្អូន និងកុមាររបស់បងប្អូនអាចនិយាយអំពីភាពខុសគ្នារវាងការស្គាល់ឈ្មោះនរណាម្នាក់ និងការស្គាល់ពួកគេ ។ តើការបង្រៀនចេញពី ខទី ១១–១៤ ខ្លះដែលជួយយើងឲ្យយល់អំពីអត្ថន័យនៃការស្គាល់ព្រះអម្ចាស់ ?