« គំនិតយោបល់កែលម្អដល់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« គំនិតយោបល់កែលម្អដល់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឆ្នាំ ២០២១
គំនិតយោបល់កែលម្អដល់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក
នេះគឺជារបៀបសាមញ្ញខ្លះៗដើម្បីពង្រីកដល់ការសិក្សាព្រះបន្ទូលរបស់ព្រះនៅក្នុងបទគម្ពីររបស់អ្នក ។
អធិស្ឋានសម្រាប់ការបំផុសគំនិត
ព្រះគម្ពីរគឺជាព្រះបន្ទូលនៃព្រះ ដូច្នេះចូរសូមជំនួយពីទ្រង់ដើម្បីយល់ដឹង ។
ស្វែងរកសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ
ព្រះគម្ពីរបង្រៀនយើងថា រឿងគ្រប់យ៉ាងថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី ២ ១១:៤; ម៉ូសេ ៦:៦៣ ) ដូច្នេះហើយសូមពិចារណា ឬគូសចំណាំខគម្ពីរដែលថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ដែលធ្វើឲ្យអ្នកមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះទ្រង់ និងបង្រៀនអំពីរបៀបដែលធ្វើតាមទ្រង់ ។
ស្វែងរកពាក្យ និងឃ្លាបំផុសគំនិត
អ្នកអាចរកឃើញថា មានពាក្យ ឬឃ្លាជាក់លាក់នៅក្នុងព្រះគម្ពីរធ្វើឲ្យអ្នកចាប់អារម្មណ៍ វាហាក់ដូចជាសរសេរយ៉ាងចំៗមកកាន់អ្នក ។ វាអាចធ្វើឲ្យមានអារម្មណ៍ទាក់ទងដោយផ្ទាល់ ហើយបំផុសគំនិត និងលើកទឹកចិត្តដល់អ្នក ។ សូមគិតធ្វើការគូសចំណាំវានៅក្នុងគម្ពីររបស់អ្នក ឬសរសេរវានៅក្នុងសៀវភៅកត់ត្រាមួយ ។
ស្វែងរកសេចក្ដីពិតនៃដំណឹងល្អ
ពេលខ្លះសេចក្ដីពិតនៃដំណឹងល្អ ( ជាញឹកញាប់ បានហៅថា គោលលទ្ធិ ឬគោលការណ៍ ) ត្រូវបានថ្លែងចំៗ ហើយពេលខ្លះវាត្រូវបានបរិយាយតាមរយៈឧទាហរណ៍ ឬដំណើររឿងមួយ ។ ចូរសួរខ្លួនអ្នកថា « តើសេចក្ដីពិតដ៏អស់កល្បអ្វីខ្លះត្រូវបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ? »
ស្ដាប់ព្រះវិញ្ញាណ
សូមយកចិត្តទុកដាក់ទៅលើគំនិត និងអារម្មណ៍របស់អ្នក ទោះបីវាមិនទាក់ទងនឹងអ្វីដែលអ្នកកំពុងអានក្ដី ។ ចំណាប់អារម្មណ៍ទាំងនោះអាចនឹងជារឿងសំខាន់ដែលព្រះវរបិតាសួគ៌របស់អ្នកចង់ឲ្យអ្នករៀន ។
ប្រដូចបទគម្ពីរមកជីវិតរបស់អ្នក
ចូរពិចារណាអំពីរបៀបដែលដំណើររឿង និងការបង្រៀនទាំងឡាយដែលអ្នកកំពុងអានអនុវត្តក្នុងជីវិតអ្នក ។ ឧទាហរណ៍ អ្នកអាចសួរខ្លួនឯងថា « តើខ្ញុំមានបទពិសោធន៍អ្វីខ្លះដែលស្រដៀងគ្នានឹងអ្វីដែលខ្ញុំកំពុងអាន ? » ឬ « តើខ្ញុំអាចធ្វើតាមគំរូរបស់បុគ្គលនៅក្នុងគម្ពីរនេះយ៉ាងដូចម្ដេច ? »
