គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
គំនិតយោបល់​ដើម្បីកែលម្អ​ដល់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​អ្នក​


« គំនិតយោបល់​ដើម្បីកែលម្អ​ដល់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​អ្នក » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« គំនិតយោបល់ដើម្បី​កែលម្អ​ដល់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​អ្នក » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

ក្រុម​គ្រួសារ​កំពុង​សិក្សា​​ព្រះគម្ពីរ

គំនិតយោបល់​ដើម្បីកែលម្អ​ដល់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​អ្នក​

ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​ជា​ទៀងទាត់ គឺ​ជា​របៀប​មួយ​ដ៏​មាន​អានុភាព​ដើម្បី​ជួយ​ដល់​គ្រួសារ​របស់​អ្នក​ឲ្យ​រៀន​ដំណឹងល្អ ។ ទោះ​បី​ជា​អ្នក​អាន​ជា​គ្រួសារ​ច្រើន និង​យូរ​ប៉ុណ្ណា​ក៏​ដោយ ក៏​វា​មិន​សំខាន់​ជាង​ការ​មាន​ភាពខ្ជាប់ខ្ជួន​នៅ​ក្នុង​កិច្ច​ខិតខំ​របស់​អ្នក​ដែរ ។ នៅ​ពេល​អ្នក​ធ្វើ​ឲ្យ​ការ​សិក្សា​ព្រះគម្ពីរ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ជីវិត​គ្រួសារ​របស់​អ្នក នោះ​អ្នក​នឹង​ជួយ​សមាជិក​គ្រួសារ​របស់​អ្នក​ឲ្យខិត​មក​កាន់​តែ​ជិត​​គ្នា និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ស្ថាបនា​ទីបន្ទាល់​របស់​ពួកគេ​នៅ​លើ​គ្រឹះ​នៃ​ព្រះបន្ទូល​របស់​ទ្រង់ ។

សូម​ពិចារណា​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​អាច​លើក​ទឹកចិត្ត​សមាជិក​គ្រួសារ​របស់​អ្នក ​ឲ្យ​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួន​គេ​តាម​របៀប​ណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​លើក​ទឹកចិត្ត​ដល់​សមាជិក​គ្រួសារ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ?

  • តើ អ្នក​អាច​គូស​បញ្ជាក់​អំពី​គោលការណ៍​ទាំងឡាយ​ ដែល​អ្នក​កំពុង​រៀន​នៅ​ក្នុង​គម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា នៅក្នុង​ពេល​បង្រៀន​រៀង​រាល់​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

សូម​ចាំ​ថា គេហដ្ឋាន​គឺ​ជា​កន្លែង​ដ៏​ពិសិដ្ឋ​មួយ​សម្រាប់​ការ​រៀនសូត្រ​ដំណឹងល្អ ។ អ្នក​អាច​រៀន និង​បង្រៀន​ដំណឹងល្អ​នៅ​គេហដ្ឋាន​តាម​របៀប​ដែល​ពុំ​មាន​នៅ​ក្នុង​ថ្នាក់​រៀន​នៅ​ឯ​ព្រះវិហារ ។ សូម​មាន​ការ​ឆ្នៃ​ប្រឌិត នៅ​ពេល​អ្នក​គិត​អំពី​របៀប​ជួយ​ដល់​គ្រួសារ​អ្នក​ឲ្យ​រៀន​សូត្រ​ចេញ​មកពី​បទគម្ពីរ ។

គំនិត​សម្រាប់​សកម្មភាព

សូម​ពិចារណា​ប្រើ​នូវ​គំនិត​មួយ​ចំនួន​ដូច​ខាង​ក្រោម​ ដើម្បី​ពង្រីក​ការ​សិក្សា​បទគម្ពីរ​ជា​គ្រួសារ​របស់ បងប្អូន ៖ 

