ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៨–១៤ ខែ ធ្នូ ៖ « យើង​ខ្ញុំ​ជឿ » ៖ មាត្រា​នៃ​សេចក្ដី​ជំនឿ និង​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី១ និង​ទី២


« ថ្ងៃទី ៨–១៤ ខែ ធ្នូ ៖ ‹ យើង​ខ្ញុំ​ជឿ › ៖ មាត្រា​នៃ​សេចក្តី​ជំនឿ និង​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី១ និង​ទី២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« មាត្រា​នៃ​សេចក្ដី​ជំនឿ និង​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី១ និង​ទី២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

រូបភួយ​ដែល​បង្ហាញ​ដៃ​ដែល​មាន​ពណ៌​ស្បែក​ជាច្រើន​ពណ៌

សេចក្តី​លម្អិត​មកពី To All Worthy Male Members [ ចំពោះ​សមាជិកបុរស​ដែល​មាន​ភាពស័ក្តិសម​ទាំងអស់ ] ដោយ អិមមា អាលីប៊ីស

ថ្ងៃទី ៨–១៤ ខែ ធ្នូ ៖ « យើង​ខ្ញុំ​ជឿ »

មាត្រា​នៃ​សេចក្ដី​ជំនឿ និង សេចក្តី​ប្រកាស​ជាផ្លូវការ​ទី១ និង​ ទី២

ចាប់តាំង​ពី​ការនិមិត្ត​លើក​ដំបូង​របស់ យ៉ូសែ ស្ម៊ីធ ព្រះ​បាន​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ ។ នៅក្នុង​ករណី​មួយ​ចំនួន វិវរណៈ​នោះ​បានបញ្ចូល​នូវ​ការផ្លាស់ប្តូរ​ចំពោះ​គោលការណ៍ និង​ការអនុវត្ត​របស់​សាសនាចក្រ ។ សេចក្តី​ប្រកាស​ជា​ផ្លូវការទី១ និង​ ទី២ បាន​ប្រកាស​ពី​វិវរណៈ​ប្រភេទ​នេះ—ហើយ​បាននាំ​ឲ្យ​មាន​ទីបញ្ចប់​នៃ​ការអនុវត្ត​ខាង​ការមាន​ប្រពន្ធ​ច្រើន ហើយ​មួយ​ទៀត​បាន​ធ្វើ​ឲ្យ​មាន​ពរជ័យ​នៃ​បព្វជិតភាព​រួមទាំង​ពរជ័យ​នៃព្រះ​វិហារ​បរិសុទ្ធ​មានដល់​មនុស្ស​គ្រប់​ជាតិសាសន៍​ទាំងអស់ ។ ការផ្លាស់ប្តូរ​ដូច្នេះ​គឺជា​ផ្នែក​មួយ​នៃ​អត្ថន័យ​ក្នុងការ​មាន « សាសនាចក្រ​ដែល​ពិត​តែមួយ ហើយ​សកម្ម » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣០ ) ជាមួយ​នឹង​ព្យាការី​ដែល​ពិត​ហើយ​នៅរស់ ។

ប៉ុន្តែ​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​មិន​ផ្លាស់ប្តូរ​ឡើយ ទោះបីជា​ការយល់ដឹង​របស់​យើង​ផ្លាស់ប្តូរ​ក៏​ដោយ ។ ហើយ​ពេល​ខ្លះ​វិវរណៈ​បន្ថែម​ការយល់ដឹង​លើ​អំពី​សេចក្ដីពិត ។ មាត្រា​នៃ​សេចក្ដី​ជំនឿ ជួយ​បញ្ជាក់​ពី​គោលបំណង​នេះ ។ សាសនាចក្រ​ត្រូវ​បានបង្កើត​ឡើង​នៅលើ​សេចក្តីពិត​ដ៏​នៅ​អស់កល្បជានិច្ច​យ៉ាង​រឹងមាំ ប៉ុន្តែ​អាច​រីកចម្រើន និង​ផ្លាស់ប្តូរ « តាមបំណង​របស់​ព្រះអម្ចាស់​ដែល​សម​នឹង​សេចក្តី​មេត្តាករុណា​របស់​ទ្រង់​តាម​លក្ខខណ្ឌ​នៃ​កូនចៅ​មនុស្ស » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:១៥ ) ។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា « យើង​ខ្ញុំ​ជឿ​ចំពោះ​ការណ៍​ទាំង​អស់ ដែល​ទ្រង់​បាន​បើក​សម្ដែង​មក និង​ការណ៍​ទាំង​អស់ ដែល​ទ្រង់​បើក​សម្ដែង​នៅ​ពេល​ឥឡូវ​នេះ ហើយ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​បើក​សម្ដែង​នូវ​ការណ៍​ដ៏​ធំ និង​សំខាន់ៗ​ជា​ច្រើន ដែល​ទាក់​ទង​ទៅ​នឹង​នគរ​នៃ​ព្រះ » ( មាត្រា​នៃ​សេចក្ដីជំនឿ ១:៩ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

