ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសាររបស់​បងប្អូន


« គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសាររបស់​បងប្អូន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសាររបស់​បងប្អូន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
ម្តាយ និង​កូន​កំពុង​សិក្សា​ព្រះ​គម្ពីរ​នៅ​ឯ​ផ្ទះ

គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសាររបស់​បងប្អូន

ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​ជា​ទៀងទាត់ គឺ​ជា​របៀប​មួយ​ដ៏​មាន​អានុភាព​ដើម្បី​ជួយ​ដល់​គ្រួសារ​របស់​បងប្អូន​ឲ្យ​រៀន​ដំណឹងល្អ ។ ទោះ​ជា​បងប្អូន​អាន​ជា​គ្រួសារ​ច្រើន និង​យូរ​ប៉ុណ្ណា​ក៏​ដោយ ក៏​វា​មិន​សំខាន់​ដូច​ជា​ការ​មាន​ភាពខ្ជាប់ខ្ជួន​នៅ​ក្នុង​កិច្ច​ខិតខំ​របស់​បងប្អូន​ដែរ ។ នៅ​ពេល​បងប្អូន​ធ្វើ​ឲ្យ​ការ​សិក្សា​ព្រះគម្ពីរ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​គ្រួសារ​របស់​បងប្អូន នោះ​បងប្អូន​នឹង​ជួយ​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យខិត​មក​កាន់​តែ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ស្ថាបនា​ទីបន្ទាល់​របស់​ពួកគេ​នៅ​លើ​គ្រឹះ​នៃ​ព្រះបន្ទូល​របស់​ព្រះ ។

សូម​ពិចារណា​សំណួរ​ខាងក្រោម ៖

  • តើ​បងប្អូន​អាច​លើក​ទឹកចិត្ត​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យ​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួន​ពួកគេ​តាម​របៀប​ណា ?

  • តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​លើក​ទឹកចិត្ត​ដល់​សមាជិក​គ្រួសារ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ?

  • តើ​បងប្អូន​អាច​គូស​បញ្ជាក់​អំពី​គោលការណ៍​ទាំងឡាយ ដែល​បងប្អូន​កំពុង​រៀន​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ នៅក្នុង​ពេល​បង្រៀន​រៀង​រាល់​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

សូម​ចាំ​ថា គេហដ្ឋាន​គឺ​ជា​កន្លែង​ដ៏​ពិសិដ្ឋ​មួយ​សម្រាប់​ការ​រៀនសូត្រ​ដំណឹងល្អ ។ បងប្អូន​អាច​រៀន និង​បង្រៀន​ដំណឹងល្អ​នៅ​គេហដ្ឋាន​តាម​របៀប​ដែល​ពុំ​អាច​ធ្វើ​ទៅបាន​នៅ​ក្នុង​ថ្នាក់​រៀន​នៅ​ឯ​សាសនា​ចក្រ​ឡើយ ។ សូម​មាន​គំនិត​ច្នៃ​ប្រឌិត នៅ​ពេល​បងប្អូន​គិត​អំពី​របៀប​ជួយ​ដល់​គ្រួសារ​បងប្អូន​ឲ្យ​រៀន​សូត្រ​ចេញ​មកពី​បទគម្ពីរ ។ សូម​ប្រើគំនិត​មួយ​ចំនួន​ដូច​ខាង​ក្រោម​ដើម្បី​ពង្រីក​ការ​សិក្សា​បទគម្ពីរ​ជា​គ្រួសារ​របស់​បងប្អូន ។