ប្រើ​តន្ត្រី 

សូម​ច្រៀង​ចម្រៀង​ដែលគាំទ្រ​ដល់​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​បទគម្ពីរ ។ ទំនុក​តម្កើង ឬ​ចម្រៀង​ថ្នាក់​កុមារ​មួយ​ដែល​ត្រូវបាន​ផ្ដល់​យោបល់​ឲ្យ​ប្រើ​ គឺ​ត្រូវបាន​ដាក់​នៅ​ក្នុង​គម្រោង​មេរៀន​នីមួយៗ​រាល់​សប្តាហ៍ ។  អ្នក​អាច​សួរ​សំណួរ​អំពី​ពាក្យ ឬ​ឃ្លា​នៅក្នុង​ទំនុកបទ ។ បន្ថែម​ពី​លើ​ការ​ច្រៀង ក្រុមគ្រួសារ​របស់​អ្នក​អាច​ធ្វើ​សកម្មភាព​ដែល​ត្រូវ​នឹង​ចម្រៀង ឬ​ស្ដាប់​ចម្រៀង​ដែល​មាន​សាច់ភ្លេង​ផ្ទៃ​ខាង​ក្រោយ​នៅពេល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ដទៃ​ទៀត ។

ចែកចាយ​បទគម្ពីរ​ប្រកប​ដោយ​អត្ថន័យ

សូម​ផ្ដល់​ពេល​ឲ្យ​សមាជិក​គ្រួសារ​ដើម្បី​ចែកចាយ​​វគ្គ​បទគម្ពីរ​ដែល​ពួកគេ​បាន​រក​ឃើញ​ថា​មាន​អត្ថន័យ អំឡុង​ពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ។

ប្រើ​ពាក្យ​របស់​អ្នក​ផ្ទាល់

សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​សង្ខេប​ជា​សម្ដី​របស់​គេ​ផ្ទាល់​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ចេញ​មកពី​បទគម្ពីរ​ដែល​ពួកគេ​បាន​សិក្សា ។

អនុវត្ដ​បទគម្ពីរ​មក​ក្នុង​ជីវិត​របស់​បងប្អូន

បន្ទាប់​ពី​ការ​អាន​វគ្គ​បទគម្ពីរ​មួយ ចូរ​សុំ​ឲ្យ​សមាជិក​គ្រួសារ​ចែកចាយ​អំពី​របៀប​ដែល​បទគម្ពីរ​អនុវត្ត​ទៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

សួរសំណួរ​មួយ

សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​សួរ​សំណួរ​ដំណឹងល្អ បន្ទាប់​មក​ចំណាយ​ពេល​រកមើល​ខគម្ពីរ​ដែល​អាច​ជួយ​ឆ្លើយ​សំណួរ​នោះ ។

ដាក់តាំង​បទគម្ពីរ​មួយ

សូមជ្រើសរើស​ខ​គម្ពីរមួយ​ដែល​អ្នក​រក​ឃើញ​ថា​មាន​អត្ថន័យ ហើយ​ដាក់​តាំង​វា​នៅ​កន្លែង​ដែល​សមាជិក​គ្រួសារ​អាច​មើល​ឃើញ​ជា​ញឹកញាប់ ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ដទៃទៀត​ផ្លាស់​វេណ​គ្នា​ជ្រើសរើស​បទគម្ពីរ​មួយ​មកដាក់​តាំង ។

ធ្វើ​បញ្ជី​បទគម្ពីរ​មួយ

ជា​ក្រុម​គ្រួសារ សូម​ជ្រើសរើស​ខគម្ពីរ​មួយចំនួន​ដែល​អ្នក​ចង់​ពិភាក្សា​អំឡុង​សប្ដាហ៍​ក្រោយ ។

ទន្ទេញ​បទគម្ពីរ

សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ​ដែល​មាន​អត្ថន័យ​ចំពោះ​គ្រួសារ​អ្នក ហើយ​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ទន្ទេញ​វា​ដោយ​ការ​សូត្រ​វា​ឡើង​វិញ​ប្រចាំ​ថ្ងៃ ឬ​លេង​ល្បែង​កំសាន្ដ​ទន្ទេញ​ចាំ ។

