« ថ្ងៃទី ១–៧ ខែ ធ្នូ ‹ ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧–១៣៨ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧–១៣៨ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ១–៧ ខែ ធ្នូ ៖ « ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ »
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧–១៣៨
វិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧ និង១៣៨ មានគម្លាតពីគ្នាជាង ៨០ ឆ្នាំ និង១,៥០០ ម៉ែល ( ២៤០០ គ.ម. ) ។ កណ្ឌទី ១៣៧ បានទទួលដោយព្យាការី យ៉ូសែប ស៊្មីធ ក្នុង ឆ្នាំ ១៨៣៦ ក្នុងព្រះវិហារបរិសុទ្ធខឺតឡង់និងកណ្ឌទី ១៣៨ បានទទួលដោយ យ៉ូសែប អេហ្វ ស្ម៊ីធ ជាប្រធាននៃសាសនាចក្រទីប្រាំមួយនៅក្នុង ឆ្នាំ ១៩១៨ នៅក្នុងទីក្រុងសលត៍ លេក ។ ប៉ុន្តែគោលលទ្ធិនៃការនិមិត្តទាំងពីរនេះដើរទន្ទឹមគ្នា ។ ពួកលោកទាំងពីរឆ្លើយសំណួរដែលមនុស្សជាច្រើន—រួមទាំងពួកព្យាការីរបស់ព្រះ—មានអំពីជីវិតបន្ទាប់ពីសេចក្តីស្លាប់ ។ យ៉ូសែប ស្ម៊ីធ បានងឿងឆ្ងល់អំពីជោគវាសនារបស់បងប្រុសរបស់លោកដែលមានឈ្មោះ អាលវិន ដែលបានស្លាប់ដោយមិនបានទទួលបុណ្យជ្រមុជទឹក ។ យ៉ូសែប អេហ្វ ស៊្មីធ ដែលបានបាត់បង់ឪពុកម្ដាយទាំងពីររបស់លោក និងកូន ១៣ នាក់ដែលស្លាប់ក្នុងវ័យក្មេង បានគិតជាញឹកញាប់អំពីពិភពវិញ្ញាណ ហើយឆ្ងល់អំពីការផ្សាយដំណឹងល្អនៅទីនោះ ។
កណ្ឌទី ១៣៧ ផ្តល់សេចក្តីលម្អិតអំពីជោគវាសនានៃបុត្រាបុត្រីរបស់ព្រះនៅជីវិតបន្ទាប់ និងកណ្ឌទី ១៣៨ កាន់តែផ្ដល់សេចក្តីលម្អិតបន្ថែមទៀត ។ វិវរណៈទាំងពីរនេះបានរួមជាមួយគ្នាថ្លែងទីបន្ទាល់អំពី « សេចក្តីស្រឡាញ់ដ៏ធំ និងអស្ចារ្យដែលបានសម្តែងដោយព្រះវរបិតា និងព្រះរាជបុត្រា » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៣ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧; ១៣៨:៣០–៣៧, ៥៧–៦០
បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់នឹងមានឱកាសដើម្បីជ្រើសរើសជីវិតដ៏នៅអស់កល្បជានិច្ច ។
អាលវិន ស្ម៊ីធ ជាបងប្រុសជាទីស្រឡាញ់របស់ព្យាការី យ៉ូសែប បានទទួលមរណភាពប្រាំមួយឆ្នាំ មុនពេលដែលព្រះបានស្តាឡើងវិញនូវសិទ្ធិអំណាចដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក ។ ការយល់ដឹងទូទៅក្នុងចំណោមពួកគ្រីស្ទានក្នុងឆ្នាំ ១៨៣៦ គឺថាប្រសិនបើមនុស្សមា្នក់ទទួលមរណភាពដោយមិនបានទទួលបុណ្យជ្រមុជទឹកគឺបុគ្គលម្នាក់នោះមិនអាចទៅស្ថានសួគ៌បានទេ ។ យ៉ូសែបបានងឿងឆ្ងល់អំពីសេចក្តីសង្រ្គោះដ៏នៅអស់កល្បនិច្ចរបស់អាលវិន អស់រយៈពេលជាច្រើនឆ្នាំ—រហូតដល់បានទទួលវិវរណៈនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧ ។