ប្រើតន្ត្រី

សូម​ច្រៀង​ចម្រៀង​ដែល​ពង្រឹង​ដល់​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​បទគម្ពីរ ។ ទំនុក​តម្កើង ឬ​ចម្រៀង​កុមារ​ដែល​ត្រូវបាន​ផ្ដល់​យោបល់​ឲ្យ​ប្រើ គឺ​ត្រូវបាន​ដាក់​នៅ​ក្នុង​គម្រោង​មេរៀន​នីមួយៗ​រាល់​សប្តាហ៍ ។ បងប្អូន​អាច​សួរ​សំណួរ​ដល់​សមាជិក​គ្រួសារ​អំពី​ពាក្យ ឬ​ឃ្លា​នៅក្នុង​ទំនុកបទ​នោះ ។ បន្ថែម​ពី​លើ​ការច្រៀង​ចម្រៀង គ្រួសារ​របស់​បងប្អូន​អាច​ធ្វើ​សកម្មភាព​ដែល​ត្រូវ​នឹង​បទចម្រៀង ឬ​ចាក់​បទចម្រៀង​លេង​កំដរ នៅពេល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ដទៃ​ទៀត ។ សម្រាប់​គំនិត​បន្ថែមទៀត សូមមើល « ការបញ្ចូល​តន្រ្តី​ពិសិដ្ឋ​នៅក្នុង​ការរៀនសូត្រ​ដំណឹងល្អ​របស់​បងប្អូន » នៅក្នុង​ធនធាន​នេះ ។

ចែកចាយ​បទគម្ពីរ​ដែល​មាន​អត្ថន័យ

សូម​ផ្ដល់​ពេល​ឲ្យ​សមាជិក​គ្រួសារ​ចែកចាយ​វគ្គ​បទគម្ពីរ ដែល​ពួកគេ​ឃើញ​ថា​មាន​អត្ថន័យ អំឡុង​ពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ។

ប្រើ​សម្តី​របស់​បងប្អូន​ផ្ទាល់

សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​សង្ខេប​ជា​សម្ដី​របស់​គេ​ផ្ទាល់​អំពី​អ្វី ដែល​ពួកគេ​បាន​រៀន​ចេញ​មកពី​បទគម្ពីរ​ដែល​បងប្អូន​សិក្សា ។

រូបភាព
យុវវ័យ​កំពុង​ជួយ​កុមារ​តូច​ម្នាក់​ឲ្យ​អាន​ព្រះគម្ពីរ

អនុវត្ដ​បទគម្ពីរ​មក​ក្នុង​ជីវិត​របស់​បងប្អូន

បន្ទាប់​ពី​អាន​វគ្គ​បទគម្ពីរ​មួយ​រួចហើយ សូម​ឲ្យ​សមាជិក​គ្រួសារ​ចែកចាយ​អំពី​របៀប​ដែល​បទគម្ពីរ​អនុវត្ត​ចំពោះ​ជីវិត​របស់​ពួកគេ ។

សួរ​សំណួរ

សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​សួរ​សំណួរ​អំពី​ដំណឹងល្អ ហើយ​បន្ទាប់​មក​ចំណាយ​ពេល​រកមើល​ខគម្ពីរ​ដែល​អាច​ជួយ​ឆ្លើយ​សំណួរ​នោះ ។

បង្ហាញ​បទ​គម្ពីរ​មួយ

សូមជ្រើសរើស​ខ​គម្ពីរមួយ​ដែល​បងប្អូន​យល់​ថា​មាន​អត្ថន័យ ហើយ​ដាក់បង្ហាញ​ខគម្ពីរ​នេះ​នៅ​កន្លែង​ដែល​សមាជិក​គ្រួសារ​អាច​មើល​ឃើញ​ជា​ញឹកញាប់ ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ដទៃទៀត​ឲ្យ​ផ្លាស់​វេន​គ្នា​ជ្រើសរើស​បទគម្ពីរ​មួយ​មក​ដាក់បង្ហាញ ។

បង្កើត​បញ្ជី​បទគម្ពីរ​មួយ

សូម​ជ្រើសរើស​ខគម្ពីរ​មួយចំនួន​ជាគ្រួសារ ដែល​បងប្អូន​ចង់​ពិភាក្សា​នៅ​អំឡុង​សប្ដាហ៍​ក្រោយ ។

ទន្ទេញ​បទគម្ពីរ

សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ​ដែល​មាន​អត្ថន័យ​ចំពោះ​គ្រួសារ​បងប្អូន ហើយ​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ទន្ទេញ​វគ្គ​បទគម្ពីរ​នោះ ដោយ​ការសូត្រ​វគ្គ​បទគម្ពីរ​នោះ​ឡើង​វិញ​រាល់​ថ្ងៃ ឬ​លេង​ល្បែង​ទន្ទេញ ។