ចែកចាយ​មេរៀន​ដោយ​ប្រើ​វត្ថុ

សូម​ស្វែងរក​វត្ថុ​ដែល​ទាក់ទង​នឹង​ជំពូក និង​ខគម្ពីរ​ទាំងឡាយ​ដែល​អ្នក​កំពុង​អាន​ជា​គ្រួសារ ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​និយាយ​អំពី​របៀប​ដែល​វត្ថុ​នីមួយៗ​ជាប់ទាក់ទង​នឹង​ការ​បង្រៀន​នៅក្នុង​បទគម្ពីរ ។

ជ្រើសរើស​ប្រធានបទ​មួយ

សូម​ឲ្យ​សមាជិក​គ្រួសារ​ផ្លាស់​វេណ​គ្នា​ជ្រើសរើស​ប្រធាន​បទ​មួយ​ដែល​គ្រួសារ​នឹង​សិក្សា​រួម​គ្នា ។ សូម​ប្រើ Topical Guide, Bible Dictionaryសេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ( នៅលើ​គេហទំព័័រ scriptures.ChurchofJesusChrist.org ) ដើម្បី​​ស្វែងរក​វគ្គ​បទគម្ពីរ​អំពី​ប្រធាន​បទ ។

​គូរ​រូបភាព 

សូម​អាន​ខគម្ពីរ​ពីរ​បី​ជា​គ្រួសារ បន្ទាប់​មក​ទុក​ពេល​ឲ្យ​សមាជិក​គ្រួសារ​គូររូប​អ្វី​មួយ ​ដែល​ជាប់​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​អាន ។ សូម​ចំណាយ​ពេល​ពិភាក្សា​អំពី​គំនូរ​របស់​គ្នា​ទៅវិញទៅមក ។

សម្ដែង​ជា​រឿង​មួយ

បន្ទាប់​ពី​អាន​រឿង​មួយ​ចប់ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​សម្ដែង​រឿង ។ បន្ទាប់​មក និយាយ​អំពី​របៀប​ដែល​រឿង​នោះ​ទាក់ទង​នឹង​អ្វី​ ដែល​អ្នក​កំពុង​ជួប​ប្រទះ​ជា​បុគ្គល​ម្នាក់ៗ ឬ​ជា​គ្រួសារ ។

ការ​បង្រៀន​កុមារ

ប្រសិន​បើ​អ្នក​មាន​កូន​តូចៗ​នៅក្នុង​គ្រួសារ​របស់​អ្នក នេះ​គឺ​ជា​សកម្មភាព​មួយចំនួន​ដែល​អាច​ជួយ​ពួកគេឲ្យ​​រៀន ៖

ច្រៀង

ទំនុកតម្កើង និង​ចម្រៀង​ចេញ​មកពី  សៀវភៅ​ចម្រៀង​កុមារ  បង្រៀន​អំពី​គោលលទ្ធិ​យ៉ាង​មាន​អានុភាព ។ គម្រោង​​មេរៀន​នីមួយៗនៅក្នុង​ធនធាន​នេះ​រួមមាន​នូវ​​ចម្រៀង​ដែល​​ត្រូវបាន​ផ្ដល់​យោបល់​ឲ្យ​ប្រើ​ ។ អ្នកក៏អាច​ប្រើ មាតិកា​ប្រធាន​បទនៅ​ខាង​ក្រោយ សៀវភៅ​ចម្រៀង​កុមារ ដើម្បី​រក​មើល​ចម្រៀង​ដែល​ទាក់​ទង​នឹង​គោលការណ៍​ដំណឹងល្អ​ដែល​អ្នក​កំពុង​បង្រៀន​ផងដែរ ។ សូម​ជួយ​កូនៗ​របស់​អ្នក​ឲ្យ​ភ្ជាប់​សារលិខិត​នៃ​ចម្រៀង​នោះ​ទៅ​នឹង​ជីវិត​របស់​ពួកគេ ។

