« សំឡេងនៃការស្ដារឡើងវិញ ៖ ការបើកសម្ដែងខាងវិញ្ញាណ និងព្រះវិហារបរិសុទ្ធខឺតឡង់ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« ការបើកសម្ដែងខាងវិញ្ញាណ និងព្រះវិហារបរិសុទ្ធខឺតឡង់ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
សំឡេងនៃការស្ដារឡើងវិញ
ការបើកសម្ដែងខាងវិញ្ញាណ និងព្រះវិហារបរិសុទ្ធខឺតឡង់
ខាងក្រោមនេះគឺជាពាក្យពេចន៍នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ក្នុងអំឡុងពេលពិធីឧទ្ទិសឆ្លង និងនៅក្នុងការប្រជុំផ្សេងៗបន្តបន្ទាប់ទៀត ។ មនុស្សជាច្រើនបានប្រៀបប្រដូចបទពិសោធន៍របស់ពួកគេទៅនឹងបទពិសោធន៍ ដែលពួកបរិសុទ្ធកាលពីបុរាណមាននៅពេល « ព្រះចេស្តាពីស្ថានលើបានមកគ្របដណ្តប់ » លើពួកគេ នៅថ្ងៃបុណ្យ ថ្ងៃទី ៥០ ( លូកា ២៤:៤៩; សូមមើលផងដែរ កិច្ចការ ២:១–៤; គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:៣៦–៣៧ ) ។
អេលីស្សា អ័រ ស្នូ
« ពិធីឧទ្ទិសឆ្លងនោះអាចត្រូវបានហាត់សម ប៉ុន្តែមិនមានភាសាខាងសាច់ឈាមណាអាចពិពណ៌នាពីការបើកសម្តែងស្ថានសួគ៌នៃថ្ងៃដ៏គួរឲ្យចងចាំនេះបានឡើយ ។ ពួកទេវតាបានបង្ហាញព្រះកាយដល់មនុស្សមួយចំនួន ខណៈដែលការទទួលអារម្មណ៍ពីវត្តមានរបស់ព្រះត្រូវបានដឹងដល់អស់អ្នកដែលចូលរួម ហើយដួងចិត្តនៃបុគ្គលម្នាក់ៗពោរពេញដោយ ‹ អំណរដែលពុំអាចថ្លែងបញ្ជាក់បាន និងដោយសិរីល្អ › » ។
ស៊ីលវ៉ា ខាត់លឺ វែប
« ការចងចាំមួយក្នុងចំណោមការចងចាំកាលពីក្មេងរបស់ខ្ញុំ គឺការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ។ ឪពុករបស់ខ្ញុំបានលើកយើងដាក់លើភ្លៅរបស់គាត់ ហើយបានប្រាប់យើងពីមូលហេតុដែលយើងត្រូវទៅ និងអំពីអត្ថន័យនៃការឧទ្ទិសឆ្លងព្រះរាជដំណាក់ដល់ព្រះ ។ ទោះបីជាពេលនោះយើងនៅក្មេងយ៉ាងណាក្តី ក៏ខ្ញុំនៅចងចាំពីឱកាសដ៏ពិសេសនោះយ៉ាងច្បាស់ ។ ខ្ញុំអាចក្រឡេកមើលទៅព្រឹត្តិការណ៍នាពេលនោះ ហើយឃើញវាដូចពេលខ្ញុំបានឃើញ យ៉ូសែប ដែលជាព្យាការីនៅពេលនោះ ដែលកំពុងឈរដោយលើកដៃរបស់លោកឆ្ពោះទៅស្ថានសួគ៌ មុខរបស់លោកស្លេកស្លាំង ទឹកភ្នែកលោកហូរកាត់ថ្ពាល់ ហើយលោកបានមានប្រសាសន៍នៅក្នុងថ្ងៃដ៏គួរឲ្យចងចាំនោះ ។ មនុស្សស្ទើរគ្រប់រូបហាក់បីដូចជាកំពុងហូរទឹកភ្នែក ។ ព្រះរាជដំណាក់មានមនុស្សច្រើនណាស់ ហើយកូនក្មេងភាគច្រើនអង្គុយលើភ្លៅរបស់មនុស្សចាស់ បងស្រីខ្ញុំអង្គុយលើភ្លៅឱពុកខ្ញុំ ខ្ញុំអង្គុយលើភ្លៅម្តាយខ្ញុំ ។ សូម្បីតែសម្លៀកបំពាក់ដែលយើងស្លៀកពាក់ក៏ខ្ញុំនៅចាំដែរ ។ គំនិតរបស់ខ្ញុំក្នុងការចាប់យកអត្ថន័យដ៏សំខាន់ពេញលេញរបស់វានៅពេលនោះ នៅក្មេងខ្ចីណាស់ ប៉ុន្តែកាលពេលវេលាបានកន្លងផុតទៅ ខ្ញុំចាប់ផ្តើមយល់កាន់តែច្បាស់បន្តិចម្តងៗ ហើយខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះឯកសិទ្ធិដែលអាចនៅទីនោះ » ។
អូលីវើរ ខៅឌើរី
« នៅល្ងាចមួយខ្ញុំបានជួបជាមួយអ្នកកាន់តំណែងនៃសាសនាចក្រក្នុងដំណាក់របស់ព្រះអម្ចាស់ ។ ព្រះវិញ្ញាណបានចាក់ស្រោចចុះមក—ខ្ញុំបានឃើញសិរីល្អរបស់ព្រះ ដូចជាដុំពពកមួយយ៉ាងធំ បានធ្លាក់ចុះមកចំពីលើព្រះរាជដំណាក់ និងហាក់បីដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង ។ ខ្ញុំក៏បានឃើញអណ្តាតភ្លើង ដូចជាភ្លើង ធ្លាក់មកលើមនុស្សជាច្រើន … ខណៈពេលដែលពួកគេនិយាយ និងព្យាករក្នុងភាសាមួយផ្សេងទៀត » ។
បេនយ៉ាមីន ប្រោន
« មានការនិមិត្តជាច្រើន [ ត្រូវបាន ] មើលឃើញ ។ មនុស្សម្នាក់បានឃើញសសរ ឬដុំពពកធ្លាក់ចុះចំលើព្រះរាជដំណាក់ភ្លឺដូចជាពន្លឺព្រះអាទិត្យរះនៅលើពពកដូចជាមាស ។ មនុស្សពីរនាក់ផ្សេងទៀតបានឃើញតួរអង្គបី សំកាំងក្នុងបន្ទប់ ជាមួយនឹងកូនសោដ៏ភ្លឺក្នុងព្រះហស្ថ និងបណ្តោងដែលមានពន្លឺក្នុងព្រះហស្ថផងដែរ » ។
អួរសុន ប្រាត្ត
« ព្រះមានវត្ថមាននៅទីនោះ ទេវតារបស់ទ្រង់ក៏នៅទីនោះដែរ ព្រះវិញ្ញាណបរិសុទ្ធគឺនៅក្នុងចំណោមរាស្រ្តរបស់ទ្រង់ … ហើយពួកគេទទួលអារម្មណ៍ចាប់តាំងពីលើក្បាល ទៅដល់ចុងជើងរបស់ពួកគេជាមួយនឹងព្រះចេស្តា និងការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ » ។
ណានស៊ី ណាអូមី អាឡិចសាន់ឌឺ ត្រេស៊ី
« [ នៅពេល ] ដែលព្រះវិហារបរិសុទ្ធបានបញ្ចប់ និងធ្វើពិធីឧទ្ទិសឆ្លងរួចមក … ពីរថ្ងៃនោះគឺជាថ្ងៃដ៏រីករាយបំផុតក្នុងជីវិតរបស់ខ្ញុំ ។ ទំនុកតម្កើងដ៏ពិរោះ ដែលស័ក្តិសមសម្រាប់ឱកាសនោះគឺ ‹ ព្រះវិញ្ញាណនៃព្រះ ដូចជាភ្លើងកំពុងតែឆេះ › ។ វាគឺជាការពិតណាស់ដែលឥទ្ធិពលរបស់ព្រះវរបិតាសួគ៌បានចុះមកគ្របដណ្ដប់ព្រះរាជដំណាក់នោះ … ។ ខ្ញុំបានមានអារម្មណ៍ថា ស្ថានសួគ៌នៅលើផែនដី » ។