រូបភាព
ក្រុមគ្រួសារ​កំពុង​ច្រៀង​ជាមួយ​គ្នា​នៅក្នុង​ផ្ទះ

ចែកចាយ​មេរៀន​ដែល​ប្រើ​វត្ថុ

សូមស្វែងរក​វត្ថុ​ដែល​ទាក់ទង​នឹង​គោលការណ៍​ដំណឹងល្អ​នៅក្នុង​វគ្គ​បទគម្ពីរ ដែល​បងប្អូន​កំពុង​អាន​ជា​គ្រួសារ ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​និយាយ​អំពី​របៀប​ដែល​វត្ថុ​នីមួយៗ​ជាប់ទាក់ទង​នឹង​ការ​បង្រៀន​នៅក្នុង​បទគម្ពីរ ។

ជ្រើសរើស​ប្រធានបទ​មួយ

សូម​ឲ្យ​សមាជិក​គ្រួសារ​ប្តូរ​វេន​គ្នា​ជ្រើសរើស​ប្រធាន​បទ​មួយ​ដែល​គ្រួសារ​នឹង​សិក្សា​រួម​គ្នា ។ សូម​ប្រើ Topical Guide, Bible Dictionary ឬ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ( នៅលើ​គេហទំព័័រ scriptures.ChurchofJesusChrist.org ) ដើម្បី​ស្វែងរក​វគ្គ​បទគម្ពីរ​អំពី​ប្រធាន​បទ​នេះ ។

គូរ​រូបភាព

សូម​អាន​ខគម្ពីរ​ពីរ​បី​ជា​គ្រួសារ បន្ទាប់​មក​ទុក​ពេល​ឲ្យ​សមាជិក​គ្រួសារ​គូររូប​អ្វី​មួយ ដែល​ជាប់​ទាក់ទង​នឹង​អ្វី​ដែល​បងប្អូន​អាន ។ សូម​ចំណាយ​ពេល​ពិភាក្សា​អំពី​គំនូរ​របស់​គ្នា​ទៅវិញទៅមក ។

សម្ដែង​ជា​សាច់រឿង

បន្ទាប់​ពី​អាន​រឿង​មួយ​ចប់ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​សម្ដែង​ជា​សាច់​រឿង ។ បន្ទាប់​មក សូម​និយាយ​អំពី​របៀប​ដែលសាច់​រឿង​នោះ​ទាក់ទង​នឹង​អ្វី​ដែល​បងប្អូន​កំពុង​ជួប​ប្រទះ​ជា​លក្ខណៈ​បុគ្គល ឬ​ជា​គ្រួសារ ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ ៖ « ខ្ញុំ​សូម​សន្យា​ថា នៅពេល​បងប្អូន​ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​រៀបចំ​គេហដ្ឋាន​របស់​បងប្អូន​ជាថ្មី ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ នោះ​យូរៗ​ទៅ​ថ្ងៃ​ឈប់​សម្រាក​របស់​បងប្អូន នឹង​បាន​ជា​ទីរីករាយ​ចិត្ត​យ៉ាង​ពិតប្រាកដ ។ កូនចៅរបស់​បងប្អូន នឹង​មាន​ចិត្ត​រំភើប​ក្នុងការ​រៀនសូត្រ និង​រស់នៅ​តាម​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ឥទ្ធិពល​របស់​មារ​សត្រូវ​នៅក្នុង​ជីវិត​របស់​បងប្អូន និង​គេហដ្ឋាន​របស់​បងប្អូននឹង​ត្រូវ​សាបរលាប ។ ការផ្លាស់​ប្តូរ​នៅគ្រួសារ​របស់​បង​ប្អូន​នឹង​មាន​ច្រើន ហើយ​ក៏ជាការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ផងដែរ » ( « Becoming Exemplary Latter-day Saints » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣ ) ។

បោះពុម្ព