ស្ដាប់ ឬ​សម្ដែង​រឿង

កុមារ​តូចៗ​ចូល​ចិត្ត​រឿងនិទាន—ចេញ​មកពី​ព្រះគម្ពីរ ចេញ​មកពី​ជីវិត​របស់​អ្នក ចេញ​មកពី​ប្រវត្តិ​​សាសនាចក្រ ឬ​មកពី​ទស្សនាវដ្តី​សាសនាចក្រ ។ សូម​ស្វែងរក​មើល​នូវ​វិធី​នានា​ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​នៅ​ក្នុង​ការ​និយាយ​ប្រាប់​រឿងនិទាន​ទាំងឡាយ ។ ពួកគេ​អាច​កាន់​រូបភាព ឬ​វត្ថុ​អ្វី​មួយ គូរ​រូបភាព​អ្វី​ដែល​ពួកគេ​ស្ដាប់​ឮ សម្ដែង​រឿង ឬ​ ជួយ​និទានរឿង ។ សូម​ជួយ​កូនៗ​របស់​អ្នក​ឲ្យ​ស្គាល់​សេចក្ដីពិត​នៃដំណឹងល្អ​នៅក្នុង​រឿង​ដែល​អ្នក​ចែកចាយ ។

អាន​បទគម្ពីរ​មួយ

កុមារ​តូចៗ​ពុំ​អាច​អាន​បាន​ច្រើនទេ ប៉ុន្តែ​អ្នក​អាច​នៅ​តែ​ឲ្យ​ពួកគេ​ចូលរួម​នៅ​ក្នុង​ការ​រៀន​សូត្រ​ចេញ​មកពី​បទគម្ពីរ​បាន ។ អ្នក​អាច​ចាំបាច់​ត្រូវ​ផ្ដោត​ទៅលើ​ខគម្ពីរ​មួយ ឃ្លាគន្លឹះ ឬ​ពាក្យគន្លឹះ ។

មើល​រូបភាព ឬ​មើល​វីដេអូ​មួយ

សូម​សួរសំណួរ​អំពី​រូបភាព ឬ​វីដេអូ​មួយ ដែល​ទាក់ទង​នឹង​គោលការណ៍​ដំណឹងល្អ​ដែល​អ្នក​កំពុង​ពិភាក្សា ។ ឧទាហរណ៍ អ្នក​អាច​សួរ​ថា « តើ​មាន​រឿង​អ្វី​កើត​ឡើង​នៅក្នុង​រូបភាព​នេះ ? តើ​រឿង​នោះ​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​យ៉ាង​ណា ? » កម្មវិធីបណ្ណាល័យ​ដំណឹងល្អ Gospel Media Library នៅលើ​គេហទំព័រ ChurchofJesusChrist.org និង children.ChurchofJesusChrist.org គឺ​ជា​កន្លែង​ដ៏​ល្អ​ដើម្បី​រក​មើល​រូបភាព និង​វីដេអូ​នានា ។

ច្នៃប្រឌិត 

កុមារ​តូចៗ​អាច​សង់ គូរ ឬ​ផាត់ពណ៌​អ្វី​មួយ​ដែល​ទាក់ទង​នឹង​រឿង ឬ​គោលការណ៍​ដែល​ពួកគេ​កំពុង​រៀន ។