មាត្រា​នៃ​សេចក្ដី​ជំនឿ

រូបតំណាង​ថ្នាក់​សិក្ខាសាលា
មាត្រា​នៃ​សេចក្ដី​ជំនឿមាន​សេចក្តីពិត​ជា​មូលដ្ឋាន​នៃ​ដំណឹងល្អ​ដែល​បាន​ស្តារឡើង​វិញ ។

សូម​ពិចារណា​អំពី​វិធីសាស្ត្រ​នេះ​ក្នុង​ការសិក្សា​មាត្រា​នៃ​សេចក្ដី​ជំនឿ ៖ សម្រាប់​អត្ថបទ​នៃ​សេចក្ដី​ជំនឿ​នីមួយៗ សូម​ធ្វើ « មេរៀន​តូចៗ » ដើម្បី​ពន្យល់​អំពី​អ្វី​ដែល​បងប្អូន​ជឿ ។ មេរៀន​តូចៗ​របស់​បងប្អូន​អាច​រួម​បញ្ចូល​បទគម្ពីរ រូបភាព ទំនុកតម្កើង ឬ​បទចម្រៀង​របស់​កុមារ ឬ​បទពិសោធន៍​ផ្ទាល់ខ្លួន​អំពី​ការរស់នៅ​តាម​សេចក្តីពិត​ដែល​មាត្រា​នៃ​សេចក្តីជំនឿ​បង្រៀន ។

តើ​សេចក្ដីពិត​ទាំងនេះ​ធ្វើឲ្យ​មាន​ភាពខុសគ្នា​អ្វីខ្លះ​នៅក្នុង​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​នឹងព្រះ​វរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​មាត្រា​នៃ​សេចក្តីជំនឿ​បាន​ធ្វើ​ឲ្យ​ការសិក្សា​ដំណឹងល្អ​របស់​បងប្អូន​ប្រសើរឡើង ឬ​ជួយ​បងប្អូនចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ​ដោយ​របៀបណា ?

សូមមើល​ផងដែរ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « មាត្រា​នៃ​សេចក្ដី​ជំនឿ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ, អិល ថម ភែរី « The Doctrines and Principles Contained in the Articles of Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤៦–៤៨ « Chapter 38: The Wentworth Letter » នៅក្នុង Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០១១ ) ទំព័រ ៤៣៥–៤៤៧ ។

មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៩; សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី១ និង​ ទី២

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ដឹក​នាំ​ដោយវិវរណៈ ។

« យើង​ខ្ញុំ​ជឿ​ថា [ ព្រះ ] នឹង​បើក​សម្ដែង​នូវ​ការណ៍​ដ៏ធំ និង​សំខាន់ៗ​ជា​ច្រើន ដែល​ទាក់ទង​ទៅនឹង​នគរ​នៃព្រះ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៩ ) ។ ដោយ​មាន​គោលការណ៍​នេះ​ក្នុង​ចិត្ត សូមរំឭក​ សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី​១ និង​ ទី២ ឡើងវិញ ហើយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​ពង្រឹង​ដល់​សេចក្តី​ជំនឿ​របស់​បងប្អូន​ក្នុង​ការបន្ត​មាន​វិវរណៈ ។ តើ​វិវរណៈ​ទាំងនេះ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? តើ​វា​បាន​ជួយ​ដល់​កិច្ចការ​នៃ​នគរ​របស់​ព្រះ​វរបិតាសួគ៌​ឲ្យ​រីកចម្រើន​ដោយ​របៀប​ណា ?