សួរសំណួរពេលអ្នកសិក្សា
នៅពេលអ្នកសិក្សាបទគម្ពីរ នោះសំណួរជាច្រើនអាចកើតមានក្នុងគំនិតអ្នក ។ សំណួរទាំងនេះអាចទាក់ទងនឹងអ្វីដែលអ្នកកំពុងអាន ឬទាក់ទងនឹងជីវិតរបស់អ្នកជាទូទៅ ។ ចូរពិចារណាអំពីសំណួរទាំងនេះ ហើយរកមើលចម្លើយ នៅពេលអ្នកបន្ដសិក្សាបទគម្ពីរ ។
ប្រើជំនួយការសិក្សាព្រះគម្ពីរ
ដើម្បីទទួលបានការយល់ដឹងបន្ថែមអំពីខគម្ពីរដែលអ្នកអាន សូមប្រើលេខយោង Topical Guide Bible Dictionary សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) និងជំនួយការសិក្សាដទៃទៀត ។
ពិចារណាអំពីបរិបទនៃបទគម្ពីរ
អ្នកអាចរកឃើញគំនិតយោបល់ដ៏មានអត្ថន័យអំពីបទគម្ពីរមួយ នៅពេលអ្នកពិចារណាអំពីមាតិកាវា រួមទាំងស្ថានភាព ឬវាចេញមកពីមជ្ឈដ្ឋានដែលវាបានកើតឡើង ។ ឧទាហរណ៍ ការស្គាល់ពីប្រវត្តិ និងជំនឿនៃមនុស្សដែលព្រះបានមានបន្ទូលទៅកាន់អាចជួយអ្នកឲ្យយល់អំពីព្រះរាជបំណងនៃព្រះបន្ទូលទ្រង់កាន់តែប្រសើរ ។
កត់ត្រាគំនិត និងអារម្មណ៍របស់អ្នកទុក
មានវិធីជាច្រើនដើម្បីកត់ត្រាចំណាប់អារម្មណ៍ដែលកើតមាននៅពេលអ្នកសិក្សា ។ ឧទាហរណ៍ អ្នកអាចគូសចំណាំពាក្យ ឬឃ្លាដ៏មានអត្ថន័យ ហើយកត់ត្រាគំនិតរបស់អ្នក ទុកជាកំណត់ចំណាំមួយនៅក្នុងគម្ពីររបស់អ្នក ។ អ្នកក៏អាចរក្សាសៀវភៅកំណត់ហេតុអំពីគំនិតយោបល់ អារម្មណ៍ និងចំណាប់អារម្មណ៍ដែលអ្នកបានទទួលផងដែរ ។
សិក្សាប្រសាសន៍របស់ពួកព្យាការី និង ពួកសាវកថ្ងៃចុងក្រោយ
សូមអានអ្វីដែលពួកព្យាការី និងពួកសាវកថ្ងៃចុងក្រោយ បានបង្រៀនអំពីគោលការណ៍នានា ដែលអ្នកបានរកឃើញនៅក្នុងគម្ពីរ ( ឧទាហរណ៍ សូមមើល conference.ChurchofJesusChrist.org និងទស្សនាវដ្ដីសាសនាចក្រ ) ។
ចែកចាយពីការយល់ដឹង
ការពិភាក្សាអំពីការយល់ដឹងមកពីការសិក្សាផ្ទាល់ខ្លួនរបស់អ្នក គឺពុំគ្រាន់តែជាវិធីល្អមួយដើម្បីបង្រៀនអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងដល់ការយល់ដឹងរបស់អ្នកអំពីអ្វីដែលអ្នកបានអានផងដែរ ។
រស់នៅតាមអ្វីដែលអ្នកបានរៀន
ការសិក្សាព្រះគម្ពីរពុំគួរគ្រាន់តែសម្រាប់បំផុសគំនិតយើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដឹកនាំយើងឲ្យផ្លាស់ប្តូររបៀបដែលយើងរស់នៅផងដែរ ។ សូមស្ដាប់អ្វីដែលព្រះវិញ្ញាណបំផុសឲ្យអ្នកធ្វើ នៅពេលអ្នកអាន ហើយតាំងចិត្តធ្វើតាមការបំផុសគំនិតទាំងនោះ ។