ចូលរួម​ក្នុង​មេរៀន​ដែល​មាន​វត្ថុ​បង្ហាញ

មេរៀន​ដែល​មាន​វត្ថុ​បង្ហាញ​ដ៏​សាមញ្ញ​មួយ អាច​ជួយ​កូនៗ​របស់​អ្នក​ឲ្យយល់​គោលការណ៍​ដំណឹងល្អ​មួយ ដែល​ពិបាក​យល់ ។ នៅ​ពេល​ប្រើ​មេរៀន​ដែល​មាន​កម្មវត្ថុ​បង្ហាញ សូម​រក​វិធី​ដើម្បី​ឲ្យ​កូន​តូចៗ​របស់​អ្នក​ចូលរួម ។ ពួកគេ​នឹង​រៀន​បន្ថែម​ចេញ​មកពី​បទពិសោធន៍​អន្តរកម្ម​ជាជាង​គ្រាន់​តែ​មើល​ចេញ​មក​ពី​ការ​បង្ហាញ ។

ដើរ​តួសម្ដែង

នៅពេល​កុមារ​តូចៗ​សម្តែង​អំពី​ស្ថានភាព​មួយ ដែល​ពួកគេ​ទំនង​ជា​នឹង​ជួប​ក្នុង​ជីវិត​ពិត នោះពួកគេ​នឹង​អាច​យល់​បាន​ល្អ​ប្រសើរ​អំពី​របៀប​ដែល​គោលការណ៍នៃ​ដំណឹងល្អ​អនុវត្ត​នៅ ក្នុង​ជីវិត​របស់​ពួកគេ ។

ធ្វើ​សកម្មភាព​សារ​ឡើង​វិញ

កុមារ​តូចៗ​អាច​នឹង​ត្រូវការ​ស្ដាប់​​​គំនិត​នានា​ឲ្យ​បាន​ច្រើន​ដង​ដើម្បី​យល់​វា ។ ឧទាហរណ៍ អ្នក​ចែកចាយ​រឿង​បទគម្ពីរ​មួយ​ច្រើន​ដង​តាម​របៀប​ផ្សេងៗ​គ្នា ដូចជា—​ការអាន​ចេញ​មកពី​បទគម្ពីរ ការ​សង្ខេប​តាម​សម្ដី​របស់​អ្នក​ផ្ទាល់ ការ​ទុក​ឲ្យ​កូន​របស់អ្នក​ជួយ​និទានរឿង និង​ការអញ្ជើញ​ពួកគេឲ្យ​សម្ដែង​រឿងជា​ដើម ។

ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​គោល​ដៅ​អភិវឌ្ឍន៍​ផ្ទាល់​ខ្លួន

ការ​សិក្សា​ព្រះគម្ពីរ​ជាគ្រួសារ អាច​ផ្តល់​ការបំផុស​គំនិតដល់​​យុវវ័យ និង​កុមារ​ឲ្យ​ដាក់​គោលដៅ សម្រាប់​ការរីក​ចម្រើន ខាងវិញ្ញាណ ខាង​រូបកាយ​ ខាងប្រាជ្ញា និង​ខាងសង្គម ( សូមមើល លូកា ២:៥២ ) ។

គ្រួសារញញឹម​ជាមួយ​គ្នា

ការបង្រៀន​យុវវ័យ

ប្រសិន​បើ​អ្នក​មាន​យុវវ័យ​នៅក្នុង​គ្រួសារ​របស់​អ្នក ទាំងនេះ​គឺ​ជា​សកម្មភាព​មួយចំនួន​ដែល​អាច​ជួយ​ពួកគេ​ឲ្យរៀន ៖

សូម​អញ្ជើញ​ពួកគេ​ឲ្យ​បង្រៀន

ជាធម្មតា​យើង​អាច​រៀន​បន្ថែម​ទៀត ​នៅពេល​យើង​បង្រៀន​អ្វីមួយ ជាង​អ្វី​ដែល​យើង​គ្រាន់​តែឮ​អំពីវា ។ សូម​ផ្ដល់​ឱកាសឲ្យ​យុវវ័យ​របស់​អ្នក​​ដឹកនាំ​ក្រុម​គ្រួសារ​ពិភាក្សា​អំពី​ព្រះគម្ពីរ ។

ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ថ្នាក់​សិក្ខា​សាលា

ឆ្នាំនេះ​សិស្ស​ថ្នាក់​សិក្ខាសាលា កំពុង​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ។ ប្រសិន​បើ​យុវវយ័​របស់​អ្នក​កំពុង​ចូលរួម​ក្នុង​ថ្នាក់​សិក្ខា​សាលា សូមអញ្ជើញ​ពួកគេ​ឲ្យ​ចែក​ចាយ​អំពី​អ្វី​ដែលពួកគេ​កំពុង​រៀន​នៅ​ទីនោះ ។

ប្រៀបប្រដូច​ព្រះគម្ពីរ

ពេល​ខ្លះយុវវ័យ​មានបញ្ហា​មើល​ឃើញ​អំពី​របៀប​ដែល​គោលទ្ធិ និង​គោលការណ៍​នានា​នៅក្នុង​ព្រះគម្ពីរ​ទាំងនេះ​ទាក់​ទង​នឹង​ជីវិត​របស់​ពួកគេ ។ សូមជួយ​ពួកគេឲ្យ​មើល​ឃើញ​ពីរបៀប​ដែល​ដំណើរ​រឿង​នៅ​ក្នុង​ព្រះគម្ពីរ ទាក់ទង​នឹង​ស្ថានភាព​ដែលពួកគេ​ប្រឈម​មុខ​នៅផ្ទះ នៅ​សាលារៀន ឬ​ជាមួយ​មិត្ត​ភក្តិ​របស់​ពួកគេ ។

សួរ​សំណួរ​ដែល​លើក​ទឹកចិត្ត​ឲ្យ​មាន​ការពិចារណា

យុវវ័យ​ភាគ​ច្រើន​ឆ្លើយ​តប​នឹងសំណួរ​បានល្អ ដែល​អនុញ្ញាតឲ្យ​ពួកគេ​បង្ហាញ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះគម្ពីរ ជាជាង​ការសូត្រ​ឡើង​វិញ​ធម្មតា​នូវ​អ្វី​ដែល​ព្រះគម្ពីរ​និយាយ ។ ឧទាហរណ៍​អ្នក​អាច​សួរ « តើ​ព្រះ​អម្ចាស់​អាច​បង្រៀន​អ្វី​ខ្លះ​ដល់​អ្នក​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? » ឬ « ហេតុ​អ្វី​អ្នក​គិត​ថា វិវរណៈ​នេះ​មានអត្ថន័យ​ចំពោះ​ពួកបរិសុទ្ធ​នៅក្នុង​ទសវត្ស​រ៍ឆ្នាំ ១៨៣០ ? »

ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​គោល​ដៅ​អភិវឌ្ឍន៍​ផ្ទាល់​ខ្លួន

ការ​សិក្សា​ព្រះគម្ពីរ​ជាគ្រួសារ អាច​ផ្តល់​ការបំផុស​គំនិតដល់​​យុវវ័យ និង​កុមារ​ឲ្យ​ដាក់​គោលដៅ សម្រាប់​ការរីក​ចម្រើន ខាងវិញ្ញាណ ខាង​រូបកាយ​ ខាងប្រាជ្ញា និង​ខាងសង្គម ( សូមមើល លូកា ២:៥២ ) ។

បើក​ចិត្ត​​ចំពោះ​សំណួរ​របស់​ពួកគេ​

សំណួរ​មួយ​ពី​យុវវ័យ​គឺជា​ឱកាស​ដ៏​មាន​តម្លៃ​ដើម្បី​ចែក​ចាយ​សេចក្តី​ពិត និង​ស្វែង​រកការ​យល់​ដឹង​នៅ​លើ​ប្រធាន​បទ​ដែល​គេ​ចាប់​អារម្មណ៍​ពិត​ប្រាកដ ។ សូម​កុំ​ខ្លាច​សំណួរ ឬ​ច្រាន​សំណួរ​ទាំងនោះ​ចោល ទោះ​បី​ជាវា​ហាក់​បីដូចជា​មិន​ទាក់ទង​នឹង​ប្រធាន​បទ​នៃ​ការពិភាក្សា​នេះក្តី ។ កុំ​បារម្ភ​ប្រសិន​បើ​អ្នក​មិន​ដឹង​ពី​​ចម្លើយ​ទាំងអស់ ។ គេហដ្ឋាន​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​រក​មើល ចម្លើយ​ទំាង​អស់គ្នា ។

លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​នៅក្នុង​ចិត្ត​ពួកគេ

យុវវ័យ​មាន​ទស្សនៈ​វិស័យ និង​ការយល់​ដឹង​ជាពិសេស​ដែល​រួម​ចំណែក​​ដល់​ការ​សិក្សា​បទគម្ពីរ​ជា​គ្រួសារ ។ សូម​ឲ្យ​ពួកគេ​ដឹងថា អ្នក​ចាប់​អារម្មណ៍​នឹង​​អ្វី​ដែល​ព្រះវិញ្ញាណ​កំពុង​បង្រៀន​ពួកគេ​អំពី​ព្រះគម្ពីរ ។ អ្នក​ក៏អាច​សុំពួកគេ​ឲ្យ​ចែកចាយ​គំនិត​របស់ពួកគេ​ពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​ផងដែរ ។

មាន​ភាព​បត់បែន

ប្រសិន​បើ​អ្នក​មាន​យុវវ័យ​ដែល​មិន​មានឆន្ទៈ​ចូលរួម​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ សូម​រក​វិធី​ផ្សេង​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​នឹង​ពួកគេ ។ ឧទាហរណ៍ អ្នក​អាច​លើក​ឡើង​ពីព្រះសិក្ខា​បទ នៅក្នុង​ការសន្ទនា​ធម្មតា ឬ​ចែក​ចាយ​ព្រះគម្ពីរ​ដ៏មាន​អត្ថន័យតាម​​របៀប​មួយ​ដែល​ហាក់​ដូច​ជាមិនមែន​ជាការ​ផ្សព្វ​ផ្សាយ ឬ​បង្ខិត​បង្ខំ ? ការ​សិក្សា​ព្រះគម្ពីរ​មិន​ចាំបាច់​មាន​​របៀប​តែ​មួយ​នៅ​គ្រប់​ក្រុម​គ្រួសារ​នោះទេ ។ កុមារ​ខ្លះ​អាច​ឆ្លើយ​តប​បាន​ល្អជាង​ក្នុង​ការសិក្សា​ព្រះ​មួយ​ទល់​នឹងមួយ ។ សូម​ពោរពេញ​ដោយ​ការអធិស្ឋាន និង​ធ្វើ​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​សន្យា​ថា នៅពេល​បងប្អូន​ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​ស្ថាបនា​គេហដ្ឋាន​របស់​បងប្អូន​ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ នោះ​យូរៗ​ទៅ ថ្ងៃ​ឈប់​សម្រាក​របស់​បងប្អូននឹង​បាន​ជា​ទីរីករាយ​ចិត្ត​យ៉ាង​ពិតប្រាកដ ។ កូនចៅរបស់​បងប្អូននឹង​មាន​ចិត្ត​រំភើប​ក្នុងការ​រៀនសូត្រ និង​រស់នៅ​តាម​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ ហើយ​​ឥទ្ធិពល​របស់​មារ​សត្រូវ​នៅក្នុង​ជីវិត​របស់​បងប្អូន និង​គេហដ្ឋាន​របស់​បងប្អូន នឹង​ត្រូវ​សាបរលាប ។ ការផ្លាស់​ប្តូរ​នៅគ្រួសារ​របស់​បង​ប្អូន​នឹង​មានច្រើន ហើយ​ក៏ជាការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ផងដែរ » ( « Becoming Exemplary Latter-day Saints » «Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣ ) ។