សព្វថ្ងៃនេះ មនុស្សជាច្រើនមានសំណួរស្រដៀងគ្នានេះ ។ ហេតុអ្វីបានជាព្រះតម្រូវឲ្យមានពិធីបរិសុទ្ធ និងសេចក្ដីសញ្ញា នៅពេលមនុស្សជាច្រើនមិនមានឱកាសទទួលវា ? តើបងប្អូននឹងនិយាយអ្វីទៅកាន់នរណាម្នាក់ដែលងឿងឆ្ងល់អំពីការណ៍នេះ ? តើបងប្អូននឹងស្ថាបនាសេចក្ដីជំនឿរបស់ពួកគេលើព្រះ និងតម្រូវការរបស់ទ្រង់សម្រាប់សេចក្ដីសង្គ្រោះដោយរបៀបណា ? សូមរកមើលសេចក្តីពិតដែលបងប្អូនអាចចែកចាយ កណ្ឌទី ១៣៧ និងនៅក្នុង កណ្ឌទី ១៣៨:៣០–៣៧, ៥៧–៦០ ។ បងប្អូនក៏អាចរកមើលសេចក្តីពិតទាំងនេះនៅក្នុងទំនុកតម្កើងបទ « The Glorious Gospel Light Has Shone » ( ទំនុកតម្កើង ល.រ. ២៨៣ ) និងសារលិខិតរបស់ប្រធាន ហែនរី ប៊ី អាវរិង « Gathering the Family of God » ( Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៩–២២ ) ។
នៅពេលបងប្អូនសិក្សា និងជញ្ជឹងគិត បងប្អូនអាចកត់ត្រាចំណាប់អារម្មណ៍របស់បងប្អូនដោយបំពេញប្រយោគដូចនេះ ៖
-
ដោយសារវិវរណៈទាំងនេះ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ ។
-
ដោយសារវិវរណៈទាំងនេះ ខ្ញុំដឹងថាផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតា ។
-
ដោយសារវិវរណៈទាំងនេះ ខ្ញុំចង់ ។
សូមមើលផងដែរ ពួកបរិសុទ្ធ ១:២៣២–២៣៥ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:១–១១, ២៥–៣០
ការអាន និងការពិចារណាអំពីបទគម្ពីររៀបចំខ្ញុំឲ្យទទួលវិវរណៈ ។
ពេលខ្លះវិវរណៈអាចកើតមាន ទោះជាយើងមិនបានស្វែងរកវាក្តី ។ ប៉ុន្តែជាញឹកញាប់ វាកើតមានព្រោះយើងបានស្រាវជ្រាវដោយឧស្សាហ៍ និងរៀបចំខ្លួនយើងសម្រាប់វា ។ នៅពេលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:១–១១, ២៥–៣០ សូមកត់ចំណាំអំពីអ្វីដែលប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានជញ្ជឹងគិតនៅពេល « កែវភ្នែកនៃការយល់ដឹងរបស់ [ លោក ] ត្រូវបានបើកឡើង » ។ បងប្អូនក៏អាចប្រៀបធៀបបទពិសោធន៍របស់លោកទៅនឹង នីហ្វៃទី១ ១១:១–៦; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២–១៩ បានផងដែរ ។ សូមពិចារណាអំពីរបៀបដែលបងប្អូនអាចធ្វើតាមគំរូរបស់ប្រធាន ស្ម៊ីធ ។ ឧទាហរណ៍ តើការផ្លាស់ប្តូរអ្វីខ្លះដែលបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើ ចំពោះការសិក្សាព្រះគម្ពីររបស់បងប្អូនដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួនបន្ថែមទៀត ?