តើ​ភស្ដុតាង​អ្វី​ខ្លះ​ដែល​បងប្អូន​ឃើញ​ថា​សាសនាចក្រ​ត្រូវ​បានដឹកនាំ « ដោយ​ការ​បំផុស​គំនិត​ពី​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ » នៅ​សព្វថ្ងៃ​នេះ ? ( សេចក្តី​ប្រកាស​ជា​ផ្លូវការទី១ ) ។ ប្រហែលជា​បងប្អូន​អាច​មើល សារលិខិត​នៃ​សន្និសីទ​ទូទៅ​នា​ពេល​ថ្មីៗ​នេះ មួយ ឬ​ច្រើន ដោយ​រកមើល​អំពី​របៀប​ដែល​ព្រះអម្ចាស់​កំពុង​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់—និង​ជីវិត​របស់​បងប្អូន ។ សារលិខិត​ថ្មីៗ​បំផុត​ពី​ប្រធាន​សាសនាចក្រ​អាច​ជា​ចំណុច​ដ៏​ល្អ​ដើម្បី​ចាប់ផ្ដើម ។

តើ​បងប្អូន​អាច​ធ្វើ​ដូចម្តេច ប្រសិនបើ​បងប្អូន ឬ​នរណា​ម្នាក់​ដែល​បងប្អូន​ស្រឡាញ់​ស្មុគស្មាញ​នឹង​ការយល់ ឬ​ទទួល​យក​អ្វី​ដែល​ព្រះអម្ចាស់​បង្រៀន​តាមរយៈ​ព្យាការី​របស់​ទ្រង់ ? ហេតុអ្វី​បាន​ជា​បងប្អូន​មាន​អំណរគុណ​សម្រាប់​ព្យាការី ?

សូមមើល​ផងដែរ អេម៉ុស ៣:៧; នីហ្វៃទី២ ២៨:៣០; អាឡែន ឌី ហែនី « ព្យាការី​ដែល​នៅ​រស់​សម្រាប់​ថ្ងៃ​ចុង​ក្រោយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ២៥–២៨; ប្រធានបទ និង សំណួរ « Prophets » នៅលើ​បណ្ណាល័យ​ដំណឹងល្អ « យើង​អរគុណ​ទ្រង់​ចំពោះ​ព្យាការី » ទំនុក​តម្កើង ល.រ. ១០ ។

សេចក្ដីប្រកាស​ជា​ផ្លូវការទី១

កិច្ចការ​នៃ​ព្រះ​ត្រូវ​តែឆ្ពោះ​ទៅមុខ ។

នៅក្នុង « ជម្រើស​ចេញ ពី​សុន្ទរកថា​បី​ដោយ​ប្រធាន វិលហ្វួឌ វូឌដ្រុព្វ អំពី​សេចក្ដី​ប្រកាស​នេះ » ( នៅចុង​បញ្ចប់​នៃ សេចក្ដីប្រកាស​ជា​ផ្លូវការទី១ ) តើ​ព្យាការី​បាន​ផ្តល់​មូលហេតុ​អ្វីខ្លះ ទាក់ទង​នឹង​ការដែល​ព្រះ​អម្ចាស់​បញ្ចប់​ការអនុវត្ត​ខាង​ការមាន​ប្រពន្ធ​ច្រើន ? តើ​ចំណុច​នេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​កិច្ចការ​របស់​ព្រះ ?

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សាវតា​ប្រវត្តិ​សាស្ត្រ​នៃ សេចក្ដីប្រកាស​ជា​ផ្លូវការទី១ សូមមើល Saints ២:៦០២–៦១៥ « The Messenger and the Manifesto » នៅក្នុង Revelations in Context ទំព័រ ៣២៣–៣៣១; ប្រធានបទ និង សំណួរ « Plural Marriage and Families in Early Utah » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

Wilford Woodruff [ វិលហ្វូឌ វូឌដ្រុព្វ ] ដោយ អេច អ៊ី ភីថឺសុន

សេចក្ដីប្រកាស​ជា​ផ្លូវការទី​២

ខ្ញុំ​អាច​ទុកចិត្ត​លើ​ព្រះអម្ចាស់​បាន ទោះបី​ជា​ខ្ញុំ​គ្មាន​ចំណេះ​ដឹង​ឥតខ្ចោះ​ក្តី ។

យើង​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជា​ការតែងតាំង​បព្វជិតភាព និង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​មិន​មាន​សម្រាប់​សមាជិក​សាសនាចក្រ​ដែល​មាន​ដើម​កំណើត​អាហ្វ្រិក​មួយ​រយៈ​នោះ​ទេ ។ សូម្បីតែ​នៅពេល​ប្រឈម​មុខ​នឹង​សំណួរ​ដែល​ពិបាកៗ​មិន​មាន​ចម្លើយ​អំពី​គោលការណ៍​នោះ ក៏​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​មាន​ស្បែក​ខ្មៅ​ជា​ច្រើន​នាក់​បាន​ទុកចិត្ត​លើ​ព្រះអម្ចាស់ ( សូមមើល សុភាសិត ៣:៥ ) និង​បន្ត​ស្មោះត្រង់​ចំពោះ​ទ្រង់​អស់​មួយ​ជីវិត​របស់​ពួកគេ​ដែរ ។ ការរៀន​អំពី​សេចក្តី​ជំនឿ និង​បទពិសោធន៍​របស់​ពួកគេ​អាច​បំផុសគំនិត​ដល់​បងប្អូន ។ ទាំង​នេះ​គឺជា​ដំណើរ​រឿង​មួយចំនួន​របស់​ពួកគេ ដែល​មាន​នៅលើ​គេហទំព័រ history.ChurchofJesusChrist.org ៖