នៅក្នុងសារលិខិតរបស់លោក « ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧១–៧៤ ) ប្រធាន អិម រ័សុល បាឡឺដ បានផ្ដល់យោបល់អំពីវិធីផ្សេងទៀតដែលប្រធាន ស្ម៊ីធ បានរៀបចំខ្លួនដើម្បីទទួលវិវរណៈនេះ ។ តើបងប្អូនរៀនអ្វីខ្លះមកពីបទពិសោធន៍របស់លោក ? សូមពិចារណាអំពីរបៀបដែលព្រះអម្ចាស់បានរៀបចំបងប្អូនសម្រាប់បទពិសោធន៍ដែលបងប្អូនកំពុងមាន—និងរបៀបដែលទ្រង់អាចនឹងរៀបចំបងប្អូនសម្រាប់បទពិសោធន៍នាពេលអនាគតរបស់បងប្អូន ។
សូមមើលផងដែរ Saints ៣:២០២–២០៥; « Ministry of Joseph F. Smith: A Vision of the Redemption of the Dead » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:២៥–៦០
ការងាររបស់ព្រះអង្គសង្រ្គោះបន្តនៅផ្នែកម្ខាងទៀតនៃវាំងនន ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « សារលិខិតរបស់យើងទៅកាន់ពិភពលោកគឺសាមញ្ញ ហើយដោយស្មោះ ៖ ពួកយើងសូមអញ្ជើញបុត្រាបុត្រីរបស់ព្រះទាំងអស់ទាំងនៅសងខាងនៃវាំងននឲ្យមករកព្រះអង្គសង្គ្រោះ ទទួលយកពរជ័យនៃព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ ទទួលបានអំណរយូរអង្វែង និងស័ក្ដិសមសម្រាប់ជីវិតអស់កល្បជានិច្ច » ( « Let Us All Press On » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១៨–១១៩ ) ។ សូមជញ្ជឹងគិតពីសេចក្តីថ្លែងនេះ កាលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:២៥–៦០ ។ បងប្អូនក៏អាចពិចារណាអំពីសំណួរទាំងនេះផងដែរ ៖
-
តើបងប្អូនរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះអំពីរបៀបដែលការងាររបស់ព្រះអង្គសង្រ្គោះកំពុងសម្រេចបាននៅក្នុងពិភពវិញ្ញាណ ? ហេតុអ្វីបានជាវាមានសារៈខាន់ចំពោះបងប្អូន ដែលត្រូវដឹងថាកិច្ចការនេះកំពុងតែនឹងកើតឡើង ?
-
តើអ្វីដែលធ្វើឲ្យបងប្អូនអស្ចារ្យចំពោះអ្នកនាំសារលិខិតរបស់ព្រះអម្ចាស់នៅក្នុងពិភពវិញ្ញាណ ?
-
តើវិវរណៈនេះពង្រឹងជំនឿរបស់បងប្អូនលើផែនការនៃការប្រោសលោះរបស់ព្រះដោយរបៀបណា ?
ប្រសិនបើបងប្អូនចង់ស្វែងយល់បន្ថែមអំពីពិភពវិញ្ញាណ នោះបងប្អូនអាចសិក្សាសារលិខិតរបស់ប្រធាន ដាល្លិន អេក អូក « Trust in the Lord » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២៦–២៩ ) ។
សូមមើលផងដែរ « Susa Young Gates and the Vision of the Redemption of the Dead » នៅក្នុង Revelations in Context ទំព័រ ៣១៥–៣២២; « A Visit from Father » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧:៥–១០; ១៣៨:១៨–៣៥
បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់នឹងមានឱកាសដើម្បីស្តាប់ពីដំណឹងល្អ ។
-
ដើម្បីរៀនថា តើវាមានន័យយ៉ាងណាចំពោះ យ៉ូសែប ស្ម៊ីធ នៅពេលដែលឃើញសមាជិកគ្រួសារលោកមួយចំនួនបានរស់នៅក្នុងនគរសេឡេស្ទាល នោះកុមាររបស់បងប្អូនអាចមើលវីដេអូ « Ministry of Joseph Smith: Temples » ( នៅលើបណ្ណាល័យដំណឹងល្អ ) ឬបងប្អូនអាចចែកចាយ ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ទំព័រ ១៥២–១៥៣ ( ឬវីដេអូដែលទាក់ទងដែលមាននៅលើបណ្ណាល័យដំណឹងល្អ ) ។ បងប្អូនក៏អាចនឹងនិយាយអំពីនរណាម្នាក់ដែលបងប្អូនស្គាល់ដែលបានទទួលមរណភាពទៅដោយគ្មានឱកាសទទួលពិធីបុណ្យជ្រមុជទឹក ។ តើ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:៥–១០ បង្រៀនយើងអ្វីខ្លះអំពីមនុស្សម្នាក់នោះ ?
-
សូមពិចារណាប្រើប្រាស់រូបភាពផ្នូររបស់ព្រះអង្គសង្រ្គោះ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៥៨ ឬរូបភាពក្នុងព្រះគម្ពីរប៊ីប ល.រ. ១៤ ) ហើយរូបភាពនៅចុងបញ្ចប់នៃមេរៀននេះ ដើម្បីបង្រៀនកុមាររបស់បងប្អូនអំពីកន្លែងដែលវិញ្ញាណរបស់ព្រះយេស៊ូវបានយាងទៅ ពេលព្រះសពទ្រង់នៅក្នុងផ្នូរ ។ បន្ទាប់មក បងប្អូនអាចអានជាមួយគ្នានូវ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:១៨–១៩, ២៣–២៤, ២៧–៣០ ដើម្បីរៀនអំពីអ្វីដែលព្រះយេស៊ូវបានធ្វើ ខណៈពេលដែលទ្រង់នៅទីនោះ ។ តើទ្រង់យាងទៅជួបនរណា ? តើទ្រង់បានបង្គាប់ឲ្យពួកគេធ្វើអ្វី ? ហេតុអ្វីបានជាទ្រង់ធ្វើកិច្ចការនេះ ?
-
បងប្អូនក៏អាចប្រើប្រាស់ ទំព័រសកម្មភាព ប្រចាំសប្តាហ៍នេះ ដើម្បីជួយកុមាររបស់បងប្អូនប្រៀបធៀបអ្វីដែលពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀននៅផ្នែកម្ខាងទៀតនៃវាំងនន ( សូមមើលឧទាហរណ៍ មាត្រានៃសេចក្តីជំនឿ ១:៤ ) ជាមួយអ្វីដែលពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀននៅក្នុងពិភពវិញ្ញាណ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:៣៣ ) ។ តើមានអ្វីដែលស្រដៀងគ្នានៅក្នុងខគម្ពីរទាំងនេះ ហើយមានអ្វីដែលខុសគ្នា ? តើវាបង្រៀនយើងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់ ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:១–១១
នៅពេលខ្ញុំជញ្ជឹងគិតពីព្រះគម្ពីរ នោះព្រះវិញ្ញាណបរិសុទ្ធជួយខ្ញុំឲ្យយល់ពីបទគម្ពីរ ។
-
នៅពេលបងប្អូន និងកុមាររបស់បងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:១–១១ ជាមួយគ្នា បងប្អូនអាចអញ្ជើញពួកគេឲ្យសម្តែងធ្វើជាប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ហើយធ្វើសកម្មភាពដែលស្របនឹងពាក្យពេចន៍នៅក្នុង ខទី ៦ និងទី ១១ ។ បងប្អូនក៏អាចបង្ហាញពួកគេនូវរូបភាពរបស់ប្រធាន ស្ម៊ីធ ( ដែលមានមួយសន្លឹកនៅក្នុងមេរៀននេះ ) ហើយពន្យល់ថា លោកគឺជាប្រធានទីប្រាំមួយនៃសាសនាចក្រ ។ បងប្អូនក៏អាចនិយាយអំពីគ្រាដែលបងប្អូនបានជញ្ជឹងគិតអំពីអ្វីមួយនៅក្នុងព្រះគម្ពីរ ហើយព្រះវិញ្ញាណបរិសុទ្ធបានជួយបងប្អូនឲ្យយល់អំពីវា ។
-
សូមពិចារណាច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីការសិក្សាព្រះគម្ពីរ ដូចជាបទ « ស្វែងរក គិត អធិស្ឋាន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៦ ) ។ តើចម្រៀងនេះនិយាយថាយើងគួរធ្វើអ្វីខ្លះ ដើម្បីយល់ពីព្រះគម្ពីរ ?