នៅពេល​បងប្អូន​អាន សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី២ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​អំពី​ដំណើរការ​របស់​ព្រះអម្ចាស់​សម្រាប់​ការដឹកនាំ​គោលការណ៍​នៃ​សាសនាចក្រ​របស់​ទ្រង់ ? សូម​ជញ្ជឹងគិត​អំពី​របៀប​ដែល​បងប្អូន​បាន​រៀន​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ទោះ​ជា​បងប្អូន​មិន​មាន​ការយល់​ដឹង​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ។

សូមមើល​ផងដែរ នីហ្វៃទី២ ២៦:៣៣; « Witnessing the Faithfulness » នៅក្នុង Revelations in Context ៣៣២–២៤១; ប្រធានបទ និង សំណួរ « Race and the Priesthood » នៅលើ​បណ្ណាល័យ​ដំណឹងល្អ, អាម៉េឌ ខ័របីត « A Personal Essay on Race and the Priesthood » ផ្នែក​ទី ១–៤ នៅលើ​គេហទំព័រ history.ChurchofJesusChrist.org; BeOne.ChurchofJesusChrist.org ។

ការនិយាយ​ពាក្យ​ថា « ខ្ញុំ​មិនដឹង​ទេ » វា​ពុំ​មែន​ជា​បញ្ហា​ឡើយ ។ ខណៈដែល​បងប្អូន​គួរ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ជួយ​អ្នក​ដែល​បងប្អូន​បង្រៀន ដើម្បី​ឆ្លើយ​សំណួរ​ទាំងឡាយ​របស់​ពួកគេ​អំពី​ដំណឹងល្អ នោះ​ព្រះអម្ចាស់​ពុំ​រំពឹង​ទុក​ឲ្យ​បងប្អូន​ចេះ​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ ។ នៅពេល​បងប្អូន​មិន​ដឹង​អំពី​របៀប​ឆ្លើយ​នឹង​អ្វីមួយ សូម​ទទួល​យក​ថា​បងប្អូន​មិន​ដឹង ។ រួច​ហើយ សូម​ណែនាំ​អ្នករៀន​របស់​បងប្អូន​ទៅ​មើល​គោលលទ្ធិ​ដែល​បាន​បើក​បង្ហាញ​មក ហើយ​ថ្លែង​ទីបន្ទាល់​ដ៏​ស្មោះត្រង់​អំពី​អ្វី​ដែល​បងប្អូន​ពិត​ជា​ដឹង ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

មាត្រា​នៃ​សេចក្ដី​ជំនឿ

ខ្ញុំ​ជឿ​លើ​ដំណឹងល្អ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ពិចារណា​ស្វែងរក និង​ច្រៀង​ទំនុកតម្កើង ឬ​ចម្រៀង​កុមារ​ដែល​អាច​ជួយ​កុមារ​របស់​បងប្អូន​យល់​អំពី មាត្រា​នៃ​សេចក្ដី​ជំនឿ មួយ ឬ​ច្រើន​ថែម​ទៀត ។ ប្រហែលជា​ពួកគេ​អាច​ជួយ​បងប្អូន​ឲ្យ​ជ្រើសរើស​ទំនុកតម្កើង និង​ចម្រៀង ។ សូម​ជួយ​កុមារ​របស់​បងប្អូន​មើល​អំពី​របៀប​ដែល​បទចម្រៀង​នោះ​ទាក់ទង​នឹង មាត្រា​នៃ​សេចក្ដី​ជំនឿ ។

  • បងប្អូន និង​កុមារ​របស់​បងប្អូន​អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​សរសេរ​សំណួរ​ដែល​បងប្អូន​អាច​មាន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ឬ​សាសនាចក្រ​របស់​ទ្រង់ ។ បន្ទាប់មក បងប្អូន​អាច​ធ្វើការ​រួមគ្នា​ដើម្បី​ឆ្លើយ​សំណួរ​ទាំងនោះ​ដោយ​ប្រើ មាត្រា​នៃ​សេចក្ដី​ជំនឿ ។ តើ​យើង​អាច​ទៅ​ណា​ទៀត ពេល​យើង​មាន​សំណួរ​អំពី​ដំណឹងល្អ ?

មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៩; សេចក្តី​ប្រកាស​ជាផ្លូវការ​ទី២

ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។

  • ដើម្បី​ជួយ​កុមារ​របស់​បងប្អូន​យល់​អំពី មាត្រា​នៃ​សេចក្តីជំនឿ​ទី​ប្រាំបួន ប្រហែលជា​បងប្អូន​អាច​ផ្តល់​ឲ្យ​ពួកគេ​នូវ​បទគម្ពីរ​មួយ​ឈុត និង​រូបភាព​របស់​ព្យាការី​ដែល​មាន​ជីវិត​រស់ ( ឬ​ច្បាប់​សន្និសីទ​ថ្មីៗ​នៃ លីអាហូណា ) ។ សូម​សុំ​ឲ្យ​ពួកគេ​លើក​ព្រះគម្ពីរ​របស់​ពួកគេ​ឡើង នៅពេល​បងប្អូន​អាន​ពាក្យ « ការណ៍​ទាំង​អស់ ដែល​ទ្រង់​បាន​បើក​សម្ដែង » និង​រូបភាព ឬ​ទស្សនាវដ្តី នៅពេល​បងប្អូន​អាន « ការណ៍​ទាំង​អស់ ដែល​ទ្រង់​បើក​សម្ដែង​នៅ​ពេល​ឥឡូវ​នេះ » ( មាត្រា​នៃ​សេចក្តីជំនឿ ១:៩ ) ។ ហេតុអ្វី​បាន​ជា​យើង​ត្រូវការ​ព្យាការី​ទាំង​ពី​បុរាណ និង​សម័យ​ទំនើប ?

  • កុមារ​របស់​បងប្អូន​អាច​រៀន​អំពី​របៀប​ដែល​ប្រសាសន៍​របស់​ព្យាការី​ដឹកនាំ​យើង​តាមរយៈ​ការធ្វើ​តាម​ការណែនាំ​ដើម្បី​ធ្វើ​អ្វី​មួយ ដូចជា​អាហារ ឬ​របស់​លេង​ជាដើម ។ បងប្អូន​អាច​ប្រៀបធៀប​វា​ទៅនឹង​ការណែនាំ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ដល់​យើង​តាមរយៈ​ព្យាការី ។ តើ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​យើង​តាម​រយៈ​ព្យាការី​ដែល​មាន​ព្រះជន្ម​រស់នៅ​សព្វ​ថ្ងៃនេះ ?

កុមារ​កំពុង​មើល​សន្និសីទ​ទូទៅ

ព្រះ​បាន​ហៅ​ពួក​ព្យាការី​ឲ្យ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។

សេចក្តី​ប្រកាស​ជាផ្លូវការទី១ និង​ ទី២

ពួក​ព្យាការី​ជួយ​យើង​ឲ្យ​ដឹង​ពី​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ ។

  • ប្រហែលជា​ការមើលឃើញ​របៀប​ដែល​បទគម្ពីរ​ពី​បុរាណ​ទាក់ទង​នឹង​វិវរណៈ​សម័យ​ទំនើប អាច​ជួយ​កុមារ​របស់​បងប្អូន​យល់​ពី​សេចក្តីប្រកាស​ជា​ផ្លូវការ ។ បងប្អូន​ក៏​អាច​សុំ​ឲ្យ​ពួកគេ​អាន កិច្ចការ ១០:៣៤–៣៥ និង យ៉ាកុប ២:២៧–៣០ និង​អញ្ជើញ​ពួកគេ​ឲ្យ​កំណត់​ តើ​បទគម្ពីរ​ណាមួយ​ដែល​ទាក់ទង​នឹង សេចក្តី​ប្រកាស​ជាផ្លូវការទី១ ( ដែល​បានដឹកនាំ​ឲ្យ​បញ្ចប់​ខាង​ការ​មាន​ប្រពន្ធ​ច្រើន ) និង​មួយ​ណា​ដែល​ទាក់ទង​នឹង​ សេចក្តី​ប្រកាស​ជា​ផ្លូវការទី២ ( ដែល​ធ្វើ​ឲ្យ​ពរជ័យ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​ដល់​មនុស្ស​គ្រប់ពូជសាសន៍​ទាំងអស់ ) ។ សូម​ថ្លែងទីបន្ទាល់​របស់​បងប្អូន​ថា ព្រះអម្ចាស់​បើក​សម្តែង​ព្រះទ័យ​របស់ទ្រង់​ដល់​ពួកព្យាការី​ពីបុរាណ និង​សម័យទំនើប ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។